ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំបណ្តា​ប្រទេស​​អឺរ៉ុប​រិះគន់​ការ​ចោទ​ប្រកាន់​របស់​តួកគី


បដា​ដែល​មាន​រូប​ភាព​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan កំពុងបក់ដោយ​ក្រុម​បាតុករ​នៅ​ខាងក្រៅអគ្គកុងស៊ុលប្រទេសហូឡង់​ក្នុង​ទី​ក្រុង​អ៊ីស្តង់​ប៊ុល​កាល​ពី​ថ្ងៃទី​១២​ មីនា ២០១៧។
បដា​ដែល​មាន​រូប​ភាព​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan កំពុងបក់ដោយ​ក្រុម​បាតុករ​នៅ​ខាងក្រៅអគ្គកុងស៊ុលប្រទេសហូឡង់​ក្នុង​ទី​ក្រុង​អ៊ីស្តង់​ប៊ុល​កាល​ពី​ថ្ងៃទី​១២​ មីនា ២០១៧។

មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​នានា​បាន​រិះគន់​ប្រទេស​តួកគី ខណៈ​ពេល​ដែល​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​តួកគី​ក្នុង​ការ​រៀបចំ​ការ​ជួបជុំ​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​នានា​មាន​ការ​កើន​ឡើង ចាប់​តាំង​ពី​ប្រធានាធិបតី​តួកគី​លោក Racep Tayyip Erdogan បាន​ចោទ​ប្រកាន់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ហូឡង់​ថា​ប្រកាន់​យក​លទ្ធិ Nazi និង​លទ្ធិ​ហ្វាស៊ីស ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​បាន​រារាំង​ការ​ជួបជុំ​របស់​តួកគី​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

លោក Erdogan បាន​ព្រមាន​រដ្ឋាភិបាល​ហូឡង់ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ហូឡង់​នឹង​ទទួល​លទ្ធផល​មិន​ល្អ ដោយសារតែ​បាន​បដិសេធ​មិន​អនុញ្ញាត​រដ្ឋមន្ត្រី​ការបរទេស​តួកគី​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន និង​បាន​បណ្ដេញ​រដ្ឋមន្ត្រី​មួយ​រូប​ផ្សេង​ទៀត ក្នុង​គោល​បំណង​ដើម្បី​រារាំង​អ្នក​ទាំង​នោះ​មិន​ឲ្យ​រៀបចំ​ការ​ជួបជុំ​ជា​មួយ​នឹង​ជន​អន្តោប្រវេសន៍​តួកគី​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ចង់​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ក្នុង​ចំណោម​ជនជាតិ​តួកគី​រាប់​លាន​នាក់ ដែល​រស់នៅ និង​ធ្វើ​ការ​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ទ្វីប​អឺរ៉ុប ចំពោះ​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ជួយ​ឲ្យ​លោក Erdogan កាន់​តែ​មាន​អំណាច​បន្ថែម​ទៀត ដោយ​ហេតុថា​ការ​ធ្វើ​ប្រជាមតិ​នេះ​អាច​ឲ្យ​លោក​នៅ​កាន់​អំណាច​របស់​ដល់​ឆ្នាំ ២០១៩ ឯ​ណោះ។

នាយករដ្ឋមន្ត្រី​ហូឡង់​លោក Mark Rutte បាន​ហៅ​ការ​លើក​ឡើង​របស់​លោក Erdogan ថា​ជា​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន និង​បាន​ហៅ​ការ​សម្ដី​របស់​លោក Erdogan ពាក់ព័ន្ធ​នឹង​ពាក្យ Nazi នោះ ថា ជា​ការ​លើក​ឡើង​ដោយ​ឆ្កួត​លីលា។

រដ្ឋមន្ត្រី​អាល្លឺម៉ង់​ក៏​បាន​និយាយ​ប្រឆាំង​ជាមួយ​នឹង​ប្រទេស​តួកគី​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អាល្លឺម៉ង់​លោក Thomas de Maiziere បាន​និយាយ​ថា លោក​ប្រឆាំង​នឹង​ការ​ជួបជុំ​បែប​នយោបាយ​ណា​មួយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា តួកគី​គ្មាន​សិទ្ធិ​មក​ធ្វើ​យុទ្ធនាការ​នយោបាយ​ណា​មួយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ៕

XS
SM
MD
LG