ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជិត​៤០ឆ្នាំ​ក្រោយ​មក អ្នក​សារព័ត៌មាន​អាមេរិក​ម្នាក់​បញ្ចប់​រឿងរ៉ាវ​ដ៏​ជូរចត់​របស់​ប្រជា​ពលរដ្ឋខ្មែរ


លោក Greg Barron អ្នក​យក​សារព័ត៌មាន​វ័យ​ក្មេង​ម្នាក់ កំពុង​ធ្វើ​សេចក្តី​រាយការណ៍​នៅ​ជំរំ​ម៉ាក់ម៉ុន (Mak Mun) កាលពី​ខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)

នៅ​ពេល​ដែល​លោក Greg Barron បាន​រាយការណ៍​លើក​ដំបូង​អំពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រត់ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​មក​ជំរុំ​នៅ​ប្រទេស​ថៃ លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កម្ពុជា​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​នោះ​ទេ។

លោក Greg Barron អតីត​អ្នក​សារព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ផ្សាយ​តាម​វិទ្យុ​ចូលនិវត្តន៍​ម្នាក់ មាន​អាយុ​៣២ឆ្នាំ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ព្រំដែនរវាង​ប្រទេសថៃ និង​កម្ពុជា​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ស្ថានភាព​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​រាប់ពាន់​នាក់​ ដែល​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ចុង​ឆ្នាំ១៩៧៩។

លោក Barron មិន​បាន​ស្វែងយល់​ច្បាស់​លាស់​អំពី​ហេតុការណ៍នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​កើត​មាន​ឡើង​មក​លើ​ជនភៀស​ខ្លួន​ខ្មែរ​ទាំង​អស់​នោះ​ទេ មុន​ពេល​ដែល​ពួកគេ​បាន​មក​ដល់​ជំរំ​ជនភៀស​ខ្លួន​ខ្មែរ​ថៃ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​នៅតែ​មាន​បំណង​ប្រាប់​ទៅ​ពិភពលោក​ទាំង​មូល​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ ដែល​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ជំរំ​សាកែវ និង​ជំរំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ និង​ជំរំ​ចាស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក Barron បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​ចាប់ផ្តើម​ដឹង​ថា កាលពី​ឆ្នាំ១៩៧៩ ខ្ញុំ​មិន​បាន​ប្រាប់​រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចប់ចុង​ចប់​ដើម​នោះ​ទេ​នៅ​ក្នុង​របាយការណ៍​ដំបូង​របស់​ខ្ញុំ។ នេះ​មាន​ន័យ​ថា នៅ​ពេល​នោះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ពី​ហេតុការណ៍​ពិត​នៃ​អំពើ​សាហាវ​ឃោរឃៅ ភាព​ភ័យខ្លាច ភាព​អត់ឃ្លាន និង​ការ​គាបសង្កត់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់ បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​បាន​ឡើង​កាន់កាប់​អំណាច»។

ជន​ភៀសខ្លួន​ខ្មែរ​នៅ​ជំរំសាកែវ ប្រទេស​ថៃ កាលពីខែ​វិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)
ជន​ភៀសខ្លួន​ខ្មែរ​នៅ​ជំរំសាកែវ ប្រទេស​ថៃ កាលពីខែ​វិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)

អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ដ៏​ធំមួយ​នៅ​ក្នុង​សតវត្សរ៍ទី២០ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​១លាន​៧សែន​នាក់​បាន​ស្លាប់ ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ១៩៧៥ រហូត​ដល់​ដើម​ឆ្នាំ១៩៧៩។ ក្រោយ​ពេល​ដែល​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​បាន​ផ្តួល​រលំ​របប​ខ្មែរក្រហម​នៅ​ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​នាក់​បាន​រត់ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​លោក​ខាងលិច ដូចជា​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជាដើម។

ស្គមស្គាំង​ដូច​គ្រោង​ឆ្អឹង

នៅ​ពាក់​កណ្តល​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩ លោក Barron បាន​អម​ដំណើរ​ក្រុម​បុគ្គលិក​ពេទ្យ​អាមេរិក​មួយ​ក្រុម​ពី​រដ្ឋ​មីនីសូតា ទៅ​កាន់​ជំរំ​សាកែវ និង​ជំរំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ និង​ជំរំចាស់ ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។ ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍ លោក Barron បាន​រាយការណ៍​អំពី​ពលរដ្ឋ​ខ្មែរ​ដែល​រត់ពី​សង្គ្រាម​មក​កាន់​ជំរំ​ជន​ភៀស​ខ្លួន។

លោក Barron បាន​រំឭក​ពី​ស្ថានភាព​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ​ថា មនុស្ស​ជា​ច្រើន​បាន​ធ្លាក់​ខ្លួន​ឈឺ ស្គមស្គំាង​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​មាន​ជំងឺ​របេង​ក្អក​ពេញ​ជំរំ ទាំង​ក្មេង​ទាំង​ចាស់។ ម្តាយ​ដែល​មាន​រាងកាយ​ស្គមស្គាំង​ជា​ច្រើន​នាក់ មិន​មាន​ទឹកដោះ​បំបៅកូន។ ភាព​អត់ឃ្លាន និង​ជំងឺ​ដែល​ពួកគេ​បាន​ឆ្លង​កាត់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម បាន​ឆក់​យក​ជីវិត​របស់​ទារក និង​កុមារ​ជា​ច្រើន​នាក់​នៅ​ជំរំ។

អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​កំពុង​ពិនិត្យ​សុខភាព​ទារក​ដ៏​ស្គមស្គាំង​ នៅ​ជំរំ​ណុង សាម៉ែត (Nong Samet) នៅ​ប្រទេស​ថៃ កាលពី​ខែ​វិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)
អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​កំពុង​ពិនិត្យ​សុខភាព​ទារក​ដ៏​ស្គមស្គាំង​ នៅ​ជំរំ​ណុង សាម៉ែត (Nong Samet) នៅ​ប្រទេស​ថៃ កាលពី​ខែ​វិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)

លោក​បាន​រៀបរាប់​ថា៖ «‍អ្វី​ដែល​តក់ស្លុត​បំផុត​សម្រាប់​ខ្ញុំ គឺ​នៅ​ពេល​ដែល​រថយន្ត​ធុន​ធ្ងន់​បាន​បើក​ចូល​ជំរំ​រាល់​ថ្ងៃ ដើម្បី​ប្រមូល​សាកសព​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់​មក​ដល់​ជំរំ​ហើយ តែ​មិន​អាច​រស់រាន​មាន​ជីវិត​បាន។ កុមារ​តូចៗ​មាន​រូបរាង​ស្គមស្គាំង​សល់​តែ​ស្បែក​នឹង​ឆ្អឹង ហើយ​ស្ទើតែ​មិន​ដក​ដង្ហើម»។

នៅ​ក្នុង​អំឡុង​ពេល​នោះ លោក Barron បាន​រាយការណ៍​ឲ្យ​វិទ្យុជាតិ Minnesota Public Radio។ ក្រោយ​ពី​វិល​ត្រឡប់​មក​កាន់​រដ្ឋ​មីនីសូតា​វិញ លោក Barron បាន​ផលិត​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​មួយ​ឈ្មោះ “Trampled Grass” ដែល​រៀបរាប់​ពី​ស្ថានភាព​ដ៏​តក់ស្លុត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ជំរំ​ព្រំដែន​ខ្មែរ​ថៃ ឲ្យ​ពលរដ្ឋ​អាមេរិក​បាន​ស្តាប់ និង​ស្វែងយល់។​ ក៏​ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ស្របពេល​ដែល​ពេល​វេលា​ដើរ​ទៅ​មុខ ពិភពលោក​ក៏​បាន​ចាប់​ផ្តើម​បំភ្លេច​រឿងរ៉ាវ ​ដែល​បាន​កើត​មាន​ឡើង​មក​លើ​ជន​ភៀស​ខ្លួន​ខ្មែរ។

លោក​ Barron បាន​និយាយ​ថា៖ «‍យើង​ជា​អ្នក​សារព័ត៌មាន​ពិតជា​អាណិត​អាសូរ និង​មាន​ទុក្ខសោក​ចំពោះ​ស្ថានភាព​ដែល​យើង​បាន​ឃើញ​នៅ​ជំរំ​ជន​ភៀស​ខ្លួន។ ប៉ុន្តែ យើង​មិន​បាន​រង​ផល​ប៉ះពាល់​ដូច​គ្នា​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ដូច្នេះ វា​ងាយ​ស្រួល​សម្រាប់​យើង​ក្នុង​ការ​បំភ្លេច​រឿងរ៉ាវ​ទាំង​នោះ»។

សព្វថ្ងៃនេះ លោក Barron មាន​អាយុ​៧០ឆ្នាំ​ ហើយ​បាន​ចូល​និវត្តន៍​ពី​ការងារ​របស់​លោក ដែល​ជា​ផលិតករ​វិទ្យុ​ដ៏​ល្បីឈ្មោះ ដោយ​បាន​ឈ្នះ​ពាន​រង្វាន់ Peadbody Award ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិក​ចំនួនពីរ​លើក។

គ្រួសារ​ជន​ភៀស​ខ្លួន​ខ្មែរ​មួយ​ជ្រក​នៅ​ក្រោម​តង់ នៅ​ជំរំ​មួយ​កន្លែង​នៅ​ខេត្ត សាកែវ ប្រទេស​ថៃ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)
គ្រួសារ​ជន​ភៀស​ខ្លួន​ខ្មែរ​មួយ​ជ្រក​នៅ​ក្រោម​តង់ នៅ​ជំរំ​មួយ​កន្លែង​នៅ​ខេត្ត សាកែវ ប្រទេស​ថៃ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)

«‍ដើរ​តាម​ព្រះចន្ទ»

មក​ទល់​ពេល​នេះ​ គឺ​ជិត​៤០ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​លោក Barron ​បាន​រាយការណ៍​ជា​លើក​ដំបូង​អំពី​ជន​ភៀស​ខ្លួន​ខ្មែរ។ ក៏ប៉ុន្តែ កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ លោក​បាន​ប្រាប់ VOA ថា ហេតុការណ៍​ដ៏​ពិសេស​មួយ​បាន​កើត​ឡើង​មក​លើ​រូប​លោក។

លោក​បាន​បញ្ជាក់​ថា លោក​បាន​អាន​ព័ត៌មាន​មួយ​ដែល​រាយការណ៍​ថា សារមន្ទីរ​កេរមរតក​ខ្មែរ​មួយ​បាន​បើក​សម្ពោធ​នៅ​ក្នុង​ទីក្រុង Saint Paul រដ្ឋ​មីនីសូតា។ ក្រោយ​ពី​បាន​អាន​ព័ត៌មាន​នេះ លោក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សារមន្ទីរ​នោះ ហើយ​ក៏​បាន​ជួប​ និង​ស្គាល់​ជនភៀស​ខ្លួន​ខ្មែរ​បីនាក់​នៅ​ទីនោះ។ ក្រោយ​ពី​បាន​សន្ទនា​គ្នា​អំពី​ការ​រត់ភៀស​ខ្លួន​មក​ជំរំ​ជន​ភៀស​ខ្លួន​ព្រំដែន​ខ្មែរ​ថៃ​មក អ្នក​ទាំង​បួន​នាក់​នេះ រួម​ទាំង​លោក Barron ផង បាន​សន្មត់​ថា ពួកគេ​ទាំង​អស់​គ្នា​មាន​វត្តមាន​នៅ​ក្នុង​ជំរំ​តែមួយ ​ក្នុង​ពេល​តែ​មួយ។

​លោក Barron បាន​ប្រាប់ VOA ថា ការ​ជួប​ និង​ស្គាល់​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​បី​នាក់​នេះ បាន​ជំរុញ​ឲ្យ​លោក​ស្វែងយល់​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ដែល​លោក​មិន​បាន​ដឹង​ច្បាស់​កាលពី​ឆ្នាំ​១៩៧៩។

«‍ខ្ញុំ​ចាប់ផ្តើម​ដឹង​ថា រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​រាយការណ៍​កាលពី​ឆ្នាំ​១៩៧៩ ​គឺ​ធ្វើ​ឡើង​មិន​បាន​ចប់​សេចក្តី។ ខ្ញុំ​មិន​ដឹង​ថា ​មាន​អ្វី​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​ប្រជាជន​កម្ពុជា​នៅ​ពេល​នោះ​ នាំគ្នា​រត់​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដែរ។ ហើយ​យើង​ទាំង​អស់​គ្នា​យល់​ស្រប​ថា ខ្ញុំ​ចាំបាច់​ត្រូវ​បញ្ចប់​សេចក្តី​រាយការណ៍​ដំបូង​របស់​ខ្ញុំ​ ដែល​ខ្ញុំ​បាន​ធ្វើ​ឡើង​ជិត​៤០ឆ្នាំ​មុន»។

រថយន្ត​ដឹក​ស្បៀង​អាហារ​មួយ​បាន​មក​ដល់​ជំរំជនភៀស​ខ្លួន​ខ្មែរ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)
រថយន្ត​ដឹក​ស្បៀង​អាហារ​មួយ​បាន​មក​ដល់​ជំរំជនភៀស​ខ្លួន​ខ្មែរ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ Greg Barron)

ជាលទ្ធផល លោក Barron បាន​ផលិត​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​មួយ​ទៀត​ ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Follow the Moon” ឬ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា «‍ដើរ​តាម​ព្រះចន្ទ» ក្រោយ​ពី​លោក​បាន​សម្ភាសន៍​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​បីនាក់​នេះ ដែល​សព្វថ្ងៃ​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ រស់នៅ​រដ្ឋមីនីសូតា។ កម្រង​ឯកសារ​នេះ​គឺ​ធ្វើ​ឡើង​ ដើម្បី​បញ្ចប់​សេចក្តី​រាយការណ៍​របស់​លោក​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំណង​ជើង​នៃ​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​នេះ គឺ​សំដៅ​ទៅលើ​ការ​ពិត​ជាក់ស្តែង​មួយ​ដែល​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​បាន​ធ្វើដំណើរ​ទៅ​កាន់​ជំរំ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ​ដោយ​ដើរ​តាម​ពន្លឺព្រះចន្ទ​នៅ​ពេល​យប់​ងងឹត ដើម្បី​គេច​ពី​ការ​បាញ់​គ្នា​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​វៀតណាម នៅ​ឆ្នាំ​១៩៧៩។

កម្រង​ឯកសារ​ “Follow the Moon” ឬ «‍ដើរ​តាម​ព្រះ​ចន្ទ» ដែល​មាន​រយៈពេល​ជាង​៥៦នាទី​នេះ នឹង​ចាក់ផ្សាយ​ជា​សាធារណៈ​តាម​ស្ថានីយ៍​វិទ្យុជាតិ Minnesota Public Radio និង​សារព័ត៌មាន​ជាតិ American Public Media នៅ​ថ្ងៃទី១៧ ខែ​មេសា​ខាង​មុខ​នេះ ដែល​ត្រូវ​នឹង​ខួប​៤២ឆ្នាំ​នៃ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម។ លោក Barron បាន​បញ្ជាក់​ថា លោក​សង្ឃឹម​ថា កម្រង​ឯកសារ​នេះ​នឹង​ជួយ​អប់រំ​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពី​អំពើ​ឃោរឃៅ​ជា​ច្រើនទៀត​ ដែល​កំពុង​កើត​មាន​ឡើង​នាពេល​បច្ចុប្បន្ន​នេះ។

«‍ពលរដ្ឋ​អាមេរិកាំង​ក្មេងៗ​មិន​ដឹង​អំពី​សេចក្តី​វិនាស​អន្តរាយ និង​អំពើ​ព្រៃផ្សៃ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​នោះ​ទេ។ កាលៈទេសៈ​ស្រដៀង​គ្នា​នេះ​ក៏​កំពុង​តែ​កើត​មាន​ច្រើន​ដែរ ​នា​ពេល​សព្វថ្ងៃ​នេះ។ មនុស្ស​ទូទៅ​ចាំបាច់​ត្រូវតែ​ដឹង​អំពី​ហេតុការណ៍​បែប​នេះ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​រំឭក​សហរដ្ឋ​អាមេរិក​អំពី​រឿង​នេះ»។

ជីក​កកាយ​អតីតកាល​ដ៏​ជូចត់

នៅ​ក្នុង​កម្រង​ឯកសារ​នេះ លោក Barron បាន​រំឭក​ពី​ដំណើរ​របស់​លោក​ ដែល​បាន​ជួប​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេសថៃ ទាំង​លោក​មិន​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​រត់​មក​កាន់​ប្រទេស​ថៃ​នោះ​ទេ។ ហើយ​នៅ​ក្នុង​កម្រង​ឯកសារ​នេះ ជន​ភៀស​ខ្លួន​បីនាក់​បាន​ជួយ​ឲ្យ​លោក Barron ស្វែងយល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដោយ​ចែករំឡែក​បទពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ពួកគេ​បាន​ឆ្លងកាត់​របប​នេះ។

លោកស្រី គីម ពេជ្រស៊ុនថូ បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ហើយ​បាន​ភៀស​ខ្លួន​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨០។ ដំណើរ​ជីវិត​របស់​លោក​ស្រី​ត្រូវបាន​រៀបរាប់​នៅក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។
លោកស្រី គីម ពេជ្រស៊ុនថូ បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ហើយ​បាន​ភៀស​ខ្លួន​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨០។ ដំណើរ​ជីវិត​របស់​លោក​ស្រី​ត្រូវបាន​រៀបរាប់​នៅក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។

ក៏​ប៉ុន្តែ សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ទាំង​បី​នាក់​នេះ ការ​ជីក​កកាយ​អតីតកាល​បាន​នាំ​មក​នូវ​ភាព​តក់ស្លុត​នៅ​ក្នុង​ចិត្ត​សារជាថ្មី បើ​ទោះបី​ជា​ពួកគេ​សង្ឃឹម​ថា ពេលវេលា​អាច​ជួយ​លុបបំបាត់​ទុក្ខសោក​ទាំង​នោះ​បាន​ក្តី។ ទោះជា​យ៉ាងណាក្តី ពួកគេ​បាន​ប្រាប់ VOA ថា ពួកគេ​នៅតែ​ចង់​ចែក​រំឡែក​រឿងរ៉ាវ​ដ៏​ឈឺចាប់​ទាំង​អស់​នោះ​ទៅកាន់​លោក Barron ដោយ​សារ​តែ​ពួកគេ​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​នៅ​ក្នុង​ពិភពលោក​នេះ​ទេ។

លោកស្រី គីម ពេជ្រស៊ុនថូ អាយុ​៦១ឆ្នាំ ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ពី​របប​ខ្មែរ​ក្រហម និង​កំពុង​រស់នៅ​ទីក្រុង Savage រដ្ឋ​មីនីសូតា បាន​ឲ្យ​ដឹង​ថា៖ «‍វា​ឈឺ​ចុកចាប់។ ជួនកាល​យើង​មិន​ចង់ យើង​ពិបាក​នឹង​និយាយ​ចេញ​មក។ ប៉ុន្តែ អ៊ំ​យល់​ឃើញ​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ អ៊ំ​កាន់តែ​ចាស់​ទៅ។ ហើយ​មួយ​ទៀត​កូនចៅ​ជំនាន់​ក្រោយ​ក៏​ត្រូវការ​ដឹង​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់»។

នៅ​ពេល​ពួក​ខ្មែរក្រហម​បាន​ឡើង​កាន់កាប់​អំណាច លោកស្រី ពេជ្រស៊ុនថូ រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង មាន​អាយុ១៩ឆ្នាំ។ ម្តាយ និង​បងស្រី រួម​ទាំង​ស្វាមី​និង​ក្មួយៗ​របស់​លោក​ស្រី បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ លោកស្រី ពេជ្រស៊ុនថូ បាន​ប្រាប់ VOA បន្ថែម​ទៀត​ថា លោក​ស្រី​នៅតែ​អរគុណ​ដល់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ទទួល​យក​ក្រុមគ្រួសារ​របស់​លោក​ស្រី ​ដែល​នៅ​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​មក​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ខែកក្កដា ឆ្នាំ​១៩៨០។

លោក ហាច ហឿន បាន​រួច​រស់រាន​មាន​ជីវិត​ម្នាក់​ពី​របប​ខ្មែរ​ក្រហម ​ហើយ​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨១។ ដំណើរ​ជីវិត​របស់​លោក​ត្រូវបាន​រៀបរាប់​នៅ​ក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។
លោក ហាច ហឿន បាន​រួច​រស់រាន​មាន​ជីវិត​ម្នាក់​ពី​របប​ខ្មែរ​ក្រហម ​ហើយ​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨១។ ដំណើរ​ជីវិត​របស់​លោក​ត្រូវបាន​រៀបរាប់​នៅ​ក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។

លោក ហាច ហឿន មាន​អាយុ​ប្រមាណ​១២ឆ្នាំ​ប៉ុណ្ណោះ នៅពេល​ដែល​ខ្មែរ​ក្រហម​បាន​ឡើង​គ្រប់គ្រង​ប្រទេស ហើយ​លោក​ចាំ​បាន​តិចតួច​ណាស់ នៅ​ពេល​ដែល​រូបលោក​ត្រូវបាន​បំបែក​ពី​ក្រុម​គ្រួសារ​របស់​លោក។ សម្រាប់​លោក ហាច ហឿន វិញ របប​ខ្មែរ​ក្រហម​នៅ​តែ​តាម​បន្លាច​រូប​លោក​នៅ​ក្នុង​សុបិន​របស់​លោក​ជា​ញឹកញាប់។ លោក​យល់សប្តិ​ឃើញ​តែ ទាហាន​ខ្មែរ​ក្រហម​រត់​ដេញ​តាម​ចាប់​រូប​លោក​នៅ​ក្នុង​សុបិន​អាក្រក់​ទាំង​នោះ។

ក៏​ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា៖ «‍ដល់​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ Greg ទៅ ដូច​ថា ខ្ញុំ​ទៅ​ជា​សប្បាយ​ចិត្ត​ទៅ​វិញ។ [ខ្ញុំ​គិត​ថា] រឿង​ខ្មែរ​ បើ​គេ​ដឹង គេ​អាច​ជួយ​ទប់ទល់​អំពើ​ប្រល័យ​ពូជសាសន៍​មួយ​រយៈ​ទៀត»។

លោក ហាច ហឿន គឺជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​របស់​លោក ដែល​បាន​រត់ភៀស​ខ្លួន​ទៅ​ជំរំ​ជនភៀស​ខ្លួន ហើយ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ លោក​មិន​បាន​ដឹង​ថា ឪពុក​ម្តាយ​របស់​លោក​នៅ​មាន​ជីវិត ​ឬ​ក៏​ស្លាប់​នោះ​ទេ។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា បងប្អូន​ស្រី​បីនាក់​ទៀត​របស់​លោក​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ លោក​ក៏​បាន​ដឹង​ថា ឪពុកម្តាយ​របស់​លោក​ត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់។ សព្វថ្ងៃនេះ លោក ហាច ហឿន កំពុង​បម្រើ​ការងារ​ឲ្យ​អង្គការ​សុខភាព​មួយ នៅ​ទីក្រុង Saint Paul រដ្ឋ​មីនីសូតា។

លោក សួស សូឃឿត បានរស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ហើយ​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨២។ ដំណើរ​ជីវិត​របស់​លោក​ក៏​ត្រូវបាន​រៀបរាប់​នៅក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។
លោក សួស សូឃឿត បានរស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ហើយ​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨២។ ដំណើរ​ជីវិត​របស់​លោក​ក៏​ត្រូវបាន​រៀបរាប់​នៅក្នុង​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​ឈ្មោះ “Follow the Moon”។

រីឯ​លោក សួស សុឃឿត លោក​មិន​ចង់​រំឭក​អតីត​កាល​នៃ​របប​ខ្មែរក្រហម​ទេ ដោយ​សារ​តែ​លោក​បាន​បាត់បង់​ឪពុក​បង្កើត និង​បងប្រុស​ច្បង​ម្នាក់។ ទោះជា​យ៉ាងណាក្តី លោក​បាន​បញ្ជាក់​ថា ការ​ចែក​រំឡែក​បទ​ពិសោធន៍​ដ៏​ជូចត់​នេះ​ជាមួយ​នឹង​អតីត​អ្នក​សារព័ត៌មាន Greg Barron នេះ បាន​ជួយ​ឲ្យ​លោក​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ប្រវត្តិសាស្ត្រ។

លោក សួស សុឃឿត បាន​លើក​ឡើង​ថា៖ «‍ជីវិត​ខ្ញុំ​មិន​សូវ​ត្រឡប់​ទៅ​រក​ការ​ជូរចត់​នោះ​ទេ។ ដូច្នេះ ការ​សម្ភាសន៍​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ឡើងវិញ​ដែល​ថា មែន​ការ​ពិបាក​មាន​មែន នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ក៏​ដោយ នៅ​ជំនាន់​ជំរំ​ក៏ដោយ។ នៅ​ពេល​ដែល​យើង​បាន​ឆ្លងកាត់​បញ្ហា​ហ្នឹង នៅ​តែ​មាន​មនុស្ស​ខ្លះ​ដែល​គេ​មិន​ស្គាល់​យើង​សោះ ស្រាប់​តែ​គេ​ស្ម័គ្រចិត្ត​មក ដើម្បី​ធ្វើ​ឲ្យ​ភាព​ពិបាក ភាព​តានតឹង និង​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ»។

ខណៈ​ដែល​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​កាន់តែ​ច្រើន​នាក់​បន្ត​ចែក​រំឡែក​បទ​ពិសោធន៍​របស់​ខ្លួន​នៅ​ក្រោម​របប​ខ្មែរ​ក្រហម លោក Greg Barron សង្ឃឹម​ថា «សហគមន៍​ខ្មែរ​ចាប់ផ្តើម​បន្ត​ផ្សះផ្សារ​អតីតកាល​ដ៏​ឈឺចាប់​របស់​ខ្លួន‍»។

សម្រាប់​រូប​លោក​ Barron វិញ ការ​ផលិត​កម្រង​ឯកសារ​ផ្សាយ​តាម​វិទ្យុ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ដែល​មាន​ចំណង​ជើង​ថា "Follow the Moon" ឬ​ «‍ដើរ​តាម​ព្រះចន្ទ» នេះ បាន​ជួយ​ឲ្យ​លោក​មាន​អារម្មណ៍​ស្ងប់ ដោយសារ​តែ​លោក​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​ដ៏​ឈឺចាប់ ដែល​បាន​កើត​ឡើង​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ជាពិសេស​អ្នក​ដែល​បាន​រត់ភៀស​ខ្លួន​មក​ជំរំ​សាកែវ ប្រទេស​ថៃ ដែល​លោក​បាន​ជួប​ពួកគេ​ជិត​៤០​ឆ្នាំ​មុន៕

[កំណត់និពន្ធ៖ លោកអ្នកនាងអាចស្តាប់កម្រងឯកសារ «‍Follow the Moon» បាន​ទាំងស្រុង​តាមរយៈគេហទំព័រនេះ៖ www.sounddawg.net/featured.html]

XS
SM
MD
LG