\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាស្ត្រាចារ្យ​និង​អ្នក​ជំនាញ​អាមេរិក៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​នៅ​អាមេរិក​លម្អៀង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​បេក្ខជន


រូបឯកសារ៖ ស្ថាប័ន​សារព័ត៌មាន​ធំៗ​ដូចជា CNN រៀបចំ​វេទិកា​ផ្សព្វផ្សាយ​របស់​ខ្លួន នៅ​សកលវិទ្យាល័យ Hofstra University មុន​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី។ (B. Allen/VOA)

រូបឯកសារ៖ ស្ថាប័ន​សារព័ត៌មាន​ធំៗ​ដូចជា CNN រៀបចំ​វេទិកា​ផ្សព្វផ្សាយ​របស់​ខ្លួន នៅ​សកលវិទ្យាល័យ Hofstra University មុន​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី។ (B. Allen/VOA)

ភាព​លម្អៀង​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​កម្ពុជា​ ​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​​មួយ​ចំនួន​ធំ​ត្រូវ​បាន«​គ្រប់គ្រង​​ដោយ​រដ្ឋាភិបាល»​ ​របស់​លោក​ ហ៊ុន សែន​ ​ហើយ​នៅ​សហរដ្ឋ​អាមេរិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​គេ​ចង់​ផ្សាយ។​

ខណៈ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាន់តែ​ខិតចូល​មក​ដល់ ​ប្រជាពលរដ្ឋ​និង​អ្នក​សិក្សា​មួយ​ចំនួន​ យល់​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ ទាំង​នៅកម្ពុជា​ ​សុទ្ធ​តែ​មាន​ភាព​លម្អៀង​ក្នុង​ការ​ផ្សព្វផ្សាយ​ពីដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ អ្នក​វិភាគ​ខ្លះ លើកឡើង​ថា ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក ខុស​ពី​នៅ​កម្ពុជា។

​ជារឿយៗ​ ​លោក​ ដូណាល់ ត្រាំ (Donald Trump)​ ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណៈ​រដ្ឋ ​តែង​តែ​រិះគន់នឹង​បង្ហាញ​ ​ការ​មិន​ពេញ​ចិត្ត​ជា​សាធារណៈ​ ​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​ ​ដែល​មានភាព​លម្អៀង​គាំ​ទ្រ​ជា​គូ​ប្រ​ជែង​របស់​លោក​គឺ​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន (Hillary Clinton)​ ​បេក្ខជន​ប្រធានា​ធិបតី​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ។​

​ការណ៍​នេះ​ក៏​ត្រូវ​បាន​សាស្ត្រាចារ្យ​ និង​អ្នក​តាម​ដាន​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​ទទួល​ស្គាល់​ផងដែរ​ ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ធំ​នៅ​សហរដ្ឋ​អាមេរិក​ ​បង្ហាញ​ពីភាព​មិន​ពេញ​ចិត្ត​ពេញ​ថ្លើម ​ចំពោះ​បេក្ខជន​ប្រធានាធិបតី​ ​លោក​ ដូណាល់ ត្រាំ ​ដោយ​សារតែ​ ​លោកត្រាំ​គឺ​ជា​មនុស្ស​ដែល​មិន​គាំទ្រ​លទិ្ធ​ប្រជា​ធិបតេយ្យ​ហើយ​មាន​ការ​រើស​អើងជាតិ​សាសន៍​ និង​ស្ត្រី​ផង​ដែរ។​

​យ៉ាង​ណា​ក៏​ដោយ​ អ្នកវិភាគ​កម្ពុជា​បានប​ញ្ជាក់ថា ​ភាព​លម្អៀងរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​កម្ពុជា​ ​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជាមួយ​ចំនួន​ធំ​ត្រូវ​បាន«​គ្រប់គ្រងដោយ​រដ្ឋាភិបាល»​ ​របស់​លោក​ ហ៊ុន សែន​ ​ហើយ​នៅ​សហរដ្ឋ​អាមេរិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​គេ​ចង់​ផ្សាយ។​

​លោក​ Charles Noble ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​សកល​វិទ្យាល័យ​ ​California State University ​ ​ប្រាប់​អ្នកយក​ព័ត៌មាន​ VOA​ ថា​ ​សារព័ត៌មាន​ជាទូទៅ​តែង​មានភាព​លម្អៀងទៅកាន់​គណបក្ស​នយោបាយ​ ​ដោយ​បង្ហាញតាមរយៈ​ការ​ជជែក​ដេញ​ដោល​ ​និង​សួរ​សំណួរ​ពិបាក​ទៅ​កាន់​បេក្ខជន​ប្រធា​នាធិបតី​ណា​មួយ​ដែល​ពួកគេ​មិន​គាំទ្រ។​

លោក​បញ្ជាក់​ថា៖​ ​«លោក​ត្រាំ​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​សារព័ត៌មាន​ Fox News ​ច្រើន​ដង​ ​ហើយ​ពួកគេ​ភាគច្រើន​មិន​បាន​សួរ​សំណួរ​ពិបាកៗ​ទៅ​កាន់​គាត់​ទេ​ ​ប៉ុន្តែ​នៅ​ពេល​ពួកគេ​រាយកាណ៍​ពី​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន​ ​ពួកគេ​ចាប់​ផ្តើម​រិះគន់​លើ​លោក​ស្រី​ ​ចំណែក​ស្ថាប័ន​ព័ត៌មាន​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ ​ក៏​បាន​ប្រើ​ប្រាស់​វិធីសាស្រ្ត​នេះ​ដូច​គ្នា»។

លោក Charles Noble ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយសកលវិទ្យាល័យ California State University ក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ប្រាប់ VOA ពីរបៀប​ដែល​សារ​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិកផ្សាយ​លម្អៀងទៅ​បេក្ខជន​ប្រធានាធិបតីនីមួយៗ។​

លោក Charles Noble ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយសកលវិទ្យាល័យ California State University ក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ប្រាប់ VOA ពីរបៀប​ដែល​សារ​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិកផ្សាយ​លម្អៀងទៅ​បេក្ខជន​ប្រធានាធិបតីនីមួយៗ។​

លោក Charles បន្ថែម​ថា សម្រាប់ការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លើក​នេះ​ ​លោក​ត្រាំ​ ​ត្រូវ​បាន​ក្រុម​អ្នកសារ​ព័ត៌មាន​និយាយ​បើក​កកាយ​រឿងរ៉ាវ​ជា​ច្រើន​ ដោយ​សារ​តែ​រូបលោក​មិន​គាំទ្រ​ប្រជាធិបតេយ្យ ​និង​បញ្ចេញ​ភាព​រើស​អើង​។​ ​

«ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​ភាគ​ច្រើន​គាំទ្រ​លោកស្រី​ ​ហ៊ីលឡារី​ ​គ្លីនតុន​ ​ដោយ​សារពួកគេ​មើល​ឃើញ​ថា​លោក​ ​ត្រាំ ​ជា​អ្នក​គំរាម​កំហែង​ចំពោះ​លទ្ធិ​ប្រជាធិប​តេយ្យ​ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​គោលការណ៍​ធម្មនុញ្ញ​ជា​មូល​ដ្ឋាន​ផ្សេង​ទៀត​របស់​អាមេរិក»។

យ៉ាង​នេះ​ក៏​ដោយ​ ​លោក​សាស្ត្រាចារ្យ​ ​Charles Noble ​ថា ការណ៍​នេះមិន​បាន​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ឡើយ ​ហើយលោក​ថា​ ​ភាពលម្អៀង​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​មិនបាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិ​ពល​ដល់​លោក ត្រាំ ​នោះ​ទេ​ ​ដោយ​សារ​លោក​ ​ត្រាំ​ ​ជា​មនុស្ស​ពូកែ​គ្រប់គ្រង​ការ​រិះ​គន់​ ដែល​តែង​កើត​មាន​ប្រចាំ​ចំពោះ​រូប​គាត់​បាន​ល្អ។

ការ​លើក​ឡើង​របស់​ ​លោក​សាស្ត្រាចារ្យ​ ​Charles Noble​ ប្រាប់​អ្នក​សារព័ត៌មាន​ខ្មែរ​ ​គឺ​ក្នុងអំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ ​ពិសេស​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​របស់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​១៥​នាក់។​ ​ក្នុង​ដំណើរ​ទស្សនកិច្ចនេះ​រៀប​ចំ​ដោយ​អង្គការ​អន្តរជាតិ​ដើម្បី​អ្នកសារ​ព័ត៌មាន​ ​(ICFJ) ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​អ្នកសារ​ព័ត៌មាន​បាន​ចុះ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​ដំណើរការ​នៃ​ការ​រៀប​ចំ​មុន​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។

លោក​ ​Tanner Ellsworth​ ​ជា​អ្នក​បកប្រែមក​ពីរដ្ឋ​ ​Virginia​ ថា​ លោក​នឹង​មិន​បោះឆ្នោត​ឲ្យ​លោក​ស្រី ហ៊ីលឡារី គ្លីនតុន និង​លោក​ ដូណាល់ ត្រាំ ​នោះ​ទេ។​ លោក​ពេញ​ចិត្ត​អ្នក​នយោបាយ​ឯករាជ្យ​មួយ​រូប​ទៀត​ ​គឺ​លោក Evan McMullin​ ​បើ​ទោះ​បី​ជា​បេក្ខជន​រូប​នេះ​ ​ត្រូវ​បាន​មើល​ឃើញ​ថា​មិន​មាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​ឆ្នោត​ជាប្រធានាធិបតី​ក្តី។​ ​លោក​ ​Tanner Ellsworth ប្រាប់​ ​VOA​ ​ថា​ ​ភាគច្រើនអ្នក​សារព័ត៌មាន​នៅ​សហរដ្ឋអាមេរិក​លម្អៀងទៅ​គណបក្ស​ប្រជា​ធិប​តេយ្យ​ ​ដោយ​សារ​ពួកគេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។ ​

«ស្ថាប័ន​សារព័ត៌មាន​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍ ​ភាគ​ច្រើន​លម្អៀងទៅខាងគណបក្ស​ប្រជា​ធិប​តេយ្យ ឧទាហរណ៍​ដូចជា ABC, CNN, CBS ហើយ​និងកាសែត​ធំៗ​នៅ​អាមេរិក​ ដូចជា New York Times ហើយ​និង​ Washington Post ​ភាគ​ច្រើន​កាសែត​ប្រចាំទី​ក្រុងធំៗគឺលម្អៀងទៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន»។

លោក Tanner Ellsworth ជា​អ្នក​បកប្រែមក​ពីរដ្ឋ Virginia ប្រាប់ VOA ពីការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​នៅ​សហរដ្ឋអាមេរិកថា ភាគ​ច្រើន​លម្អៀង​ទៅ​លោកស្រី ហ៊ីល្លីរី គ្លីនតុន ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក Tanner Ellsworth ជា​អ្នក​បកប្រែមក​ពីរដ្ឋ Virginia ប្រាប់ VOA ពីការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​នៅ​សហរដ្ឋអាមេរិកថា ភាគ​ច្រើន​លម្អៀង​ទៅ​លោកស្រី ហ៊ីល្លីរី គ្លីនតុន ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ Tanner​ ​បន្ត​ថា៖​ «បើ​និយាយ​ពី​ប្រព័ន្ធ​សារព័ត៌មាន​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​ ​ភាគ​ច្រើន​វា​លម្អៀងទៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ​ដូច្នេះ​ហើយ​ខ្ញុំ​គិតថា​ វាអាចជួយ​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​ជាង​»។ ​

ការ​ស្ទង់​មតិ​មួយ​របស់​សកល​វិទ្យាល័យ​ Quinnipiac ចេញ​នៅ​ថ្ងៃទី​១៩ ខែ​តុលា ​បង្ហាញ​ថា ៥៥ភាគ​នៃ​អ្នក​បោះ​ឆ្នោត​និយាយ​ថា សារព័ត៌មាន​មាន​ភាព​លម្អៀង​ប្រឆាំង​លោក​ដូណាល់ត្រាំ​។ ក្នុង​ការ​ស្ទង់​មតិ​នោះ ៨៨​ភាគ​រយនៃ​អ្នក​សាធារណរដ្ឋ​បាន​លើក​ឡើង​ពី​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​បេក្ខជន​ប្រធា​នា​ធិបតី​របស់​គណបក្ស​សាធារណ​រដ្ឋ​។ លើស​ពី​នេះ​ទៀត​ ៦៦​ភាគរយ​នៃ​អ្នក​ដែល​មិន​មាន​សញ្ញាបត្រ​មហាវិទ្យាល័យ និង៥១​ភាគរយ​នៃ​អ្នក​ដែល​មាន​សញ្ញាបត្រ ​ក៏​បាន​លើក​ឡើង​ពី​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ​។​

​លោក​ Mark O. Bannon​ ​អ្នក​គាំទ្រ​គណបក្ស​សាធារណៈ​រដ្ឋ​ ​ដែល​មាន​លោក​ ដូណាល់ ត្រាំ​ ​ជា​បេក្ខជន​ប្រធានាធិបតី​ ​លើក​ឡើង​ថា​ ​អ្នកសារ​ព័ត៌មាន​គួរ​តែ​ផ្សព្វផ្សាយ​ការ​ពិត ​ព្រោះ​សារព័ត៌​មាន​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ជឿ​តាម​ការ​ផ្សាយ​របស់​ពួកគេ​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ពេល​ខាង​មុខ។​ ​ប៉ុន្តែ​លោក​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​ស្ទើ​តែ​ទាំងអស់​គឺ​លម្អៀង​ទៅ​កាន់​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន។​

លោក​បញ្ជាក់​ថា៖​ «សារព័ត៌មាន​ទាំងអស់​សុទ្ធ​តែ​លម្អៀង ​ហើយ​ខ្ញុំ​គ្មាន​ជំនឿ​ទុកចិត្ត​លើ​សារព័ត៌មាន​ណា​មួយ​ទេ​ ​ទោះជា​សារព័ត៌មាន​ខាង​អភិរក្ស​និយម​ក៏​ដោយ​»។

យល់​ឃើញផ្ទុយ​ពី​អ្នក​ទាំង​នោះ​ ​លោក​ ​Edward Horowitz​ ​សាស្ត្រាចារ្យ​រង​ផ្នែក​ផ្សព្វ​ផ្សាយ​នៅ​សកល​វិទ្យាល័យ​ Cleveland State​ ​រដ្ឋ​ Ohio ​ប្រាប់ VOA ថា​សារព័ត៌មាន​នៅ​អាមេរិក​មិនមាន​ភាព​លម្អៀង​ទេ​ ​ហើយ​ពួកគេ​ព្យាយាម​នៅ​កណ្តាល​ ​និង​ព្យាយាម​វិភាគ​ពី​បេក្ខភាព​នីមួយៗ​តាម​ការ​ស៊ើប​អង្កេត​។​ ​លោក​បន្ថែម​ថា​កន្លង​ទៅ​អ្នក​សារព័ត៌មាន​បាន​សរសេរ​ ​និង​រាយការណ៍​ពី​លោក​ស្រី ហ៊ីលឡារី គ្លីនតុន​ ​ច្រើន​ប៉ុន្តែ​លោក ដូណាល់ ត្រាំ ​ជា​បេក្ខជនថ្មី​ ​ដូច្នេះ​អ្នក​សារព័ត៌មាន​នៅ​អាមេរិក​តែង​តែ​ចាប់​អារម្មណ៍​អ្វី​ដែល​ថ្មី និង​ចំឡែក​។​

លោក​បញ្ជាក់​ថា៖ «អ្នកសារ​ព័ត៌មាន​មិន​សូវ​អារម្មណ៍​លោកស្រី​គ្លីនតុន ដោយសារ​លោកស្រី​ស្ថិត​ក្នុង​វិស័យ​នយោ​បាយ​រយះពេល​៣០​ឆ្នាំ​ ​ហើយ​មនុស្ស​ជាច្រើន​ដឹង​រឿង​របស់​គាត់​ ប៉ុន្តែ​លោកត្រាំ​ ជា​មនុស្ស​ថ្មី​ថ្មោង ដូច្នេះ​សារព័ត៌មាន​ចាប់​អារម្មណ៍​គាត់ ដូច្នេះ​គាត់​ត្រូវ​គេ​ចុះ​ផ្សាយ​ច្រើន​។​ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ការ​លម្អៀង​នោះ​ទេ​»។​

លោក Edward Horowitz សាស្ត្រាចារ្យរងផ្នែកផ្សព្វផ្សាយនៅសកលវិទ្យាល័យ Cleveland State ក្នុងរដ្ឋ Ohio ប្រាប់ VOA ថា សារព័ត៌មាននៅអាមេរិកមិនមានភាពលម្អៀងទេ ហើយពួកគេព្យាយាមនៅកណ្តាល និងព្យាយាមវិភាគពីបេក្ខភាពនីមួយៗទៅ​តាមការស៊ើបអង្កេត។

លោក Edward Horowitz សាស្ត្រាចារ្យរងផ្នែកផ្សព្វផ្សាយនៅសកលវិទ្យាល័យ Cleveland State ក្នុងរដ្ឋ Ohio ប្រាប់ VOA ថា សារព័ត៌មាននៅអាមេរិកមិនមានភាពលម្អៀងទេ ហើយពួកគេព្យាយាមនៅកណ្តាល និងព្យាយាមវិភាគពីបេក្ខភាពនីមួយៗទៅ​តាមការស៊ើបអង្កេត។

​ស្រប​គ្នា​នោះ​ដែរ​ ​លោកស្រី​ Amy Brittain ​អ្នកសារព័ត៌មាន​ផ្នែក​ស៊ើប​អង្កេត​នៃ​កាសែត​ Washington Post ប្រាប់​ ​VOA​ អំឡុង​ដំណើរ​ទស្សនកិច្ច​ពិសេស​របស់​ក្រុម​អ្នកសារ​ព័ត៌មាន​ខ្មែរកាល​ពី​សប្តាហ៍​កន្លង​ ​ថា​កាសែត​ Washington Post ​ធានា​បាន​ពីភាព​អព្យាក្រឹត្យ​ក្នុង​ការ​រាយការណ៍របស់​ខ្លួន​។​ ​លោកស្រី​បន្ថែម​ថា​ ​បុគ្គលិក​របស់​កាសែត​ The ​Washington Post ​មាន​ប្រវត្តិ និងនិន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ ​ដើម្បីអាច​ផ្ទៀងផ្ទាត់ក្នុងការ​សរសេរ​ព័ត៌មាន​ណាមួយដោយ​គ្មាន​ភាព​លំអៀង​។

លោកស្រី​បញ្ជាក់​ថា៖​ ​«ក្នុង​យុទ្ធនាការ​របស់​បេក្ខជន​ប្រធានាធិបតី​ ​គឺ​លោក​ស្រី​ ​ហ៊ីលឡារី គ្លីនតុន​ ​និង​លោក​ ​ដូណាល់ ត្រាំ ​ពួក​យើង​បាន​បញ្ជូន​មនុស្ស​ទៅ​ដោយ​ធានា​ថា ​ពួកគាត់​ទៅ​ប្រមូល​ព័ត៌មាន​ពី​បេក្ខជន​ទាំង​ពីរ ​ហើយ​អ្វី​ដែល​សំខាន់​ជាងគេ​គឺ​ពួកយើងរាយការណ៍​នូវ​ព័ត៌មាន​ពិត អ្វី​ដែល​ជា​ការពិត គឺ​ពួក​យើងរាយការណ៍​ទាំងអស់»។

លោកស្រី Amy Brittain អ្នកសារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត​នៃ​កាសែត Washington Post ប្រាប់ VOA ថា កាសែត​ Washington Post ធានាបាន​ពីភាព​អព្យាក្រឹត្យក្នុង​ការ​រាយការណ៍របស់​ខ្លួន​។ (កាន់ វិច្ឆិកា/VOA)

លោកស្រី Amy Brittain អ្នកសារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត​នៃ​កាសែត Washington Post ប្រាប់ VOA ថា កាសែត​ Washington Post ធានាបាន​ពីភាព​អព្យាក្រឹត្យក្នុង​ការ​រាយការណ៍របស់​ខ្លួន​។ (កាន់ វិច្ឆិកា/VOA)

បើ​ប្រៀប​ធៀប​ពី​ភាព​លម្អៀងរបស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទៅ​លើ​គណបក្ស ​ឬ​បេក្ខជន​ប្រធានា​ធិបតី​នៅ​សហរដ្ឋ​អាមេរិក​ទៅ​នឹង​ប្រទេស​កម្ពុជា​ ​អ្នកជំនាញ​មើលឃើញ​ថា​ ​ស្ថានភាព​លម្អៀង​នៅ​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ជាង​ ​ដោយសារ​អាមេរិក​លម្អៀងដោយ​មាន​សេរីភាព​ ​ខុស​ពី​កម្ពុជា​ ​លម្អៀង​ដោយ​សារ​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង។​ ​

ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក អ៊ូ វីរៈ ដែល​បានសិក្សា​ផ្នែក​នយោ​បាយ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ចនៅ​សហរដ្ឋ​អាមរិក​ និង​ធ្លាប់​បាន​រស់​នៅ​សហរដ្ឋ​អាមេរិក​ជិត​២០​ឆ្នាំ​ ប្រាប់ VOA ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា​សុទ្ធ​តែ​មាន​ភាព​លម្អៀង​ទៅ​លើ​គណបក្ស​នយោបាយ​ដូចគ្នា។

ទោះជាយ៉ាងណា លោក​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​មានសេរីភាព​ក្នុង​ការ​សរសេរ​ និង​ផ្សាយ​មាន​ភាព​លម្អៀង​ដោយ​ស្មើគ្នា​ ​និង​គ្មាន​ការ​គាប​សង្កត់​ ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​គ្រប់គ្រង​ដោយ​អ្នក​ជំនួញ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​ភាគច្រើន​ ជា​ពិសេស​ទូរទស្សន៍​ត្រូវ​បាន​គ្រប់​គ្រងដោយរដ្ឋាភិបាល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​សរសេរ និង​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អៀងខ្លាំង​ទៅ​ខាង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។ ​

លោក​ ​អ៊ូ វីរៈ​ មាន​ប្រសាសន៍​ថា៖​ ​«រយៈពេល​ប្រហែល​ជាប្រាំ​ឆ្នាំ​នេះ​យើង​ឃើញ​មានការ​បើក​ចំហរ​ជាង​មុន​គ្រាន់​បើ​ ​ជា​ពិសេស​នៅ​តាម​វិទ្យុ។​ ​តាម​ពិត​កាសែត​ភាសា​អង់គ្លេស​គឺ​មាន​សេរីភាព​ ហើយ​កាសែត​ភាសាខ្មែរ​ក៏​មាន​សេរីភា​ពគ្រាន់​បើដែរ​ ប៉ុន្តែការ​បើក​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ល្អជាងមុន​ ​គឺជារឿង​មួយ​វិជ្ជមាន​នៅក្នុង​អំឡុង​ពេលប្រហែល​ជា​ប្រាំ​ឆ្នាំ ​ប៉ុន្តែ​នៅ​មានប្រឈម​គឺ​ទូរទស្សន៍​នៅ​បិទ​ខ្លាំង​មែន​ទែន​ ហើយលម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាចខ្លាំង​ ​ប៉ុន្តែ​វិទ្យុ​បើទោះបីជា​បើក​ចំហរ​ក៏​មិនបើក​ចំហរ​២៤​ខេត្ត​ក្រុង​ ​ហើយ​អ្នក​ឯករាជ្យ​មែនទែន​ក៏​មិនមាន​សិទ្ធិ​ក្លាយ​ទៅ​ជា​ម្ចាស់​អាជ្ញាប័ណ្ណវិទ្យុ​ទូទាំង​ប្រទេស​ដែរ។​ ​អញ្ចឹង​យើង​ឃើញ​នៅ​មាន​ការ​ប្រឈម​ ​ហើយ​លម្អៀងនេះ​គឺ​លម្អៀង​ជា​លក្ខណៈ​នយោ​បាយ​តែ​ម្តង ​មិនមែន​លម្អៀង​ជា​លក្ខណៈ​ពួក​រកស៊ី​ទេ»។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក អ៊ូ វីរៈ​ បន្ថែម​ថា ភាព​លម្អៀង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា សុទ្ធ​តែ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ជ្រើ​សរើស​មេដឹក​នាំ​ប្រទេស​រៀងៗខ្លួន ដោយសារ​ប្រជា​ពលរដ្ឋ​យល់​ឃើញ​ទៅតាម​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​បាន​ផ្សាយ។ ​

លោក​បញ្ជាក់​ថា​៖ «បញ្ហា​ដែល​គាត់​ឃើញ អ្វី​ដែល​ត្រូវ​បាន​ចង្អុល​ប្រាប់​គាត់​ដោយ​អ្នក​ចេះ​ដឹង ដោយ​អ្នក​គេ​តាម​ដាន និងអ្នក​ដែល​គេយល់​ដឹងពី​វិទ្យាសាស្រ្ត​សង្គម​ គឺ​មាន​កម្រិត អញ្ចឹង​ប្រជាពលរដ្ឋ​ដែល​គាត់​ទទួល​បាន​ហ្នឹង​គឺគាត់​មាន​កម្រិត​ ​ប៉ុន្តែ​មាន​បញ្ហា​មួយ​ទៀត​គឺ​ដោយសារមាន​វិទ្យុ​បរទេស​មួយ​ចំនួន​ដូច​ជា វិទ្យុ​បារាំង វិទ្យុអាស៊ីសេរី វិទ្យុ VOA ហ្នឹង​គឺធ្វើ​ឲ្យ​អ្នក​ដែល​ស្តាប់​វិទ្យុ​ហ្នឹង គាត់​មើល​ប្រទេស​កម្ពុជា​ឃើញខុសពី​អ្នកដែល​មើល​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ហ្នឹង ដោយសារ​អញ្ចឹង​ហើយ​វាមាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួ​យ​សហរដ្ឋ​អាមេរិក​ត្រង់​កន្លែង​ហ្នឹង​ ​គឺ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​យើង​ពីរ​នាក់​អាចមើល​ឃើញ​ប្រទេស​កម្ពុជាតែមួយហ្នឹងដាច់​ស្រលះ​តែ​ម្តង​ ​មិន​អាច​ជជែក​គ្នា​បាន​ ហើយ​វាក៏​អាច​ជា​ប្រភព​ដែល​ធ្វើ​ឲ្យ​ប្រេះ​ឆាសង្គម​មួយផង​ដែរ»។​

គម្រោង​ ​«ឃ្លាំមើល​ភាពជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» ​របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ ​សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​ធ្នូ ឆ្នាំ​២០១៥ រក​ឃើញ​ថា ​ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២៧នៅ​កម្ពុជា​ ​រួម​មាន​ទូរទស្សន៍​ ​វិទ្យុ​ ​សារព័ត៌មាន​បោះពុម្ព​ ​និង​សារព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អង្គការ​នេះ​ស៊ើប​អង្កេត មាន​ចំនួន​៩​ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល ​ដែល​ជា​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច​ ​ហើយ​ពួកគេ​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស។

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានាធិតី​លើកទី៥​៨របស់​ខ្លួន​ នា​ថ្ងៃអង្គារ​នេះ​នៅ​សហ​រដ្ឋ​អាមេរិក​ត្រូវ​ជា​ថ្ងៃ​ពុធនៅ​កម្ពុជា។​ ​ការ​រាប់​សន្លឹកឆ្នោត​និង​ ​ប្រកាស​លទ្ធផល​នេះ​ ​និង​មាន​ផ្សាយផ្ទាល់​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅ​ទូទាំង​ពិភព​លោក​។​ ​ដោយ​ឡែក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នា​ក្រុង​ភ្នំពេញ​ ​ក៏​នឹង​មាន​ផ្សាយផ្ទាល់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ៕

XS
SM
MD
LG