ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បោស​​សម្អាត​គ្រាប់​មីន​និង​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត​នៅ​តែ​​មាន​ភាព​ស្រួច​ស្រាវ​នៅ​ឡើយ

  • Lisa Schlein

រូបឯកសារ៖ រូបភាពនេះបានធ្វើឡើងពីវីដេអូ ថតថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2015 ផ្តល់ជូនដោយមជ្ឈមណ្ឌលដោះមីននិងស្តារលទ្ធភាពស៊ីរី បង្ហាញអ្នកដោះមីនអ្នកស្ម័គ្រចិត្តម្នាក់ យកមីនចេញដីនៅក្នុងទីក្រុង Daraa ប្រទេសស៊ីរី។

រូបឯកសារ៖ រូបភាពនេះបានធ្វើឡើងពីវីដេអូ ថតថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2015 ផ្តល់ជូនដោយមជ្ឈមណ្ឌលដោះមីននិងស្តារលទ្ធភាពស៊ីរី បង្ហាញអ្នកដោះមីនអ្នកស្ម័គ្រចិត្តម្នាក់ យកមីនចេញដីនៅក្នុងទីក្រុង Daraa ប្រទេសស៊ីរី។

សេវា​កម្ចាត់​មីននៃ​អង្គការ​សហប្រជាជាតិ​ កំពុង​ស្នើ​គម្រោង​ថវិកា​ជាង​ ​៥០០​ លាន​ដុល្លារ​អាមេរិកបន្ថែម​ទៀត​ ដែល​ចំនួន​នេះ​ស្នើ​នឹង​កំណើន​ ៥០ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ចំនួនដែលបានស្នើ​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ចំនួន ​២២។

ក្រុម​សកម្មជន​នៅ​តែ​ធ្វើយុទ្ធនាការ​ ដើម្បី​ឲ្យ​ពិភពលោក​គ្មាន​គ្រាប់​មីន​នៅ​ត្រឹម​ឆ្នាំ​២០២៥។ ប៉ុន្តែ​ ការ​រំពឹង​ទុក​នោះ​ ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​សន្លឹម ដោយសារ​តែ​កិច្ចការ​បោស​សម្អាត​គ្រាប់​មីន​នៅ​តាម​តំបន់​ផ្សេងៗ​ ដូចជា​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម ​កំពុង​មាន​ភាព​យឺត​យ៉ាវ​ដោយសារ​តែ​កង្វះ​ថវិកា ​និងការកើនឡើងបន្ថែម​ទៀត នៃ​តំបន់គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ផ្ទុះ​នៃ​គ្រាប់​ទាំង​នោះ​។

នៅ​ក្នុង​ឆ្នាំ​នេះ​ សេវា​កម្ចាត់​មីន​នៃ​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា​ UNMASS ប្រារព្ធ​ខួប​ទី​២០​របស់​ខ្លួន​ និង​ខួប​នៃ​ការ​អនុម័ត​សន្ធិ​សញ្ញា​អន្តរជាតិ​ស្ដី​ពី​ការហាម​ឃាត់ការប្រើ​ប្រាស់​ ការ​រក្សា​ទុក​ ការផលិត​ និង​ការ​បំផ្លិច​បំផ្លាញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស។

ថវិកា​ដែល​បាន​មក​ពី​ការ​ស្នើ​សុំ​នេះ​ នឹង​ផ្តល់​ជា​មូលនិធិ​ទៅ​កាន់​គម្រោង​ជាង​ ២០០​ នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ពោរពេញទៅ​ដោយ​គ្រាប់​មីន​ គ្រាប់​បែក​ចង្កោម​មិន​ទាន់​ផ្ទុះ គ្រាប់​រ៉ុកកែត​ និង​គ្រឿង​បំផ្ទុះ​កែច្នៃ​ នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ អាស៊ី​ អឺរ៉ុប​ តំបន់​មជ្ឈិម​បូព៌ា​ និង​អាមេរិក​ខាង​ត្បូង។

លោក​ស្រី​ Agnes Marcaillou ​នាយិកា​អង្គការ​ UNMASS ​និយាយ​ថា​ ប្រទេស​អ៊ីរ៉ាក់​ គឺជាទីតាំង​ប្រតិបត្តិការធំ​បំផុត​របស់​ទីភ្នាក់​ងារ​នេះនឹងត្រូវការ​ថវិកា​ ​ចំនួន៥០ ​លាន​ដុល្លារ ​ដើម្បី​អនុវត្ត​ការងារ​នៅ​ទីនោះ។ លោក​ស្រី​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ VOA ​ថា អ្នក​ដោះ​មីន​បាន​ចាប់​ផ្ដើម​វាយ​តម្លៃ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់​ហើយ​ បើ​ទោះ​បី​ជា​ប្រតិបត្តិការ​បោស​សម្អាត​អាវុធ​នឹង​មិន​ទាន់អាចកើត​ឡើង បាន មុន​ពេល​ជម្លោះ​ត្រូវ​បាន​បញ្ចប់​ និង​ត្រូវធ្វើ​មានសុវត្ថិភាព​ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​នោះ។​

លោក​ស្រី​និយាយ​ថា៖ «អ្វី​ដែល​យើង​កំពុង​ពិនិត្យ​មើល​សម្រាប់​ការងារ​នៅ​ក្នុងទីក្រុង​ Mosul បន្ទាប់​ពី​កិច្ចការ​របស់​យោធា​នោះ​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ​ប្រតិបត្តិការ​ និង​អ្នក​ដោះ​មីន​ត្រូវ​តែ​ធ្វើការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ពីព្រោះថា​នេះ​ជាប្រតិបត្តិការ​យោធា។ បន្ទាប់មកអង្គការ​ UNMASS​ នឹងដាក់​ពង្រាយកម្លាំង​ដើម្បី​វាយ​តម្លៃ​ស្ថានភាព​ និងភាព​ជាក់​ស្តែង​នៃ​ការ​ខូច​ខាត។ ​យើង​ត្រូវសិក្សាឲ្យដឹង​ថា តើគ្រឿង​បំផ្ទុះ​កែច្នៃ​ដែល​ស្មុគ​ស្មាញ​ ឬប្រភេទ​មីន​ប្រឆាំង​រថក្រោះ​ត្រូវ​បាន​ដាក់​នៅទី​កន្លែង​ណា​ខ្លះ? ​នេះ​ជា​ជំនាញ​ផ្សេង​គ្នា។ បន្ទាប់​មក​ យើងត្រូវ​ការហ្វឹក​ហាត់​ជំនាញ​ទាំង​នោះ និង​បង្កើត​ក្រុម​ការងារ»។​

ក្រៅ​ពី​ប្រទេស​អ៊ីរ៉ាក់​ តម្រូវការខ្ពស់​បំផុត​សម្រាប់​មូលនិធិ​នេះ​ រួម​មាន​នៅ​តំបន់ដែល​មាន​ជម្លោះយ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ស៊ីរី​ និង​យេម៉ែន។ លោក​ស្រី Marcaillou​ បន្ថែម​ថា​ អង្កការ​ UNMASS ត្រូវ​ការ​ថវិកា​ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សំណល់​គ្រឿង​ផ្ទុះ​យ៉ាង​ច្រើន​នៅ​រាយ​ពាស​ពេញ​ប្រទេស។​ ប្រទេស​ទាំង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ និង​ឡាវ។

លោក​ស្រី​និយាយ​ថា​ កម្មវិធី​ប្រកប​ដោយ​ជោគជ័យ​ដែល​កំពុង​ដំណើរ​ការ​ មាន​នៅ​ប្រទេស​ម៉ាលី​ សូម៉ាលី​ និង​ប៉ាឡេស្ទីន៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG