ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​កម្ពុជា​ជំរុញមិនឲ្យ​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិ​សនី​ថ្មី Pak Beng ​របស់​ឡាវ​ 


ឯកសារ៖ នៅ​ក្នុង​រូបថត​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ គេ​ឃើញ​ទូក​នេសាទ​មួយ​បើក​កាត់​ក្បែរ​ការដ្ឋាន​ទំនប់ Don Sahong នៅ​ជិត​ព្រំដែន​កម្ពុជា​ឡាវ នៅ​ភូមិ​ព្រះរំកិល ខេត្ត​ស្ទឹងត្រែង។

ប្រសិន​បើ​មាន​ការ​សាងសង់ ទំនប់ Pak Beng ​​នឹង​ក្លាយ​ជា​ទំនប់​ទី​បី​ក្នុង​ចំណោម​គម្រោង​​​សាងសង់​ទំនប់​ចំនួន​​១១​របស់​ឡាវ​នៅ​លើ​មេ​ទន្លេ​មេគង្គ។

នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​អំពីការ​ស្នើ​សុំ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ប្រទេស​ឡាវ​ឈ្មោះ Pak Beng​ ដែល​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែកបរិស្ថាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ កុំ​ឲ្យ​គាំទ្រ​ការ​ស្ថាបនា​ទំនប់​នេះ។ ពួកគេលើក​ឡើង​ថា ​ការ​សាងសង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ត្រី​ ជីវិត​នៅ​ក្នុង​ទឹក​ទន្លេ​ និង​ជីវភាព​ប្រជាជន​នៅ​តាម​ដង​ទន្លេ។

ក្នុង​វេទិកា​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២២ដល់​២៣ ខែកុម្ភៈ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្លួងប្រាបាងនៃ​ប្រទេស​ឡាវ​និងរៀប​ចំ​ដោយ​គណៈ​កម្មកា​រទន្លេ​មេគង្គ (MRC) អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន នឹង​មាន​ឱកាស​ចែក​រំលែក​គំនិត​និង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ​ទាក់ទង​នឹង​ទំនប់​វារីអគ្គិសនី ​Pak Beng។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ MRC។

ក្នុង​បទ​សម្ភាសន៍​ជាមួយ ​VOA នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា ​NGO Forum លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា ​សង្គម​ស៊ីវិលបដិសេធ​មិន​ឲ្យ​មាន​ទំនប់​នេះ​ទេ​ ដោយ​សារ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​គុណភា​ពទឹក​នៅ​ទន្លេ​មេគង្គ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

«គាត់​ (សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​បរិស្ថាន​) អត់​គាំទ្រ​ទេ ទាក់​ទង​នឹងការអភិ​វឌ្ឍ​ទំនប់​វារីអគ្គិសនី​ហ្នឹង។ គឺ​មិន​គាំទ្រ​ដាច់​ខាត​ចំពោះ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ​Pak​ Beng»។

លោក​ តឹក វណ្ណារ៉ា បានបន្ថែម​ថា៖

«កាល​ណា​ Pak Beng ធ្វើ​ទៀត ឡាវ​វា​ធ្វើ​ត​ទៀត អត់​ទាន់​ឈប់​ទេ ធ្វើ​ត​ទៅ​ ធ្វើ​ហើយ​ដូច​ជា​រុញ​ទូក​បណ្តោយ​ទៀត កម្ពុជា​ក៏​ធ្វើ​ដែរ។ ធ្វើ​នៅ​ស្ទឹងត្រែង ធ្វើ​សំបូរ​(ទំនប់វារីអគ្គិសនី​សំបូរ​) អញ្ចឹង​ទន្លេ​មេគង្គ នឹង​មិន​ក្លា​យជា​ទន្លេ​មួយ​សម្រាប់​ផ្តល់​សុខមាលភាព​ឬ​មួយ​ក៏​សុខដុមនីយកម្ម គេ​ហៅ​ថា​ជា​ទន្លេ​មួយ​ប្រកប​ដោយ​ទំនប់ហើយ ជា​ទន្លេ​មួយ​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស​ទំនប់​វារី​អគ្គិ​សនី​ហើយ»។

លោក តឹក វណ្ណារ៉ា គ្រោង​នឹង​ជួប​ជាមួយ​មន្រ្តី​កម្ពុជា​ដែល​ចូល​រួម​វេទិកា​នេះ មួយ​សប្តាហ៍​ មុន​វេទិកា​នេះ ដើម្បី​បង្ហាញពី​ការ​បារម្ភ​របស់​អង្គ​ការ​សង្គម​ស៊ីវិល។

ឯកសារ៖ ម៉ាស៊ីន​ដែល​ខូច​របស់​ក្បាល​រថភ្លើង​ត្រូវបាន​គេ​ដាក់​តាំង​ឲ្យ​អ្នក​ទេសចរ​មើល​នៅ​ក្នុង​ដែនដី​ប្រទេស​ឡាវ​នៅ​ក្បែរ​ទំនប់​ Don Sahong ដ៏​ចម្រូងចម្រាស​តាម​បណ្តោយ​ទន្លេ​មេគង្គ ជាប់​ព្រំដែន​កម្ពុជាឡាវ។

ឯកសារ៖ ម៉ាស៊ីន​ដែល​ខូច​របស់​ក្បាល​រថភ្លើង​ត្រូវបាន​គេ​ដាក់​តាំង​ឲ្យ​អ្នក​ទេសចរ​មើល​នៅ​ក្នុង​ដែនដី​ប្រទេស​ឡាវ​នៅ​ក្បែរ​ទំនប់​ Don Sahong ដ៏​ចម្រូងចម្រាស​តាម​បណ្តោយ​ទន្លេ​មេគង្គ ជាប់​ព្រំដែន​កម្ពុជាឡាវ។

ទំនប់​វារីអគ្គិសនី Pak Beng ដែល​ផ្តល់​ថាមពល​ទៅ​ដល់​៩១២​មេហ្គាវ៉ាត់​នេះ មាន​តម្លៃ​ប្រមាណ​១.៨៨០​លាន​ដុល្លារ​អាមេរិក ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល១.៥៤០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ឡាវ។

ប្រសិន​បើ​មាន​ការ​សាងសង់ ទំនប់​នេះ​នឹង​ក្លាយ​ជា​ទំនប់​ទី​បី​ក្នុង​ចំណោម​គម្រោង​សាងសង់​ទំនប់​ចំនួន១១​របស់​ឡាវ​នៅ​លើ​មេ​ទន្លេ​មេគង្គ។

ខណៈ​មាន​ការ​ស្នើ​សុំ​សាងសង់​ទំនប់​នេះ ទំនប់​ពីរ​ផ្សេង​ទៀត​របស់​ឡាវ គឺ​ទំនប់​សាយ៉ាប៊ូរី (Xayaburi) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១.២៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​និង​ទំនប់​ដន​សាហុង (Don Sahong) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១,៥គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ដែរ​នោះ​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស​និង​ក្លាយ​ជាការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ។

លោក តឹក វណ្ណារ៉ា បាន​ផ្តល់​ជា​យោបល់​ឲ្យ​ប្រទេស​ឡាវ ​ពិនិត្យ​មើលជម្រើស​ផ្សេងៗ​ដើម្បី​ទទួល​បាន​ថាមពល ​ក្រៅ​ពី​ការ​ស្ថាបនាទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ។

លោក​មាន​ប្រសា​សន៍ប្រាប់​ VOA ថា៖

​«ប្រទេស​ឡាវ បើ​យើង​មើល ជា​ទីតាំង​ភូមិសាស្រ្ត​ ជា​តំបន់​ភ្នំ ភាគ​ច្រើន ហើយ​វា​មិន​ខ្វះ​ទេ​ កន្លែង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ចាំបាច់​មក​អភិវឌ្ឍ​អី​នៅ​លើ​ទួល​មេ​នៃ​ទន្លេ​មេគង្គ ដែល​នាំ​ភាព​ចម្រូងចម្រាស។ ឡាវ​ទៅ​ធ្វើកន្លែងណា​ក៏​ទទួល​បាន​ភ្លើង​ដូច​តែ​គ្នា។ នេះ​បើ​យើង​និយាយ​ពី​សមធម៌​ឡាវ​គួរ​តែ​គិត​គូ​ពី​សមធម៌​ដែរ»។

ប្រទេស​ឡាវ​គ្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិ​សនី​បន្ថែម​ទៀត ដោយ​សារ​ការ​កើន​ឡើង​នៃ​តម្រូវការ​នៃ​ការ​នាំ​ចេញ​អគ្គិសនី​ទៅ​ប្រទេស​ជិត​ខាង និង ដើម្បីអភិវឌ្ឍ​នៅ​ក្នុង​ប្រទេសរបស់​ខ្លួន។

ឯកសារ៖ សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ធ្វើ​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញប្រឆាំង​នឹង​ទំនប់ Don Sahong កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

ឯកសារ៖ សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ធ្វើ​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញប្រឆាំង​នឹង​ទំនប់ Don Sahong កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

អង្គការ​អន្តរជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​គឺ International Rivers កាល​ពី​ខែ​មករា បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ការ​បារម្ភ​លើ​ទំនប់​វារីអគ្គិសនី​មួយ​នេះ។

សេចក្តី​ប្រកាស​ព័ត៌នោះ​ឲ្យ​ដឹង​ថា៖

«ទំនប់​វារីអគ្គិសនី ​Pak Bengនឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើសហគមន៍​ក្រៅ​តំបន់​ក្នុង​ប្រទេស​ថៃ​និង​ពេញ​តំបន់​ទន្លេ​មេគង្គ រួម​បញ្ចូល​ឥទ្ធិពល​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់»។

បើ​យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ មនុស្សប្រមាណ​៦.៧០០​នាក់ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​ទាំង​នេះ។

លោក សំ សុវណ្ណ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ក្រចេះ​ មាន​ប្រសាសន៍​ថា ​បន្ថែម​លើ​ទំនប់​សាយ៉ាប៊ូរី​និង​ដនសាហុង​របស់​ឡាវ​ទំនប់​នេះ​នឹង​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ដែល​រស់​ក្នុង​តំបន់​ក្រោម​ទន្លេ​មេគង្គ ​និង​ទន្លេសាប។

នៅ​ក្នុង​វេទិកា​ខាង​មុខ​នេះ​ លោក​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ជា​លម្អិត​លើ​ផល​ប៉ះពាល់​បរិស្ថាន ដើម្បីធានា​ដល់​និរន្តរភាព​ទឹក​ទន្លេ។

លោក​មាន​ប្រសាសន៍ថា៖

«ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នេះ ខ្លាំង​ក្លា​មែន​ទែន​នៅ​តាម​មហា​អនុ​តំបន់​ទន្លេ​មេគង្គ សូម្បី​ប្រទេស​កម្ពុជា​យើង​ក៏​គ្រោង​មាន​ការ​សិក្សា​ជា​ច្រើន​បន្ត​បន្ទាប់​ដែរ។ ក្នុង​នាម​អង្គការ​សង្គមស៊ីវិល​ យើង​មាន​ការ​ព្រួយ​បារម្ភ កាល​ណា​យើង​ធ្វើ​ទំនប់​ច្រើន វា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ លំហូរ​ទឹក​ពី​ធម្មជាតិ»។

ឯកសារ៖ ទំនប់​វារី​អគ្គិសនី​ Nam Theun 2 តាម​ដង​ស្ទឹង​ Nam Thoen នៅ​ភាគ​កណ្តាល​ប្រទេស​ឡាវ​កាល​ពី​ឆ្នាំ​២០១០។

ឯកសារ៖ ទំនប់​វារី​អគ្គិសនី​ Nam Theun 2 តាម​ដង​ស្ទឹង​ Nam Thoen នៅ​ភាគ​កណ្តាល​ប្រទេស​ឡាវ​កាល​ពី​ឆ្នាំ​២០១០។

ស្ថានទូត​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ឡាវ​នៅ​ទីក្រុង​វៀងចន្ទន៍​វិញ។

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ មាន​ប្រសាសន៍​ថា​ក្រុម​ជំនាញ​កម្ពុជា​នឹង​វាយ​តម្លៃ​លើ​ទំនប់​នេះ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧​ តាម​ការ​ជូន​ដំណឹង​របស់​ប្រទេស​ឡាវ​ដែល​មាន​រយៈ​ពេល​៦​ខែ។​ ទោះ​ជា​យ៉ាង​ណា លោក​លើក​ឡើង​ថា ទំនប់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ហើយ​លោកថា ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះ​ពាល់​ធំដុំ។

លោក​ប្រាប់ ​VOA ​ថា៖

«អញ្ចឹង​ឥឡូវ​នេះ មិន​ទាន់​មាន​ជំហរ​ច្បាស់​លាស់​ទេ ដោយ​សារ​តែ​នៅ​ក្នុង​ដំណើរការ​សិក្សា​ឯកសារ​ហ្នឹង ហើយ​វាយ​តម្លៃ មាន​ក្រុម​ការងារ​វាយ​តម្លៃ​បច្ចេកទេស​លើ​គម្រោង​ហ្នឹង»។

លោក​បញ្ជាក់​បន្ថែម​ថា៖

«ជា​ការ​ពិត​ហើយ​បើ​សិន​យើង​មាន​ទំនប់​ច្រើន​នៅ​តាម​ដងទន្លេ​មេគង្គ វា​នឹង​មាន​ផល​ប៉ះពាល់​ទន្លេ​មេគង្គ​ហើយ​ទៅ​ថ្ងៃ​ក្រោយ។ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​ជម្រាប​ថា​ វា​នៅ​ឆ្ងាយ​ណាស់​ ១.៥៤០​គីឡូម៉ែត្រ»។

បើ​តាម​លោក តែ ណាវុធ មន្រ្តី​រដ្ឋាភិបាល​តាម​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន​១០នាក់ នឹង​ចូល​រួម​វេទិកា​នេះ​ ប៉ុន្តែ​ភាគី​កម្ពុជា​នឹង​មិន​លើក​ពី​បញ្ហា​អ្វី​នោះទេ។

ក្រោម​កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ រដ្ឋាភិបាល ​ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​នឹង​ធ្វើ​តាម​នីតិវិធី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ​ក្នុង​នោះ​មាន​ការ​ជូន​ដំណឹង ការ​ពិភាក្សាមុននិង​ដំណើរការ​កិច្ចព្រម​ព្រៀង​នៃ​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​នេះ។

ឯកសារ៖ ផ្ទះ​មួយ​ដែល​ត្រូវ​ខូចខាត​ដោយ​ទឹក​ជំនន់​ទោរ​ចូល​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ភូម​នរា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១។

ឯកសារ៖ ផ្ទះ​មួយ​ដែល​ត្រូវ​ខូចខាត​ដោយ​ទឹក​ជំនន់​ទោរ​ចូល​ទន្លេ​មេគង្គ​ត្រង់​ចំណុច​ភូម​នរា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១។

ទោះ​ជា​យ៉ាង​ណា​លោក តែ ណាវុធ មាន​ប្រសាសន៍​ថា​ ក្រោម​កិច្ចព្រមព្រៀង​នេះ ភាគី​ពាក់ព័ន្ធ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ត្រូវ​មាន​ការ​សម្របសម្រួល​គ្នា​មុន​នឹង​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

​លោក​បញ្ជាក់​ថា៖

«យើង​ត្រូវ​តែ​សម្របសម្រួល​គ្នា យើង​មិន​អាច​និយាយ​ថា​ទេ​ឬ​ក៏​ព្រម​នោះ​ទេ»។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព មាន​ប្រសាសន៍​ថា​ជា​ទូទៅ កម្ពុជា​ត្រូវការ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ពី​ប្រទេស​ឡាវ​ជា​មុន​សិន។

លោក​បញ្ជាក់​ថា៖

«ជា​រួម ​យើង​យល់​ពី​តម្រូវការ​របស់​ភាគី​ឡាវ ក៏​ប៉ុន្តែ​យើង​ស្នើ​សុំ​ គេ​ហៅ​ថា ​ពិនិត្យ​ពិចារណា​ ហើយ​ជួយ​សម្រួល​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​បណ្តា​ប្រទេស​ដែល​នៅ​ខាង​ក្រោម។ នៅ​ខាង​ក្រោម​នេះ​ មិន​មាន​តែ​កម្ពុជា​ទេ ​រហូត​ទៅ​ដល់​វៀតណាម​ផង​ដែរ។ ជាទូទៅ គឺ​យើង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ពិចារណា ​ហើយ​និង​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​ឆ្លងដែន​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បញ្ចៀ​ស​ឬកាត់​បន្ថយ​ផល​ប៉ះពាល់»។

ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ូយាល់​គ្រុប (Royal Group) របស់​សេដ្ឋី​ម្នាក់​គឺ​លោក​ឧកញ៉ា​ គិត ម៉េង សិក្សា​លើ​ទំនប់​វារីអគ្គិសនី​ចំនួន​បី។​ ទំនប់​វារីអគ្គិសនី​២​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ទំនប់​វារីអគ្គិសនី​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ក្រចេះ។

លោក តែ ណាវុធ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ​និង​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ។ លោក​ថា ​កម្ពុជា​ត្រូវការ​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«ប្រទេស​យើង​ក៏​មាន​គម្រោង ប្រទេស​ខាង​លើ ក៏​មាន​គម្រោង។ រាល់​គម្រោង សុទ្ធ​តែ​មាន​ផលចំណេញ​ផលខាត ផល​ប៉ះពាល់​វិជ្ជមាននិង​ផល​ប៉ះពាល់​អវិជ្ជមាន ធ្វើ​បាន​ភ្លើង ប៉ះពាល់​នូវ​ធនធាន​ធម្មជាតិ។ អញ្ចឹង​យើង​ត្រូវ​តែ​ថ្លឹងថ្លែង»។

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ជលផល លោក លោក ណៅ ធួក មាន​ប្រសាសន៍​ថា​តាម​ការ​សិក្សា​ ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​អាច​ប៉ះពាល់​ត្រី​ជាង​២០​ភាគរយ។

លោក​បញ្ជាក់​ថា៖

«ជា​ធម្មតា​ទេ ​ទំនប់​វា​មាន​ឥទ្ធិពល​ ប៉ុន្តែ​យើង​ត្រូវ​តែ​ថ្លឹងថ្លែង​ថា ​តើ​កម្រិត​ធំ​ឬ​ក៏​តូច វា​ប៉ះពាល់។ យើង​សិក្សា​ អ្វី​ដែល​សំខាន់​គឺ​ថា​រក​មើល​ពី​វិធី​ Mitigate ​(ធ្វើ​ឲ្យ​ប្រសើរ) វា»។

អ្នក​ស្រី សាន សន អាយុ​៥៥​ឆ្នាំ រស់​នៅ​ក្បែរ​ទន្លេ​សេសាន ក្នុង​ភូមិ​ភ្លុក​នៃ​ស្រុក​សេសាន​ខេត្ត​ស្ទឹងត្រែង​ បាន​ត្អូញត្អែរ​ពី​កង្វះ​ត្រី ដោយសារ​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ត្រី​តិច​ណា​ស់ ចាប់​មិន​បាន​មួយ​គីឡូ​ផង បាន​ម៉ាស្ល។ ពី​មុន​រក​បាន​ច្រើន»។

អ្នក​ស្រី​បន្ថែម​ប្រាប់ VOA ថា៖

«ប្រសិន​បើ​មាន​ទំនប់​បន្ថែម​នៅ​លើ​ដង​ទន្លេ​មេគង្គ​ ប្រហែល​ជា​ពុំ​មានត្រី​ទៀត​នោះ​ទេ»។

ប្រជានេសាទ​កម្ពុជា​ជាច្រើន​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គនិង​ទន្លេសាប​កំពុងត្អូញត្អែរ​ពីការ​ធ្លាក់​ចុះ​ផល​ត្រី ដោយសារ​ការ​សាងសង់ទំនប់​វារីអគ្គិសនី​នានា​នៅ​តាម​ដង​ទន្លេ​នេះ៕

XS
SM
MD
LG