ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្តី​សង្ឃឹម​របស់​ភាពយន្ត​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​​ព្រឹត្តិការណ៍ FILMART នៅ​ហុងកុង


អ្នកនាង Nancy Wu តារា​សម្ដែង​របស់​ទូរទស្សន៍​ហុងកុង​ TVB ថត​រូប​ជាមួយ​អ្នក​គាំទ្រ​ នៅ​ក្នុងព្រឹត្តិការណ៍ FILMART ​ដែល​ជា​ទី​ផ្សារ​សម្រាប់​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ក្នុង​អាស៊ី​ រៀបចំ​នៅ​ទី​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)

ភាពយន្ត​កម្ពុជា​ចំនួន​២ បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​អន្តរជាតិ FILMART ក្នុង​ទីក្រុងហុងកុង​​ គឺ​ ភាពយន្ត​ស្នេហ៍ស្វ័យគុណ៤​ និង​ភាពយន្ត​ Jailbreak។

នៅ​ក្នុង​ទីក្រុង​ដែល​មាន​ភាព​រស់​រវើក​និង​សម្បូរ​បែប​របស់​ហុងកុង ផលិតករ​ខ្សែ​ភាពយន្ត​កម្ពុជា​បាន​មក​រួម​គ្នា​ នៅ​ក្នុង​ទីផ្សារ​ភាពយន្ត​ធំ​មួយ​របស់​អាស៊ី។ ពួកគេ​មាន​បេសកកម្ម​រួម​គ្នា​មួយ​ គឺ​ បង្ហាញ​ភាពយន្ត​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

FILMART គឺ​ជា​ព្រឹត្តិការណ៍​ធំមួយ​សម្រាប់​វិស័យ​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​នៅ​តំបន់​អាស៊ី ដែល​មាន​ការ​ដាក់​តាំង​បង្ហាញ​ភាពយន្ត​ ៨០០ ​មក​ពី​ប្រទេស​ចំនួន​៣៥​ ចូលរួម​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​នេះ​ មាន​អ្នក​ចូលរួម​ជាង​៨០០០ នាក់​ ក្រុម​ផលិតករ​មានក្ដី​សង្ឃឹម​ខ្ពស់​ សម្រាប់​ការ​ដាក់​បង្ហាញ​ភាពយន្ត​របស់​ខ្លួន​ ទៅ​កាន់អ្នក​ចែកចាយ​បរទេស។

សម្រាប់​ផលិតកម្ម​កងចក្រ​ភីកឈ័រ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​ភាពយន្ត​ Jailbreak ឬ ការពារ​ឧក្រិដ្ឋជន​កាលពី​ដើម​ឆ្នាំ​នេះ បាន​មក​ចូលរួម​កម្មវិធី​ FILMART នេះ​ ដើម្បី​ពង្រីក​ការ​បញ្ចាំង​របស់​ខ្លួន។

លោក​ តែ​ ឡូយ​ ផលិតករ​នៃ​ក្រុមហ៊ុន​នេះ​ថ្លែង​អំពី​ការចូលរួម​នេះ​ថា៖ «វា​គឺ​ជា​ឱកាស​ដែល​ឲ្យ​អ្នក​ផលិត​ភាពយន្ត​ ស្រង់​ដើម​ចំពោះ​ការ​វិនិយោគ​របស់​ខ្លួននិង​រក​ប្រាក់​ចំណូល​បន្ថែម»។

លោក​និយាយ​ទៀត​ថា​ ទីផ្សារ​បញ្ចាំង​នៅ​កម្ពុជា​នៅ​មាន​កម្រិត ​ហើយ​អ្នក​ផលិត​ជា​ច្រើន​កំពុង​ជួប​ការ​លំបាក។ ពួកគេ​ត្រូវ​ប្រជែង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាមួយ​ខ្សែភាពយន្ត​ក្នុង​ស្រុក​ផ្សេង​ទៀត​ បូករួម​ទាំង​ភាពយន្ត​ហូលីវូដ​ផង​ដែរ។​

«ប្រសិន​បើ​មាន​ការ​ចាក់​បញ្ចាំង​ច្រើន​ ភាពយន្ត​ទាំងនោះ​នឹង​អាច​បន្ត​ការផ្សាយ​ ដូច្នេះ​ពួកគេ​អាច​រក​ចំណូល​បន្ថែម។ វា​មាន​ន័យ​ថា​ ពួកគេ​នឹង​មាន​ថវិកា​ច្រើន​ជាង​មុន​ និង​ការ​ផលិត​ធំ​ជាង​មុន សម្រាប់​ភាពយន្ត​ក្រោយៗ»។

ភាពយន្ត​កម្ពុជា​ចំនួន​២ បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​អន្តរជាតិ​នេះ​ គឺ​ ភាពយន្ត​ស្នេហ៍ស្វ័យគុណ៤​និង​ភាពយន្ត​ Jailbreak។

ក្រុម​ការងារ​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា​ (CFC) ពិភាក្សា​ជាមួយ​នឹង​អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​ នៅ​ក្នុង​អំឡុង​ពិព័រណ៍​ FILMART ​ជា​ទី​ផ្សារ​សម្រាប់​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ក្នុង​អាស៊ី​ រៀបចំនៅ​ទី​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)
ក្រុម​ការងារ​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា​ (CFC) ពិភាក្សា​ជាមួយ​នឹង​អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​ នៅ​ក្នុង​អំឡុង​ពិព័រណ៍​ FILMART ​ជា​ទី​ផ្សារ​សម្រាប់​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ក្នុង​អាស៊ី​ រៀបចំនៅ​ទី​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)

លោក​ ឡូយ បាន​បន្ថែម​ថា​ តាម​រយៈ​កម្មវិធី FILMART នេះ​ លោក​បាន​ទទួល​ការ​ចុះ​កុងត្រា​ចាក់​បញ្ចាំង​ភាពយន្ត​ Jailbreak នៅ​ក្នុង​ប្រទេស​កូរ៉េ។

ការសហការ​ផលិត​គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​វិស័យ​ភាពយន្ត​ នៅ​ក្នុង​ពិព័រណ៍​ឆ្នាំ​នេះ។​

លោក​ ជៀប​ សុវិជ្ជា​ នាយក​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​និង​ទទួល​ការផលិត​ភាពយន្ត​នៅ​កម្ពុជា​ ហៅ​កាត់​ CFC និយាយ​ថា​ ការ​ សហការ​ផលិត​នឹង​លើក​កម្រិត​គុណភាព​និង​កេរ្តិ៍​ឈ្មោះ​ភាពយន្ត​កម្ពុជា។

«បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ក្នុង​ស្រុក​យើង​ មាន​គុណភាព​ល្អ​អាច​បញ្ចាំង​នៅ​លើ​ទីផ្សារ​បរទេស​បាន​ អញ្ចឹង​អាច​រក​ដៃ​គូ​សហការផលិត​រវាង​ផលិតករ​បរទេស​ជាមួយ​ផលិតករ​ក្នុង​ស្រុក​យើង​ ហើយ​នៅ​ពេល​ដែល​មាន​ដៃ​គូ​សហការ​ផលិត​ អាច​ធ្វើ​ឲ្យ​យើង​នឹង​មាន​ដើម​ទុន​ចំណាយ​ក្នុង​ការផលិត​រឿង​មួយៗ​ហ្នឹង​បាន​កាន់​តែ​ច្រើន​ អញ្ចឹង​គុណភាព​កុន​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ អញ្ចឹង​បាន​ន័យ​ថា​យើង​មាន​ទីផ្សារ​នៅ​ក្នុង​ពិភពលោក​នឹង​គេ​ដែរ»។

អ្នក​ចូល​រួម​ ដើរ​កាត់​ច្រក​ចូល​ FILMART ជា​ទី​ផ្សារ​សម្រាប់​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ក្នុង​អាស៊ី​ រៀបចំ​នៅ​ទី​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)
អ្នក​ចូល​រួម​ ដើរ​កាត់​ច្រក​ចូល​ FILMART ជា​ទី​ផ្សារ​សម្រាប់​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ក្នុង​អាស៊ី​ រៀបចំ​នៅ​ទី​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)

CFC បាន​ចូល​រួម​កម្មវិធី​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ផលិតករ​អន្តរជាតិ​ ដើម្បី​ជ្រើសរើ​ស​កម្ពុជា​ធ្វើជា​ទី​តាំង​សម្រាប់​ការ​ថត​ភាពយន្ត។

លោក​វិជ្ជា​និយាយ​ថា​ មាន​ការ​បង្ហាញចំណាប់អារម្មណ៍​ច្រើន​អំពី​ការ​ថត​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា។ លោក​បន្ថែម​ថា​ ប្រសិន​បើ​មាន​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​ដទៃ​កាន់​តែ​ច្រើន នោះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​សហការ​ផលិត​នេះ​ បាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា ។

សម្រាប់​លោក​ ឡូយ​ នេះ​គឺ​ជា​លើក​ទី​ពីរ​ដែល​លោក​បាន​ចូលរួម​ FILMART។ លោក​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​នេះ ប្រភេទ​ភាព​យន្ត​ដែល​ដាក់​តាំង​បង្ហាញ​ មាន​ភាព​ចម្រុះ​ជាង​ឆ្នាំ​មុន​ ក្នុង​នោះ​មាន​ទាំង​បែប​មនោសញ្ចេតនា​ រន្ធត់​ វាយតប់​ ក៏​ដូចជា​រឿង​ដែល​និយាយ​អំពី​ ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ ឬ​ LGBT ផង​ដែរ។

លោក​ សុំ​ ស៊ីថែន​ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត Puprum Entertainment​ មើល​ឃើញ​ថា ពិព័រណ៍​នេះ​ គឺ​ជាឱកាស​ផ្ដល់​ឲ្យ​កម្ពុជា​ស្គាល់​ទីផ្សារ​អន្តរជាតិ។

«ក៏​ខ្ញុំ​ជំរុញ​ដែរ​ថា​ ឲ្យ​លើក​ក្រោយ​ថា​ អ្នក​រក​ស៊ី​ ឬ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ទាំង​អស់​ អាច​ថ្ងៃ​ក្រោយ​មកជើង​ជាមួយ​គ្នា​ទៀត​មក​ វា​ធូរ​ថ្លៃ​ ហើយ​ទីពីរ​យើង​បើក​ភ្នែក​ បើក​ត្រចៀក​ឲ្យ​ឃើញ​ថា​ វិស័យ​ភាព​យន្ត​វា​ធំ​ទូលាយ​ មិន​មែន​មាន​ត្រឹម​ស្រុក​យើង​ យើង​អាច​សហការ​ធ្វើ​ជាមួយ​ស្រុក​គេ​ ឬ​ក៏​ជួញ​ដូរ​ជាមួយ​ស្រុក​គេ​បាន​ទៀត»។

លោក​ ស៊ី​ថែន ​សង្កេត​ឃើញ​ថា​ ទំហំ​នៃ​ការផ្សាយ​របស់​កម្ពុជា​នៅ​មាន​កម្រិត​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិព័រណ៍​នេះ​។

លោក​ ស៊ីថែន​ បន្ថែម​ទៀត​ថា បទពិសោធន៍​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឲ្យ​លោក​អាច​រៀបចំ​បាន​ប្រសើរ​សម្រាប់​ឆ្នាំ​បន្ទាប់​ រាប់​បញ្ចូល​ទាំង​ ការ​រៀប​ចំ​កាតាឡុក​ភាពយន្ត​ ការ​តុបតែង​ស្តង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ ឬ​កំណត់​ប្រភេទ​នៃ​អ្នក​ទិញ​ភាពយន្ត​បាន​ច្បាស់លាស់។

ទោះ​បី​ជា​ការចូលរួម​នេះ​នៅ​មាន​កម្រិត​ ប៉ុន្តែ​ក្រុម​ផលិតករ​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម។

សម្រាប់​លោក ឡូយ​ ជោគជ័យ​របស់​ភាពយន្ត​ Jailbreak គឺ​ជា​ឧទាហរណ៍​ សម្រាប់​ការ​បង្កើន​គុណភាព​ដើម្បី​ចាក់​បញ្ចាំង​នៅ​បរទេស។

«វិស័យ​ភាពយន្ត​នៅ​កម្ពុជា​កំពុង​រីក​ដុះដាល ហើយ​ពួក​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បង្ កើន​គុណភាព​តាម​ស្តង់ដារ​ ហើយ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ»។

លោកបន្ថែម​ថា​ ផលិតករ​គួរ​តែ​ពិចារណា​ការផលិត​ភាពយន្ត​ក្រោយៗ​ឲ្យ​មាន​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ​ ដូច្នេះ​ទើប​ពួកគេ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​បាន៕

XS
SM
MD
LG