ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​ជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងឲ្យ​ស្គាល់​ដើម​កំណើត​របស់​ខ្លួន

  • Elizabeth Lee

ជនភៀសខ្លួន​ជាច្រើន​ក្នុង​ចំណោម​ជន​ភៀសខ្លួន​ដែល​បាន​មក​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ទីក្រុង​ឡុងប៊ិច​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​​ជាទីដែល​​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​។ ទី​នេះ ក៏​ជា​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន កំពុង​ព្យាយាម​ភ្ជាប់​ខ្លួន​ឡើងវិញ​ទៅ​នឹង​ដើម​កំណើត​របស់​ខ្លួន តាម​រយៈ​ថ្នាក់​រៀន​ភាសា​ខ្មែរ​មួយ។

នៅ​ពេល​ដែល​ជន​អន្តោប្រវេសន្ត​មក​ដល់​ប្រទេស​ថ្មី​មួយ ពួកគេ​ខំ​ប្រឹង​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ថ្មី ខណៈ​ដែល​ព្យាយាម​រក្សា​ប្រពៃណី​និង​វប្បធម៌​នៃ​ប្រទេស​កំណើត​របស់​ខ្លួន។ នេះ​គឺ​បទ​ពិសោធន៍​របស់​ពលរដ្ឋ​ខ្មែរអាមេរិកាំង ដែល​បាន​ភៀសខ្លួន​ពី​របប​ខ្មែរ​ក្រហម និង​ការ​កាប់សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​របស់​ក្រុម​នេះ កាលពី​ប្រមាណ​៤០​ឆ្នាំ​មុន។

ជនភៀសខ្លួន​ជាច្រើន​ក្នុង​ចំណោម​ជន​ភៀសខ្លួន​ទាំង​នេះ បាន​មក​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ទីក្រុង​ឡុងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា ជា​ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​នេះ។ ទី​នេះ ក៏​ជា​កន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន កំពុង​ព្យាយាម​ភ្ជាប់​ខ្លួន​ឡើងវិញ​ទៅ​នឹង​ដើម​កំណើត​របស់​ខ្លួន តាម​រយៈ​ថ្នាក់​រៀន​ភាសា​ខ្មែរ​មួយ។

ពលរដ្ឋ​ទាំង​នេះ បាន​បាត់បង់​ប្រទេស​របស់​ខ្លួន​ ដោយសារ​អំពើ​ប្រល័យ​ពូជសាសន៍​ច្រើន​ឆ្នាំ​មក​ហើយ។

ឥឡូវ​មក​រស់នៅ​សហរដ្ឋ​អាមេរិក ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​នៅ​ទី​នេះ ភ័យ​ខ្លាច​បាត់​វប្បធម៌​របស់​ខ្លួន ជា​ពិសេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ។

លោក ហ៊ុល សុផាន នែលសិន (NIELSON SOPHANN HUL ) គឺ​ជា​ពលរដ្ឋ​ខ្មែរ​អាមេកាំង​ម្នាក់។

«នៅ​ពេល​ធំ​ដឹង​ក្តី ខ្ញុំ​មាន​សំណួរ​ដូច​គ្នា​ដែរ​អំពី​អត្តសញ្ញាណ​ដែល​កូនៗ​របស់​ជន​អន្តោប្រវេសន្ត​ភាគច្រើន​មាន​គឺ​ថា ខ្ញុំ​ជា​នរណា? ខ្ញុំ​ជា​អ្វី? ជា​ខ្មែរ​ ឬ​ជា​អាគាំង»?

ចម្លើយ​សម្រាប់​លោក NIELSON ​ទៅ​នឹង​សំណួរ​នេះ​គឺ​ការ​រៀន​ភាសា​ខ្មែរ។

«វា​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ជាខ្មែរ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ជាប់​ខ្លួន​ទៅ​ដើម​កំណើត​របស់​ខ្ញុំ​ថា​តើ​ខ្ញុំ​ជា​នរណា»។

នេះ​គឺ​ជា​មូលហេតុ​ដែល​ទីក្រុង​ឡុងប៊ិច បាន​ចាប់ផ្ដើម​ថ្នាក់​រៀន​ភាសា​ខ្មែរ​មួយ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ចុង​សប្ដាហ៍​សម្រាប់​មនុស្ស​ពេញវ័យ​និង​ក្មេងៗ កាល​ពី​៨​ឆ្នាំ​មុន នៅ​ក្នុង​បណ្ណាល័យ​នេះ​ក្នុង​ក្រុង​ឡុងប៊ិច។

លោក Bryant Ben បាន​ស្ម័គ្រចិត្ត​មើល​ការខុសត្រូវ​លើ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​នេះ។

«បើ​អ្នក​ចេះ​ភាសា​ណាមួយ​ ឬ​វប្បធម៌​ ឬ​អ្វី​មួយ​ដែល​អ្នក​ចេះ នោះ​គឺ​ប្រសើរ​ជាង​អត់​សោះ»។

​លោក ហ៊ុល សុផាន នែលសិន បាន​ថ្លែង​ថា៖

​«ភាសា​គឺ​ដូចជា​ដង្ហើម​នៃ​វប្បធម៌​អញ្ចឹង។ វប្បធម៌​រស់​បាន​ហើយ​វា​ផ្ទេរ​តាម​រយៈ​ភាសា។ បើ​គ្មាន​ការ​យល់​ភាសា​ឲ្យ​បាន​សមស្រប​ទេ នោះ​អ្នក​ក៏​មិន​អាច​យល់​វប្បធម៌​បាន​សមស្រប​ដែរ»។

លោក Henry Ouk បាន​នាំ​កូន​ប្រុស​របស់​លោក​ដែល​កើត​នៅ​អាមេរិក​នេះ​ឈ្មោះ Daniel ទៅ​រៀន​ភាសា​ខ្មែរ​នេះ​អស់​រយៈពេល​៣ឆ្នាំ​មក​ហើយ។

Daniel Ouk វ័យ​១១​ឆ្នាំ និយាយ​ថា ទោះបីជា​ឪពុក​ជា​អ្នក​ឲ្យ​ខ្លួន​មក​រៀន​ក៏ដោយ ក៏​ខ្លួន​ពេញចិត្ត​ថ្នាក់​រៀន​នេះ​ដែរ។

«ខ្ញុំ​ចង់​រៀនភាសា​ខ្មែរ​នេះ ដើម្បី​ខ្ញុំ​អាច​យល់​ពី​ឪពុក​របស់​ខ្ញុំ​បាន»។​

Satya Weir វ័យ​១៣​ឆ្នាំ បាន​ចាប់ផ្ដើម​មក​រៀន​នៅ​ថ្នាក់​នេះ​កាលពី​២ខែ​មុន។

«ខ្ញុំ​ពាក់​កណ្ដាល​ជា​ខ្មែរ ហើយ​ម្ដាយ​ខ្ញុំ​ជា​ខ្មែរ ដូច្នេះ គាត់​គិត​ថា​វា​ល្អ​ណាស់ ដែល​ខ្ញុំ​រៀន​ភាសា​ខ្មែរ ពីព្រោះ​ពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាល​ពី​រដូវ​ក្ដៅ ខ្ញុំ​បាន​ស្រលាញ់​វប្បធម៌​និង​អ្វីៗ​ទាំងអស់ ហើយ​ខ្ញុំ​គិត​ថា យើង​គួរ​រៀន​ខ្មែរ»។

ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា បាន​បង្ហាញSatyaថា ភាសា​និង​វប្បធម៌​ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា។

«ខ្ញុំ​ចង់​បន្ត​វប្បធម៌​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ផ្ទេរ​វា​ទៅ​ឲ្យ​កូនៗ​របស់​ខ្ញុំ​នៅ​ពេល​ដែល​ពួកគេ​រៀន​ភាសា​ខ្មែរ ហើយ​នៅ​ពេល​នោះ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​ធ្វើ​ដូច្នេះ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ពីព្រោះ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចេះ​ពីរ​ភាសា ហើយ​ខ្ញុំ​គិត​ថា​វប្បធម៌​ខ្មែរ ល្អ​គ្រាន់បើ»។​

លោក ហ៊ុល កំពុង​ព្យាយាម​រក​អ្នក​ឧបត្ថម្ភ សៀវភៅ​អាន​និង​សម្ភារៈ​សិក្សា​ ដើម្បី​ឲ្យ​ថ្នាក់​រៀន​ភាសា​ខ្មែរ​នេះ អាច​បន្ត​បាន​យូរ​តាម​ដែល​គេ​ត្រូវ​ការ។

«ថ្នាក់​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ ស្គាល់​វប្បធម៌​និង​ប្រពៃណី​របស់​ខ្លួន។ កូន​របស់​ខ្ញុំ ត្រូវ​តែ​ដឹង​ថា ជនជាតិ​ខ្មែរ ក៏​មាន​ប្រទេស​ដែរ» ហើយ​ថែរក្សា​អ្វី​ដែល​ជា​ដើម​កំណើត​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ​ សាយ មុន្នី

XS
SM
MD
LG