ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​គ្នា និង​ការ​ចូលរួម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ


ស្រ្តី​ទី១ Michelle Obama ឱប​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បន្ទាប់​សុន្ទរកថា​ចុង​ក្រោយ​របស់​លោក​នៅ​មជ្ឈមណ្ឌល McCormick Place ក្នុង​ក្រុង Chicago កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អាមេរិក​ជា «កន្លែង​មួយ​ល្អ​ប្រសើរ និង​ខ្លាំង​ជាង» នៅ​ពេល​លោក​ចូល​កាន់​តំណែង​ប្រធានាធិបតីកាលពី​ឆ្នាំ២០០៨ ដោយ​លោក​ចង្អុល​បង្ហាញ​ការ​កែប្រែ​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ការ​អនុម័ត​កម្មវិធី​ថែរក្សា​សុខភាព​របស់​លោក​ដែល​គួរ​កត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ និង​ការ​ធ្វើ​ឱ្យ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​មាន​ភេទ​ដូចគ្នា​ស្រប​ច្បាប់ ថា​ជា​សមិទ្ធិផល​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​បាន​ទទួល​តាម​រយៈ​សារ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​លោក។​

ផ្នែក​នេះ​នៃ​សុន្ទរកថា​សុំ​លា​ប្រជារាស្ត្រ​របស់​លោក​បាន​នាំ​ឱ្យ​មាន​ការ​ទះ​ដៃ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ក្រុង Chicago ដែល​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​នៅ​តែ​ពីរ​ ឬ​បី​គ.ម.​ពី​កន្លែង​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​ទទួល​តំណែង​នៅ​យប់​ដែល​លោក​បាន​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​មួយ​របស់​លោក​ក្នុង​សេតវិមាន។​

ដោយ​នៅ​សល់​ពេល​តិច​ជាង​ពីរ​សប្តាហ៍​នៅ​មុន​ការ​ទទួល​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump លោក​អូបាម៉ា​បញ្ជា​ដល់​ពួក​សហការី​លោក​ឱ្យ​រៀបចំ​សុន្ទរកថា​មួយ​ដែល​នឹង​និយាយ​ទៅ​កាន់​ជនជាតិ​អាមេរិកាំង​គ្រប់​គ្នា​ ដោយ​មាន​រួមបញ្ចូល​ទាំង​ជន​ដែល​បាន​បោះឆ្នោត​ឱ្យ​លោក Trump ផង​ដែរ។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា​អាស្រ័យ​ទៅ​លើ​ប្រជារាស្ត្រ​អាមេរិកាំង​ទាំង​អស់​គ្នា​ដែល​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​រដ្ឋាភិបាល​អាច​ពុះពារ​ឧបសគ្គ​ជាច្រើន​របស់​ប្រទេស​ហើយ​ថា​លោក​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​អន្តរកាល​ទៅ​កាន់​រដ្ឋបាល​ថ្មី​មាន​ភាព​រលូន​តាម​ដែល​អាច​ធ្វើ​បាន៕

XS
SM
MD
LG