ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី Trump ព្រមាន​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​ការ​បង្ក​រឿង​ថែម​ទៀត


រូបភាព​ដែល​គេ​ដាក់​បញ្ចូល​គ្នា​បង្ហាញ​ពី​រូបភាព​របស់​លោក​ប្រធានាធិបតី Kim Jong Un របស់​កូរ៉េ​ខាង​ជើង​ និង​លោក​ប្រធានាធិបតី Donald Trump របស់​អាមេរិក កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

កាលពី​ថ្ងៃព្រហស្បតិ៍​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​បញ្ជូន​សារ​ថ្មី​មួយ​ទៅ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​កុំ​ឱ្យ​ធ្វើ​ការ​បង្ក​រឿង​ថ្មីៗ​ទៀត នៅ​ពេល​មាន​របាយ​ការណ៍​ច្រើន​ឡើងៗ​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ប្រារព្ធ​ពីធី​បុណ្យ​ជាតិ​ធំ​បំផុត​របស់​ផង​ខ្លួន​ជាមួយ​ការ​ពិសោធន៍​បរមាណូ​មួយ។

លោក Trump បាន​និយាយ​នៅ​ឯ​សេតវិមាន​ថា «ប្រទេស​កូរ៉េ​ខាង​ជើង​ជា​បញ្ហា​មួយ។ បញ្ហា​នេះ​នឹង​ត្រូវ​ដោះស្រាយ​បាន»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឆ្លើយតប​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​លោក​ Han Song Ryol អនុ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ផង​ខ្លួន​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា នៅ​ពេល​នេះ​ស្ថានការណ៍​ក្នុង​ឧបទ្វីប​កូរ៉េ​មាន «ភាព​វិលវល់» ហើយ​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ «មិន​នៅ​ឱប​ដៃ​ទេ» នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ជា​មុន​ដោយ​ស.រ.អា.​នោះ។

លោក Han បាន​និយាយ​ថា «ប្រសិន​បើ​ស.រ.អា.​ធ្វើ​សកម្មភាព​យោធា​ដោយ​ធ្វេស​ប្រហែស នោះ​យើង​នឹង​ប្រឈមមុខ​ជាមួយ​ប្រទេស​អាមេរិក​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ជាមុន «ដោយ​លោក​បាន​និយាយ​យោង​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​ប្រើ​ឈ្មោះ​ជា​ផ្លូវការ​របស់​ប្រទេស​នេះ។ ​លោក Han បាន​និយាយ​បន្ថែម​ថា «យើង​មាន​អាវុធ​បរមាណូ​មាន​កម្លាំង​ខ្លាំង​រួច​ស្រេច​ហើយ​នៅ​ក្នុង​កណ្តាប់​ដៃ​ដែល​អាច​រារាំង​ការ​វាយ​ប្រហារ​មក​លើ​យើង​ ហើយ​យើង​ប្រាកដ​ជា​នឹង​មិន​ឱប​ដៃ​ទេ​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​ការ​វាយ​ប្រហារ​ជាមុន​ដោយ​ស.រ.អា.​នោះ»៕

XS
SM
MD
LG