ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​ឡុងប៊ិច​រក្សា​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​រស់​រវើក

  • ម៉ែន គឹមសេង

សមាជិក​សភា​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

ពិធី​ជួបជុំ​គ្នា​ប្រចាំ​ឆ្នាំ​នេះ​ គឺជា​លើក​ទីបី​ហើយ​ ដែល​រៀបចំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា ​រីកាដូ ឡារ៉ា ​សមាជិក​សភា ​អាឡាំង ឡូវឹនសល ​សមាជិក​សភា​ប្រចាំ​រដ្ឋ​ភែទ្រិក​ អូដុនណល​ និង​ថ្នាក់​ដឹកនាំ​ទីក្រុង​ឡូសអាន់ជឺឡេស​ និង​ក្រុង​ឡុងប៊ិច​ព្រមទាំង​សហគមន៍​ខ្មែរ។

ពិធី​ជួបជុំ​ដែល​រៀបចំ​ក្នុង​មួយ​ឆ្នាំ​ម្តង​ ដោយ​មាន​ការប្រគុំ​តន្រ្តី​ និង​អាហារ​នៅ​ភោជនីយដ្ឋាន​ឡាលូនថ្មី​នៅ​ថ្ងៃ​នេះ​ គឺ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ ដែល​បាន​ស្លាប់​ក្នុង​របបខ្មែរ​ក្រហម។ ពិធី​ជួបជុំ​ដូចនេះ​ ក៏​ផ្តល់​ជា​ឱកាស​ដល់​សហគមន៍​ខ្មែរ-អាមេរិកាំង​ក្នុង​ទីក្រុង​ឡុងប៊ិច​អាច​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត​ផង​ដែរ។

ក្នុង​កម្មវិធី​កាលពីថ្ងៃ​ទី​២០ ខែមេសា​ឆ្នាំនេះ​ កញ្ញា Mellisa Hem ចែក​រំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួន​ ក្នុង​នាម​ជា​កូន​ខ្មែរ​ជំនាន់​ទីពីរ ​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក​ហើយ​គ្រួសារ​រងផលប៉ះពាល់​ ដោយសារ​របប​ខ្មែរ​ក្រហម។

កញ្ញា​ Mellisa បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«របប​នេះ​ហួស​ពី​ការអាច​និយាយ​បាន។ គ្មាន​អ្វី​ដែល​យើង​អាច​និយាយ​ត្រឹមពាក្យ​មួយ​ឃ្លា​ដើម្បី​សង្ខេប​ពី​រឿងរ៉ាវ ​ដែល​បាន​កើត​មាន​ឡើង​មក​លើ​សហគមន៍​របស់​យើង​ ក្រុម​គ្រួសារ​របស់​យើង​ និង​ការ​ខិតខំ​របស់​មនុស្ស​ជំនាន់​ខ្ញុំ​ ដើម្បី​បោះជំហាន​ទៅមុខ​ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​ត្រូវ​ទទួលស្គាល់​ និង​ទទួល​យក​ការ​ព្យាបាល​ផ្លូវចិត្ត»។

សមាជិក​ព្រឹទ្ធសភា​លោក រីកាដូ ឡារ៉ា (Ricardo Lara) ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
សមាជិក​ព្រឹទ្ធសភា​លោក រីកាដូ ឡារ៉ា (Ricardo Lara) ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

ពិធី​ជួបជុំ​គ្នា​ប្រចាំ​ឆ្នាំ​នេះ​ គឺជា​លើក​ទីបី​ហើយ​ ដែល​រៀបចំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា ​រីកាដូ ឡារ៉ា ​សមាជិក​សភា ​អាឡាំង ឡូវឹនសល ​សមាជិក​សភា​ប្រចាំ​រដ្ឋ​ភែទ្រិក​ អូដុនណល​ និង​ថ្នាក់​ដឹកនាំ​ទីក្រុង​ឡូសអាន់ជឺឡេស​ និង​ក្រុង​ឡុងប៊ិច​ព្រមទាំង​សហគមន៍​ខ្មែរ។

លោក​រីកាដូ ឡារ៉ា​ សមាជិក​ព្រឹទ្ធសភា​ បាន​រំលឹក​ឡើង​វិញ​ពី​ការ​សម្រេច​រៀបចំ​ការ​ជួបជុំ​នេះ​ថា៖

«ឆ្នាំ​ដំបូង​ពួកគេ​ឆ្ងល់​ថា​ តើ​លោក​ម្នាក់​នេះ​ជា​នរណា​គេ? គាត់​ទើបតែ​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​ សម្រាប់​ខ្ញុំ ​វាជា​ការ​សំខាន់​ ដោយសារ​ខ្ញុំ​ក៏​មាន​ប្រវត្តិ​មកពី​គ្រួសារ​ជន​អន្តោប្រវេសន៍​ដែរ ​ហើយ​យើង​មិន​សូវ​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ទេ។ ដូច្នេះ​ ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ រដ្ឋាភិបាល​មក​សហគមន៍​ខ្មែរ​-អាមេរិកាំង ​ហើយ​ឥឡូវនេះ​សហគមន៍​ចូលរួម​ទាំងអស់គ្នា​នៅក្នុង​ការ​ជួបជុំ​នេះ​ ដូច​លោក​បាន​ឃើញ​ហើយ‍»។

អ្នក​ចូលរួម​មាន​ឱកាស​ឡើងថ្លែង​ពី​ផលប៉ះពាល់​នៃ​របប​ខ្មែរក្រហម​មក​លើ​គ្រួសារ ​និង​សហគមន៍​របស់​គេ​ ក៏​ដូច​ជា​ចែក​រំលែក​ពី​វិធី ​ដែល​អាច​ជួយ​ផ្សះផ្សា​ផ្លូវចិត្ត​របស់​គេ​តាម​រយៈ​ការ​និយាយ​ពី​ការឈឺចាប់ ឬ​បួង​សួង​ឧទ្ទិសដ្ឋាន​ជាដើម។

លោក​ Patrick O’Donnell សមាជិក​សភា​ប្រចាំ​រដ្ឋកាលីហ្វញ៉ា​បាន​បញ្ជាក់​ថា៖

«នៅពេលយប់​នេះ​ យើង​ធ្វើ​ពិធី​អបអរសាទរ ​ប៉ុន្តែ​យើង​ក៏​ទទួល​ស្គាល់​សោកនាដកម្ម​ផង​ដែរ។ សោកនាដកម្ម​នោះ​ បាន​កើតមាន​ឡើង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​ តែ​នៅតែ​ប៉ះពាល់​ដល់​សហគមន៍​របស់​យើង​រហូត​ដល់​សព្វថ្ងៃ​នេះ‍»។

សមាជិក​សភា​លោក Patrick O’Donnell ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
សមាជិក​សភា​លោក Patrick O’Donnell ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

លោក​យល់​ថា​ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បាន​ប្រែក្លាយ​ការ​ឈឺចាប់​របស់​ពួកគេ​មក​ជា​ជោគជ័យ ​នៅ​ក្នុង​កិច្ចការ​ជំនួញ ​និង​បង្កើន​ជីវភាព​រស់នៅ។ លោក​ថា៖

«សហគមន៍​ខ្មែរ​គឺជា​អំណោយ​មួយ​សម្រាប់​ទីក្រុង​ឡុងប៊ិច។ យើង​មាន​មោទនភាព​ណាស់​ ដែល​មាន​ពួកគេ​នៅទីនេះ។ ពួកគេ​ធ្វើឱ្យ​ទីក្រុង​ឡុងប៊ិច​ជា​កន្លែង​ដ៏ល្អ​ជាង​មុន។ ពួកគេ​តស៊ូ​ខាង​ផ្នែក​សេដ្ឋកិច្ច។ ពួកគេ​តស៊ូ​ខាង​ផ្នែក​សង្គម។ ខ្ញុំ​អាច​មើលឃើញ​តាម​រយៈ​កម្មវិធី​យប់​នេះ។ ពួកគេ​មិន​ភ្លេច​ថា ​ពួកគេ​មកពី​ទីណា​ទេ។ ប៉ុន្តែ​ពួកគេ​បាន​ដាំ​នូវ​ឫស​មួយ​ដ៏ខ្លាំង​នៅទីនេះ‍»។

របប​ខ្មែរ​ក្រហម​ដែល​បាន​កាន់​អំណាច​ពីថ្ងៃទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ ដល់​ខែមករា​ឆ្នាំ​១៩៧៩ ​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​ពីរលាន​នាក់​ គឺ​មួយ​ភាគ​បី​នៃ​ពលរដ្ឋ​ទាំង​មូល។

ទីក្រុង​ឡុងប៊ិច​មាន​សហគមន៍​ខ្មែរ​ធំ​ជាង​គេ​បំផុត ​នៅក្នុង​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​បាន​តស៊ូ​ជាច្រើន​ ក្នុង​នាម​ជា​អ្នកនៅ​រស់រាន​ពី​ការ​កាប់​សម្លាប់​នេះ​ ដើម្បី​បាន​ការទទួល​ស្គាល់​នៅ​ថ្នាក់​រដ្ឋ ​និង​ទីក្រុង​ពី​ការកាប់​សម្លាប់​នោះ។ កាលពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ​ គណៈ​គ្រប់គ្រង​ទីក្រុង​ឡូសអាន់ជឺឡេស​ បាន​ទទួល​ស្គាល់​ថ្ងៃ​១៧ខែមេសា ​ថា​ជា​ទិវា​ចងចាំ​មួយ​ពី​របប​វាលពិឃាត។

លោក​រិទ្ធី ហាញ់ ​សកម្មជន​សហគមន៍​បាន​ទៅ​ចូលរួម​ក្នុង​ការ​ទទួល​ការ​ប្រកាស​ទទួល​ស្គាល់​របស់​គណៈគ្រប់គ្រង​ទីក្រុង​ឡូសអាន់ជឺឡេស​ ផង​ដែរ៖

«ខ្ញុំ​ថា​ ថ្ងៃហ្នឹង​គឺជា​ថ្ងៃ​សំខាន់​របស់​ជនជាតិ​ខ្មែរ​យើង​ទាំងអស់​គ្នា​ ព្រោះ​អី​ព្រលឹង​ដែល​គាត់បាន​ចែកឋាន​ពី​សម័យ​ហ្នុង​ដូច​គាត់​មាន​វាសនា​បាន​ឡើង​ឋានសួគិ៍។ វាធ្វើ​ឱ្យ​យើង​រំលឹក​ថា ​ទោះបី​ជា​មាន​ជីវិត​ចែកឋាន​ច្រើន​នាក់​ក៏ដោយ​ ក៏យើង​អត់​ដែល​ភ្លេច​ថ្ងៃ​ហ្នឹង​ទេ។ កូនចៅ​នៅ​ស្រុក​អាមេរិក​នៅ​ស្រុក​ឆ្ងាយ​ ដឹង​ថា​ថ្ងៃ​ហ្នឹង​ជាថ្ងៃ​សំខាន់​បំផុត‍»។​

លោក​រិទ្ធី ហាញ់ ​សកម្មជន​សហគមន៍​ ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
លោក​រិទ្ធី ហាញ់ ​សកម្មជន​សហគមន៍​ ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

លោករិទ្ធី ហាញ់​ បាន​កើត​នៅ​ក្នុង​ជំរំ​តាម​ព្រំដែន​ខ្មែរ-ថៃ​ ក្នុងពេល​ដែល​ឱពុកម្តាយ​រត់គេច​ពី​ប្រទេស​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម។ លោក​ក៏​ចែក​រំលែក​បទពិសោធន៍​របស់​លោក​ដែរ​នៅ​យប់​នេះ។

លោក Jonathan Nhean ​សកម្មជន​សហគមន៍ ​និង​ជា​អ្នក​សម្តែង​យល់​ថា​ ការ​ទទួល​ស្គាល់​នេះ​គឺ​ជា​ការលើក​ទឹកចិត្ត​មួយ​ទៀត ​បើទោះបី​ជា​របប​នេះ​បាន​ដួល​រលំ​យូរ​ហើយ​ក៏ដោយ៖

«ទោះបីជា​ឥឡូវ​៤២​ឆ្នាំ​មក​ហើយ​ ក៏ប៉ុន្តែ​មិនមែន​ជា​ការ​យឺត​ពេល​ទេ​ គឺ​ចាប់​ផ្តើម​ពី​ឥឡូវទៅ​អនាគត​ គឺ​ជា​កិច្ចការ​មួយ​ល្អ​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​មួយ​ទាំង​មូល​ឱ្យ​បាន​យល់​ជ្រាប​អំពី​ការណ៍​ ដែល​នៅ​ស្រុក​ខ្មែរ​មានការ​សម្លាប់​រង្គាល ​គឺ​ជា​ការណ៍​មួយ​មិន​ត្រូវ​បំភ្លេចចោល​ ហើយ​មិនត្រូវបង្កប់​ទុក​កន្លែង​ណាមួយ​ទេ​ គឺ​ត្រូវ​បង្ហាញ​ចេញ​មក ​ដើម្បី​ឱ្យ​អ្នកទាំងអស់​គ្នាបាន​ដឹង​ឮ​មួយ​ពិភពលោក​ទាំង​មូល​ គឺ​ជា​អំពើ​ហិង្សា​ដ៏​កាចសាហាវ​ដល់​ប្រជាជន​ខ្មែរ​យើង​ទាំង​មូល‍»។

ជា​ការ​ទទួល​ស្គាល់​មួយ​ទៀត​របស់​អាជ្ញាធរ​មូលដ្ឋាន គឺ​សហគមន៍​ទទួល​បាន​ការ​អនុញ្ញាត​ និង​ប្រគល់​ដី​មួយ​កន្លែង​សម្រាប់​សាងសង់​«សួនច្បារ​មួយ​រំលឹក​វាល​ពិឃាត‍»​ដែល​នៅ​ចំ​កណ្តាល​ទីក្រុង​ឡុងប៊ិច។

លោក Bryan Ben ​ជា​អ្នក​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​របប​ប្រល័យ​ពូជសាសន៍​ និង​បាន​ដឹកនាំ​សហគមន៍​ ដើម្បី​សុំ​ឱ្យ​មាន​ការ​សាងសង់​នេះ​បាន​បញ្ជាក់​ថា៖

«គម្រោង​មួយ​ដែល​យើង​កំពុងធ្វើ​នៅទីក្រុង​ឡុងប៊ិច​ហ្នឹង​ គឺ​ថា​យើង​ធ្វើ​សួន​រំលឹក​វាល​ពិឃាត។ ការ​ទាមទារ​ការធ្វើ​ការ​ជាមួយ​សាលាក្រុង​ឡុងប៊ិច​ បាន​ចាប់​ផ្តើម​ឡើង​ពីឆ្នាំ២០០៨​ មាន​រយៈពេល​ជិត​១០ឆ្នាំ។ យើង​បាន​ធ្វើការ​ស្វិតស្វាញ​ជាមួយ​ចៅសង្កាត់​លេខ​៦ ​លោក​ឌីអែនឌ្រូ ​ហើយ​ទីបំផុត​ក្នុង​ការទាមទារ​ប្រឹង​ប្រែង​របស់​យើង​ទាំងអស់​គ្នា​ ខ្ញុំ​បាន​ដឹកនាំ​ទាមទារ​យក​ដី​នេះ​មកវិញ។ មុន​ដំបូង​គេ​ឱ្យ​ហើយ​ ហើយ​គេ​យកដី​ហ្នឹង​ទៅឱ្យ​កន្លែង​ផ្សេងវិញ​ទីបំផុត​ យើងបាន​ទាមទារ​យកដីហ្នឹង​មក​ហើយ​ ហើយ​ឥឡូវនេះ​គេ​ក៏បាន​អនុញ្ញាត​ឱ្យ​យើង​សង់។ គេ​ឱ្យ​រយៈពេល​យើង​ប្រាំឆ្នាំ​ដើម្បី​ធ្វើ​បាន​រួចរាល់»។

រីឯ​ចំពោះ​អ្នក​ដែល​មាន​កិត្តិយស​ទទួល​បាន​ការ​រំលឹក​ដល់​វិញ ​លោក​ Bryan Ben ​បាន​បញ្ជាក់​ថា៖

«ចំពោះ​ខ្ញុំ​បើ​ប្អូន​សួរថា​ ចារឈ្មោះ​អ្នកណា​ខ្ញុំ​ថា​ចារ​ឈ្មោះ​ខ្មែរ ​ដែល​ស្លាប់​បាត់​បង់​ទាំងអស់។ យើង​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ធ្វើកិច្ចការ​ហ្នឹង​ឱ្យ​មាន​ទេ​ ប៉ុន្តែ​វីរៈបុរស​ពិតប្រាកដ​គឺ​អ្នក​ដែល​ស្លាប់​ដែល​រួម​បញ្ចូល​ទាំង​ឪពុក​ម្តាយ​បងប្អូន​យើង​ទាំង​អស់​គ្នា‍»។

លោក Jonathan Nhean ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
លោក Jonathan Nhean ផ្តល់​បទ​សម្ភាស​ឲ្យ VOA ក្នុងកម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

ដោយ​មាន​ការទទួលស្គាល់​នៅ​កម្រិត​ថ្នាក់​ក្រុង​ និង​កម្រិត​ថ្នាក់​រដ្ឋ ​និង​មាន​ការ​រៀបចំ​ពិធី​ជា​រៀងរាល់​ឆ្នាំ​ ព្រមទាំង​មាន​កន្លែង​ដែល​រំលឹក​ទៅដល់​វិញ្ញាណក្ខន្ធ​អ្នក​ ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរ​ក្រហម ​ដូចជា​នៅ​កន្លែង​នេះ​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ពី​របប​ខ្មែរក្រហម​នេះ​កាន់តែ​មាន​ការ​យល់​ដឹង​ថែម​ទៀត​ នៅ​ក្នុង​ស្រទាប់​នៃ​យុវជនខ្មែរ​ជំនាន់​ក្រោយ​របស់​ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅ​ទីនេះ។

ការ​ស្រាវជ្រាវ​មួយ​ចំនួន​រកឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក​រងផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​ និង​មាន​ជំងឺ​ផ្លូវកាយ ​និង​ផ្លូវចិត្ត​មួយ​ចំនួន​ ដូចជា​ជំងឺ​បាក់ស្បាត ​តានតឹង​ក្នុងចិត្ត។ ហើយ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​នៅទីក្រុង​ឡុងប៊ិច​នេះ​រហូត​ដល់​៦២ភាគរយ។

ការណ៍​នេះ​នាំឱ្យ​ក្រុម​គ្រួសារ​ខ្លះ ​មិន​ទាំង​ចង់​រំលឹក​ដល់​រឿងរ៉ាវ​រន្ធត់​ដែល​បាន​កើតមាន​ឡើង​នៅក្នុង​គ្រួសារ​ទេ។ ដូចជា​គ្រួសារ​នាង​ មេលីសា ហែម​ ជាដើម។ នាង​ មេលីសា ​ដែល​បំពេញ​ការងារ​ជា​គិលានុប្បដ្ឋាយិកា ​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ពន្យល់​ថា៖

«ខ្ញុំ​គិត​ថា​ផ្នែក​មួយ​នៃ​សោកនាដកម្ម​របស់​យើង ​គឺ​យើង​មាន​អារម្មណ៍​ថា​ យើង​ត្រូវ​គេ​បំភ្លេច​ចោល។ គេ​មិន​ទទួល​ស្គាល់​យើង។ ប្រសិនបើ​យើង​មើល​សៀវភៅ​ប្រវត្តិសាស្រ្ត​ប្រហែល​ជា​មាន​អក្សរ​តែ​មួយ​ឃ្លា​និយាយ​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពួកយើង​បើទោះ​បី​ជា​មាន​មនុស្ស​មួយភាគបី​ ត្រូវ​បាន​សម្លាប់ ​ប៉ុន្តែ​តើ​មាន​គេ​បាន​សិក្សា​ទេ?‍»

លោកអាឡាំង ឡូវឹនសល​ អ្នក​តំណាងរាស្រ្ត​ថ្នាក់​ជាតិ​សម្រាប់​មណ្ឌល ​ដែល​រួមមាន​ទីក្រុង​ឡុងប៊ិច​នេះ យល់​ថា​ មាន​បញ្ហា​ជាច្រើន​ដែល​លោក​នឹង​យក​ចិត្ត​ទុកដាក់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ក្នុង​នោះ​មាន​ដូចជា​បញ្ហា​ផ្លូវចិត្ត​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ ការ​ជួយ​កូនខ្មែរ​អាមេរិកាំង​ទទួល​បាន​ការ​សិក្សា​ឧត្តមសិក្សា​ និង​បញ្ហា​អន្តោប្រវេសន៍។ ប៉ុន្តែ​លោក​ក៏​មាន​មោទនភាព​ដែរ​ ដែល​សហគមន៍​ខ្មែរ​-អាមេរិកាំង​ទទួល​បាន​ជោគជ័យ​ច្រើន​ ទាំង​អ្នក​ដែល​រត់ភៀស​ខ្លួន​មក​ និង​កូន​ចៅ​របស់​ពួក​គេ​ដែល​កើត​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ។

«កិច្ចការ​មួយ​ គឺ​ពួកគេ​មាន​ស្មារតី​ជា​សហគមន៍​ដោយសារតែ​បាន​បង្កើត​ក្រុង​ខ្មែរ។ ពួកគេ​បាន​មក​ប្រទេស​នេះ ​ដោយ​គ្មាន​អ្វី​ទាំងអស់​ បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​ហើយ​ឥឡូវ​នេះ​ពួកគេ​បង្កើត​បាន​សហគមន៍​ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង ដូច​ដែល​លោក​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពីរ​ជំនាន់​ និង​បី​ជំនាន់​នៅ​ក្នុង​បន្ទប់​នេះ​ ហើយ​ខ្ញុំ​មាន​មោទនភាព​នឹង​តំណាង​ពួកគេ​ខ្លាំង​ណាស់។ ពួកគេ​គឺជា​សុបិន​ និង​រឿងរ៉ាវ​ជោគជ័យ​របស់​អាមេរិកាំង‍»។

កម្រង​ផ្កា​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
កម្រង​ផ្កា​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

លោក​សមាជិក​ព្រឹទ្ធសភា​ឡារ៉ា​ មើល​ឃើញ​ថា ការ​ជួបជុំ​នេះ​ជា​ជោគជ័យ​ដ៏ធំ ​ហើយ​វា​នឹង​បន្ត​រីកធំធាត់​ បើទោះបី​ជា​គ្មាន​វត្តមាន​លោក​ក៏ដោយ។ វា​បាន​ក្លាយ​ជា​ចំណុច​នៃ​មោទនភាព​សម្រាប់​ទីក្រុង​ឡុងប៊ិច ​និង​សម្រាប់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅ​ទីនេះ‍។​ លោក​បន្ថែម​ថា គំនិត​របស់​លោក​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​នៅ​រដ្ឋ​ផ្សេង​ទៀត​ផង​ដែរ៖

«ខ្ញុំ​សប្បាយ​រីករាយ​ដែល​ការជួបជុំ​របស់​យើង ​បាន​បំផុស​ឱ្យ​ទីក្រុង​ឡូសអាន់ជឺឡេស​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ហើយ​មាន​ការ​រំលឹក​ការ​ចងចាំ​មួយ​នៅ​កម្រិត​ទីក្រុង​ហើយ​ បើ​តាម​ខ្ញុំ​ឮ ​នៅពេល​ឥឡូវនេះ​ គឺ​ការ​ជួបជុំ​នេះ​បាន​ជំរុញ​ទឹកចិត្ត​ដល់​សហគមន៍​ដទៃ​ទៀត​ នៅក្នុង​រដ្ឋ​ផ្សេង​ទៀត​ឱ្យ​ធ្វើ​ដូចគ្នា​នេះ‍»។

មាន​សមាគម​ និង​អង្គការ​ជាច្រើន​ ដែល​ធ្វើ​ការងារ​ដើម្បី​សហគមន៍​ទីក្រុង​ឡុងប៊ិច​ក៏​បាន​ចូលរួម​គាំទ្រ​ការ​រៀបចំ​ការ​អបអរសាទរ​ឆ្នាំ​នេះ​ផង​ដែរ ​ក្នុង​នោះ​មាន​ដូចជា​សមាគម​ក្រុង​ខ្មែរ ​សហគមន៍​ខ្មែរ​ UCC ​និង​សមាគម​មាតា​បីតា​ខ្មែរ​ជាដើម។

ដោយ​មាន​ការ​ទទួល​ស្គាល់​នៅ​កម្រិត​ថ្នាក់​ទីក្រុង​ និង​កម្រិត​រដ្ឋ​ និង​ការ​រៀបចំ​ពិធី​ជា​ប្រចាំ​ឆ្នាំ​នៅ​ទីនេះ​ ហើយ​នឹង​មាន​កន្លែង​រំលឹក​អនុស្សាវរីយ៍​ចំពោះ​ការ​ឈឺចាប់​ និង​វិញ្ញាណក្ខន្ធ​បងប្អូន​ ដែល​បាន​ចែក​ឋាន​ទៅ​នៅក្នុង​របបខ្មែរ​ក្រហម​ ដូចជា​នៅទីនេះ​ធ្វើ​ឱ្យ​ការ​យល់ដឹង​អំពី​របបខ្មែរ​ក្រហម​ និង​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ទូលំទូលាយ​ នៅក្នុង​សហគមន៍​ខ្មែរ​-អាមេរិកាំង។

ជាពិសេស​ នៅក្នុង​ចំណោម​ខ្មែរ​-អាមេរិកាំង ​ដែល​កើត​នៅ​ជំនាន់​ថ្មី​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​ បើ​ទោះ​បី​ជា​ក្រុម​គ្រួសារ​ខ្លះ​នៅ​មាន​ការឈឺចាប់​នៅក្នុង​បេះដូង ​មិន​ចង់​យក​បញ្ហា​នេះ​មក​និយាយ​ក៏ដោយ​ ក៏ប៉ុន្តែ​ពួកគេ​នឹង​បាន​យល់​ដឹង​អំពី​បញ្ហា​នេះ ​ហើយ​អាច​ជួយ​ដល់​ការផ្សះផ្សា​របួស​ផ្លូវចិត្ត ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​រង​របួស​ជាង​៤២ឆ្នាំ​កន្លង​មក​នេះ៕

XS
SM
MD
LG