ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​ខ្មែរអាមេរិកាំង​ដំបូង​គេ​ម្នាក់បាន​​ជាប់ឆ្នោត​ចូល​បម្រើ​វិស័យ​សាធារណៈ


អ្នកស្រី ខេមរី ឃឿន និង​ក្រុម​គ្រួសារ ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)

នេះ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ស្ត្រី​ខ្មែរ​ម្នាក់​បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ម្នាក់​នៃ​ក្រុមអភិបាល​គ្រប់គ្រង​សួន​ឧទ្យាន​ (Skokie Park District Commissioner) ប្រចាំ​សង្កាត់ Skokie ជាយក្រុង​ Chicago រដ្ឋ​អ៊ីលីណយ (Illinois) សហរដ្ឋ​អាមេរិក។ អ្នក​ស្រី ខេមរី ឃឿន សង្ឃឹមថា ជោគជ័យ​នៃ​ការ​ជាប់​ឆ្នោត​នេះ​​ នឹង​ជួយ​បង្កើន​សម្លេង​របស់​សហគមន៍​ខ្មែរ និង​អាស៊ី​អាមេរិកាំង​ទាំង​មូល​ក្នុង​សង្កាត់​នេះ។

នៅ​ថ្ងៃទី១៦ ខែឧសភា​ខាង​មុខ​នេះ អ្នកស្រី​ ខេមរី ឃឿន (Khemarey Kheoun) នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អភិបាល​គ្រប់គ្រង​សួនឧទ្យាន​ប្រចាំសង្កាត់ Skokie ឬ Skokie Park District Commissioner ដែល​ជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ដែល​ផ្តល់​សេវាសាធារណៈ​ខាង​សួន​ឧទ្យាន និង​ការ​ថែរក្សា​តំបន់​សួន​សាធារណៈ ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី៤ ខែ​មេសា​កន្លង​ទៅ​នេះ។

អ្នកស្រី ខេមរី ឃឿន បាន​ប្រាប់ VOA ថា នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​រូប​អ្នកស្រី និង​ក្រុមគ្រួសារ ក៏​ដូចជា​សហគមន៍​ខ្មែរ​នៅក្នុង​តំបន់​ទីក្រុង Chicago ទាំង​មូល ដែល​អ្នកស្រី​បាន​ក្លាយ​ជា​ស្ត្រី​ខ្មែរអាមេរិកាំង​ដំបូង​គេ ដែល​បាន​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្នុង​សង្កាត់ ហើយ​បាន​ឈ្នះការ​បោះឆ្នោត​នេះ។

អ្នកស្រី ខេមរី ឃឿន សកម្មជន​សហគមន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រុម​អភិបាល​គ្រប់គ្រង​ធនធាន​ទឹក Metropolitan Water Reclamation of Greater Chicago សម្រាប់​កិច្ចការ​ក្នុង​សហគមន៍​ជួយ​ដល់​ជន​ភៀស​ខ្លួន​នៅ​តំបន់​ទីក្រុង Chicago។ (រូបថត​ផ្តល់ឲ្យ​ដោយ ខេមរី ឃឿន)
អ្នកស្រី ខេមរី ឃឿន សកម្មជន​សហគមន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រុម​អភិបាល​គ្រប់គ្រង​ធនធាន​ទឹក Metropolitan Water Reclamation of Greater Chicago សម្រាប់​កិច្ចការ​ក្នុង​សហគមន៍​ជួយ​ដល់​ជន​ភៀស​ខ្លួន​នៅ​តំបន់​ទីក្រុង Chicago។ (រូបថត​ផ្តល់ឲ្យ​ដោយ ខេមរី ឃឿន)

អ្នកស្រី ខេមរី បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​ពិតជា​មាន​កិត្តិយស និង​ត្រេកអរ​ដែល​បាន​សម្រេច​ក្នុង​ការ​បោះឆ្នោត​នេះ។ ខ្ញុំ​បាន​ប្រាប់​សហគមន៍​ថា យុទ្ធនាការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នេះ​មិនមែន​ដើម្បី​រូបខ្ញុំ​នោះ​ទេ គឺ​ដើម្បី​បង្កើត​ឱកាស​ដល់​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍»។

​ក្នុង​វ័យ​ជាង​៣០ឆ្នាំ អ្នកស្រី ខេមរី មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​បេក្ខភាព​របស់​អ្នកស្រី​ឡើយ។ ក៏​ប៉ុន្តែ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​លើកទឹក​ចិត្ត និង​ការ​ទទួល​បាន​ការ​ណែនាំ​ពី​សហគមន៍​អាស៊ី​អាមេរិកាំង​ផ្សេងៗ​ទៀត បាន​ជំរុញ​ឲ្យ​អ្នកស្រី​ហ៊ាន​ជម្នះ​កត្តា​ប្រឈម​នានា ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​នេះ ហើយ​បាន​ធ្វើ​ជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅក្នុង​វិស័យ​សាធារណៈ។

អ្នកស្រី ខេមរី ឃឿន បាន​រៀបរាប់​ថា៖ «‍នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​នៃ​ក្រុម​អភិបាល​អណត្តិ​ថ្មី​មាន​ការ​ប្រកួត​ប្រជែង ក្នុងរយៈពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ជាប់​ឆ្នោត​នេះ​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ត្រូវតែ​ជម្នះ​ដើម្បី​ឈ្នះ។ ហើយ​ខ្ញុំ​ត្រូវការ​ការណែនាំ​ពី​អ្នក​មាន​បទ​ពិសោធន៍​ ដើម្បី​ជួយ​ឲ្យ​គេ​ស្គាល់​ឈ្មោះ​ខ្ញុំ»។

សំឡេងថ្មី

លោក Jerry Clarito អតីត​ប្រធាន​ក្រុម​អភិបាល​គ្រប់គ្រង​សួនឧទ្យាន​ប្រចាំ​សង្កាត់ Skokie (Skokie Park District Board Commissioner) និង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ហ្វីលីពីន​ដំបូង​គេ​ដែល​បាន​ឈ្នះ​ឆ្នោត​ចូលបម្រើ​វិស័យ​សាធារណៈ​ គឺជា​អ្នក​ដែល​បាន​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អ្នកស្រី ខេមរី ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី នៃ​ក្រុម​អភិបាល​គ្រប់គ្រង​សួន​ឧទ្យាន​ប្រចាំ​សង្កាត់ Skokie។

លោក​ Clarito បាន​បញ្ជាក់​ប្រាប់ VOA ថា អ្នកស្រី ខេមរី ឃឿន បាន​ក្លាយជា​សមាជិក​វ័យ​ក្មេង​បង្អស់​ នៅក្នុង​ចំណោម​សមាជិក​ នៃ​ក្រុម​អភិបាល​គ្រប់គ្រង​សួន​ឧទ្យាន Skokie Park District ​នេះ ក្រោយ​ពី​អ្នកស្រី​បាន​ឈ្នះ​ឆ្នោត។ ហើយ​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកស្រី​ នាំយក​គំនិត​ថ្មីៗ​មក​ចូលរួម​ចែករំលែក និង​អភិវឌ្ឍ​កិច្ចការ​របស់​ក្រុម​អភិបាល​គ្រប់គ្រង​សួន​ឧទ្យាន​ប្រចាំ​សង្កាត់។

លោក​បាន​លើក​ឡើង​ថា៖ «‍អ្នកស្រី ខេមរី អាច​ចូលរួម​ធ្វើកិច្ចការ​នេះ​ដោយ​ផ្អែក​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​គ្រួសារ។ អ្នកស្រី​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​កម្មវិធី​សួន​ឧទ្យាន និង​កម្មវិធី​កម្សាន្ត ដែល​បម្រើ​ដល់​អ្នកគ្រប់គ្នា​ក្នុង​សហគមន៍ ជាពិសេស​ក្មេងៗ»។

កិច្ចការ​របស់​សមាជិក​នៃ​ក្រុម​អភិបាល​គ្រប់គ្រង​សួន​ឧទ្យាន​ប្រចាំ​សង្កាត់ Skokie Park District Board of Commissioner គឺ​ផ្តោត​លើ​ការ​តាក់តែង​គោលនយោបាយ និង​ដំណើរការ​នីតិវិធី​នៃ​ការ​គ្រប់គ្រង​សួន​ឧទ្យាន​ក្នុង​សង្កាត់។ សមាជិក​ទាំង​៥នាក់ ដែល​មានប្រធាន និង​អនុប្រធាន ក៏​មាន​តួនាទី​ជ្រើសរើស និង​ត្រួត​ពិនិត្យ​ការងារ​របស់​នាយក​ប្រតិបត្តិ និង​គម្រោង​ថវិកា​ផងដែរ។ ការងារ​នេះ​គឺជា​ការងារ​ស្ម័គ្រចិត្ត ហើយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​នោះទេ។

អ្នកស្រី ខេមរី ឃឿន និង​កូន​ទាំង​ពីរ​នាក់។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)
អ្នកស្រី ខេមរី ឃឿន និង​កូន​ទាំង​ពីរ​នាក់។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)

លោកស្រី Josina Morita ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អភិបាល​គ្រប់គ្រង​ធនធាន​ទឹក​ប្រចាំ​តំបន់​ Chicago (Metropolitan Water Reclamation District of Greater Chicago) ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ថា អ្នកស្រី ខេមរី គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​សហគមន៍​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍​នៅ​តំបន់ Chicago នេះ​អស់ជាង​មួយ​ទសវត្សរ៍​មក​ហើយ ជាពិសេស​គឺ​សហគមន៍​ខ្មែរ​អាមេរិកាំង ដោយ​ធ្វើ​ជា​អ្នក​ដឹកនាំ​យុវជន​ក្នុង​សហគមន៍​ជន​អន្តោប្រវេសន៍។

លោក​ស្រី​បាន​សរសេរ​ក្នុង​ខ្លឹមសារ​ដើម​ជា​ភាសា​អង់គ្លេស និង​បកប្រែ​ជា​ខេមរភាសា​ថា៖ «‍​ឥឡូវ​នេះ ក្នុង​នាម​ជា​សមាជិក​នៃ​មន្ត្រី​សាធារណៈ​ដែល​ជាប់​ឆ្នោត អ្នកស្រី ខេមរី ឃឿន នឹង​តំណាង​ឲ្យ​សំឡេង​មួយ​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋ​អ៊ីលីណយ និង​ទូទាំង​សហរដ្ឋ​អាមេរិក»។

មក​ទល់​ពេល​នេះ អ្នកស្រី ខេមរី ឃឿន និង​ក្រុមគ្រួសារ រួមមាន​កូន​ពីរនាក់ បាន​រស់នៅ​ក្នុង​សង្កាត់ Skokie ជាង​១២ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នកស្រី ខេមរី ក៏​កំពុង​បម្រើការងារ​ពេញម៉ោង​ជា​អ្នក​ជំនាញ​ខាង​សុខភាព​ម្នាក់ ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាង​សុខភាព​ឈ្មោះ HealthJoy ដែល​នាំ​មុខ​គេ​នៅ​តំបន់ Chicago។

ផ្សារភ្ជាប់ជំនាន់ពីរនៃជនភៀស​ខ្លួន​ខ្មែរ

អ្នកស្រី ខេមរី ឃឿន មាន​អាយុ​ប្រមាណ​៦ខែ​ប៉ុណ្ណោះ នៅ​ពេល​ដែលក្រុមគ្រួសារ​របស់​អ្នកស្រី ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​ទទួល​យក​ជា​ជន​ភៀស​ខ្លួន​មក​រស់នៅ​តំបន់​ជាយ​ទីក្រុង Chicago នៅ​ពាក់កណ្តាល​ទសវត្សរ៏​១៩៨០។ អ្នកស្រី​ ខេមរី បាន​កើត​នៅ​ជំរុំ​ខាវអ៊ីដាង ប្រទេស​ថៃ នៅ​ពេល​ដែល​ឪពុកម្តាយ​របស់​អ្នកស្រី​បាន​រត់​ភៀស​ខ្លួន​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ពី​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ក្តី ខេត្ត​សៀមរាប ទៅ​កាន់​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នកស្រី ខេមរី ឃឿន ​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ខាង​ផ្នែក​កិច្ចការ​សង្គម​ពី​សាកល​វិទ្យាល័យ Loyola University Chicago។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា អ្នកស្រី ខេមរី បាន​ប្រឡូក​ក្នុង​សហគមន៍​ខ្មែរ និង​សហគមន៍​ជន​អន្តោប្រវេសន៍​ជាច្រើន​នៅ​ក្នុង​តំបន់ ដោយ​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ដឹកនាំ​យុវជន​នៃ​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ​អ៊ីលីណយ និង​ជា​អ្នក​រៀបចំ​ឲ្យ​សហគមន៍​អាស៊ី​អាមេរិកាំង​ប្រចាំ​រដ្ឋ​អ៊ីលីណយ​ បាន​មួយ​រយៈពេល​ផង​ដែរ។

ដោយ​សារ​ឆ្លង​កាត់​បទពិសោធន៍​ជា​កុមារ​ជន​ភៀស​ខ្លួន អ្នកស្រី ខេមរី ឃឿន បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ក្នុង​ការ​ផ្សារភ្ជាប់​ជំនាន់​ទី១​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ និង​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​តំបន់ Chicago នេះ ដែល​ជា​កូនចៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម ឲ្យ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅ​មក។ នេះ​បើ​យោង​តាម​អ្នកនាង អ៊ីលីហ្សាប៊ែត កែវ (Elizabeth Keo) ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ទី២​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក និង​ជា​សកម្មជន​ក្នុង​សហគមន៍​ម្នាក់​បម្រើ​ការងារ​នៅ​សារមន្ទីរ​ខ្មែរ​ប្រចាំ​ទីក្រុង Chicago។

អ្នកនាង អ៊ីលីហ្សាប៊ែត កែវ បាន​លើក​ឡើង​ថា៖ «‍ខេមរី យក​ចិត្ត​ទុកដាក់​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​គ្រប់​ជំនាន់​នៃ​សហគមន៍​ខ្មែរ។ នាង​បាន​ពិភាក្សា​ច្រើន​អំពី​កិច្ចការ​ដែល​យើង ក្នុង​នាម​ជា​អ្នក​ជំនាន់​ថ្មី អាច​ចូលរួម​ធ្វើ​ក្នុង​សហគមន៍ និង​ដោះស្រាយ​បញ្ហា​ដែល​យើង​កំពុង​មាន»។

អ្នក​ស្រី ខេមរី ឃឿន (ស្តាំ​បង្អស់) កាល​ពី​នៅ​កុមារី។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)
អ្នក​ស្រី ខេមរី ឃឿន (ស្តាំ​បង្អស់) កាល​ពី​នៅ​កុមារី។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)

លោកស្រី វ៉ានី វ៉ែល (Vany Wells) ប្រធាន​ក្រុមប្រឹក្សា​នៃ​សារមន្ទីរ​ខ្មែរ​ប្រចាំ​ទីក្រុង Chicago រដ្ឋ​អ៊ីលីណយ (National Cambodian Heritage Museum and Killing Field Memoral) ក៏​បាន​ប្រាប់ VOA ផង​ដែរ​ថា អ្នកស្រី ខេមរី គឺជា​ស្ត្រី​ដែល​មាន​សមត្ថភាព និង​មាន​ការ​តស៊ូ​ខ្ពស់។ បើ​ទោះបី​ជា​មាន​កូន​ពីរនាក់​ក្រោម​បន្ទុក​ក្តី ក៏​អ្នកស្រី ខេមរី មាន​ការងារ​ពេញ​ម៉ោង ហើយ​ចូល​ស្ម័គ្រចិត្ត​បម្រើ​ការងារ​សាធារណៈ​ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វីឡើយ។

លោកស្រី វ៉ានី បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​បាន​កត់សម្គាល់​ថា ខេមរី គឺជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ ហើយ​មានសមត្ថភាព​ខ្ពស់។ ជាមួយ​គ្នា​នោះ នាង​មាន​ទឹកចិត្ត​ខ្លាំង​ក្នុងការ​រួបរួម​សហគមន៍»។

អ្នកស្រី ខេមរី ឃឿន​ បាន​ចូលរួម​សកម្ម​ក្នុង​សហគមន៍​ខ្មែរ​នៅ​តំបន់​ទីក្រុង Chicago បាន​មួយ​រយៈពេល​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ដោយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​សមាគម​ខ្មែរ (Cambodian Association of Illinois)។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ថ្មីៗ​នេះ អ្នកស្រី ខេមរី ឃឿន ក៏​ត្រូវបាន​ជ្រើស​តាំង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សារមន្ទីរ​ខ្មែរ​ប្រចាំ​ទីក្រុង Chicago។

តំណាង​ឲ្យ​សំឡេង​សហគមន៍​ខ្មែរ​ក្នុង​តំបន់

ការ​ចូលបម្រើ​ជា​មន្ត្រី​ក្នុង​វិស័យ​សាធារណៈ​នៅ​សហរដ្ឋ​អាមេរិក មិនមែន​ជា​ជម្រើស​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​នាក់​នឹង​ពិចារណា​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​សហគមន៍​រដ្ឋ​អ៊ីលីណយ។ ក៏ប៉ុន្តែ ការ​ជាប់​ឆ្នោត​របស់​អ្នកស្រី ខេមរី ឃឿន ក្លាយ​ជា​សមាជិក​ក្រុម​អភិបាល​គ្រប់គ្រង​សួន​ឧទ្យាន​ប្រចាំ​សង្កាត់ Skokie បាន​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពលរដ្ឋ​អាមេរិកាំង​ផ្សេង​ទៀត​មក​លើ​វិស័យសាធារណៈ។

លោកស្រី វ៉ានី វ៉ែល បាន​ប្រាប់ VOA ថា៖ «‍នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​បងប្អូន​ក្នុង​សហគមន៍​ថា ខេមរី គឺជា​ខ្មែរអាមេរិកំាង​ដំបូង​គេ​ដែល​បាន​ជ្រើសតាំង​ជា​មន្ត្រី​បម្រើ​ក្នុង​វិស័យ​សាធារណៈ ពួកគេ​ក៏​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា អ៊ំ លោកយាយ និង​លោក​តា នឹង​ស្វែងយល់​បន្ថែម​អំពី​វិស័យ​នយោបាយ»។

សមាជិក​ក្នុង​សហគមន៍​ខ្មែរ​មួយ​ចំនួន រួម​ទាំង​លោកស្រី វ៉ានី បាន​ជួយ​ជ្រោមជ្រែង និង​ចូលរួម​ធ្វើ​យុទ្ធនាការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​អ្នកស្រី ខេមរី ឃឿន រហូត​ដល់​បាន​ជោគជ័យ ដើម្បី​ជួយ​ឲ្យ​សហគមន៍​ខ្មែរ​មាន​តំណាង និង​មាន​សំឡេង​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​រដ្ឋ។

លោក លឿង សុភ័ណ្ឌ ដែល​ជា​ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋអ៊ីលីណយ (Cambodian Association of Illinois) បាន​ប្រាប់ VOA ថា លោក​ពិតជា​រីករាយ​ដែល​បាន​ឃើញ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ​ជាប់​ឆ្នោត​ចូល​បម្រើ​វិស័យ​សាធារណៈ បើ​ទោះបី​ជា​ការងារ​នេះ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ក៏​ដោយ។ ហើយ​លោក​ក៏​យល់​ថា ការណ៍នេះ​នឹង​ជួយ​លើក​កម្ពស់​សំឡេង និង​តម្រូវការ​របស់​សហគមន៍។

លោក​បាន​រៀបរាប់​ថា៖ «‍ខ្ញុំ​សង្ឃឹម​ថា ការងារ​ស្ម័គ្រ​ចិត្ត​ថ្មី​របស់​ខេមរី នឹង​អាច​ស្វែង​រក​ការ​ឧបត្ថម្ភ​មក​ដល់​សហគមន៍»។

លោកស្រី ​វ៉ានី វ៉ែល ក៏​បាន​បន្ថែម​ដែរ​ថា៖ «‍ឥឡូវ​នេះ យើង​មាន​សំឡេង​តំណាង​ហើយ។ បើ​ទោះបី​ជា​វា​មិន​ទាន់​ជា​សំឡេង​ដ៏​ធំ​មួយ​ក្តី ក៏​នេះ​ជា​សំឡេង​តូច​មួយ ដែល​យើង​មាន»។

អ្នកស្រី ខេមរី ឃឿន និង​ស្វាមី ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)
អ្នកស្រី ខេមរី ឃឿន និង​ស្វាមី ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។ (រូបថត​ផ្តល់​ឲ្យ​ដោយ ខេមរី ឃឿន)

រីឯ​អ្នកនាង អ៊ីលីហ្សាប៊ែត កែវ យល់​ថា ការណ៍​ដែល​មាន​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ហ៊ាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ក្នុង​សហគមន៍ ហើយ​បាន​ទទួល​ជ័យ​ជម្នះ​នេះ បាន​បើក​ផ្លូវ និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ផ្សេង​ទៀត យក​គំរូ​តាម។

អ្នកនាង​ អ៊ីលីហ្សាប៊ែត បាន​និយាយ​ថា៖ «‍ការណ៍​នេះ​គឺ​បាន​បើកផ្លូវ​ដល់​ស្ត្រី​ក្មេងៗ​ដទៃ​ទៀត ហើយ​ជាមួយ​គ្នា​នោះ ខេមរី ពិត​ជា​គំរូ​ដល់​សហគមន៍​យើង ឲ្យ​យើង​ដឹង​ថា យើង​អាច​ធ្វើ​បាន ហើយ​យើង​នឹង​ធ្វើ​បាន»។

រីឯ​អ្នកស្រី ខេមរី ឃឿន បាន​ប្រាប់ VOA ​ថា នេះ​គឺជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​ស្រី ក្នុងការ​ឈរ​ជា​តំណាង​ឲ្យ​សំឡេង​ឲ្យ​សហគមន៍​ខ្មែរ ក៏​ដូចជាសហគមន៍​ជនជាតិ​ភាគតិច​មក​ពី​ជាតិសាសន៍​ផ្សេងទៀត​ក្នុង​តំបន់​ទីក្រុង Chicago។

អ្នកស្រី ខេមរី ​បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​គឺជា​ស្ត្រី​ខ្មែរអាមេរិកាំង​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់​ឆ្នោត ក៏ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មិនមែន​ជា​ស្ត្រី​ខ្មែរ​ចុងក្រោយ​គេ​[ដែល​ចូល​បម្រើ​ការងារ​វិស័យ​សាធារណៈ​]ដែរ។ ដូច្នេះ គោលបំណង​របស់​ខ្ញុំ​ គឺ​លើក​កម្ពស់​តំណាង​របស់​សហគមន៍​ខ្មែរ​យើង ដើម្បី​ឲ្យ​លើក​ទឹកចិត្ត​ឲ្យ​ខ្មែរ​យើង​ដទៃ​ទៀត​យល់​ថា យើង​អាច​ធ្វើ​បាន ហើយ​យើង​ទាំង​អស់​គ្នា​គួរ​តែ​ព្យាយាម​គាំទ្រ​គ្នា​ទៅវិញ​ទៅមក»។

តាមរយៈ​ជោគជ័យ​ឈ្នះ​ការ​បោះឆ្នោត ចូល​បម្រើ​ការងារ​ជា​មន្ត្រី​សាធារណៈ​ក្នុង​សង្កាត់​ក្នុង​វ័យ​ដ៏​ក្មេង​ម្នាក់ អ្នកស្រី ខេមរី ឃឿន ក៏​រំពឹង​ថា ការ​សម្រេច​បាន​នេះ នឹង​បង្ហាញ​ឲ្យ​កូនស្រី​អាយុ​៦ឆ្នាំ​របស់​អ្នកស្រី បាន​ដឹង​ថា នៅពេល​ដែល​នាង​ធំដឹងក្តី​ឡើង នាង​នឹង​អាច​សម្រេច​ការងារ​ជា​អ្នក​ដឹកនាំ​បាន ដូច​អ្នកស្រី​ដែរ៕

XS
SM
MD
LG