ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​វៀតណាម​គាំទ្រ​ការ​លាលែង​របស់​ប្រធាន​សភា​ ខណៈ​មាន​ការ​ស៊ើបអង្កេត​រឿង​សូកប៉ាន់


រូបឯកសារ៖ អគ្គលេខាធិការ​គណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ថ្លែង ក្រោយត្រូវបាន​ជ្រើសរើសជាប្រធានាធិបតីវៀតណាមក្នុងសម័យប្រជុំសភានៅទីក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (Reuters)
រូបឯកសារ៖ អគ្គលេខាធិការ​គណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ថ្លែង ក្រោយត្រូវបាន​ជ្រើសរើសជាប្រធានាធិបតីវៀតណាមក្នុងសម័យប្រជុំសភានៅទីក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (Reuters)

ការណ៍​នេះ​ធ្វើ​ឱ្យមាន​ចម្ងល់​អំពី​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​ការវិនិយោគ​ពី​បរទេស​មិនទាន់​ទទួលរង​ការ​ប៉ះពាល់​ភ្លាមៗ​នោះទេ។

ស្ថាប័ន​នីតិប្បញ្ញត្តិ​វៀតណាម​បាន​អនុម័ត​យល់ព្រម​ទៅលើ​ការ​លាលែង​ពី​តំណែង​របស់​លោក Vuong Dinh Hue ​ប្រធាន​សភា នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី២ ខែ​ឧសភា​នេះ។ លោក Hue គឺ​មន្ត្រី​ថ្នាក់​កំពូល​ចុង​ក្រោយ​ដែល​បាន​ចុះចេញ​ពីតំណែង ​ខណៈ​មាន​ការ​ពង្រីក​ការ​បង្ក្រាប​ទៅ​លើ​អំពើ​ពុករលួយ​ពី​សំណាក់​បក្សកុម្មុយនីស្ត​វៀតណាម។ នេះបើយោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ចាកចេញ​របស់​លោក Hue ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ចុងខែ​មេសា ដោយ​គណៈកម្មាធិការ​កណ្ដាល​នៃ​បក្សកុម្មុយនីស្ត ធ្វើ​ឱ្យប្រទេស​វៀតណាម​គ្មាន​អ្នក​កាន់​តំណែង​អចិន្ត្រៃយ៍​សម្រាប់​តំណែង​កំពូល​ចំនួន​ពីរ​ បន្ទាប់​ពី​លោកប្រធានាធិបតី Vo Van Thuong បានលាលែង​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ។​ ការណ៍​នេះ​ធ្វើ​ឱ្យមាន​ចម្ងល់​អំពី​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​ការវិនិយោគ​ពី​បរទេស​មិនទាន់​ទទួលរង​ផលប៉ះពាល់​ភ្លាមៗ​នោះទេ។

ទាំង​លោក Hue ដែល​មានអាយុ ៦៧​ឆ្នាំ និង​លោក Thuong ដែល​មាន​អាយុ​ ៥៣ឆ្នាំ ត្រូវបាន​ចោទ​ប្រកាន់​ពី​ការ​រំលោភ​បំពាន​នានា​ដែល​មិនច្បាស់​លាស់​និង​ចោទប្រកាន់​ពី​ចំណុច​ខ្វះខាត​របស់​ពួក​គេ បន្ទាប់​ពី​ករណី​ពុករលួយ​មួយ​ចំនួន​មាន​ជំពាក់​វាក់វិន​ជាមួយ​នឹង​មនុស្ស​ដែល​ស្និទ្ធ​នឹង​ពួកលោក ឬ​ជា​មនុស្ស​ដែល​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​លោក​តែម្ដង។ អ្នកដែល​កាន់តំណែង​មុន​លោក Thuong ក៏​បាន​លាលែង​ពី​តំណែង​ប្រធានាធិបតី​នៅ​ពាក់​កណ្ដាល​អាណត្តិ​កាល​ពី​ឆ្នាំ​មុន។ រហូត​មកទល់​នឹង​ពេល​នេះ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ។

ការលាលែង​ពី​តំណែង​ទាំង​នេះ​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​សូកប៉ាន់​ឈ្មោះ​ថា យុទ្ធនាការ «blazing furnace»​ ដ៏ទូលំទូលាយ ដែល​ត្រូវបាន​ចាប់ផ្តើម​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​លោក Nguyen Phu Trong លេខាធិការ​បក្សកុម្មុយនីស្ត​ដែល​បច្ចុប្បន្ន​នេះ​កំពុង​មាន​វ័យ​ចំណាស់។

ការបង្ក្រាប​នេះ​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ ខណៈ​ដែល​បក្ស​កុម្មុយនីស្ត​វៀតណាម​កំពុង​ខិត​កាន់តែជិត​ទៅរក​ការ​ធ្វើសមាជ​ និង​រុះរើ​តំណែង​កំពូលៗ​នៅ​ឆ្នាំ​២០២៦​ខាង​មុខ​នេះ។

អង្គនីតិប្បញ្ញត្តិ​បាន​តែងតាំង​អនុ​ប្រធានរបស់​លោក Hue គឺ​លោក Tran Thanh Man កាន់​តំណែង​ជំនួស​ជាបណ្ដោះ​អាសន្ន។ នេះ​បើតាម​ការ​ប្រកាស​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ។

លោក Man ​អាយុ​ ៥៨ឆ្នាំ ដែល​ជា​បណ្ឌិត​សេដ្ឋកិច្ច ក៏ជា​មនុស្ស​ម្នាក់​នៅ​ក្នុងការិយាល័យ​នយោបាយ​ដ៏មាន​ឥទ្ធិពល​ដែល​បច្ចុប្បន្ន​នេះ​មាន​សមាជិក​តែ​១៣​រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​កំពូល​ ១៨​រូប បន្ទាប់​ពី​សមាជិក​មួយ​ចំនួន​បាន​លាលែង​ពី​សមាជិកភាព​នេះ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ប្រឆាំង​ការ​សូកប៉ាន់។

មានការ​លេចឡើងថា លោក Hue អាចជា​បេក្ខជន​សម្រាប់​តំណែងអគ្គលេខាធិការ​អចិន្ត្រៃយ៍​បក្ស ដែល​ជា​តួនាទីដ៏​មាន​អំណាច​ខ្ពស់​បំផុត​នៅ​វៀតណាម។ មុន​ពេល​ចូល​បម្រើការ​នៅ​រដ្ឋសភា លោក​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សសរ​ស្តម្ភ​ទាំង​បួន​នៃ​ប្រទេស​នេះ រួមជាមួយ​នឹង​ប្រធាន​បក្ស ប្រធានាធិបតី និង​នាយករដ្ឋ​មន្ត្រី។

រដ្ឋសភាជាតិ​វៀតណាម គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ទៀងទាត់ ​រយៈពេល​មួយ​ខែ​ចាប់​ពី​ថ្ងៃ​ទី២០ ខែឧសភា​ខាង​មុខ​នេះ ដែលក្នុង​រយៈ​ពេល​នេះ​ប្រធានាធិបតី​ថ្មី និង​ប្រធាន​សភា​ថ្មី​អាច​នឹង​ត្រូវ​តែងតាំង​បន្ទាប់​ពី​គណបក្ស​កុម្មុយនីស្ត​បាន​ចាត់តាំង​ពួក​គេ។

វិនិយោគទុន​ពីបរទេស​និង​អំពើពុក​រលួយ

វិនិយោគិន​បរទេស​ដែល​ជា​បង្អែក​ដ៏ធំ​របស់​វៀតណាម បាន​ចាត់​ទុក​ស្ថិរភាព​នយោបាយ​ថា​ជា​កត្តា​ដ៏​សំខាន់​មួយ​ ប៉ុន្តែការផ្លាស់ប្តូរ​នេះ​ហាក់​មិន​បណ្ដាល​ឱ្យ​ពួកគេកែប្រែចិត្ត​អ្វី​នោះ​ទេ។

ការស្ទង់​មតិ​មួយ​ធ្វើឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ ក្រោយ​ការ​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​កាលពី​ខែ​មីនា បាន​រកឃើញ​ថា ទំនុកចិត្ត​ផ្នែក​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​កើនឡើង។

គម្រោង​វិនិយោគ​ពីបរទេស​បាន​ធ្លាក់ចុះ​បន្តិច​បន្តួច​កាល​ពី​ខែ​មីនា មក​នៅ​ត្រឹម ១,៩​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​វៀតណាម។ ប៉ុន្តែ​គម្រោង​វិនិយោគ​នេះ​បាន​ឡើង​ដល់​ទៅ​ ៣,១​ពាន់​លាន​ដុល្លារ​នៅ​ខែ​មេសា ដោយសារ​តែការ​វិនិយោគ​ពី​ចិន​និងហុងកុង។

ផលប៉ះពាល់​ពី​ចលាចល​ផ្នែក​នយោបាយ​មិន​បង្ហាញ​ភ្លាមៗ​ទេ ហើយ​អាច​នឹង​ពិបាក​វាស់វែង។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ទីប្រឹក្សា​បរទេស​ម្នាក់​នៅ​ប្រទេស​វៀតណាម​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​ប្រធានបទ​នេះ​ជាប្រធាន​បទ​រសើប​នៅ​ប្រទេស​វៀតណាម។

វិនិយោគិន​ជារឿយៗ​លើក​ឡើង​ពី​ភាពយឺតយ៉ាវនៃ​ដំណើរការរដ្ឋបាល​និង​ការ​ធ្វើ​កំណែទម្រង់ ​ថាអាច​ធ្វើឱ្យមានលទ្ធផល​អវិជ្ជមាន​ កើតចេញ​ពី​ភាពច្របូក​ច្របល់​ផ្នែក​នយោបាយ​និង​ការ​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ចោទសួរ​អំពី​ការ​ការ​ក្ដាប់​អំណាច​របស់​បក្ស​កុម្មុនីស្ត​ទេ។

សម្រាប់​វិនិយោគិន​មួយចំនួន ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺជា​រឿង​វិជ្ជមាន​សម្រាប់​ពាណិជ្ជកម្ម​ ទោះបីជា​លទ្ធផល​ចេញពី​យុទ្ធនាការ​នេះ​មានភាព​មិនច្បាស់​លាស់​ក៏ដោយ។

នៅខេត្ត​មួយចំនួន​ក្នុង​ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​រហូត​ដល់​ទៅ៨០​ភាគរយ​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​នៅ​ឆ្នាំ​២០២៣ សហការ​ធ្វើ​ឡើង​ដោយ​អង្គការ​ UNDP ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ បាន​និយាយ​ថា ពួកគេ​បាន​ផ្ដល់​ប្រាក់សាគុណ​ដើម្បី​ទទួល​បាន​សេវាសុខភាព​សាធារណៈ ខណៈដែល​«ការសូកប៉ាន់​ដើម្បី​បាន​ការងារ​ធ្វើ​ក្នុង​វិស័យ​សាធារណៈ​នៅ​តែ​កើតឡើង​ជា​ធម្មតា»៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG