ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រហារ​ដោយ​អាវុធ​គីមី


នាវា​ពិឃាត​របស់​អាមេរិក​ឈ្មោះ USS Ross បាញ់​កាំជ្រួច​មីស៊ីល​ធុន​ Tomahawk កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ពី​សមុទ្រ​មេឌីទែរ៉ាណេ។

កាល​ពី​ព្រឹកថ្ងៃ​សុក្រ​នេះ​ កង​យោធា​ស.រ.អា.​បាន​បាញ់​កាំជ្រួច​មីស៊ីល​ជា​ច្រើន​គ្រាប់​ជា​ការ​ឆ្លើយតប​ដល់​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​គួរ​ឱ្យ​ប្រល័យ​ដែល​បាន​ត្រូវ​បន្ទោស​លើ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad។​ ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នេះ​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​ប្រមាណ​១០០​នាក់​ស្លាប់។ ​នេះ​ជា​ការ​វាយ​លុក​លើក​ទី​មួយ​ដោយ​ផ្ទាល់​របស់​ស.រ.អា.​លើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។​

ប្រទេស​រុស្ស៊ី​ដែល​បាន​ផ្តល់​ពួក​ទាហាន និង​ការ​គាំទ្រ​ខាង​អាកាស​ដល់​រដ្ឋាភិបាល Assad បាន​ថ្កោលទោស​សកម្មភាព​យោធា​របស់​ស.រ.អា.​នេះ ដោយ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​ «អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​មួយ» ហើយ​បាននិយាយ​ថា​ ពួក​គេ​ព្យួរ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​មួយរវាង​ប្រទេស​រុស្ស៊ី និង​ស.រ.អា.​សម្រាប់​សុវត្ថិភាព​នៃ​ការ​ហោះ​ហើរ​លើ​ប្រទេស​ស៊ីរី។

កាំជ្រួច​មីស៊ីល​ធុន​ Tomahawk ៥៩​គ្រឿង​បានត្រូវ​បាញ់​បង្ហោះ​នៅ​រវាង​ម៉ោង៤និង​៤០នាទី​ព្រឹក​ ម៉ោង​ក្នុង​ស្រុក ​ពី​នាវា​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​ស.រ.អា.ឈ្មោះ USS Ross និង​ USS Porter ដែល​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​សមុទ្រ​មេឌីទែរ៉ាណេ ភាគ​ខាង​កើត។​ ពួក​មន្ត្រី​ស.រ.អា.​បាន​ថ្លែង​ថា​ការ​បាញ់​កាំជ្រួច​មីស៊ីល​ទាំង​នេះ​មាន​រយៈពេល​ពី​បីទៅ​បួន​នាទី។

គេ​បាន​និយាយ​ថា កងកម្លាំង​ស.រ.អា.​បាន​យក​វាល​យន្តហោះ​ Shayrat ក្នុង​ប៉ែក​ខាងលិច​នៃ​ប្រទេស​ស៊ីរី​ជា​ទីដៅ​នៃការ​វាយ​ប្រហារនេះ​ជា​ការ​សងសឹក​ដល់ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​ពួក​មន្ត្រី​អាមេរិកាំង​មាន​ជំនឿ​ថា​កង​យន្តហោះ​រដ្ឋាភិបាល​បាន​វាយ​ប្រហារ​លើ​ក្រុង​មួយ​កាន់កាប់​ដោយ​ពួកឧទ្ទាម​ជាមួយ​ឧស្ម័ន​ពុល។

មន្ត្រី​ម្នាក់​នៃ​កងទ័ព​ជើង​ទឹក​ស.រ.អា.​បាន​និយាយ​ប្រាប់​ VOA ​ថា​វាល​យន្តហោះ​នេះ​បាន​ត្រូវ​យក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ពី​ព្រោះ​មាន​ទំនង​ខ្លាំង​បំផុត​ថា​វាល​យន្តហោះ​នេះ​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​បើក​ធ្វើការ​វាយ​ប្រហារ​ដោយ​អាវុធគីមី​កាលពី​ថ្ងៃ​អង្គារ៕

XS
SM
MD
LG