\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សារមន្ទីរ They Also Ran ​ផ្ដល់​​កិត្តិយស​​ដល់​​បេក្ខ​ជន​​ដែល​​បរាជ័យ​​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​


សារមន្ទីរ​ They Also Ran ​នៅ​រដ្ឋ Kansas ផ្តល់​កិត្តិយស​ដល់​បេក្ខជន​ដែល​ចាញ់​ឆ្នោត​ ក្នុង​ការ​ប្រជែង​ដើម្បី​កាន់​ដំណែង​ជា​ប្រធានាធិបតី​អាមេរកិ។

សារមន្ទីរ​ They Also Ran ​នៅ​រដ្ឋ Kansas ផ្តល់​កិត្តិយស​ដល់​បេក្ខជន​ដែល​ចាញ់​ឆ្នោត​ ក្នុង​ការ​ប្រជែង​ដើម្បី​កាន់​ដំណែង​ជា​ប្រធានាធិបតី​អាមេរកិ។

ក្រុង​តូច​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ ​Kansas នៅ​ក្នុង​សហរដ្ឋអាមេរិក គឺ​ជា​ទីតាំង​នៃ​​សារមន្ទីរ​មួយ​កន្លែង​ដែល​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​ប្រកួត​ចាញ់​ក្នុង​ការ​ដណ្ដើម​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ជាង៥០ឆ្នាំ​មក​ហើយ សារមន្ទីរ​«They Also Ran‍» ​ស្ថិត​នៅ​ក្នុង​ទីក្រុង Norton រដ្ឋ Kansas បាន​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បរាជ័យ​នៅ​ក្នុង​យុទ្ធនាការ​ដណ្ដើម​តំណែង​ប្រធានាធិបតី ដោយ​ការ​តាំង​បង្ហាញ​រូបថត​របស់​ពួកគេ។ ឥឡូវ សារមន្ទីរ​តូច​មួយ​នេះ​បាន​ត្រៀម​កន្លែង​មួយ​រួច​ជា​ស្រេច​សម្រាប់​ការ​តាំង​រូបថត​លោកស្រី Hillary Clinton ឬ​រូបថត​លោក Donald Trump។

ក្រុម​មន្ត្រី​ធ្វើ​ការ​នៅ​សារមន្ទីរ​នេះ​បញ្ជាក់​ថា សារមន្ទីរ​នេះ​បង្កើត​ឡើង​មិន​មែន​ចង់​ឌឺដង​ដល់​អ្នក​ដែល​ចាញ់​ឆ្នោតនោះ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​ស្មារតី និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។

អ្នកស្រី Lee Ann Shearer ដែល​ជា​អ្នក​អភិរក្ស​សារមន្ទីរ​នេះ​ជា​យូរ​មក​ហើយ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី Time ថា៖«មិន​មាន​អ្នក​ណា​ម្នាក់ចង់​ជាប់​ចំណាត់​ថ្នាក់​លេខ​២​នោះ​ទេ ប៉ុន្តែ​ពួក​យើង​មាន​មោទនភាព​ចំពោះ​អ្នក​ដែល​បាន​ប្រឹង​ប្រែង​ព្យាយាម។ យើង​មិន​មែន​មិន​គោរព​អ្នក​ដោយ​សារ​តែ​អ្នក​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី​នោះ​ទេ។ វា​ត្រូវ​ការ​សេចក្ដី​ក្លាហាន។ អ្នក​ស្ទើរ​តែ​ទទួល​បាន​តំណែង​ដ៏​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ហើយ​ស្រមៃ​គិត​ពី​អារម្មណ៍​ដែល​ចាញ់​នៅ​ពេល​ដែល​អ្នក​មិន​ទទួល​បាន​តំណែង​នោះ»។

គំនិត​របស់​អ្នកស្រី​ត្រូវ​បាន​អ្នកស្រី Roberta Ryan ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ Norton គាំទ្រ។

អ្នកស្រី Ryan បាន​ប្រាប់​កាសែត Boston Globe ថា៖«អ្នក​ដែល​ចាញ់​ទាំង​នោះ​សក្ដិសម​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ខ្លះ​សម្រាប់​ភាព​ក្លាហាន​របស់​ពួក​គេ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។ បេក្ខជន​ដែល​ជាប់​ជា​ប្រធានាធិបតី ទទួល​បាន​សិទ្ធិ​ធ្វើ​ប្រធានាធិបតី ចំណែក​ឯ​អ្នក​ដែល​ចាញ់​វិញ​គឺ​ស្ទើរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល។ នេះ​គឺ​ជា​ការ​រំឭក​មួយ​ថា​អ្នក​ទាំង​នេះ​គឺ​ជា​ផ្នែក​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង។ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ប្រហែល​ជា​បាន​ប្រឹង​ប្រែង​ខ្លាំង​ជាង​អនុ​ប្រធានាធិបតី​ផង»។

បច្ចុប្បន្ន​នេះ ជញ្ជាំង​សារមន្ទីរ​នេះ​ត្រូវ​បាន​គេ​តុបតែង​លំអ​ដោយ​រូបថត​ស ខ្មៅ ចំនួន ៦០ ផ្ទាំង នៃ​អ្នក​ដែល​ចាញ់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ រូបថត​របស់​លោក Trump ឬ ក៏​រូប​ថត​របស់​លោកស្រី Clinton នឹង​ក្លាយ​ជា​រូប​ថត​ទី៦១។

អ្នកស្រី Shearer បាន​ប្រាប់​ទស្សនាវដ្តី Time ថា​ អ្នកស្រី​សង្ឃឹម​ថា​អ្នក​ស្រី​នឹង​ដាក់​រូប​ថត​លោកស្រី Clinton នៅ​សារមន្ទីរ​នេះ​ នៅ​ថ្ងៃ​ដែល​ប្រធានាធិបតី​ថ្មី​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែ​មករា ឆ្នាំ ២០១៧។

អ្នកស្រី​បាន​ថ្លែង​ថា៖ «រូបថត​លោកស្រី Clinton នឹង​ក្លាយ​ជា​រូបថត​ស្ត្រី​ដំបូង​បំផុត​នៅ​ទី​នេះ។ យើង​មាន​រូបថត​បុរស​ចំនួន​៦០ផ្ទាំង​រួច​ទៅ​ហើយ។ យើង​ប្រហែល​ជា​ចង់​ឲ្យ​មាន​រូប​ស្ត្រី​ម្នាក់​នៅ​ទី​នេះ»។

រហូត​មក​ដល់​ពេល​នេះ មាន​តែ​បេក្ខជន​ដែល​ធ្លាប់​ឈរ​ឈ្មោះ​ហើយ​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មួយ​រូប​គត់ ដែល​បាន​មក​ទស្សនា​សារមន្ទីរ​នេះ។ បេក្ខជន​នោះ​គឺ​អតីត​សមាជិក​ព្រឹទ្ធសភា​លោក Bob Dole ដែល​លោក​មកពី​រដ្ឋ​ Kansas នេះ។ លោក​បាន​ចាញ់​ការ​ប្រកួត​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន​កាលពី​ឆ្នាំ១៩៩៦ នៅ​ពេល​ដែល​លោក​ Bill Clinton បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​នោះ។

សារមន្ទីរ​នេះ​នៅ​មិន​ទាន់​ក្លាយ​ជា​កន្លែង​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​ទេ ដោយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​ត្រឹម​តែ ២៥០ នាក់ ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​មាន​ភ្ញៀវ​ទេសចរ​ទស្សនា​សារមន្ទីរ​នេះ​មួយ​ចំនួន​មក​ពី​ប្រទេស​ឆ្ងាយៗ​ដូច​ជា​ប្រទេស​អាល្លឺម៉ង់​ជា​ដើម។

អ្នកស្រី​ Shearer បាន​ថ្លែង​បន្ថែម​ថា៖ « អ្នក​មិន​ដែល​ឃើញ​កន្លែង​ណា​ដែល​ប្រមូល​ផ្ដុំ​រូបថតអ្នក​ដែល​ប៊ិះ​នឹង​ឈ្នះ​ទាំង​នោះ​នៅ​មួយ​កន្លែង​នោះ​ទេ។ ពួក​គេ​ងាយ​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ប៉ុន្តែ​ដោយ​សារ​តែ​យើង​មានការ​តាំង​បង្ហាញ​រូប​ថត​របស់ពួក​គេ​នៅ​ទី​នេះ ពួក​គេ​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោលនោះ​ទេ។ ពួក​គេ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង។ បើ​ទោះ​បី​ជា​ពួក​គេ​មិន​បាន​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ក៏​ពិត​មែន​ ប៉ុន្តែ​ច្បាស់​ណាស់​ ពួក​គេ​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់សម្រាប់​ប្រទេស​ដែល​ពួក​គេ​ស្រឡាញ់»៕

សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG