ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ផ្ទេរតំណែង​របស់​លោក Trump ​បាន​ដឹង​ពី​ទំនាក់​ទំនង​ការ​បរទេស​របស់​លោក Flynn


រុបភាព​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខជាតិ​របស់​សេតវិមាន​លោក Michael Flynn (កណ្តាល) បាន​មកដល់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី ០៣ កុម្ភៈ ២០១៧។

សេតវិមាន​បាននិយាយបញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ក្រុមរៀបចំ​ការ​ផ្ទេរ​តំណែង​របស់​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បានដឹង​តាំង​ពី​មុន​ពិធី​កាន់តំណែង​កាលពីខែ​មករា​ថា​លោក Michael Flynn ឥស្សរជន​ដែលលោក​ Trump បាន​ជ្រើស​រើសឱ្យ​កាន់តំណែង​ជា​ទី​ប្រឹក្សា​សន្តិសុខ ប្រហែលតម្រូវ​ឱ្យ​ប្រាប់​អាជ្ញាធរ​ថា​លោកបាន​ធ្វើ​សកម្មភាព​ជា​ភ្នាក់ងារ​ម្នាក់ក្នុង​នាមនៃ​រដ្ឋាភិបាល​បរទេស​មួយ។​

លោក​ Sean Spicer អ្នកនាំ​ពាក្យ​របស់លោក​ Trump បាន​និយាយ​ថា​លោក​ប្រធានាធិបតី​បតីមិន​បាន​ត្រូវ​ប្រាប់​ឱ្យ​ដឹងអំពី​ចំណង​ទាក់ទង​របស់​លោក​ Flynn ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេសតួកគី​ ដែល​ផ្តល់​ប្រាក់​៥សែន៣ម៉ឺន​ដុល្លារ​ឱ្យ​ក្រុម​ហ៊ុន​លោក Flynn កាលពី​ឆ្នាំ​ទៅ​មិញនោះទេ។​

លោក​ Flynn ដែល​ជា​ឧត្តមសេនីយស.រ.អា.ចូល​និវត្តន៍ម្នាក់​បានប្រាប់ក្រសួង​យុត្តិធ៌ម​ក្នុង​សប្តាហ៍​នេះ​ថា​លោក​បានតំណាង​ប្រទេស​តួកគី​កាល​ពីឆ្នាំ​ទៅ​មិញ។​

លោក​ Flynn បានជម្រាប​សភា​ស.រ.អា.កាល​ពី​ពេល​មុន​ថា​លោក​បានធ្វើ​ជា​អ្នក​បញ្ចុះ​បញ្ចូល​ ក្នុង​នាម​ឲ្យក្រុម​ហ៊ុនប្រទេស​ហូឡង់​មួយ​ ក៏​ប៉ុន្តែ​មិន​បាននិយាយ​យោង​ដល់​ការ​ងារ​របស់​លោក​សម្រាប់​រដ្ឋាភិបាល​តួកគី​ ដែល​តម្រូវឱ្យ​មានដោយ​ច្បាប់ស.រ.អា.នោះ​ទេ។​ ការដាក់​លិខិតឱ្យ​ដឹង​ដោយ​លោក​ Flynn បាន​ត្រូវ​ធ្វើ​ឡើង​តាម​មូលដ្ឋាន​ប្រតិសកម្ម។​ លោក Flynn បាន​កាន់តំណែង​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ពេល​លោក Trump ចូល​កាន់តំណែង​កាលពីថ្ងៃ​ទី​២០ខែ​មករា តែ​បានត្រូវ​ដកចេញពី​តំណែង​ក្នុង​ពេលតិច​ជាង​មួយ​ខែ​បន្ទាប់​មក៕

XS
SM
MD
LG