ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឡាវ​​ព្យាយាម​បន្ធូរ​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ខ្លួន


រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)/រូបថតដោយPak Beng hydropower project (Courtesy Photo)

រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)/រូបថតដោយPak Beng hydropower project (Courtesy Photo)

មន្ត្រី​ជាន់​ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់ប្រទេស​ឡាវ​ បាន​អះអាង​ថាគម្រោង​ស្ថាបនាទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ខ្លួនគឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ប្រទេស​ជិត​ខាង​នោះ ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ទំនប់​វារីអគ្គិសនី​នេះ ​នឹង​ធ្វើ​ឡើង​ដូច​នឹង​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី(Xayaburi)ដែរ។​

ការ​លើកឡើង​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ថ្នាក់​តំបន់​រយៈ​ពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២២-២៣​ កុម្ភៈ នៅ​ក្នុង​ទីក្រុង​ហ្លួងព្រះបាង​ (Luang Prabang)​ ប្រទេស​ឡាវ ​ដើម្បី​ពិភាក្សា​លើ​ការ​ស្នើ​សាងសង់​ទំនប់វារីអគ្គិសនី​ថ្មី​នេះ។

វេទិកា​ដែល​នឹង​បើក​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​លើ​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​ នេះ ​ត្រូវ​បាន​ រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​(MCR) ហើយមាន​ការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​មួយ​ចំនួន។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​របស់​ប្រទេស​ឡាវ​ លោក​ Sommad Pholsena បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​ដំណើរ​ការ​នៃ​ការ​ស្ថាបនា​ទំនប់ ​ប៉ាក់ បេង​នេះ ​ធ្វើ​ឡើង​ដូចគ្នា​នឹង​ទំនប់​សាយ៉ាប៊ូរី​ ដែលលោក​ថា​មាន​ស្តង់​ដារ​មួយ​អាច​ទទួល​យក​បាន។​

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ បាន​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ ដើម្បី​អនុវត្ត​ទៅតាម​ជំហាន​ដំបូង​នៃ​ការ​ស្នើ​ស្ថាបនា​ទំនប់​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​មាន​ទំនួលខុសត្រូវ​ចំពោះ​ប្រជាជន​ឡាវ​ ថៃ​ វៀតណាម​ និង​កម្ពុជា។ វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ឡាវ​ ជាពិសេស​ក្រសួង​(ធនធាន​ធម្មជាតិ​និង​បរិស្ថាន)​ផ្ដល់​សារៈសំខាន់​ចំពោះ​(ការ​បារម្ភ)​របស់​ពួកគេ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ក៏​ដូច​អ្នក​ទាំងអស់​គ្នា​ដែរ។ ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន។ ខ្ញុំ​ចង់​បន្សល់​ទុក​បរិស្ថាន​ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​យើង»។

រដ្ឋមន្ត្រី​ឡាវ​រូប​នេះ​បាន​ថ្លែង​ថា ​លោក​សង្ឃឹម​ថា នឹង​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​ការ​គោរព​គ្នា​និង​ការ​រិះគន់​ដោយ​ស្ថាបនា។

លោក​មាន​ប្រសាសន៍​ថា៖ «វា​ពិបាក​ក្នុង​ការ​យល់​ព្រម​គ្នា​ទាំង​ស្រុង​ទៅ​លើ​បញ្ហា​ទាំងអស់ ប៉ុន្តែ​យើង​អាច​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធ​ភាព​ ដើម្បី​ធានា​ថា​ការ​ព្រួយ​បារម្ភ​និង​ការ​ស្នើ​សុំ​សំខាន់ៗ ត្រូវ​បាន​កត់​ត្រា​និង​ពិចារណា​…»។

ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង ​ដែល​ផ្ដល់​ថាមពល​ក្នុង​បរិមាណ ​៩១២ ​មេហ្គាវ៉ាត់ ​និង ​មាន​តម្លៃ​ប្រមាណ ​២៣៧២ លាន​ដុល្លារ​អាមេរិក ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥៤០ ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា~ឡាវ។ បើ​យោង​ទៅ​តាម​ការ​ស្នើ​ គម្រោង​ស្ថាបនា​ទំនប់​នេះ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៤។

លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ មាន​ប្រសាសន៍​ថា ​ទំនប់​នេះ​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ទំនប់​សាយ៉ាប៊ូរី ដូច្នេះ លោក​ថា ​ទំនប់​នេះ​មិន​បង្ក​ការ​ប៉ះពាល់​ធំ​ដុំ​លើ​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​នោះ​ទេ។

លោក​មានប្រសាសន៍ថា៖ «ប៉ាក់ បេង នៅ​ពីលើ​ទំនប់​សាយ៉ាប៊ូរី។ យើង​នឹង​ធ្វើ​តាម​ស្តង់ដារ​ដូច​គ្នា ហើយ​ការ​បំពេញ​តម្រូវ​ការ​ដូចគ្នា។ ដូច្នេះ ខ្ញុំ​ជឿ​ថា​នេះ​មិន​សូវ​មាន​ផល​ប៉ះពាល់​ទេ​សម្រាប់​ ប៉ាក់​ បេង»។

លោក​បន្ត​ថា​ប្រទេស​ឡាវ ក៏​ពិចារណា​ទៅលើ​ការ​ផលិត​អគ្គិសនី តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​ ប្រសិន​ការ​ចំណាយ​ទៅ​លើ​ការ​ផលិត​ទាំង​នេះ​ ទាប​ជាង​ការ​ចំណាយ​ទៅ​លើ​ទំនប់​វារីអគ្គិសនី។

នៅ​ពេល​សួរ​ថា​តើ​ឡាវ​នឹង​ធ្វើ​ទំនប់​វារីអគ្គិសនី​ផ្សេង​ទៀត​ដែរ​ឬ​ទេ លោក ​ដាវង់ ផនកែវ បាន​បញ្ជាក់​ថា៖ «បាទ​ បាទ ពិត​ជា​ធ្វើ​ត​ទៀត។ វា​អាស្រ័យ​ទៅលើ​ផល​ប្រយោជន៍​និង​ការ​ចំណាយ​ទៅលើ​គម្រោង។ ប្រសិន​បើ​គម្រោង​វា​មាន​តម្លៃ​សម្រាប់​សេដ្ឋកិច្ច​ និង​មិន​ប៉ះពាល់​បរិស្ថាន ហេតុ​អី​យើង​មិន​អភិវឌ្ឍ។ នេះ​ជា​គោល​ការណ៍​ងាយៗ»។

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)

​ទំនប់​ពីរ​ផ្សេង​ទៀត​របស់​ឡាវ​គឺ​ទំនប់​សាយ៉ាប៊ូរី ​និង​ទំនប់​ដនសាហុង ​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស​ និង​បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ការពារ​បរិស្ថាន​ និង​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​សហគមន៍​អន្តរជាតិ។

ប្រសិន​បើ​មាន​ការ​សាងសង់​មែន​ ទំនប់​វារីអគ្គិសនី ​ប៉ាក់ បេង​ នេះ ​នឹង​ក្លាយ​ជា​ទំនប់​ទី​បី​ក្នុង​ចំណោម​គម្រោង​សាងសង់​ទំនប់​ចំនួន​១១​របស់​ឡាវ​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ។

មុន​វេទិកា​ថ្នាក់​តំបន់​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិលកម្ពុជា​ដែលធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​សំណើ​របស់​ប្រទេស​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង នេះ។ ​ពួកគេ​លើក​ឡើង​ថា​ទំនប់​នេះ ​នឹង​ប៉ះពាល់​លំហូរ​ទឹក​និង​ធន​ធាន​ជល​ផល​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum on Cambodia) លោក​ តឹក វណ្ណារ៉ា ​ធ្លាប់​បាន​លើក​ឡើង​ថា​ផល​ប៉ះពាល់​នៃ​ទំនប់​ពីរ​របស់​ឡាវ​ មិន​ទាន់​មាន​ការ​សិក្សា​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ខណៈ​ ប្រទេស​ឡាវ​ស្នើការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​មួយ​ផ្សេង​ទៀត។

លោក ​តែ ​ណាវុធ​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ដែល​បាន​ចូល​រួម​វេទិកា​នៅទីក្រុង​ហ្លួងព្រះបាង បាន​ថ្លែង​ប្រាប់ VOAថា​ក្រុម​ជំនាញ​កម្ពុជា​ នឹង​វាយ​តម្លៃ​ឯកសារ​ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧​ តាម​ការ​ជូន​ដំណឹង​របស់​ប្រទេស​ឡាវ​ដែល​មាន​រយៈពេល​៦​ខែ។

លោក​បន្ត​ថា​នៅ​ក្នុង​ខែ​មីនា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ជាតិ​និង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ជា​បន្ត​បន្ទាប់។​

លោក​មាន​ប្រសាសន៍​ថា៖

«វា​ប៉ះពាល់​ប៉ះ​អី យើង​ត្រូវការ​ពេលវេលា​ពិនិត្យ​ឯកសារ​សិន ព្រោះ​វា​សុទ្ធ​តែ​ទិដ្ឋភាព​បច្ចេកទេស ដែល​នឹង​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​ ការ​បញ្ចេញ​យោបល់​អី​មួយ​ត្រឹម​ត្រូវ​ នៅ​ពីរ​បី​ខែ​ក្រោយ»។

ទោះ​ជា​យ៉ាង​ណា ​លោក​លើក​ឡើង​ថា ទំនប់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ហើយ​លោក​ថា ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះ​ពាល់​ធំដុំ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយសារ​វា​នៅ​ឆ្ងាយ​១៥៤០គីឡូម៉ែត្រ ខ្ញុំ​គិត​ថា​បើ​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណឹង។ ប៉ុន្តែ​យើង​ត្រូវ​តែ​បារម្ភ​ទាំងអស់​គ្នា យើង​ត្រូវ​សិក្សា​ឯក​សារ ហើយ​ត្រូវ​ការ​មតិ​សង្គម​ស៊ីវិល​ចូល​រួម​ ក្រសួង​ជំនាញ​ចូល​រួម»។

កាល​ពី​ខែ​មករា អង្គការ​ទន្លេ​អន្តរជាតិ​(International Rivers )ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ការ​ប៉ះពាល់​ដែល​នឹង​បង្ក​ឡើង​ដោយ​ទំនប់​វារីអគ្គិសនី​អគ្គិសនី​ ប៉ាក់ បេង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា៖

«ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​ នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សហគមន៍​ក្រៅ​តំបន់​ក្នុង​ប្រទេស​ថៃ​និង​ពេញ​តំបន់​ទន្លេ​មេគង្គ រួម​នឹង​ការ​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់»។

បើ​យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ មនុស្ស​ប្រមាណ ​៦៧០០​នាក់​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​ទាំង​នេះ។

លោក​ស្រី Nuanlaor Wongpinnitwarodom នាយក​ការិយាល័យ​គ្រប់គ្រង​ទន្លេ​មេគង្គ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​របស់​ប្រទេស​ថៃ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ថៃ​នឹង​ធ្វើការ​សិក្សា​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​ ដោយសារ​តែ​ប្រជាជន​ក្នុង​ភូមិ​ចំនួន​ពីរ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​របស់​ថៃ បាន​បង្ហាញ​ការ​បារម្ភ​លើ​ការ​ស្នើ​សុំ​ធ្វើ​ទំនប់ ​ប៉ាក់ បេង​នេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ពី​ភាគី​ថៃ​ ប្រជាជន​ព្រួយ​បារម្ភ​(អំពី​ទំនប់​នេះ)។ យើង​នឹង​ធ្វើ​ការ​សិក្សា​លក្ខណៈ​វិទ្យាសាស្ត្រ។ យើង​មិន​ទាន់​ដឹង​ពី​ផល​ប៉ះពាល់​នៅ​ឡើយ​ទេ»។

មន្ត្រី​ឡាវ​ លើ​ក​ឡើង​ថា​ប្រទេស​ឡាវ​ត្រូវ​ការ​ថាមពល​អគ្គិសនី​ដើម្បី​លើក​តម្កើង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅដល់​៧,៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០​និង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

បើ​តាម​មន្ត្រី​ឡាវ​ រដ្ឋាភិបាល​ឡាវ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​នោះ​មាន​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន​៩០០០​ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២៥​ប្រទេស​កម្ពុជា​ចំនួន​១៥០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥០០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០៣០។

ក្រោយ​ពី​ទទួល​បាន​មតិ​យោបល់​និង​ការ​ព្រួយ​បារម្ភ​ពី​ភាគី​ពាក់​ព័ន្ធ ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ម្ដង​ទៀត​នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​ ដើម្បី​ពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG