ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទាហាន​អ៊ីរ៉ាក់​ប្រឈម​នឹង​ការប្រយុទ្ធ​ស្វិតស្វាញ ខណៈ​ដែល​ការប្រយុទ្ធ​នៅ​ទីក្រុង​Mosul ចេះ​តែ​រំកិល​ទៅ​មុខ​


កងកម្លាំង​ពិសេស​របស់​អ៊ីរ៉ាក់​កំពុង​ត្រៀម​ខ្លួន​នៅ​ភាគខាងលិច​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់កាល​ពី​ថ្ងៃទី២៤ កុម្ភៈ ២០១៧។

មន្ត្រី​យោធា​អ៊ីរ៉ាក់​និយាយ​ថា កងកម្លាំង​ដែល​គាំទ្រ​អាមេរិក​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ស្វិតស្វាញ​ជាងមុន ខណៈ​ដែល​ទាហាន​បាន​វាយ​សម្រុកកាន់​តែ​ជ្រៅ​ទៅ​ដល់​ប៉ែក​ខាង​លិច​ពាក់​កណ្តាល​ទីក្រុង Mosul។ ទីក្រុង Mosul គឺ​ជា​ជម្រក​ចុង​ក្រោយ​បង្អស់​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​

លោក​វរសេនីយទោ Abdulamir al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ការដណ្តើម​យក​បាន​អាកាសយានដ្ឋាន​នៅ Mosul កាល​ពី​លើក​មុន​បាន​នាំ​ឲ្យ​មានការ​វាយ​សម្រុក​ទៅ​ប៉ែក​ខាង​ជើង​ឆ្ពោះ​ទៅ​កណ្តាល​ទីក្រុង ដែល​នៅ​ទីនោះ​ពួកគេ​មាន​ផែនការ​នឹង​ដណ្តើម​យក​ស្ថានកុងស៊ុល​ទួកគី​និង​អគារ​រដ្ឋាភិបាល​មក​វិញ។ ​

លោក​បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​កាន់​តែ​ខ្លាំង ខណៈ​ដែល​ពួកគេ​វាយ​សម្រុក​កាន់​តែ​ជ្រៅ​ចូល​ទៅ​ទីក្រុង​ដែល​ក្រុម​រដ្ឋ​ឥស្លាម​កាន់កាប់។

លោក al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា «ក្រុមរដ្ឋឥស្លាម​កំពុង​តែ​ប្រើប្រាស់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ធ្វើ​ជា​របាំង​សម្រាប់​ការពារ​ខ្លួន»។

ក្រុម​រដ្ឋឥស្លាម​ក៏​បាន​ចាប់​ផ្តើម​បង្កាត់​ភ្លើង​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​លាក់​ជំហរ​របស់​ខ្លួន និង​ក្រាល​ក្រណាត់​នៅ​លើ​ផ្លូវ​ចង្អៀត​នានា​ក្នុង​ទីក្រុង មូស៊ុល ដើម្បី​ការពារ​ខ្លួន​ពី​ការឈ្លប​យក​ការណ៍​លើ​អាកាស​ផង​ដែរ។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ាក់ Kurd បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​មក​ថា អ្នកឆ្លើយឆ្លង​សារព័ត៌មាន​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​យក​ព័ត៌មាន​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង Mosul៕

XS
SM
MD
LG