\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​និពន្ធ​កំណាព្យ​រក​ឃើញ​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត តាមរយៈ​ការ​តែង​និពន្ធ និង​ការ​តស៊ូ​មតិ


អ្នកនាង ទុយ ពៅ គឺជា​អ្នក​សូត្រ​កំណាព្យ និង​អ្នក​និពន្ធ​សៀវភៅ​ «‍Khmer Girl» នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អ្នកនាង ទុយ ពៅ គឺជា​អ្នក​សូត្រ​កំណាព្យ និង​អ្នក​និពន្ធ​សៀវភៅ​ «‍Khmer Girl» នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អ្នក​នាង ទុយ ពៅ មាន​អាយុ​ត្រឹម​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​នាង និង​ក្រុម​គ្រួសារ បាន​រត់​ភៀស​ខ្លួន​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ​ហើយ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

អ្នក​និពន្ធ​កំណាព្យ​ខ្មែរ​អាមេរិកាំង​ម្នាក់ បាន​ធំ​ដឹង​ក្ដី​ឡើង​ដោយ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ទាក់ទង​នឹង​ភាព​តានតឹង​ផ្លូវ​ចិត្ត ការ​មិន​ស្គាល់​អត្តសញ្ញាណ និង​វប្បធម៌​ខ្លួន​ឯង។ ក៏ប៉ុន្តែ អ្នក​និពន្ធ​រូប​នេះ​ បាន​ស្វែងរក​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត និង​ក្ដី​សង្ឃឹម​ថ្មី​តាម​រយៈ​ការ​តែង​និពន្ធ និង​សកម្មភាព​តស៊ូ​មតិ។

អ្នក​នាង ទុយ ពៅ មាន​អាយុ​ត្រឹម​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​នាង និង​ក្រុម​គ្រួសារ បាន​រត់​ភៀស​ខ្លួន​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ​ហើយ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

ដោយធំ​ដឹង​ក្ដី​នៅ​លើ​ទឹកដី​ថ្មី​នេះ អ្នក​នាង ទុយ ពៅ មាន​អារម្មណ៍​មិន​ប្រាកដ​ប្រជា​ថា​តើ​ខ្លួន​ឯង​ជា​នរណា ឲ្យ​ពិត​ប្រាកដ។ ការ​មិន​ស្គាល់​អត្តសញ្ញាណ​និង​វប្បធម៌​ខ្លួន​ឯង​ពិត​ប្រាកដ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នាង ទុយ ពៅ​ ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​រួម​ទាំង​ភាព​តានតឹង​ផ្លូវ​ចិត្ត​ផង​ដែរ។

អ្នក​នាង ទុយ ពៅ បាន​ប្រាប់ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ថា៖

«‍ខ្ញុំ​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ជូរចត់​ដែល​ខ្ញុំ​ស្អប់​ខ្លួន​ឯង​ដែល​ជា​ខ្មែរ ហើយ​មិន​យល់​ពី​អត្តសញ្ញាណ​ខ្មែរ និង​ជាពិសេស​ការ​ដែល​ខ្លួន​មាន​អត្តសញ្ញាណ​ជា​ខ្មែរ​អាមេរិកាំង»។

កើត​នៅ​ខេត្ត​បាត់ដំបង នៅ​ចុង​ឆ្នាំ​១៩៧៩ អ្នកនាង ទុយ ពៅ បាន​រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ មុន​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ទទួល​យក​ជា​ជន​ភៀស​ខ្លួន។ អ្នក​និពន្ធ​សៀវភៅ​និង​ជា​កវី​ខ្មែរ​អាមេរិកាំង​ វ័យ​៣៧​ឆ្នាំ​រូប​នេះ សព្វថ្ងៃ​រស់នៅ​ទីក្រុង​ឡូវែល​នៃ​រដ្ឋ​ម៉ាសាឈូសេត។

អ្នក​នាង ទុយ ពៅ បាន​រៀបរាប់​ថា អ្វី​ដែលធ្វើ​ឲ្យ​អ្នកនាង​ស្អប់​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ថែម​ទៀត​នោះ​ គឺ​ពណ៌​សម្បុរ​ស្បែក​រាង​ក្រមៅ​របស់​នាង។

«‍ពេល​ដែល​ខ្ញុំ​ធំ​ដឹង​ក្ដី បង​ស្រី​របស់​ខ្ញុំ​មាន​ស្បែក​ស ជាង​ខ្ញុំ។ គាត់​តែងតែ​ចំអក​ឲ្យ​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​កូន​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ហើយ​ថា ខ្ញុំ​ជា​កូន​របស់​អាមេរិកាំង​ស្បែក​ខ្មៅ។ ការ​និយាយ​បែប​នេះ​ ប៉ះពាល់​ផ្លូវ​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់»។

ក្នុង​ពេល​វ័យ​ជំទង់​ ម្ដាយ​និង​បង​ស្រី​របស់​អ្នក​នាង ទុយ​ ពៅ តែងតែ​ជំរុញ​ឲ្យ​អ្នក​និពន្ធ​កំណាព្យ​រូប​នេះ លាប​ផលិតផល​ដែល​ធ្វើ​ឲ្យ​ស្បែក​ស ដើម្បី​ជៀសវាង​ការ​ពេបជ្រាយ​ឬ​ការ​ទិតៀន​ពី​អ្នក​ជិតខាង និង​សហគមន៍​ខ្មែរ​មួយ​ចំនួន​នៅ​ទីក្រុង​ឡូវែល ដោយសារ​តែ​សម្បុរ​ក្រមៅ​របស់​អ្នក​នាង។

បន្ថែម​លើ​នេះ អ្នក​និពន្ធ​រូប​នេះ​ និយាយ​ថា ឪពុក​របស់​នាង មាន​វិន័យ​តឹងរ៉ឹង​លើ​កូន​ស្រី ដោយ​គាត់​យល់​ថា​ការ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​កូន​ស្រី​នោះ​ទេ។ ដោយ​សារ​ទទួល​រស​សម្ពាធ​ពី​គ្រួសារ កាលពី​ដើម​ឆ្នាំ​២០០០ អ្នក​នាង ទុយ ពៅ បាន​សម្រេច​ចិត្ត​ចេញ​ពី​ផ្ទះ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​នៅ​ទីក្រុង​ញូវយ៉ក ដោយ​ខ្លួន​ឯង ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ឪពុកម្ដាយ​របស់​នាង​ឡើយ។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​នាង​ជាមួយ​នឹង​ក្រុម​គ្រួសារ​ មាន​ភាព​ល្អក់​កករ​អស់​ជា​ច្រើន​ឆ្នាំ។

«‍យើង​មិន​បាន​និយាយ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ។ ខ្ញុំ​បាន​ផ្ដាច់​ខ្លួន​ខ្ញុំ​ពី​គ្រួសារ​ខ្ញុំ និង​សហគមន៍​ខ្មែរ។ ខ្ញុំ​មិន​ស្គាល់​ខ្លួន​ឯង ហើយ​មាន​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​ច្រើន ដោយសារ​ខ្ញុំ​មិន​យល់​ពី​វប្បធម៌​ខ្មែរ ហើយ​មិន​អាច​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​ប្រាប់​ដល់​អ្នក​ដទៃ​បាន»។

ក៏ប៉ុន្តែ​ ក្រោយ​មក អ្នក​នាង ទុយ ពៅ ក៏​បាន​រក​ឃើញ​ដំណោះស្រាយ​នៃ​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​នេះ​តាមរយៈ​ការ​និពន្ធ​កំណាព្យ។ ​នៅ​ឆ្នាំ​២០១៤ អ្នក​នាង​បាន​បោះពុម្ព​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​ ដែល​មាន​ចំណង​ជើង ​Khmer Girl ឬបកប្រែ​ជា​ភាសាខ្មែរ​ថា «‍ក្មេង​ស្រី​ខ្មែរ» ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​នាង។

តាមរយៈ​ការ​និពន្ធ​សៀវភៅ​មួយ​នេះ អ្នក​និពន្ធ​កំណាព្យ​រូប​នេះ​ បាន​ប្រឈម​នឹង​អតីតកាល​របស់​ខ្លួន រួម​ទាំង​បទពិសោធន៍​ដ៏​ជូរចត់​មួយ​របស់​នាង ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០០៥។ អ្នក​នាង​ ទុយ ពៅ បាន​ឲ្យ​ដឹង​ថា អ្នក​នាង​ត្រូវបាន​មិត្តភក្តិ​ប្រុស​ម្នាក់​ចាប់​រំលោភ ហើយ​ធ្វើ​ឲ្យ​មាន​កូន។ នៅ​ឆ្នាំ​២០០៥ អ្នក​នាង​ត្រូវតែ​សម្រេច​ចិត្ត​រំលូត​កូន​នោះ ដែល​សេចក្តី​សម្រេច​ចិត្ត​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​របស់​នាង។

«‍ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​មិត្តភក្តិ​ខ្ញុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អនុគ្រោះ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ និង​រូប​ខ្ញុំ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នោះ»។

អតីតកាល​នេះ​នៅតែ​តាម​លោងអ្នក​និពន្ធ​រូប​នេះ​ជានិច្ច។ ​តែ​មក​ដល់ឆ្នាំ​២០១៥ នៅ​ពេល​ដែល​ចូលរួម​ស្ដាប់​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ការ​អត់ឱន អ្នកនាង ទុយ ពៅ ក៏​បាន​សម្រេច​ចិត្ត​រំដោះ​ខ្លួន​នាង​ចេញ​ពី​អតីតកាល​ដ៏​ជូរចត់​នោះ។

«‍ពេល​នោះ ខ្ញុំ​យំ រហូត​ដល់​ខ្ញុំ​សម្រេច​ចិត្ត​អត់ឱន​ឲ្យ​ខ្លួន​ឯង ពីព្រោះ​ថា បើ​ខ្ញុំ​មិន​អត់ឱន​ឲ្យ​ខ្លួន​ឯង​ទេ នោះ​ខ្ញុំ​មិន​អាច​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ​ដោយ​ស្គាល់​ខ្លួន​ឯង​ពិតប្រាកដ​បាន​ទេ»។

នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​នាង ទុយ ពៅ បាន​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង ដើម្បី​តស៊ូ​មតិ​និង​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ផ្លូវ​ចិត្ត ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត និង​ការ​ស្រឡាញ់​ខ្លួន​ឯង។

តាមរយៈ​ការ​អាន​កំណាព្យ​ដែល​អ្នក​នាង​បាន​និពន្ធ​ទៅកាន់​សិស្ស​វិទ្យាល័យ និង​សាកល​វិទ្យាល័យ ក៏​ដូច​ជា​សហគមន៍​ខ្មែរ​អាមេរិកាំង អ្នក​និពន្ធ​កំណាព្យ​រូប​នេះ​បាន​រក​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​មួយ​ក្នុង​ជីវិត។

«‍នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​វេទិកា​ពិភាក្សា​អំពី​ភាព​តានតឹង​ផ្លូវ​ចិត្ត និង​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត ខ្ញុំ​ក៏​បាន​ផ្សះផ្សា​ផ្លូវចិត្ត​របស់​ខ្ញុំ ដោយសារ​តែ​មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​និយាយ​មក​កាន់​ខ្ញុំ​ថា តើ​ខ្ញុំ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​បាន​ដោយ​របៀបណា ហើយ​ថា តើ​ខ្ញុំ​និពន្ធ​បាន​ ហើយ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ​ដោយ​របៀប​ណា‍។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គោលដៅ​ក្នុង​ជីវិត»។

សព្វថ្ងៃ​នេះ អ្នក​នាង ទុយ ពៅ កំពុង​និពន្ធ​សៀវភៅ​កុមារ ហើយ​បន្ត​ការ​អប់រំ​និង​ណែនាំ​អំពី​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត និង​ការ​ស្រឡាញ់​ខ្លួន​ឯង​នេះ ដល់​អ្នកដទៃ​ទៀត៕

XS
SM
MD
LG