ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផលិតករ​ភាពយន្ត "Angkor Awakens" ថា៖ កម្ពុជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​សំខាន់​មួយ


លោក Robert Bob Lieberman គឺជា​អ្នក​ដឹកនាំ និង​ជាផលិតករ​នៃ​ខ្សែភាពយន្តឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។ (រូបថតដោយ Cornell University)

លោក Robert Bob Lieberman គឺជា​អ្នក​ដឹកនាំ និង​ជាផលិតករ​នៃ​ខ្សែភាពយន្តឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។ (រូបថតដោយ Cornell University)

ភាពយន្ត​នេះ​ត្រូវ​បាន​ដឹកនាំ និង​ផលិត​ដោយ​លោក Robert H. Lieberman ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក អ្នក​ថត​ខ្សែ​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក។

កំណត់​និពន្ធ៖ ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ជា​ខ្សែ​ភាពយន្ត​រំជួល​ចិត្ត ដែល​រៀបរាប់​អំពី​ដំណើរ​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ទល់​នឹង​សម័យ​បច្ចុប្បន្ន​កាល និង​ផ្ដោត​ជាពិសេស​លើ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ដែល​ជា​សម័យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រឹងប្រែង​ដើម្បី​បំភ្លេច​របប​ខ្មៅ​ងងឹត​របស់​ពួក​ខ្មែរ​ក្រហម។ ភាពយន្ត​នេះ​ត្រូវ​បាន​ដឹកនាំ និង​ផលិត​ដោយ​លោក Robert H. Lieberman ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក អ្នក​ថត​ខ្សែ​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក។ ភាពយន្ត​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៦ នេះ មាន​គោល​បំណង​ចង់​ឲ្យ​ទស្សនិកជន​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា។ ខ្សែ​ភាពយន្ត​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ បញ្ចេញ​មតិ​យោបល់​ចំពោះ​សង្គម និង​អនាគត​របស់​ប្រទេស​កម្ពុជា។ នា​ពេល​ថ្មីៗ​នេះ លោក Lieberman បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​លោក ភី សុភាដា នៃ VOA ខ្មែរ អំពី​ខ្សែ​ភាពយន្ត​នេះ និង​អំពី​ដំណើរ​វិវត្តន៍​របស់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ តទៅ​នេះ​គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​បទ​សម្ភាសន៍​នេះ​ជា​ភាសា​ខ្មែរ៖

VOA៖ លោក​បាន​ប្រើ​ឃ្លា "Angkor Awakens” ដែល​ភាសា​ខ្មែរ​មាន​ន័យ​ថា «អង្គរ​ភ្ញាក់​ឡើង‍» ជា​ចំណង​ជើង​របស់​ភាពយន្ត​ឯកសារ​របស់​លោក។ ហេតុអ្វី​បាន​ជា​លោក​ប្រើ​ឃ្លា​នេះ?

លោក Lieberman៖ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​បាន​ងើប​ចេញ​ពី​សម័យកាល​ដ៏​ខ្មៅ​ងងឹត​មួយ ដែល​ការពិត មាន​ន័យ​ថា ប្រទេស​កម្ពុជា​បាន​ភ្ញាក់​ឡើង​ពី​របប​ប៉ុលពត។ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ក្មេងៗ​កំពុង​តែ​ភ្ញាក់​ឡើង​ហើយ។ ប្រជាពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់ ឬ​អ្នក​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​មាន​ការ​ភ័យ​ខ្លាច និង​បាក់ស្បាត។ រី​ឯ​យុវជន​ក្មេងៗ​វិញ​កំពុង​ភ្ញាក់​ឡើង​ហើយ។ ខ្ញុំ​គិត​ថា ពួកគេ​កាន់តែ​សកម្ម​ក្នុង​រឿង​នយោបាយ ក្នុង​ចំណោម​រឿង​ផ្សេងៗ​ទៀត ហើយ​ពួកគេ​មាន​សុទិដ្ឋិនិយម​ច្រើន​ជាង​ឪពុក​ម្ដាយ​របស់​ពួកគេ។

VOA៖ តើ​ពួកគេ​មាន​សុទិដ្ឋិនិយម​លើ​រឿង​អ្វី?

លោក Lieberman៖ ពួកគេ​មាន​សុទិដ្ឋិនិយម​លើ​អនាគត និង​អាជីព​របស់​ពួកគេ។ នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ បន្ទាប់​ពី​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ៤ ឆ្នាំ​មក។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​សំខាន់​មួយ។ ខ្ញុំ​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា "They Call it Myanmar” ដោយ​បាន​សម្ភាសន៍​ជាមួយ​នឹង​លោកស្រី Aung San Suu Kyi នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​នៅ​ពេល​នោះ ប្រទេស​មីយ៉ាន់ម៉ា​ជា​ប្រទេស​ឯកោ។ មាន​ជនជាតិ​អាមេរិកាំង​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ពេល​នោះ។ ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​សួរ​ខ្ញុំ​ថា «តើ​ពួកគេ​អាច​ធ្វើ​អ្វី?‍» «តើ​ពួកគេ​អាច​ផ្លាស់ប្ដូរ​សង្គម​តាម​របៀប​ណា?‍» ហើយ​ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​មិន​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ទេ។ ប៉ុន្តែ នៅ​ពេល​នោះ​ការ​ផ្លាស់ប្ដូរ​បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​ដែល​មិន​គួរ​ឲ្យ​ជឿ។

ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​សំខាន់​មួយ។ នេះ​ជា​ការ​បញ្ជាក់​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ។ កត្តា​ប្រជាសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រែប្រួល​ហើយ។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​វ័យ​ក្មេង​ចំនួន ៧៥ ភាគរយ កើត​ក្រោយ​សម័យ​ខ្មែរ​ក្រហម។ យើង​ឃើញ​មាន​យុវជន​ក្មេងៗ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នេះ​ជា​ការ​ប្រែប្រួល​ខ្លាំង​បំផុត​នៃ​កត្តា​ប្រជាសាស្ត្រ។ មុខ​មាត់​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ផ្លាស់ប្ដូរ​ហើយ ហើយ​នេះ​ជា​អ្វី​ដែល​យើង​ផ្ដោត​លើ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ។

VOA៖ អញ្ចឹង​ចំណុច​ហ្នឹង​ជា​គោល​បំណង​របស់​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​មែន​ទេ?

លោក Lieberman៖ ភាពយន្ត​ឯកសារ​នេះ​មាន​គោល​បំណង​ជា​ច្រើន ដូចជា​គោល​បំណង​អត្តនោម័តិ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​គោល​បំណង​ធំៗ​ផ្សេងៗ​ទៀត​ផង​ដែរ។ វា​ពិតជា​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ឆ្លើយ​សំណួរ​ដូច​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា គោល​បំណង​មួយ​ក្នុង​ចំណោម​នោះ គឺ​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​បស្ចិម​ប្រទេស​ឲ្យ​ផ្ដោត​លើ​ប្រទេស​កម្ពុជា។ គេ​មិន​ស្គាល់​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។ គេ​មិន​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មិន​ដឹង​ពី​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មិន​ដឹង​ពី​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​កម្ពុជា មិន​ដឹង​ពី​ការ​លុកលុយ​របស់​ទាហាន​អាមេរិក​ចូល​ក្នុង​ទឹកដី​កម្ពុជា និង​មិន​ដឹង​ពី​របប​ខ្មែរ​ក្រហម​នោះ​ទេ។ ខ្សែ​ភាពយន្ត​នេះ​ជា​ការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​បាន​ស្គាល់​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មនុស្ស​ទូទៅ​គួរ​តែ​ស្គាល់ ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។

ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ​ត្រូវ​បាន​ដឹកនាំ និង​ផលិត​ដោយ​លោក Robert H. Lieberman ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក អ្នក​ថត​ខ្សែ​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក។

ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ​ត្រូវ​បាន​ដឹកនាំ និង​ផលិត​ដោយ​លោក Robert H. Lieberman ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក អ្នក​ថត​ខ្សែ​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក។

VOA៖ តើ​ហេតុអ្វី​បាន​ជា​លោក​គិត​ថា អ្នក​ទស្សនា​ត្រូវតែ​ទស្សនា​ខ្សែ​ភាពយន្ត​ឯកសារ​នេះ?

លោក Lieberman៖ នេះ​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ។ ខ្ញុំ​គិត​ថា ជា​រឿយៗ ភាពយន្ត​ឯកសារ​មាន​តួ​អង្គ​មួយ ឬ​តួអង្គ​ច្រើន​ដែល​អ្នក​តាមដាន។ ចំណែក​ឯ​តួអង្គ​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ គឺ​ប្រទេស​កម្ពុជា​នេះ​ឯង។ យើង​នឹង​នាំ​អារម្មណ៍​របស់​អ្នក​ទៅ​តាម​ការ​ធ្វើ​ដំណើរ​មួយ។ យើង​នឹង​នាំ​អារម្មណ៍​របស់​អ្នក​ធ្វើ​ដំណើរ​ពី​សម័យ​បុរាណ​អង្គរ ឆ្លង​កាត់​សម័យ​អាណានិគម ឬ​អាណាព្យាបាល​បារាំង សម័យ​សង្គ្រាម​វៀតណាម សម័យ​ប៉ុលពត សម័យ​ដែល​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម និង​ឆ្លង​កាត់​សម័យ​បច្ចុប្បន្ន ឈាន​ចូល​ដល់​ពេល​អនាគត។

VOA៖ តើ​អ្វី​គឺ​ជា​ឫស​គល់​នៃ​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ជម្លោះ​ដែល​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​ស៊ីវិល និង​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ?

លោក Lieberman៖ ខ្ញុំ​គិត​ថា ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​គេ​នោះ​ទេ។ មនុស្ស​ទូទៅ​តែងតែ​ប្រជែង​គ្នា​ដើម្បី​អំណាច។ យើង​ឃើញ​ដូច​នេះ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដូចជា​បញ្ហា​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​ដើម។ យើង​ឃើញ​ដូច​នេះ​នៅ​ជុំវិញ​ពិភពលោក​ទាំង​អស់។ នេះ​ជា​ការ​ដណ្ដើម​អំណាច​គ្នា។ ជាក់ស្ដែង​គឺ​ថា មនុស្ស​លោក​មិន​អាច​ចុះ​សម្រុង​ជាមួយ​នឹង​មនុស្ស​លោក​ដូច​គ្នា​បាន ហើយ​ពួកគេ​ចង់​គ្រប់គ្រង​លើ​អ្នក​ដទៃ។

ខ្ញុំ​គិត​ថា អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​គឺ​ពិសេស​ខុស​គេ។ វា​គឺ​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​សម្លាប់​ជាតិ​សាសន៍​ឯង។ ខ្ញុំ​គឺ​ជា​ក្មេង​មួយ​រូប​នៅ​ក្នុង​សម័យ​សម្លាប់​រង្គាល ដែល​ធ្វើ​ឡើង​ដោយ​របប Nazi ទៅ​លើ​ជន​ស៊ីវិល​អឺរ៉ុប ជា​ពិសេស​ជនជាតិ​ជ្វីហ្វ ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ។ នៅ​ពេល​នោះ ឪពុក​ម្ដាយ​របស់​ខ្ញុំ​អាច​រត់​រួច​ខ្លួន​ចេញ​ពី​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ប៉ុន្តែ​ក្រុម​គ្រួសារ​ភាគ​ច្រើន​ត្រូវ​បាន​គេ​សម្លាប់។ ខ្ញុំ​មាន​ប្រវត្តិ​ដូច​នេះ។ ប៉ុន្តែ អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​លក្ខណៈ​ប្លែក​ពី​គេ។ ជា​ទូទៅ មាន​មនុស្ស​ក្រុម​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​សម្លាប់​រង្គាល​បែប​នេះ ដូចជា​ពួក Nazi ស្អប់​ជនជាតិ​ជ្វីហ្វ អំបូរ​ជនជាតិ Hutu នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា ស្អប់​អំបូរ​ជនជាតិ Tutsis ជា​ដើម។ ប៉ុន្តែ សម្រាប់​ករណី​ប្រទេស​កម្ពុជា​វិញ យើង​ឃើញ​ខ្មែរ​សម្លាប់​ខ្មែរ​គ្នា​ឯង។ ករណី​នេះ​វា​មាន​លក្ខណៈ​ប្លែក​ពី​គេ​បន្តិច​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ប៉ុន្តែ​មិន​មែន​ខុស​ប្លែក​ពី​គេ​ទាំង​ស្រុង​នោះ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា នេះ​គឺ​ជា​ការ​ដណ្ដើម​អំណាច​គ្នា ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​ការ​ដណ្ដើម​អំណាច​គ្នា​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា គឺ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដណ្ដើម​អំណាច​គ្នា​ដែល​មិន​ចេះ​ចប់​ចេះ​ហើយ។

VOA៖ តើ​លោក​គិត​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ដែរ?

លោក Lieberman៖ អ្វី​ដែល​ខ្ញុំ​គិត​គឺ​មិន​សំខាន់​នោះ​ទេ។ អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គិត​គឺ​សំខាន់​ខ្លាំង​ជាង។ ខ្ញុំ​គ្រាន់តែ​ជា​ជនបរទេស​មួយ​រូប ដែល​សម្លឹង​មើល​ទៅ​លើ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក​ហ៊ុន សែន​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង ៣០ ឆ្នាំ មក​ហើយ។ ខ្ញុំ​បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ដើម្បី​សម្ភាសន៍​លោក​ហ៊ុន សែន គឺ​យើង​ទាំង​ពីរ​បាន​និយាយ​គ្នា​ភ្នែក​ទល់​នឹង​ភ្នែក អស់​រយៈពេល​ពីរ​ម៉ោង។ ខ្ញុំ​គិត​ថា​មូលហេតុ​ដែល​លោក​ឲ្យ​ខ្ញុំ​សម្ភាសន៍ គឺ​ដោយសារ​លោក​ចង់​និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​អាមេរិកាំង។ ខ្ញុំ​គិត​ថា លោក​ហ៊ុន សែន​ព្យាយាម​ដុស​ខាត់​ខ្លួន​របស់​លោក។

បើ​យើង​ក្រឡេក​មើល​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ យើង​ឃើញ​ថា ការ​ភ័យ​ខ្លាច​មាន​ការ​កើន​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ចាប់ផ្ដើម​មាន​ភាព​ផ្ដាច់ការ​សារ​ជា​ថ្មី​ហើយ។ ការ​បោះ​ឆ្នោត​ជិត​ឈាន​ចូល​មក​ដល់​ហើយ។ អ្នក​ដឹង​ទេ​ថា យុវជន​ក្មេងៗ​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​គ្រាន់តែ​បង្ហោះ​សារ​លើ​ទំព័រ Facebook របស់​ខ្លួន។ អ្នក​ដឹង​ទេ​ថា មាន​ការ​ប្រទូសរ៉ាយ​ដាក់​គ្នា​ដែល​កំពុង​តែ​បន្ត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មិន​ហ៊ាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដោយសារ​ខ្លាច​ត្រូវ​គេ​ចាប់​ខ្លួន។ មាន​បញ្ហា​វឹកវរ​នៅ​ពី​ក្រោយ​ស្ថានការណ៍​ធម្មតា​សព្វថ្ងៃ។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ័យ​ខ្លាច ដោយសារតែ​ស្ថានការណ៍​មាន​ភាព​តឹងតែង។ មនុស្ស​គ្រប់​រូប​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​ពួកគេ​និយាយ អ្វី​ដែល​ពួកគេ​ធ្វើ និង​អ្វី​ដែល​ពួកគេ​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត។ ដូច្នេះ នេះ​ពិតជា​មិន​មែន​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គិត​ថា នេះ​គឺ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា លោក​ហ៊ុន សែន គិត​ថា នេះ​គឺ​ជា​លទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ពេល​ដែល​អ្នក​ទស្សនា​ខ្សែ​ភាពយន្ត​នេះ អ្នក​នឹង​ដឹង​ថា​តើ​លោក​ហ៊ុន សែន គិត​យ៉ាង​ដូច​ម្ដេច​ហើយ។

VOA៖ នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​និយាយ​ថា លោក​ឆ្ងល់​ថា​តើ​ប្រទេស​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា បន្ទាប់​ពី​លោក​ឈប់​កាន់​អំណាច​ទៅ​ ហើយ​ថា​តើ​អ្នក​ណា​នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​រូប​លោក​នោះ។ តើ​លោក​មាន​យោបល់​ដូច​ម្ដេច​ចំពោះ​ការ​លើក​ឡើង​ដូច​នេះ?

លោក Lieberman៖ ខ្ញុំ​គិត​ថា លោក​ហ៊ុន សែន​បាន​រៀបចំ​ឲ្យ​កូន​ប្រុស​របស់​លោក​ឡើង​កាន់​អំណាច​បន្ត។ អង្គការ Global Witness កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​របាយការណ៍​មួយ​អំពី​ប្រទេស​កម្ពុជា និង​អំពើ​ពុករលួយ។ អ្នក​ដឹង​ទេ​ថា ប្រទេស​កម្ពុជា​ពោរពេញ​ដោយ​អំពើ​ពុករលួយ និង​ការ​ក្ដោបក្ដាប់​អំណាច​ជា​ប្រព័ន្ធ។ ខ្ញុំ​គិត​ថា មនុស្ស​មិន​ព្រម​លះបង់​អំណាច​របស់​ខ្លួន​នោះ​ទេ។ អ្នក​ដែល​កាន់​អំណាច​នៅ​តែ​ចង់​នៅ​កាន់​អំណាច​ដដែល។ ខ្ញុំ​គិត​ថា មិន​មាន​បដិវត្ត​បែប​ប្រជាធិបតេយ្យ​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ខ្ញុំ​គ្មាន​ការ​រំពឹង​ទុក​ឲ្យ​បាន​ច្បាស់​នោះ​ទេ ប៉ុន្តែ​យើង​មិន​អាច​ទាយ​ទុក​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បាន​ទេ។

VOA៖ តើ​លោក​គិត​ថា ប្រទេស​កម្ពុជា​ចាំបាច់​គួរតែ​ផ្លាស់ប្ដូរ​មេដឹកនាំ​ទេ?

លោក Lieberman៖ ខ្ញុំ​គិត​ថា វា​មិន​ល្អ​នោះ​ទេ ដែល​មនុស្ស​ម្នាក់​កាន់​អំណាច​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​នោះ។ នេះ​មិន​មែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ហើយ​ខ្ញុំ​មិន​ដឹង​ថា​តើ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​តម្លៃ​សម្រាប់​ប្រទេស​នីមួយៗ ឬ​ក៏​យ៉ាង​ណា​នោះ​ដែរ។ ដើម្បី​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​អប់រំ គឺ​បាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​អាន​សៀវភៅ ឬ​សារព័ត៌មាន​នានា ដើម្បី​ស្វែង​យល់​ពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង។

លទ្ធិ​ប្រជាធិបតេយ្យ​មាន​ច្រើន​ប្រភេទ។ រដ្ឋាភិបាល​ក៏​មាន​ច្រើន​ប្រភេទ​ដែរ។ អ្វី​ដែល​ប្រហែល​ជា​ត្រូវ​នឹង​បរិបទ​របស់​ប្រទេស​កម្ពុជា អាច​មិន​មែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​បើក​ទូលាយ​ពេញលេញ​នោះ​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ ខ្ញុំ​ពិតជា​គ្មាន​តួនាទី​អ្វី​ក្នុង​ការ​និយាយ​នោះ​ទេ។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​តួនាទី​ក្នុង​ការ​លើក​ឡើង​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ចាំបាច់​ត្រូវ​មាន​ឱកាស​និយាយ​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន។ ខ្ញុំ​គិត​ថា ពួកគេ​គ្មាន​សេរីភាព​ក្នុង​ការ​និយាយ​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ។ អ្នក​ដឹង​ទេ​ថា វា​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​មក​ពី​ប្រទេស​ផ្សេង​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​អ្វី​ដែល​ពួកគេ​គួរតែ​មាន​នោះ។ ប្រជាពលរដ្ឋ​ខ្មែរ​ចាំបាច់​ត្រូវតែ​សម្រេច​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​គួរតែ​មាន ប៉ុន្តែ​ពួកគេ​គួរតែ​មាន​ឱកាស។ ប្រព័ន្ធ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បើក​ទូលាយ​បន្ថែម​ទៀត។ ប្រជាពលរដ្ឋ​ត្រូវតែ​មាន​លទ្ធភាព​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ឬ​ខ្លាច​ត្រូវ​គេ​ចោទ​ប្រកាន់​ណា​មួយ​នោះ​ទេ។

VOA៖ មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​របស់​លោក ពេញចិត្ត​ជាមួយ​នឹង​របប​ដឹកនាំ​សព្វថ្ងៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ចំណែក​ឯ​អ្នក​ខ្លះ​វិញ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ តើ​លោក​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនោរ​ទៅ​រក​គំនិត​មួយ​ណា​ជាង ក្នុង​ចំណោម​គំនិត​ទាំង​ពីរ​នេះ?

លោក Lieberman៖ ជា​ការពិត​ណាស់ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ជាង ប៉ុន្តែ​ជាទូទៅ​ពួកគេ​នៅ​បង្កប់​អារម្មណ៍​ភ័យខ្លាច​ដែល​ថា «អូ! ព្រះ​ជា​ម្ចាស់​អើយ! យើង​អាច​ឈាន​ដល់​សម័យ​ខ្មែរ​ក្រហម​ម្ដង​ទៀត‍» ជា​ដើម ដែល​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា មិន​អាច​កើត​ឡើង​នោះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​នឹង​មិន​ត្រឡប់​ទៅ​រក​សម័យ​ខ្មែរ​ក្រហម​វិញ​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ជូរចត់ និង​ឈឺចាប់ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​តក់ស្លុត។ ខ្ញុំ​គិត​ថា មនុស្ស​ម្នាក់​កាន់​អំណាច​ជាង ៣០ ឆ្នាំ គឺ​យូរ​បន្តិច​ហើយ។ យើង​ឃើញ​មាន​គម្លាត​យ៉ាង​ធំ​រវាង​អ្នក​មាន​ស្ដុកស្ដម្ភ និង​អ្នក​ក្រ​តោកយ៉ាក ហើយ​នេះ​គឺ​ជា​ស្ថានការណ៍​ដែល​មិន​មែន​ធម្មតា​នោះ​ទេ។ ភាព​អយុត្តិធម៌​នេះ​គឺ​ជា​បាតុភូត​នៅ​ជុំវិញ​ពិភពលោក សូម្បី​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ប៉ុន្តែ​យើង​ឃើញ​ថា ភាព​អយុត្តិធម៌​បែប​នេះ គឺ​មាន​លក្ខណៈ​ខ្លាំងក្លា​ពេក​នៅ​ក្នុង​ប្រទេស​កម្ពុជា។

VOA៖ តើ​អ្វី​ជា​បញ្ហា​ចម្បង​ដែល​ប្រទេស​កម្ពុជា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ?

លោក Lieberman៖ ខ្ញុំ​គិត​ថា បញ្ហា​ចម្បង​ដែល​ប្រទេស​កម្ពុជា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​បញ្ហា​ការ​អប់រំ។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ជា​អ្នក​ចេះ​ដឹង នោះ​ប្រទេស​នឹង​បាន​ប្រសើរ។ កម្រិត​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​ល្អ​នោះ​ទេ។ អ្នក​ដែល​មាន​លុយ អាច​ចូល​រៀន​នៅ​តាម​សាលា​ល្អៗ ប៉ុន្តែ​ក្រៅ​ពី​នេះ ពួកគេ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ល្អ​នោះ​ទេ។ ចំណុច​មួយ​ដែល​ខ្ញុំ​សង្កេត​ឃើញ ដែល​ប្រហែល​ជា​អ្នក​ផ្សេង​ទៀត​មិន​បាន​សង្កេត​ឃើញ​នោះ គឺ​ថា​មិន​មាន​នរណា​ម្នាក់​អាន​សៀវភៅ ឬ​អាន​អ្វី​ផ្សេងៗ​នោះ​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​សម្រាប់​រូប​ខ្ញុំ។ ប្រជាពលរដ្ឋ​ខ្មែរ​មិន​មែន​ជា​អ្នក​អាន​សៀវភៅ​នោះ​ទេ ដែល​នេះ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ជា​ទី​បំផុត។ ការ​អាន​សៀវភៅ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ។ យើង​ត្រូវ​បណ្ដុះ​ប្រជាពលរដ្ឋ​ឲ្យ​អាន​សៀវភៅ។

VOA៖ អ្នក​ខ្លះ​ថា វិស័យ​សុខាភិបាល​ក៏​ជា​កត្តា​សំខាន់​បំផុត​មួយ​ផង​ដែរ​សម្រាប់​ប្រទេស​កម្ពុជា។ តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​បែប​នេះ?

លោក Lieberman៖ ប្រាកដ​ណាស់ ប្រសិនបើ​ក្មេងៗ​មិន​បាន​ហូប​គ្រប់គ្រាន់ ខួរក្បាល​របស់​ពួកគេ​ក៏​មិន​អាច​រីកចម្រើន​បាន​ល្អ​នោះ​ដែរ។ ប្រសិនបើ​ពួកគេ​មិន​ហូប​គ្រប់គ្រាន់ ពួកគេ​នឹង​មិន​ទទួល​បាន​ជីវជាតិ​ចម្បង ឬ​ក៏​ជីវជាតិ​បន្ទាប់បន្សំ​ដែល​ពួកគេ​ត្រូវការ​នោះ​ទេ។ ដូច្នេះ​ប្រាកដ​ណាស់ ពួកគេ​ត្រូវការ​ការ​ហូប​ចុក​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សុខភាព​ល្អ ហើយ​ពួកគេ​ក៏​ត្រូវការ​ការ​អប់រំ​ដែល​មាន​គុណភាព​ផង​ដែរ។ យើង​ក៏​ត្រូវការ​មាន​គ្រូបង្រៀន​ដែល​មាន​ការ​អប់រំ​ផង​ដែរ។ នេះ​គឺ​ជា​កិច្ចការ​ដ៏​លំបាក​មួយ។

VOA៖ តើ​លោក​មាន​សុទិដ្ឋិនិយម​ទេ​ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា?

លោក Lieberman៖ បាទ! ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល​ខ្មៅ​ងងឹត ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ប្រទេស​កម្ពុជា​ត្រូវតែ​បាន​ប្រសើរ​ជាង​នេះ។ ភាព​ក្រីក្រ កង្វះ​ការ​អប់រំ​ដែល​មាន​គុណភាព និង​កង្វះ​ប្រព័ន្ធ​សុខាភិបាល​ដែល​មាន​គុណភាព នៅតែ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​ត្រូវតែ​បាន​ប្រសើរ​ជាង​នេះ។ នេះ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ​សម្រាប់​ប្រទេស​កម្ពុជា។ ខ្សែ​ភាពយន្ត​នេះ​បញ្ចប់​ដោយ​មាន​សារ​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​មួយ។ ខ្ញុំ​សង្ឃឹម​ថា រឿង​អាក្រក់ៗ​នឹង​រសាត់​ឆ្ងាយ​ទៅ​បាត់ ហើយ​រឿង​ល្អៗ​នឹង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG