ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កងទ័ព​អ៊ីរ៉ាក់​រុល​ទៅ​មុខ​ដើម្បី​កាន់​កាប់​ទី​ក្រុង​ Mosul ​ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ


បុរស​ម្នាក់​ស្ថិត​នៅ​លើ​រថយន្ត​ចម្បាំង​របស់​កង​ទ័ព​អ៊ីរ៉ាក់ ក្នុងពេល​ប្រយុទ្ធ​នឹង​ពួក​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាង​លិច​ទីក្រុង Mosul កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា។

បុរស​ម្នាក់​ស្ថិត​នៅ​លើ​រថយន្ត​ចម្បាំង​របស់​កង​ទ័ព​អ៊ីរ៉ាក់ ក្នុងពេល​ប្រយុទ្ធ​នឹង​ពួក​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាង​លិច​ទីក្រុង Mosul កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា។

កងទ័ព​អ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ដើម្បី​ត្រួតត្រា​ស្ពាន​មួយ​កន្លែង​ដែល​ឆ្លងកាត់​ទន្លេ ​Tigris ​ក្នុង​ទីក្រុង ​Mosul ​នៅ​ពេល​ដែល​ជន​ស៊ី​វិល​បន្ត​រត់​គេចខ្លួន​ពី​ផ្នែកភាគ​ខាង​លិច​នៃ​ទីក្រុង​នោះ។

​ការកាន់​កាប់​ស្ពាន​ដែល​ភ្ជាប់​សង្កាត់ Old City​ របស់​ទីក្រុង​ Mosul​ ជាមួយ​ផ្នែក​ខាង​កើត ​នឹង​ផ្តល់​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​នូវ​ការ​ត្រួតត្រា​ស្ពាន​៣​ក្នុង​ចំណោម​ស្ពាន​ដែល​ឆ្លងកាត់​ទន្លេ Tigris ទាំង​អស់។

កងទ័ព​អ៊ីរ៉ាក់បាន​ចាប់​ផ្តើម​យុទ្ធនាការ​ដើម្បី​ដណ្តើម​ទីក្រុង​ Mosul​ ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ​នៅ​ខែ​តុលា។ ពួកគេ​បាន​កាន់​កាប់​ផ្នែក​ខាង​កើត​នៃ​ទី​ក្រុង​នោះ​មក​វិញ ​មុនពេល​ចាប់​ផ្តើម​កិច្ច​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី៩ ​ខែ​កុម្ភៈ​ ដើម្បី​កាន់​កាប់​ទីក្រុង Mosul ​ភាគ​ខាង​លិច​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​មក​វិញ។

​នៅពេល​ដែល​មានការ​បាញ់​ផ្តក់​និង​ការ​បាញ់​ប្រហារ ​ចរន្ត​ជន​ភៀស​ខ្លួនកំពុងរត់​គេច​ចេញ​ពី​សង្កាត់​នានា​នៅ​ភាគ​លិច​ដើម្បី​ចូល​រួម​ជាមួយ​មនុស្ស​៨​ម៉ឺន​នាក់​ដែល​បាន​ចាក​ចេញ​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​តំបន់​នោះ​មក​វិញ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មុន។

កងទ័ព​អ៊ីរ៉ាក់ ​បាន​ផ្តាច់​ទី​ក្រុង ​Mosul​ ចេញពី​ផ្នែក​នានា​នៃ​ទឹកដីដែល​ត្រួតត្រា​ដោយ​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

ការ​បាត់​បង់​ទីក្រុង​ Mosul ​ជា​ការបរាជ័យ​ដ៏​ធ្ងន់​ធ្ងរ​របស់​ក្រុម​រដ្ឋ​ឥស្លាម។

យោង​តាម​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ (IOM)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ស៊ី​វិល​ប្រហែល​៦​សែន​នាក់​នៅតែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង​ Mosul។ អង្គការ ​IOM​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង​ Mosul ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​២​សែន​៤​ម៉ឺន​នាក់​គ្មាន​ទី​កន្លែង​រស់​នៅ៕

XS
SM
MD
LG