ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែន ​ព្រួយ​បារម្ភ​ ហើយ​សុំ​ឱ្យ​ដោះស្រាយ​បញ្ហា​កូរ៉េ​ ស៊ីរី​និង​មជ្ឈិមបូព៌ា​ដោយ​សន្តិវិធី


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កម្មពិធី​បុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

កាល​ពី​ថ្ងៃ​សប្តាហ៍​មុន​ រដ្ឋបាល​លោក ដូណាល់ ត្រាំ ​បាន​វាយ​ប្រហារ​ដោយ​បាញ់​គ្រាប់​មីស៊ីល​ទៅ​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស​ស៊ីរី ​ដែល​ជា​ទីកន្លែង​ក្រុម​មន្ត្រី​អាមេរិក​ជឿ​ថា ​ស៊ីរី​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​នឹង​របប​ Assad ​ដោយ​ការ​ប្រើប្រាស់​អាវុធ​គីមី។

ខណៈ​កំពុង​មាន​សភាព​ការណ៍​តានតឹង​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ​ប្រទេស​ស៊ីរី ​និង​នៅ​មជ្ឈិម​បូព៌ា នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ ​តាមរយៈ​ការ​ចរចា និង​ព្យាយាម​រក្សា​ភាព​អត់ធ្មត់​លើ​បញ្ហា​កូរ៉េ​ខាងជើង​និង​នៅ​ប្រទេស​ស៊ីរី។

លោក ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ ឆ្នាំ២០១៧ ​នៅ​ក្នុង​ខេត្ត​សៀមរាប។ លោក​បាន​ថ្លែង​ថា​ លោក​មាន​ការបារម្ភ​យ៉ាង​ជ្រាលជ្រៅ​អំពី​សភាពការណ៍​នៅ​មជ្ឈិម​បូព៌ា​ នៅ​ប្រទេស​ស៊ីរី ​និងកូរ៉េ​ខាងជើង​ ខណៈ​កំពុង​តែ​មាន​ស្ថានភាព​តានតឹង។

«បើ​ទោះបី​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ក៏ដោយ ​ចុះ​តែ​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សម្តែង​នូវ​ការ​ព្រួយបារម្ភ​ដ៏ជ្រាល​ជ្រៅ​របស់​ខ្លួន ​ចំពោះ​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​សភាព​ការណ៍​ស៊ីរី ​និង​កូរ៉េខាង​ជើង»។​

លោក ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះស្រាយ​លើបញ្ហា​ទាំង​នោះ​ តាម​រយៈ​ការ​ចរចា។

លោក​បាន​ថ្លែង​ថា​៖ «យើង​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់ ​ហើយ​ព្យាយាម​ដោះស្រាយ​នូវ​ជម្លោះ​ទាំង​នោះ តាម​រយៈ​នៃ​ការ​ចរចា។ ទង្វើ​នៃ​ការ​បាញ់​ប្រហារ​តាម​រយៈ​មីស៊ីល​ក្តី​ឬ​អាវុធ​គីមី​ក្តី​ វា​ជា​សោកនាដកម្ម​ ហើយ​កម្ពុជា​ធ្លាប់​ជា​ជនរងគ្រោះ​នៃ​អំពើ​បែប​នេះ ​គឺ​ពិត​ជា​បាន​យល់​ច្បាស់​អំពី​ការ​លំបាក​របស់​ប្រជាជន​នៃ​ប្រទេស​ដែល​កំពុង​មាន​សង្រ្គាម​ហែកហួរ»។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ជាមួយ​រូបលោក​ និង​រដ្ឋាភិបាល ​ដើម្បីការពារ​សន្តិភាព​ឲ្យ​ខាង​តែ​បាន។

លោក​បន្ថែម​ថា ​ជំហរ​របស់​កម្ពុជា​ គឺ​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​ខាង​ជើង​គ្មា​ន​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ចាប់ផ្តើ​ម​ការ​ចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ឡើង​វិញ​ ដើម្បី​ដោះ​ស្រាយ​ដោយ​សន្តិវិធី។ ​កម្ពុជា​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ទាំងពីរ​ ទោះជា​កម្ពុជា​មិន​មាន​ប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។ កម្ពុជា​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ច្រើន​ជាមួយ​កូរ៉េ​ខាងត្បូង​ ក្នុង​នោះ​មាន​ការ​វិនិយោគ ទេសចរណ៍​ និង​ការ​បញ្ជូន​កម្លាំង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាដើម។​

គ្រាប់បែក​កម្លាំ​ងខ្លាំង​បំផុត​របស់​អាមេរិក តែ​មិនមែន​ជា​គ្រាប់​បែក​បរិមាណូ។
គ្រាប់បែក​កម្លាំ​ងខ្លាំង​បំផុត​របស់​អាមេរិក តែ​មិនមែន​ជា​គ្រាប់​បែក​បរិមាណូ។

លោក Paul Chambers ​សាស្រ្តាចារ្យ​ និង​ទីប្រឹក្សា​ស្តីពី​បញ្ហា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ប្រាប់​VOAតាម​រយៈ​អ៊ីម៉េល​ថា៖

«វា​សមរម្យ​សម្រាប់​អាស៊ាន​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា ​ដែល​ជា​មធ្យោបាយ​មួយ​ឆ្ពោះ​ទៅ​រក​សន្តិភាព។ ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​រដ្ឋ​ គឺ​ជា​ហេតុផល​សំខាន់​នៃ​ការ​បង្កើត​អាស៊ាន»។

លោក​បន្ថែម​ថា៖ «ចំណែក​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន វា​ទំនង​ជា​លោកកំពុង​ចង់​កសាង​ខ្លួន​របស់​លោក​ ជា​រដ្ឋបុរសជា​សាកល​ ដើម្បី​បង្ហាញ​ថា ​លោក​អាច​តទល់​ជាមួយ​បណ្តា​មេដឹកនាំ​ផ្សេង​ទៀត​លើ​បញ្ហា​អន្តរជាតិ​ ខណៈ​បង្ហាញ​ប្រជាជន​កម្ពុជា​ថា​ លោក​អាច​ជា​សំឡេង​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ»។

លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​មាន​ប្រសាសន៍​ថា​ បញ្ហា​បច្ចុប្បន្ន​ហាក់​ដូចជា​សង្រ្គាម​ត្រជាក់របស់​ប្រទេស​មហា​អំណាច។​ លោក​បាន​ចោទ​ជាសំណួរ​ថា ​តើ​ការ​អំពាវនាវ​របស់​កម្ពុជា ​ឬ​អាស៊ាន​មាន​ឥទ្ធិពល​កម្រិត​ណា​ទៅដល់​មេដឹកនាំ​ប្រទេស​មហា​អំណាច។

«យើង​ចេះ​តែ​អំពាវនាវ​ទៅ ​ប្រទេស​យើង​តូច ទឹក​មាត់​យើង​សាប ​តើ​ប្រទេស​ធំៗ ​គេ​ស្តាប់​ដល់​កម្រិត​ណា? សូម្បីតែ​អាស៊ាន​ សំឡេង​រួមគ្នា​មួយ​ទាក់ទង​នឹង​បញ្ហា​ហ្នឹង​ក៏​គ្មាន​ទឹក​មាត់​អីប្រៃ ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ…»។

ទោះជា​យ៉ាងណា​ លោក ឈាង វណ្ណារិទ្ធិ ​បាន​លើក​ឡើង​ថា ​អាស៊ាន​គួរតែ​យក​វេទិកា​ប្រជុំ​អាស៊ាន​ណាមួយ ​ដើម្បី​ផ្តល់​ជា​ឱកាស​ឲ្យ​ប្រទេស​មហាអំណាច​ និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ជួប​ចរចា​គ្នា ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

លោក​បណ្ឌិត​ អ៊ា សុផល​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angeles ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ជា​សំណួរ​ពី​ឥទ្ធិពល​របស់​កម្ពុជា ​និង​អាស៊ាន​នៅ​ក្នុង​ការ​អំពាវនាវ​លើ​បញ្ហា​នេះ។​

«កូរ៉េ​ខាងជើង​និង​ស៊ីរី ​កំពុង​តែធ្វើ​អាក្រក់​ចំពោះ​ប្រជាជន​របស់​ពួកគេ។ នៅ​ពេល​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា ​មិន​គួរ​មាន​ជា​តាក់តិច​បន្លំ​មួយ​ ដែល​ចង់​ឲ្យ​ប្រទេស​រុស្ស៊ី ​អាច​ជួយ​មិត្ត​របស់​គេ ​គឺ​ស៊ីរី ​ឬ​ក៏​ប្រទេស​ចិន​ជួយ​មិត្ត​របស់​គេ​ គឺ​កូរ៉េខាងជើង»។

រូបផែនទី​បង្ហាញ​ពី​ការ​ខូចខាត​នៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​ប្រទេស​ស៊ីរី បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បាញ់​គ្រាប់មីស៊ីលតាម​នាវា។
រូបផែនទី​បង្ហាញ​ពី​ការ​ខូចខាត​នៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​ប្រទេស​ស៊ីរី បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បាញ់​គ្រាប់មីស៊ីលតាម​នាវា។

​កាល​ពី​ថ្ងៃ​សប្តាហ៍​មុន​ រដ្ឋបាល​លោក ដូណាល់ ត្រាំ ​បាន​វាយ​ប្រហារ​ដោយ​បាញ់​គ្រាប់​មីស៊ីល​ទៅ​មូលដ្ឋាន​យោធា​ផ្លូវ​អាកាស​ស៊ីរី ​ដែល​ជា​ទីកន្លែង​ក្រុម​មន្ត្រី​អាមេរិក​ជឿ​ថា ​ស៊ីរី​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​នឹង​របប​ Assad ​ដោយ​ការ​ប្រើប្រាស់​អាវុធ​គីមី។

ខណៈ​កំពុង​ជាប់​ដៃ​នឹង​បញ្ហា​នៅ​ប្រទេស​ស៊ីរី ​សហរដ្ឋ​អាមេរិកក៏​កំពុង​តាម​ដាន​យ៉ាងជិតដិត​លើ​បញ្ហា​អាវុធនុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង​ផង​ដែរ។ សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងជើង​ប្រឈម​មុខគ្នា​នឹង​ជម្លោះ​ពាក្យ​សម្តី​ជា​បន្តបន្ទាប់។​

ប្រធានាធិបតី​អាមេរិក​បាន​ផ្ញើសារ​ព្រមាន​កាលពី​ពេលថ្មីៗ​នេះថា​ កូរ៉េ​ខាងជើង​គឺ​ជា​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ​កូរ៉េខាង​ជើង​បាន​ដាក់​គ្រឿង​មួយ​នៅ​ក្នុង​រូង​ក្រោម​ដី​នៅ​ឯកន្លែង​ពិសោធ​បរិមាណូ​របស់​ខ្លួន​ ដែល​អាច​ត្រូវ​បំផ្ទុះនៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​

ចំណែក​បញ្ហា​នៅ​មជ្ឈិម​បូព៌ាវិញ ​យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខ្លួន​បាន​ទម្លាក់​គ្រាប់​បែក​មាន​កម្លាំង​ដ៏​ខ្លាំង​បំផុត​ តែមិនមែន​ជា​គ្រាប់​បែក​បរិមាណូ ទៅ​លើ​រូង​ក្រោម​ដី​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក Achin នៃ​ខេត្ត Nangarhar នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។ ការ​ទម្លាក់​គ្រាប់​បែ​នេះ ​គឺដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើងនូវ​ការ​ប្រើប្រាស់​ត្រង់​សេ​ និង​រូង​ក្រោមដី​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​ការពារ​ខ្លួន៕

XS
SM
MD
LG