ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ស៊ីរី និង​ភាគី​ប្រឆាំង​បើក​កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ


លោក Staffan de Mistura បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ីរី​ចូលរួម​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​ កាលពី​ថ្ងៃទី១២ ខែមករា​ ឆ្នាំ២០១៧។

កិច្ច​ពិភាក្សា​ជុំ​ទី ៤ រវាង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad និង​អ្នក​តំណាង​មកពី​ភាគី​ប្រឆាំង​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Staffan de Mistura បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ទទួល​ស្គាល់​ថា កិច្ច​ពិភាក្សា​នេះ​នឹង​ទំនង​ជា​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​អូស​បន្លាយ​អស់​រយៈពេល ៦ ឆ្នាំ នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។

លោក De Mistura បាន​និយាយ​ថា មូលដ្ឋាន​នៃ​កិច្ច​ពិភាក្សា​នេះ​គឺ​ផ្ដោត​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​លេខ ២២៥៤ ដែល​អំពាវនាវ​ឲ្យ​មាន​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​ការ​បោះ​ឆ្នោត​ថ្មី ដែល​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន និង​មិន​មាន​ការ​ប្រកាន់​បក្ខ​ពួក។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី​បាន​ស្នើ​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​កំពុង​ដំណើរការ ទោះបីជា​មាន​ការ​រាយការណ៍​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ធ្វើ​ក៏​ដោយ។

កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​តួកគី និង​ការ​ជំទាស់​ជាមួយ​នឹង​កិច្ច​ពិភាក្សា​ដែល​ធ្វើ​ឡើង​ជា​ទៀងទាត់​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

កិច្ចពិភាក្សា​នេះ​គឺ​ជា កិច្ចពិភាក្សា​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​រយៈពេល ១០ ខែ ចុង​ក្រោយ​នេះ៕

XS
SM
MD
LG