ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​តួកគី​សន្យា​សងសឹក​នឹង​វិធានការ​របស់​ប្រទេស​ហូឡង់​ដែល​ប្រឆាំង​នឹង​រដ្ឋ​មន្ត្រី​តួកគី


មនុស្ស​ម្នា​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​តវ៉ា​មួយ​នៅ​ពី​មុខ​ស្ថានកុងស៊ុល​ហូឡង់​ប្រចាំ​ក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។

នាយក​រដ្ឋមន្ត្រី​តួកគី​លោក Binali Yildirim បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រដ្ឋាភិបាល​តួកគី​នឹង​សងសឹក​នៅ​ក្នុង​ «វិធី​ដ៏​ខ្លាំង​បំផុត‍» និង «តបត​ចំពោះ​ឥរិយាបថ​ដែល​មិន​អាច​ទទួល​យក​បាន​នេះ‍» បន្ទាប់ពី​ប្រទេស​ហូឡង់​មិន​បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​តួកគី​មួយ​រូប​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​បាន​បណ្ដេញ​រដ្ឋមន្ត្រី​មួយ​រូប​ទៀត​របស់​តួកគី​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​រដ្ឋាភិបាល​តួកគី​បាន​បិទ​ស្ថានទូត​ហូឡង់​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា និង​បាន​និយាយ​ថា តួកគី​មិន​ស្វាគមន៍​អគ្គ​រដ្ឋ​ទូត​ហូឡង់​នោះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប៉ូលិស​ជិះ​សេះ​បង្ក្រាប​កុបកម្ម​របស់​ហូឡង់ បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​អ្នក​គាំទ្រ​រដ្ឋាភិបាល​តួកគី​រាប់​រយ​នាក់ នៅ​ក្នុង​ទីក្រុង Rotterdam ដែល​អ្នក​គាំទ្រ​រដ្ឋាភិបាល​តួកគី​ទាំង​នោះ​កំពុង​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រារាំង​រដ្ឋមន្ត្រី​តួកគី​ទាំង​នោះ។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu ត្រូវ​បាន​រដ្ឋាភិបាល​ហូឡង់​រារាំង​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយសារតែ​មាន​ការ​ប្រឆាំង​កាន់​តែ​កើន​ឡើង​ចំពោះ​ការ​ធ្វើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ​របស់​តួកគី​ដែល​ធ្វើ​យុទ្ធនាការ​នៅ​ទូទាំង​សហភាព​អឺរ៉ុប។ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ថ្កោល​ទោស​សកម្មភាព​នេះ និង​ប្រទេស​ហូឡង់ ដែល​ជា​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​សម្ព័ន្ធមិត្ត​អង្គការ NATO។

លោក Cavusoglu បាន​និយាយ​ថា តួកគី នឹង​ចាត់​វិធានការ​ទាំង​អស់​ប្រឆាំង​នឹង​ប្រទេស​ហូឡង់។ កាល​ពី​មុន​ហ្នឹង លោក​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ដល់​ប្រទេស​ហូឡង់។

បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ភាគ​ច្រើន​ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋមន្ត្រី​តួកគី​ក្នុង​ការ​អំពាវនាវ​ឲ្យ​ជនជាតិ​តួកគី​ចូលរួម​បោះ​ឆ្នោត​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​តួកគី ដោយ​សារ​តែ​មាន​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ដែល​បណ្ដាល​មកពី​យុទ្ធនាការ​របស់​តួកគី​នេះ៕

XS
SM
MD
LG