ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ផ្នែក​អប់រំ៖ និស្សិត​អន្តរជាតិ​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​សហរដ្ឋអាមេរិក


និស្សិត​មហាវិទ្យាល័យ​ Brooklyn ដើរ​នៅ​ក្នុង​បរិវេណ​សាលា​ក្នុង​បុរី​ញូវយ៉ក។

និស្សិត​អន្តរជាតិ​ត្រូវ​បាន​ស្វាគមន៍​ និង​មាន​សុវត្ថិភាព​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​សហរដ្ឋអាមេរិក។​ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​អប់រំ​ដែល​មាន​ឯកទេស​ផ្នែក​សិស្ស​និស្សិត​បរទេស​នៅ​ក្នុង​សាលា​ពួកគេ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សិស្ស​និស្សិត​អន្តរជាតិ​រៀបចំ​ដោយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ អ្នក​ជំនាញ​មក​ពី​មហាវិទ្យាល័យ​នានា​បាន​និយាយ​ថា និស្សិត​អន្តរជាតិ​បន្ថែម​តម្លៃ​ឲ្យ​សង្គម​អាមេរិក​តាមរយៈ​ការ​ទូត​បែប​មហាវិទ្យាល័យ។

លោក​ Sam Brown ​នាយក​ផ្នែក​សេវា​និង​និស្សិត​បញ្ញវន្ត​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ Brigham Young​ និយាយ​ថា​៖ ​«ខ្ញុំ​ពិត​ជា​ជឿ​ថា និស្សិត​អន្តរជាតិ​អាច​នាំ​មក​នូវ​តម្លៃ​ និង​បង្កើន​គុណភាព​នៅ​ក្នុង​ប្រទេស​និង​ស្ថាប័ន​នានា​របស់​យើង។ ខណៈ​ដែល​សំណួរ​មួយ​ចំនួន​និង​ការ​យល់​ច្រឡំ​នៅ​តែ​អាច​មាន​ ហើយ​គេ​ដែល​មិន​សូវ​យល់​អំពី​វប្បធម៌​ ឬ​ក៏​សាសនា​របស់​អ្នក អ្នក​អាច​មាន​ឱកាស​ក្នុង​ការ​ចែក​រំលែក​អំពី​វា»។

លោក Brown និង​អ្នក​ជំនាញ​ខាង​អប់រំ​ប្រាំមួយ​នាក់​ផ្សេង​ទៀត​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ដែល​មាន​រយៈពេល​៩០​នាទី​ របស់​ VOA ពី​ប្រធានបទ​ «គោលដៅ​អប់រំ៖ សហរដ្ឋអាមេរិក»។​ កម្មវិធី​នេះ​គឺ​ផ្សាយ​អំពី​ការ​ប្រឈម​ និង​ឧបសគ្គ​ផ្សេងៗ​ក្នុង​ការ​មក​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា​និង​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៅ​សហរដ្ឋ​អាមេរិក។

VOA ទទួល​បាន​សំណួរ​ជាច្រើន​ជា​រៀង​រាល់​ថ្ងៃ​ទាក់ទង​នឹង​ការ​ទទួល​បាន​ការ​អប់រំ​ក្នុង​សហរដ្ឋ​អាមេរិក​ពី​អ្នក​ស្តាប់​វិទ្យុ ​និងអ្នក​មើល​ការ​ផ្សាយ​ប្រចាំ​សប្តាហ៍​ប្រមាណ​២៣៦​លាន​នាក់​របស់​ខ្លួន។ ហើយ​ចំណុច​នោះ​ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​នាយក​ VOA អ្នកស្រី​ Amanda Bennett ដែល​ជា​អ្នក​បើក​កម្មវិធី​នេះ។​

អ្នកស្រី​ Bennett ជ័យលាភី​ពាន​រង្វាន់​អ្នក​កាសែត​ Pulitzer បាន​និយាយ​ថា៖ «យើង​បាន​រក​ឃើញ​ថា​មាន​ប្រធានបទ​តិច​ណាស់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​ការ​អប់រំ​ក្នុង​សហរដ្ឋអាមេរិក​ពី​ទស្សនិកជន​របស់​យើង​ ជាពិសេស​ទស្សនិកជន​ដែល​មាន​វ័យ​ក្មេង»។

អ្នកស្រី​បន្ត​ថា​ គោលបំណង​របស់​កិច្ចប្រជុំ​និស្សិត​អន្តរជាតិ​នេះ​គឺ​ដើម្បី​ភ្ជាប់​មនុស្ស​ជុំវិញ​ពិភពលោក​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​ការ​អប់រំ​ថ្នាក់​ខ្ពស់​មួយ​ក្រុម​តាម​បណ្តាញ​ឌីជីថល​ដូច​ជា​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ផ្កាយរណប​ជា​ដើម។

អ្នក​ស្រី​ Bennett និយាយ​ថា៖ «នេះ​គ្រាន់​តែ​ជា​កម្មវិធី​ទី​១​នៃ​កម្មវិធី​ដូច​គ្នាជាច្រើន​ទៀត​ដែល​យើង​រំពឹង​ទុក​ហើយ​យើង​នឹង​ឆ្លើយ​សំណួរ​សំខាន់ៗ និង​ជួយ​មនុស្ស​ជុំ​វិញ​ពិភពលោក​ឲ្យ​ចូល​រួម​ពិភាក្សា​បញ្ហា​ដ៏​សំខាន់​ទាំង​នេះ»។

សំណួរ​មួយ​មក​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​និស្សិត​ម្នាក់​បាន​សួរ​ថា​តើ​គាត់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឬ​ទេ ក្នុង​ពេល​ដែល​មាន​បញ្ហា​ផ្នែក​អន្តោប្រវេសន៍។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចេញ​បញ្ជា​ប្រធានាធិបតី​មួយ​ដែល​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​ពី​បណ្តា​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ចំនួន​ប្រាំ​មួយ​ប្រទេស ប៉ុន្តែ​តុលាការ​សហព័ន្ធ​បាន​រារាំង​ការ​អនុវត្ត​ទៅ​លើ​បទបញ្ជា​នេះ។

និស្សិត​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​បាន​សួរ​ទៅ​កាន់​វេទិកា​ពិភាក្សា​ថា តើ​សាកលវិទ្យាល័យ​នឹង​ធ្វើ​យ៉ាង​ដូចម្តេច​ចំពោះ​ការ​ហាម​ឃាត់​ធ្វើ​ដំណើរ​ និង​ការ​ស្អប់​ខ្ពើម​ជន​បរទេស។

លោក​ James Dorsett ​នាយក​ផ្នែក​និស្សិត​និង​បញ្ញវន្ត​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ Michigan State បាន​និយាយ​ថា​ រដ្ឋបាល​ថ្នាក់​ខ្ពស់​របស់​សាកលវិទ្យាល័យត្រូវ​តែ​រក្សា «បរិយាកាស​ស្វាគមន៍​មួយ»។ «វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ទាំង​មូល​ក្នុង​នាម​ជា​ស្ថាប័ន​សិក្សា​ដើម្បី​ក្លាយ​ជា​ទីកន្លែង​ដ៏​រាក់ទាក់​ និង​ស្វាគមន៍​សិស្ស​និស្សិត​ទាំង​អស់»។

លោក Dorsett ​បាន​ចង្អុល​ទៅ​កាន់​វីដេអូ​ឃោសនា​ដែល​មាន​សរសេរ «អ្នក​ត្រូវ​បាន​ស្វាគមន៍​នៅ​ទីនេះ» ដែល​សាលា​ក្នុង​សហរដ្ឋអាមេរិក​ជា​ច្រើន​បាន​ចូល​រួម​ដើម្បី​ផ្សព្វផ្សាយ​ការ​ចូលរួម​របស់​គ្រប់​គ្នា​សម្រាប់​និស្សិត​អន្តរជាតិ​ដែល​អាច​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​បញ្ជា​ប្រធានាធិបតី​របស់​លោក​ត្រាំ​ត្រូវ​បាន​ប្រកាស។​

លោក​ Brown បាន​និយាយ​ទៅ​កាន់​សិស្ស​ម្នាក់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​សួរ​ថា​តើ​នាង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពាក់​កន្សែង (hijab) នៅ​ក្នុង​សហរដ្ឋអាមេរិក​ឬ​ទេ ថា៖ ​«បរិវេណ​សាលា​របស់​ពួក​យើង​បាន​ធ្វើ​បន្ទប់​បួងសួង​មួយ ​និង​កន្លែង​ផ្សេងៗ​ទៀត​សម្រាប់​និស្សិត​ដែល​មាន​ជំនឿ​ផ្សេងៗ​គ្នា​អាច​ទៅ​បំពេញ​កាតព្វកិច្ច​សាសនា​របស់​ពួកគេ​បាន។ ខ្ញុំ​គិត​ថា​អ្នក​នឹង​ឃើញ​ព័ត៌មាន​នេះ​នៅ​លើ​ក្តារ​ខៀន​ព័ត៌មាន​នៅ​ស្ទើរ​តែ​គ្រប់​ស្ថាប័ន»។

វាគ្មិន​ផ្សេងៗ​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​រួម​មាន​លោក​ Paul T. White ជំនួយ​ការ​ព្រឹទ្ធបុរស​ផ្នែក​បញ្ជីការនៅ​សាលា​សុខាភិបាល​ Johns Hopkins អ្នកស្រី Susan Zuffante Pabon នាយក​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ Slater ​នៅ​មហាវិទ្យាល័យ Wellesley អ្នកស្រី​ Bianca Schonfeld អ្នក​គ្រប់​គ្រង​ការិយាល័យ​សេវាកម្ម​និស្សិត​អន្តរជាតិ​ និង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​នៅ​មហាវិទ្យាល័យ Houston Community លោក Raj Bhargava សហគ្រិន​ និង​គ្រូ​បង្រៀន​ថ្នាក់​ត្រៀម​ចូលមហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ Stanford និង​លោក Doug Shaw នាយករង​ជាន់​ខ្ពស់​នៅ​មហាវិទ្យាល័យ​យុទ្ធសាស្ត្រ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ George Washington និង​ជំនួយ​ការ​សាស្ត្រាចារ្យ​កិច្ចការ​អន្តរជាតិ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG