ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​កម្ពុជា​ខ្វះខាត​ជំនាញ​កម្រិត​ខ្ពស់​ក្នុង​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា


ក្រុមហ៊ុន Smart ធ្វើ​សន្និសីទ​ព័ត៌មាន​អំពី​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ត្រាំ អ៊ីវតឹក​ មាន​ប្រសាសន៍ថា​ ប្រជាពលរដ្ឋ​ខ្មែរ​​នៅពុំទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​កិច្ច​ការ​ជំនាញ​ កម្រិត​ខ្ពស់​ពាក់​ព័ន្ធ​នឹងវិស័យ​ព័ត៌មាន​បច្ចេកវិទ្យា ធ្វើ​ឲ្យ​កម្ពុជានៅ​តែ​ត្រូវការ​ជនបរទេស​ដើម្បី​ធ្វើការងារ​ប្រភេទ​នេះ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លើកឡើងថា​ ពលរដ្ឋកម្ពុជា​នៅ​មាន​ចំណេះ​ដឹងទាប​នៅ​ឡើយ​ នៅក្នុង​កិច្ច​ការ​ងារ​គ្រប់​គ្រង​បណ្តាញ​ព័ត៌មាន​បច្ចេកវិទ្យា​ ដែលបាន​ធ្វើ​ឲ្យ​ជនបរទេស​បន្ត​គ្រប់​គ្រង​កិច្ចការ​ជំនាញ​កម្រិត​ខ្ពស់​ នៅក្នុង​វិស័យ​ឌីជីធលដ៏លូតលាស់​មួយនេះ​នៅ​ក្នុងប្រទេស។​

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ លោក​ ត្រាំ អ៊ីវតឹក​ ​ថ្លែងនៅថ្ងៃអង្គារ​នេះ​ថា​ ពលរដ្ឋ​កម្ពុជា​នៅ​ខ្វះខាត​ជំនាញ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យាកម្រិត​ខ្ពស់​ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ការងារ។ លោកថា កម្ពុជា​គួរមានការ​បណ្តុះបណ្តាល​ជំនាញ​ព័ត៌មាន​វិទ្យាចាប់ពី​កម្រិត​បឋមសិក្សា ដើម្បី​ដោះស្រាយ​បញ្ហានេះ។

ការ​ថ្លែង​របស់​លោក ត្រាំ អ៊ីវតឹក យ៉ាង​ដូច្នេះ​ ​ធ្វើឡើងនៅ​ក្នុង​ពិធី​សម្ពោធ​មូលនិធិ​សម្រាប់​អាជីវ​កម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន​ Smart ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាទូរស័ព្ទ​ចល័តនៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ត្រាំ អ៊ីវតឹក​ មាន​ប្រសាសន៍ថា​ ប្រជាពលរដ្ឋ​ខ្មែរនៅពុំទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​កិច្ច​ការ​ជំនាញ​ កម្រិត​ខ្ពស់​ពាក់​ព័ន្ធ​នឹងវិស័យ​ព័ត៌មាន​បច្ចេកវិទ្យា ធ្វើ​ឲ្យ​កម្ពុជានៅ​តែ​ត្រូវការ​ជនបរទេស​ដើម្បី​ធ្វើការងារ​ប្រភេទ​នេះ។

​«​យើង​ត្រូវ​ទទួលស្គាល់ ថា​គម្លាត​នៃ​ជំនាញក្នុង​វិស័យ​ព័ត៌មានវិទ្យា​ នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ។​ ជាឧទាហរណ៍​ ការគ្រប់​គ្រង​បណ្តាញ​ក​ម្រិតខ្ពស់​ និង​កិច្ចការ​បច្ចេកទេស​នៅ​ក្នុង​អនុវិស័យ​របស់​ទូរគមនាគមន៍​ចល័ត​ដែល​កំពុង​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នោះ គឺស្ថិតនៅ​ក្នុង​ដៃ​នៃ​ជនបរទេស​នៅឡើយ។ ទំនោរ​នេះ​ មិនមែន​មានតែ​ចំពោះប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​សម្រាប់​តំបន់​ផងដែរ»។​

លោក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​ ការបណ្តុះ​បណ្តាល​ពីកម្រិត​បឋមសិក្សា​ ជាកត្តា​ចាំបាច់​មួយ​ ដើម្បី​ជួយ​ពល​រដ្ឋ​កម្ពុជា​ឲ្យបង្កើន​សមត្ថភាព​ខ្លួន​ ក្នុង​ការ​បំពេញ​ការងារ​ផ្នែក​ឌីជីថល​ក្នុង​កម្រិត​ខ្ពស់​។

«វាគឺជា​គំនិត​ផ្តួចផ្តើម​គន្លឹះ​ផ្សេងទៀត ដែលមាន​បំណង​កសាង​ជំនាញក្នុង​សតវត្សរ៍​ទី​២១ក្នុង​ចំណោម​សិស្សនៅ​កម្រិត​បឋម​សិក្សា​ តាមការយៈ​បច្ចេកវិទ្យា​ឌីជីថ​នៅក្នុង​ការ​អប់រំ»។

លោក ​ត្រាំ​ អ៊ីវតឹក​ បន្ថែមថា​ ការកសាង​សមត្ថភាព​គឺ​ជារឿង​មួយដែលមិន​អាច​គេចវេះបាន​ ប្រសិន​បើ​ប្រទេស​កម្ពុជា​ ចង់រក្សានូវ​សន្ទុះនៃ​កំណើន​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ ជាមួយការ​ច្នៃ​ប្រឌិត​។​ លោក​ក៏ទទួលស្គាល់​ផងដែរ​ថា​ ភាព​ជា​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​បច្ចេកវិទ្យា​ គឺជា​តម្រូវការ​មួយ​ដើម្បី​ធ្វើឲ្យ​គម្លាត​នៃ​ជំនាញ​ក្នុង​វិស័យ​ឌីជីថលនេះ​រួមតូច​ទៅ​ ប្រសិន​បើមិន​អាចបំបាត់នូវ​គម្លាត​ នេះ​បានទាំង​ស្រុង​នោះ។

លោក​ កឹម បូរ៉ា​ អ្នកគ្រប់គ្រង​ផ្នែកវិនិយោគ​នៃក្រុម​ហ៊ុន​ផ្តល់ប្រឹក្សា​ និងវិនិយោគ​ Mekong Strategic Partners (MSP) ប្រាប់​ VOA តាម​សារអេឡិចត្រូនិក​ ឬ email នៅ​ថ្ងៃអង្គារ​នេះថា ថ្វីដ្បិត​តែ​រដ្ឋាភិបាល​មើល​ឃើញ​ពីកង្វះ​អ្នកមាន​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​ឌីជីថលនេះ​ក្តី វិស័យនេះ​ កំពុង​តែ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ហើយពលរដ្ឋ​ខ្មែរ​ក៏បាន​មក​បំពេញ​ការ​ងារ​ក្នុង​ជំនាញ​សំខាន់​ៗ​នៃវិស័យ​នេះផងដែរ។​ លោកមាន​ប្រសាសន៍ក្នុងន័យដើមថា៖​

«ក្រុម​ហ៊ុន​ព័ត៌មាន​បច្ចេកវិទ្យា​បានកើតឡើង​នៅ​កម្ពុជា​នៅពេលមួយ​ ប៉ុន្តែ​វាបាន​រីកលូតលាស់​យ៉ាង​ឆាប់​រហ័ស​ក្នុង​ឆ្នាំរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗ​នេះ។​ ចំនួន​នៃ​អ្នក​មាន​ទេពកោសល្យ​ខាង​បច្ចេកវិទ្យា​ក្នុង​បាន​កំពុង​បំពេញ​ទៅតាម​តម្រូវ​ការ​ទីផ្សារ​។​ យើង​បាន​ឃើញ​ទាំង​ខ្មែរ​ និង​ជនបរទេស​កាន់​ការ​ងារ​ក្នុង​តួនាទី​លេចធ្លោ​ជាច្រើន​ ហើយ​ករណី​ផ្សេងទៀត​ គឺ​ពួកគេបាន​ធ្វើ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ព័ត៌មាន​បច្ចេកវិទ្យា​ដែល​កំពុង​នាំមុខគេ»។

លោក​ កឹម បូរ៉ា​ មានប្រសាសន៍​ថា​ មូលនិធិថ្មី​របស់​ក្រុមហ៊ុន​ Smart ដែលត្រូវ​បាន​បង្កើតឡើង​ក្នុងភាព​ជា​ដៃ​គូក្រុម​ហ៊ុន​ផ្តល់ប្រឹក្សា​ និងវិនិយោគ​ Mekong Strategic Partners នឹង​ផ្តល់​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ដល់ពលរដ្ឋខ្មែរ​ ក្នុងការ​ពង្រីក​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ។ លោក​ថ្លែង​ក្នុង​ន័យដើម​ថា៖

«យើង​សង្ឃឹមថា​ មូលនិធិនេះ​អាច​ផ្តល់ការ​លើក​ទឹកចិត្ត​បន្ថែម​សម្រាប់​អ្នកដែលមាន​បំណង​ប្រាថ្នា​ ក្នុងការ​កសាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលអាច​មាន​ភាពស្ថិតស្ថេរ​នៅក្នុងប្រទេស​កម្ពុជា»។

ចំពោះ​ការដោះស្រាយ​កង្វះ​នៃ​អ្នកជំនាញ​កម្រិត​ខ្ពស់​ក្នុងវិស័យ​បច្ចេក​វិទ្យា​ឌីជីថល​ លោក​ កឹម បូរ៉ា​ មាន​ប្រសាសន៍​ថា កម្មវិធីអប់​រំ​ដែលផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ និង​គណិតវិទ្យា​ ​ដែល​គេ​ស្គាល់​ថា​ STEM គឺជា​ចលករ​ស្នូលមួយ​ ក្នុង​ការ​ពង្រឹងចំណេះដឹង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថលនេះ។

VOA ព្យាយាមទាក់​ទង​សុំសេចក្តីអធិប្បាយ​ពីលោក​ ចន្ទ រ័ត្ន​ ប្រធាន​នាយកដ្ឋានស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រនៃក្រសួង​អប់រំ យុវជន​ និង​កីឡា​ តែមិន​អាច​ទាក់​ទងបាន​ ដោយ​ទូរសព្ទលោក​រោទិ៍គ្មាន អ្នកទទួល។

ទោះបី​ប្រទេស​កម្ពុជា​នៅខ្វះអ្នកជំនាញ​ដើម្បី​កាន់ការងារ​កម្រិត​ខ្ពស់​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ឌីជី​ថល​នេះ​ក្តី ​ប្រជាពលរដ្ឋ​កម្ពុជាកាន់​តែ​ច្រើន​ឡើង​ ត្រូវគេដឹងថា​ បាន​ចាប់​ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​កាន់តែ​ច្រើន​ទៅ​ ក្នុង​នោះគឺ ​ប្រាស្រ័យ​ទាក់​ទង​ និងទាញយក​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​តាម​ប្រពន្ធ​បច្ចេកវិទ្យា​ឌីជីថលនេះ។

ការ​សិក្សា​ស្រាវជ្រាវកាលពី​ឆ្នាំ​២០១៦​ ដែល​ត្រូវ​បានធ្វើឡើង​ដោយមូលនិធិ​អាស៊ី (The Asia Foundation) វិទ្យាស្ថាន​បើកទូលាយ និង​ទីភ្នាក់ងារអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ឲ្យ​ដឹង​ថា ការទទួលបាន​ព័ត៌មាន​តាម​បណ្តាញសង្គម​ ក្នុងនោះ​មាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​កើន​ឡើង​ ស្រប​គ្នា​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​ទំនើប ​ឬ Smart phone និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត៕​

XS
SM
MD
LG