ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​រដ្ឋ​ញូវយ៉ក​អនុម័ត​ផែនការ​សម្រាប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ដោយ​មិន​គិតថ្លៃ


អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo ចុះ​ហត្ថលេខា​លើ​ផែន​ការ​សម្រាប់​ការ​សិក្សា​ឥត​គិត​ថ្លៃនៅ​សាកវិទ្យាល័យ​ និង​កំណែ​ទម្រង់​យុត្តិធម៌​សម្រាប់​អនីតិជន​ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​១០ ខែ​មេសា។

សមាជិក​សភា​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​បាន​អនុម័ត​ផែនការ​មួយ​ដើម្បី​ផ្តល់​ការសិក្សា​ដោយ​មិន​យក​ប្រាក់​សម្រាប់​សិស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ដើម្បី​ចូលរៀន​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ញូវយ៉ក​ City University of New York (CUNY)​ និង​សាកល​វិទ្យាល័យ​នៃរដ្ឋ​ញូវយ៉ក (SUNY)។

កិច្ច​ផ្តួច​ផ្តើម​ថ្មី​ដែល​ហៅ​ថា​ កម្មវិធី​អាហារ​រូបករណ៍ ​Excelsior Scholarship Program ជា​ផ្នែក​មួយ​នៃ​ថវិកា​រដ្ឋញូវយ៉ក​ឆ្នាំ​២០១៨ ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​អាទិត្យ។

​ចាប់​ផ្តើម​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ឆ្នាំ​២០១៧​នេះ​ទៅ សិស្ស​មក​ពី​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​តិចជាង​១សែន​ដុល្លាក្នុង​មួយ​ឆ្នាំ ​នឹង​ទទួល​បាន​ការសិក្សា​ដោយ​មិន​គិត​ថ្លៃ។ ហើយ​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំរហូត​ដល់​១សែន​១ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​ និង ១សែន​២ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០១៩ ក៏​នឹង​ទទួល​បាន​សិក្សានៅ​សាកល​វិទ្យាល័យ​ដោយ​មិន​គិត​ថ្លៃ​ដែរ។

ក្នុង​កម្ម​វិធី​នេះ ​សិស្សដែល​ទទួល​បាន​ការ​សិក្សា​មិន​គិតថ្លៃ​តម្រូវ​ឲ្យ​សិក្សា​១០​ថ្នាក់​ឬ​៣០​ពិន្ទុ ​ក្នុង​មួយ​ឆ្នាំ​ហើយ​រស់​នៅ​ឬ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​បន្ទាប់​ពី​ប្រឡង​បញ្ចប់​ការ​សិក្សាដែល​ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ទទួល​ការសិក្សាដោយ​មិន​គិត​ប្រាក់​នោះ​ដែល​អាច​មាន​រហូត​ដល់​៥​ឆ្នាំ។

លោក ​H. Carl McCall ​ប្រធាន​សាកល​វិទ្យាល័យ​នៃ​រដ្ឋ​ញូវយ៉ក​ឬ​ហៅ​កាត់​ថា (SUNY) ​និង​លោកស្រី Nancy Zimpher សាកលវិទ្យា​ធិការ​ SUNY ​បាន​សរសើរ​ផែនការ​នេះ ​ដោយ​បាន​ហៅ​ថា ​វា​ជា​ជោគ​ជ័យ​ដ៏​ពិត​ប្រាកដ​មួយ។

អ្នក​ទាំង​២​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «​ការ​វិនិយោគ​ទុន​នេះ​ធ្វើ​ឲ្យ​អ្នក​រដ្ឋ​ញូវយ៉ក​ទាំង​អស់​អាច​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ។​ ថវិកា​នៅ​ឆ្នាំ​នេះ ​ទទួល​បាន​មក​រដ្ឋ​ដែល​មហា​វិទ្យាល័យ​និង​សាកល​វិទ្យា​ល័យ​របស់​យើង ផ្តល់ការ​អប់​រំ​មាន​គុណ ភាព​កាន់​តែ​ខ្ពស់​ឡើង​ដែល​ប្រុង​ប្រៀប​រៀប​ចំនិស្សិត​សម្រាប់ជំនាញ​ប្រកប​ដោយ​ជោគជ័យ ហើយ​អាច​ទទួល​យក​បាន​នៅ​ក្នុង​ពិភព​លោក»។

​លោក Andrew Cuomo ​អភិបាល​រដ្ឋ​ញូវយ៉ក ​បាន​ប៉ាន់​ស្មាន​ថា ​និស្សិតចំនួន​៩៤២.០០០​នាក់ ​នឹង​មាន​លទ្ធភាព​ចូល​សិក្សា​តាម​កម្មវិធី​នេះ ស្មើនឹង​ប្រហែល​ជា​៧៥​ភាគរយ​នៃ​និស្សិត​មហាវិទ្យា​ល័យ​នៅ​ក្នុង​រដ្ឋវញូយ៉ក។

លោក ​Cuomo ​បាន​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​ Website ថា៖ «ទៅ​តាម​ថវិកា​នេះ អនុញ្ញាត​ឲ្យរដ្ឋ​ញូវយ៉ក ​មាន​កម្មវិធី​មហា​វិទ្យាល័យ​សម្រាប់​និស្សិត​ទាំង​អស់​លើក​ទី​១​នៅ​ក្នុង​ប្រទេស»។

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «គ្មាន​ក្មេង​ណា​ម្នាក់​ដែល​ចូល​គេង​ហើយ​និយាយ​ថា ខ្ញុំ​មាន​សុបិន្ត​ដ៏​អស្ចារ្ស​មួយ។ ប៉ុន្តែ ​ខ្ញុំស្ទើរ​តែ​មិន​ជឿ​សោះថា ​ខ្ញុំ​នឹង​អាច​ទទួល​បាន​ការ សិក្សា​នៅ​មហាវិទ្យា​ល័យ​ ​ពីព្រោះឪពុក​ម្តាយ​ខ្ញុំ​មិន​អាច​បង់​ថ្លៃ​សាលាឲ្យ​ខ្ញុំ​បាន​ទេ។ដោយ​មាន​កម្មវិធី​នេះ ​កូន​ក្មេង​ទាំង​អស់ ​នឹង​មាន​ឱកាស​បាន​ទទួលការ​សិក្សា»។

ពួក​អ្នក​រិះគន់​កម្មវិធី​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​និស្សិត​ដែល​មាន​ប្រាក់​ចំណូល​ទាប ទំនងទទួល​បាន​ប្រយោជន៍​តិច​តួច​បំផុត។ អាហារ​រូបករណ៍​នេះ ​មិន​មែន​លប់​ចោលថ្លៃ​សាលា​នោះ​ទេ ​ក៏ប៉ុន្តែ ជួយ​ចេញ​ថ្លៃ​ជា​ជាង​អនុញ្ញត​ឲ្យ​និស្សិត​ដាក់​ពាក្យ​សុំ​ប្រាក់និង​អាហារ​រូប​ករណ៍​ផ្សេង​ទៀត។ ជាលទ្ធផល ​និស្សិត​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជា​ច្រើន​នឹង​នៅ​តែ​ត្រូវ​ការ​ប្រាក់​កម្ចី​សម្រាប់​ការ​ចំណាយ​នានា​ ដូចជា​បន្ទប់​ស្នាក់​នៅ ​សៀវ​ភៅ​និង​ថ្លៃ​សាលា​ដែល​អាច​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។

ថវិកា​រដ្ឋ​រួម​មាន​ប្រាក់​ដាច់​ដោយ​ឡែក​៨​លាន​ដុល្លារ​ដើម្បី​ផ្តល់​សំភារៈ​សិក្សា​អបរំ ​រួម មាន ​E-book ​ដល់​ពួក​និស្សិត​នៅ​ឯ​ SUNY​ និង​មហា​វិទ្យាល័យ ​CUNY​ ដើម្បី​ជួយ​ចេញ​សោហ៊ុយ​ដូចជា​សៀវភៅ។

SUNY​ មាន​មហាវិទ្យា​ល័យ​និង​សាកល​វិទ្យាល័យ​ចំនួន​៦៤​នៅ​ទូទាំង​រដ្ឋ​ញូវយ៉ក ​ហើយ​បច្ចុប្បន្ន​នេះ ​និស្សិត​នៅ​ក្នុង​រដ្ឋ​ត្រូវ​បង់​ថ្លៃ​ឈ្នួល​៦៤៧០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​មហាវិទ្យាល័យ​ក្រុង​ញូវយ៉ក​ហៅ​កាត់​ថា CUNY​ មាន​សាកល​វិទ្យាល័យ​ចំនួន​១១​ និង​មហាវិទ្យា​ល័យ​សហគមន៍​ចំនួន​៧​ តម្រូវ​ឲ្យ​និស្សិត​បង់​ថ្លៃ​សាលា​៦៣៣០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG