ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​ចរចា​ងាក​មក​បើក​អាជីវកម្ម​ខ្នាតតូច​ដោយ​ខ្លួន​ឯង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋចរចា​ចាប់ផ្តើម​បើក​អាជីវកម្ម​ខ្នាតតូច

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ម៉ឺន​នាក់​កំពុង​រស់​នៅ​រដ្ឋ​ចរចា​ដែល​ភាគច្រើន​រស់​នៅ​ជុំ​វិញ​ទីក្រុង​អាត្លង់តា​និង​ទីក្រុង​Clayton​នេះ ហើយ​ពួក​គាត់​និយម​បើក​អាជីវកម្ម​ខ្នាត​តូច​ដោយ​ខ្លួន​​ឯង​ដើម្បី​ចិញ្ចឹម​ជីវិត។

ហាង​ធ្វើ​ក្រចក​របស់​ខ្មែរ​មួយ​នេះ​នៅ​ទីក្រុង​Clayton​ដែល​ស្ថិត​នៅ​ភាគខាងត្បូង​ទីក្រុង​អាត្លង់តា​នៃ​រដ្ឋ​ចរចា​សហរដ្ឋ​អាមេរិក​មាន​អតិថិជន​ស្ទើរតែ​ពេញ​ហាង​តាំងពី​ព្រឹក​ព្រលឹម។​

បុគ្គលិក​នៅ​ទីនេះ​ដែល​សុទ្ធ​តែ​មាន​ដើម​កំណើត​ខ្មែរ​កំពុង​តែមមាញឹក​ដុសខាត​សម្អាត​ក្រចក​និង​លាបថ្នាំ​ជូន​អតិថិជន​ដែល​អង្គុយ​នៅ​តុ​និង​លើ​កៅអី​ដ៏​ធំ​ទូលាយ​រៀងៗ​ខ្លួន។ ​

វា​ជា​ការងារមួយ​មាន​លក្ខណៈ​ពេញ​និយម​ក្នុង​ចំណោម​ខ្មែរ​មួយ​ចំនួន​ដែល​មករស់​នៅ​សហរដ្ឋអាមេរិក។ ការណ៍​នេះខុស​ពី​នៅ​ស្រុក​ខ្មែរ​គឺពួកគាត់​មិន​សូវ​និយម​ធ្វើ​ប៉ុន្មាន​ទេ។​

បុគ្គលិកខ្មែរកំពុងធ្វើក្រចកឱ្យអតិថិជននៅហាងរបស់លោក គង់ ច័ន្ទសុគន្ធ
បុគ្គលិកខ្មែរកំពុងធ្វើក្រចកឱ្យអតិថិជននៅហាងរបស់លោក គង់ ច័ន្ទសុគន្ធ

ដោយ​អង្គុយ​នៅ​ពីមុខ​តុ​ប៊ុយរ៉ូ​ដែល​នៅ​ខាង​ក្រោយ​មាន​តាំង​លម្អ​ដោយ​ថ្នាំ​ក្រចក​គ្រប់​ប្រភេទ​និង​មាន​ពណ៍​ស្រស់ៗ​ លោក​គង់ ច័ន្ទ​សុគន្ធ​ម្ចាស់​ហាង​ធ្វើក្រចក​ពន្យល់​ពី​ហេតុផល​ដែល​នាំ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ៖ ​

«ទីមួយ​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ប្រកាន់។ គាត់​មិន​កាន់ជើង​មិន​កាន់​អ្វី​ដែរ។ គាត់​នៅ​ស្រុក​ខ្លួន​ឯង​គាត់​ប្រកាន់​កន្លែង​ហ្នឹង​ដែរ​ប៉ុន្តែ​នៅ​ស្រុក​នេះ​យើង​ឃើញ​ហើយ​ថា​គេ​អត់​ប្រកាន់​ទេ​យើង​មើល​ទៅ​ធ្វើម៉េចឱ្យ​តែ​បាន​ស្រួល។ មិនមែន​ធ្វើ​នេះ​ស្រួល​ប៉ុន្មាន​ទេ​តែ​ដោយសារ​ខ្មែរ​យើង​មិន​មាន​ចំណេះ​ដឹង​វេជ្ជបណ្ឌិត​ឬ​មេធាវី​ឬ​ក៏​ទៅ​ធ្វើ​អ្វី ​ជំនួញ​ធំៗ​បាន​ទេ​ដូច្នេះ​យើង​មាន​តែ​ធ្វើ​កម្លាំង។ ដូច្នេះ​ គ្នា​គ្មាន​ផ្លូវ​ណា​មាន​តែ​ខាង​ធ្វើ​ក្រចក​ហ្នឹង​ទេ។ វា​មិនមែន​ថា​ការងារ​នេះ​បាន​លុយ​ការងារ​នោះ​មិន​បាន​លុយ​ទេ​គឺ​ដោយសារ​តែ​យើង​អត់​ចំណេះ​ដែរ​ហើយ​ការងារ​នេះ​អត់ចំណេះក៏​ធ្វើ​បាន​ដែរ»។​

លោកគង់ ច័ន្ទសុគន្ធ ម្ចាស់ហាងធ្វើក្រចក Star Nails
លោកគង់ ច័ន្ទសុគន្ធ ម្ចាស់ហាងធ្វើក្រចក Star Nails

លោក​សុគន្ធ​បាន​បើក​ហាង​នេះ​ជាង​៥ឆ្នាំ​ហើយ​និង​បាន​ជួយ​ឱ្យ​ខ្មែរ​សរុប​ចំនួន​១៥​នាក់​មាន​ការងារ​ធ្វើ។

លោក​សុគន្ធ​ស្ថិត​នៅ​ក្នុង​ចំណោមមនុស្ស​ជំនាន់​ថ្មី​របស់​ខ្មែរ​អាមេរិកាំង​ដែល​កំពុង​តែ​ងាក​បន្តិច​ម្តងៗ​មក​បើក​របរ​អាជីវកម្ម​ដោយ​ខ្លួន​ឯង​ជាជាងធ្វើការ​ឱ្យ​គេ។​

លោក​វីននី ឆាយ ​ក៏​ដូច​នេះ​ដែរ។ លោក​បើក​ហាង​ជួសជុល​រថយន្តតាំងពី​ឆ្នាំ​២០០៦​មក៖

«ខ្ញុំ​បើក​ហាង​តាំង​ពីឆ្នាំ​២០០៦​ម្ល៉ោះ​ហើយ​១០​ឆ្នាំ​ហើយ‍»។

លោក​វីននី ឆាយ ​ធ្លាប់​ជា​កីឡាករ​លេង​បាល់​ទាត់​ប្រចាំ​សាលា​និង​ត្រូវ​បាន​សាកលវិទ្យាល័យ​មួយចំនួន​ទាក់​ទង​ឱ្យ​ទៅលេង​ប្រចាំ​ក្រុម​របស់​គេ​ប៉ុន្តែ​លោក​បែរ​ជា​មាន​គំនិត​ចង់​ប្រកប​របរ​ដោយខ្លួន​ឯង​វិញ។​

«ចឹង​ទៅ​ចេះ​តែ​គិតៗ​ចុះ​បើ​យើង​លេង​បាល់​ យើង​ឈឺ​យើង​ពិការ​ដល់ពេល​យើង​មិនមាន​អ្វី​ដែល​យើង​ចេះ​តើ​យើង​ទៅរក​ស៊ី​យ៉ាងម៉េច​? តើ​យើង​ធ្វើ​ការ​ឱ្យ​គេ? ខ្ញុំ​អត់​ចង់​ធ្វើ​ការ​ឱ្យ​គេ​ទេ‍»។​

លោក​តូនី អ៊ុំ ​ជា​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​បើក​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​ដោយ​ខ្លួន​ឯង​ចំនួន​១២​ឆ្នាំ​ហើយ៖

«នៅ​ចរចា​ខ្មែរ​ទើបតែ​ចាប់ផ្តើម​ចេញ​រកស៊ី។ ពី​ដើម​ឡើយ​ខ្មែរ​នៅ​ចរចា​បើកឡាន​ដឹក​ទំនិញ​ច្រើន​ណាស់​ប៉ុន្តែ​បើ​ចេញ​មក​បើក​ក្រុម​ហ៊ុន​ខ្លួន​ឯង​ទើបតែ​មាន​មួយៗ​ប៉ុន្តែ​នៅ​តូច‍»។​

លោកតូនី អ៊ុំ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញ
លោកតូនី អ៊ុំ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញ

លោក​តូនី ​ធ្លាប់​បើក​រថយន្ត​ដឹក​ទំនិញឱ្យ​ថៅកែ​អាមេរិកាំង​ជាច្រើន​ឆ្នាំ​និង​ធ្វើការ​នៅ​តាម​ភោជនីយដ្ឋាន​មុន​នឹង​មក​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ លោកបាន​ផ្តល់​ជា​យោបល់​ដល់​ខ្មែរ​ដទៃ​ទៀត​ថា​ពួកគេគួរតែ​ហ៊ាន​ប្រថុយ​ក្នុង​ការបើក​អាជីវកម្មដោយ​ខ្លួន​ឯង​ព្រោះ​វា​នឹង​ជួយឱ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង។

«ជា​ជំនឿ​របស់​ខ្ញុំ​គឺថា​បើ​យើង​ធ្វើការ​ឱ្យ​គេ​បាន​មួយ​ចិញ្ចឹម​ជីវិត​រស់នៅ​ពី​ពេលបើក​ប្រាក់​ខែ​មួយ​ទៅ​ពេល​បើក​ប្រាក់​ខែ​មួយ​គឺជា​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ​មាន​ឡាន​បើក​មក​ញ៉ាំ​បាយ​ដូចគ្នា​ប៉ុន្តែ​យើង​មិន​អាច​ក្លាយ​ទៅ​ជា​អ្នកមាន​បាន។ បើ​យើង​ចង់​ក្លាយ​ទៅជា​អ្នកមាន​អនាគត​ភ្លឺ​ស្វាង​មាន​ផ្ទះ​ធំ​មាន​ឡាន​ថ្មី​មានតែ​ចេញ​រកស៊ី​មួយ​គត់​។ បើ​យើង​ធ្វើ​ត្រូវ​យើង​បាន​សម្រេច​ប្រាថ្នា​ចង់​បាន​អ្វី​បាន​ដូចចិត្ត​។ បើ​យើង​ធ្វើ​ខុស​យើង​នៅតែ​មាន​បាយ​ញ៉ាំ​មាន​ម្ហូប​ញ៉ាំ ​ដូចគេ​ដូច​ឯង​ទាំង​អស់គឺ​ដូច​ទូទៅ​អីចឹង‍»។​

បច្ចុប្បន្ន​លោក​រកចំណូល​បាន​ពី​២០០០​ទៅ​៣០០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ដែល​ធ្វើ​ឱ្យ​លោក​រស់នៅ​ដោយ​ជីវភាព​ធូរធា​បាន។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ម៉ឺន​នាក់​កំពុង​រស់​នៅ​រដ្ឋ​ចរចា​ដែល​ភាគច្រើន​រស់​នៅ​ជុំ​វិញ​ទីក្រុង​អាត្លង់តា​និង​ទីក្រុង​Clayton​នេះ។​

លោក​ណែម ឈឿង​ប្រធាន​សមាគម​ក្រុង​ខ្មែរពេញចិត្ត​នឹង​ការវិវត្តន៍​ផ្នែក​ធនធាន​មនុស្ស​របស់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។​

«បើ​យើង​គិតពី​ជំនាន់​ថ្មី​នេះ​គាត់​មាន​សមត្ថភាព​ខ្ពស់​ជាង​ជំនាន់​ចាស់​ទាំង​ភាសា​អង់គ្លេស​ផ្នែក​ទំនាក់​ទំនង​ហើយ​នឹង​ការឈ្លាសវៃ​របស់​គាត់។ ម្ល៉ោះ​ហើយ​គាត់​គិត​ថា​ការទំនាក់​ទំនង​ភ្ញៀវ​គាត់​អាច​ទំនាក់​ទំនង​បាន​ហេតុអ្វី​ ក៏​គាត់​មិន​អាច​ទៅ​បើក​ Business ​ខ្លួន​ឯង​បាន? ​Business ​ងាយៗ​ដូច​ជា​ធ្វើ​ហាង​ធ្វើ​ក្រចក​ ដូច​ជា​ផ្គត់​ផ្គង់​គ្រឿង​កែសម្ភស្ស​ជាដើម​គឺ​មិន​ត្រូវ​ការ​ជំនាញ​ខ្ពស់​ទេ‍»។

លោកណែម ឈឿង ប្រធានសមាគមក្រុងខ្មែរ
លោកណែម ឈឿង ប្រធានសមាគមក្រុងខ្មែរ

លោក​ឈឿង ​ដាក់​ក្តីសង្ឃឹម​យ៉ាងខ្លាំង​លើទីក្រុង​ខ្មែរ​ដែល​សហគមន៍​ទើប​បាន​រួមគ្នា​បង្កើត​ឡើង។

«ខ្ញុំ​សង្ឃឹមថា​ទីក្រុង​ខ្មែរ​នេះ​នឹង​អាច​ជួយ​លើក​មុខ​លើក​មាត់​សហគមន៍​ជំនាន់​ថ្មី​ឱ្យ​គេ​ស្គាល់​ថា​ខ្មែរ​មិន​មែន​ធ្វើតែ​ការ​អន់ៗ​ទេ​។ គាត់​មាន​សមត្ថភាព​ធ្វើ​ Business ​ខ្លួន​ឯង​ហើយ​គាត់​ជួយរដ្ឋាភិបាល​ដែល​ជា​ម្ចាស់​ស្រុក​ដែល​នៅ​ទីនេះ​ឱ្យ​មាន​ជីវភាព​ឱ្យ​មាន​សហគមន៍ ​ឱ្យ​មាន​ទីក្រុង​ល្អ​ជាង​ជំនាន់មុនៗ​។ នេះ​ជា​កត្តា​ចូលរួម​សំខាន់​ដែល​ខ្ញុំ​ចង់​ឃើញ​នៅក្នុង​សហគមន៍​ខ្ញុំ​‍»។​

ចំណុច​ទាក់​ទាញ​ថ្មី​សម្រាប់​តំបន់​នេះ​គឺ​ផ្សារ​ខ្មែរ​មួយ​ដែល​ទើប​តែ​បង្កើត​ឡើង​នៅទីក្រុង​រីវើដេល​(Riverdale)។ វា​ស្ថិត​នៅ​ចំងាយ​តែ​ជាង​១០​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​Hartsfield-Jackson ​រដ្ឋ​ចរចា​ដែល​ជា​អាកាស​យានដ្ឋាន​ស្ថិត​ក្នុង​លំដាប់​មមាញឹក​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ​

នៅ​ឯ​ផ្សារ​នេះ​មាន​ហាង​ខ្មែរ​មួយ​ចំនួន​ដូចជា​ហាង​លក់​គ្រឿងទេស​ ហាង​លក់មាស​ ហាងលក់​គ្រឿង​សម្អាង ​និង​ភោជនីយដ្ឋាន​ជាដើម។ អ្នកគ្រប់គ្រង​សង្ឃឹម​ថា​នឹង​មាន​ខ្មែរ​ជាច្រើន​ទៀត​នឹង​ចូលមក​ដើម្បី​បើក​អាជីវកម្ម​នៅ​ទីនេះ​ដើម្បី​ទាក់​ទាញ​ខ្មែរ​ជាច្រើន​ហើយ​ធ្វើ​ឱ្យ​ក្រុង​ខ្មែរ​នេះ​គឺ​ជា​សក្តានុពល​សេដ្ឋកិច្ច​មួយ​នៅ​ទីក្រុង​រីវើដេល​រដ្ឋ​ចរចា។

ផ្សារខ្មែរនៅទីក្រុងរីវើដេល រដ្ឋចរចា
ផ្សារខ្មែរនៅទីក្រុងរីវើដេល រដ្ឋចរចា


​លោក​វ៉ាន់សៀង លី​ជា​ម្ចាស់​ផ្សារ​នេះ។ លោក​ជា​ខ្មែរ​កាត់​ឡាវ ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​បាន​ប្រកប​របរ​លក់​គ្រឿងទេស​នៅ​រដ្ឋ​ចរចា​នេះ​៣០​ឆ្នាំ​ហើយ​មុន​នឹង​សន្សំ​ថវិកា​គ្រប់គ្រាន់​និង​បបួល​មិត្ត​ភក្តិ​ទិញ​ផ្សារ​នេះ​ទាំងមូល៖

«ខ្ញុំ​បាន​រក​ពួកម៉ាក​មក​ទាំងអស់​គ្នា​បីបួន​នាក់​មក​ទិញ​សប់ពីងសឹនធឺ​(Shopping Center)​ហ្នឹង​មកធ្វើ​ជា​Cambodia Town។ ឥឡូវ​បើ​ថា​យ៉ាង​ម៉េចៗ​ទៅ​ចង់​ឱ្យ​បងប្អូន​ខ្មែរ​យើង​ដឹង​ថា​ផ្លាស់​មក​ចរចា​ផង​បើក​ហាង​នៅ​ហ្នឹង​ផង​ធ្វើ​ជា​លក់​ហាង​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​យើង ​ភោជនីយដ្ឋាន​ខ្មែរ​យើង​។ អ្វីៗ​ដូចជា​ស្រុក​ខ្មែរ​យើង។ យើង​ចង់​ឱ្យ​ខ្មែរៗ​យើង​ដឹង​ផង​ថា​ដី​ហ្នឹង​វាថោក​ហើយ​ចូល​មក​រកស៊ី​នៅហ្នឹង​ក៏​ល្អ​ដែរ​‍»។

លោក វ៉ានស៊ាង លី ​យល់​ថា​សក្តានុពល​នៃ​ការបើក​របរ​អាជីវកម្ម​នៅ​ទីក្រុង​អាត្លង់តា​ភាគ​ខាង​ត្បូង​នេះ​មាន​ច្រើន​នៅ​ឡើយ។ ហើយ​លោក​ក៏​អាច​ផ្តល់​ជា​យោបល់​សម្រាប់​អ្នកចង់​បើក​អាជីវកម្មផង​ដែរ។​

«ឥឡូវ​តាម​ខ្ញុំ​មើល​ទៅ​ខាង​ហាង​កាត់សក់​ខ្មែរ​យើង​អត់​សូវ​មាន​ប៉ុន្មាន​ទេ។ ដូចជា​ខាង​ភ្នាក់ងារ​ធ្វើ​ដំណើរ​លក់​សំបុត្រ​កប៉ាល់​ហោះ​ហើយ​ខាង​ធានារ៉ាប់រង​ក៏​មាន​អ្នកលក់​ដែរ​ប៉ុន្តែ​ធ្វើការ​ឱ្យ​គេ​បើ​ថា​យើង​មាន​សមត្ថភាព​យើង​បើក​ជា​ហាង​តូចៗ​ហ្នឹង​មួយ​លក់​ធានា​រ៉ាប់រង​និង​ភ្នាក់ងារ​ធ្វើដំណើរ​និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​គឺ​អាច​ដំណើរការ​បាន​ភ្លាមៗ‍»។

ប៉ុន្តែ​ការចាប់ផ្តើម​បង្កើតមុខ​របរ​ខ្លួនឯង​ក៏​មាន​បញ្ហា​ប្រឈម​ដែរ​នោះ​គឺ​កង្វះ​ខាត​បុគ្គលិក​ធ្វើការ​ដោយសារ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីនេះ​មិន​ទាន់​មាន​ច្រើន​ដូច​ជា​នៅ​ទីក្រុង​ឡុងប៊ិច​នៃ​រដ្ឋ​កាលីហ្វញ៉ា ​និង​ទីក្រុង​ឡូវែល​នៃរដ្ឋ​ម៉ាស្សាឈូសិត​ទេ។

លោក ​គង់ ច័ន្ធសុគន្ធ​ម្ចាស់​ហាង​ធ្វើ​ក្រចក​បាន​បញ្ជាក់​ពី​ការ​លំបាក៖

«បើសិនជា​យើង​មិនចង់​ធ្វើការ​យើង​ចង់​បើកហាង​។ បើ​បើ​កហាង​វា​ស្រួល​ណាស់​ប៉ុន្តែ​សំខាន់​យើង​ខ្វះ​មនុស្ស​ស្រុក​នេះ​យើង​អត់​មាន​មនុស្ស​ធ្វើការ​ឱ្យ​យើង​។ រឿង​បើក​ហាង​ស្រួល​អត់​មាន​អ្វី​លំបាក​ទេ។ សំខាន់​បំផុត​អត់​មាន​បុគ្គលិក​ធ្វើការ​ឱ្យ​យើង‍»។

ក្នុងពេល​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ចាប់​អារម្មណ៍​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​នៅ​មាន​ទ្រង់ទ្រាយ​តូច​ប៉ុន្តែ​ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​មក​រស់នៅ​ទីនេះ​មាន​ការកើនឡើង​ជាង​ទេ្វ​ដង​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​១០ឆ្នាំ​មុន​ដែល​មាន​មិនដល់​៥០០០​នាក់​ផង៕

XS
SM
MD
LG