ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Freedom House៖ សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ថែម​ទៀត


របាយ​ការណ៍​របស់​ អង្គការ​ Freedom​ House ​មាន​ចំណង​ជើង​ថា​ សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​ ២០១៦​ (Freedom on Net 2016)​ សន្និដ្ឋានថា​ ប្រទេស​កម្ពុជា​ពុំ​ទាន់​ជា​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទេ។
របាយ​ការណ៍​របស់​ អង្គការ​ Freedom​ House ​មាន​ចំណង​ជើង​ថា​ សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​ ២០១៦​ (Freedom on Net 2016)​ សន្និដ្ឋានថា​ ប្រទេស​កម្ពុជា​ពុំ​ទាន់​ជា​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទេ។

យោង​តាម​របាយការណ៍​របស់​អង្គ​ការ​ Freedom Houseដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​ ប្រទេស​ទទួល​បាន​ពិន្ទុ​តិច​បំផុត​ដល់​សូន្យ​គឺ​ជា​ប្រទេស​ដែល​មាន​សេរីភាព​ពេញ​លេញ តែ​ផ្ទុយ​មក​វិញ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ជា​ប្រទេស​ដែល​សេរីភាព​ត្រូវ​បាន​រឹតត្បិត​ខ្លាំង។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​សេរីភាព​ Freedom House ​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ​ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព​ពេញលេញ​ ក្នុង​ការ​បញ្ចេញ​មតិ​ ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​រិះគន់​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

របាយ​ការណ៍​របស់​ អង្គការ​ Freedom​ House ​មាន​ចំណង​ជើង​ថា​«សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១៦‍»​ (Freedom on Net 2016)​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ​ បាន​បង្ហាញ​ថា​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​៥២​លើ​១០០​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ប្រទេស​កម្ពុជា​ពុំ​ទាន់​ជា​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

យ៉ាងណា​ក៏ដោយ​ ស្ថានភាព​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ក្បែរ​ខាង​ខ្លួន​ គឺ​ប្រទេស​ថៃ​ និង​វៀតណាម។ ប្រទេស​ថៃ​ទទួល​បាន​៦៦​ពិន្ទុ រីឯ​វៀតណាម​ទទួល​បាន​៧៦​ពិន្ទុ។ ប្រទេស​ទាំងពីរ​ត្រូវ​បាន​ចាត់​ទុក​ថា​ មិន​មាន​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត។

យោង​តាម​របាយការណ៍​របស់​អង្គ​ការ​ Freedom Houseដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​ ប្រទេស​ទទួល​បាន​ពិន្ទុ​តិច​បំផុត​ដល់​សូន្យ​គឺ​ជា​ប្រទេស​ដែល​មាន​សេរីភាព​ពេញ​លេញ តែ​ផ្ទុយ​មក​វិញ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ជា​ប្រទេស​ដែល​សេរីភាព​ត្រូវ​បាន​រឹតត្បិត​ខ្លាំង។

អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ បាន​ហៅ​ការ​ផ្ដល់​ពិន្ទុ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ថា​ ជា​ការ​វាយ​តម្លៃសម​ស្រប​ទៅ​នឹង​ស្ថានភាព​សេរីភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​ ខណៈ​ដែល​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ចាត់​ទុក​ការ​វាយតម្លៃ​របស់​របាយការណ៍​នេះ​ថា​ ជា​ទស្សនៈ​ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា។​

លោក​ យ៉ង​ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សនិ្តភាព​ ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រជារាស្ត្រ​ខ្មែរ​ដែល​ជា​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ កំពុង​ប្រឈម​នឹង​ភាព​ប្រថុយ​ប្រថាន​ ក្នុង​ការ​និយាយ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​មិន​អត់​ឱន​ដល់​ការ​បញ្ចេញ​មតិ​ណាមួយ​ដែល​មាន​លក្ខណៈ​បង្អាប់​ដល់​កិច្ចការ​របស់​រដ្ឋាភិបាល។

«យើង​ឃើញ​ថា​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ ដែល​ធ្វើ​ការ​រិះគន់​អី​ចំៗ​ហ្នឹង​គឺ​ ត្រូវ​បាន​ចាប់​ខ្លួន​ ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដែរ។ អ្នក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ហ្វេសប៊ុក​ណា៎។​ បាទ​អញ្ចឹង ខ្ញុំ​ថា​ រដ្ឋាភិបាល បើ​សិន​ជា​គាត់​បញ្ចេញមតិ​ខុស​ឆ្គង​ គួរ​តែ​មានការ​ឲ្យ​គាត់​សុំ​ទោស​អី​ទៅ​ តាម​បណ្ដាញ​ហ្វេសប៊ុក​ឡើង​វិញ​ទៅ។ បើ​ថា​ គាត់​មិន​សុំ​ទោស​ទេ​ អា​នោះ​ ចាំ​ចាត់​វិធានការ​គាត់​អី​តាមផ្លូវច្បាប់​អញ្ចឹង​ទៅ​ណា៎»។

រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

ចាប់​ពី​ចន្លោះ​ ខែ​សីហា​ ឆ្នាំ​២០១៥​ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ របាយការណ៍​បាន​រក​ឃើញ​ថា​ មាន​មនុស្ស​មិន​តិច​ជាង​៧​នាក់​ទេ ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​ និង​ការ​ធ្វើ​អធិប្បាយ​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ យ៉ាង​ហោច​ណាស់​ មនុស្ស​២៤​នាក់​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​គំរាម​ជា​សាធារណៈ​ជាមួយ​ការ​នាំ​យក​មក​កាត់​ទោស។

មនុស្ស​ប្រាំ​ពីរ​នាក់​ ដែល​លើកឡើង​ក្នុង​របាយ​ការណ៍ រួម​មាន​និស្សិត​ម្នាក់​ឈ្មោះ គង់​ រ៉ៃ​យ៉ា​ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​ កាលពី​ខែ​មីនា​ ឆ្នាំ​ ២០១៦​ ទាក់​ទិន​ការ​អធិប្បាយ​អំពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ និង​លោក​ ហុង​ សុងហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ ទាក់​ទិន​ការ​អធិប្បាយ​អំពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម​ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៧៩។

​លោក​ យ៉ង​ គឹម​អេង​ និយាយ​ថា​ ការ​ចាប់​អ្នក​និយាយ​រិះគន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​នានា​ យក​មក​ផ្ដន្ទាទោស​គួរ​ត្រូវ​បាន​បញ្ចប់​ ព្រោះ​លោក​យល់ថា​ ការ​បន្ត​ចាប់​ចង​របៀប​នេះ​ មិន​បាន​ផ្តល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ​ លោក​ថា ​ការណ៍​នេះ ​រឹតត្បិត​សិទ្ធិ​និយាយ​ស្ដី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ព័ត៌មាន​មួយ​ផ្នែក​ សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ពិចារណា​ក្នុង​ការ​ដឹកនាំ​ប្រទេស។​

«ខ្ញុំ​ថា​ ចំពោះ​ប្រទេស​ប្រជាធិបតេយ្យ​គឺ​រដ្ឋាភិបាល​ ត្រូវ​ទទួល​ព័ត៌មាន​រិះគន់​ឲ្យ​បាន​ច្រើន​ជាង​ការ​សរសើរ​បាទ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​ដំណើរ​ទៅ​ដោយ​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​តាម​ស្រប​យុទ្ធសាស្ត្រ​របស់​ខ្លួន។ បើ​រដ្ឋាភិបាល​មិន​ទទួល​យក​សំណូមពរ​ ការ​រិះគន់​ទេ​ បាន​ន័យ​ថា​ រដ្ឋាភិបាល​គឺ​អាច​នឹង​ជួប​ឧបសគ្គ​ច្រើន​បាទ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOAថា​ រដ្ឋាភិបាល​ មិន​បាន​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ។

លោក​ថា បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដាក់​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​អ្វី​ដែល​ច្បាប់​បាន​ចែង។

«បុគ្គល​គ្រប់​រូប​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​រាល់​ទង្វើ​របស់​ខ្លួន​ ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់។ គ្មាន​នរណា​ អ្នកដទៃ​ គេ​ទទួល​ជំនួស​យើង​ទេ។ អញ្ចឹង​អស់​លោក​ ដែល​វាយ​តម្លៃ​ ខ្ញុំ​យល់ថា​ ត្រូវ​តែ​មើល​អំពី​ការណ៍​ជាក់​ស្ដែង​ដែល​បុគ្គល​នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​នឹង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ អត់​មាន​នរណា​ចោទ​គាត់​ដោយ​អត់​មាន​ល្មើស​ច្បាប់​ទេ»។

អង្គការ​ Freedom ​House ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ទទូច​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​ហ្វេសប៊ុក​ និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ពលរដ្ឋ​ ហើយ​លោក​ថែម​ទាំង​បាន​ដំឡើង​កម្មវិធី​កុំព្យូទ័រ​ សម្រាប់​ផ្ដល់​ជូនដំណឹង​របស់​លោក​ដល់អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត។

​ក៏ប៉ុន្តែ​ នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​បាន​គំរាម​កំហែង​អ្នក​រិះគន់​តាម​ហ្វេសប៊ុក​ និង​បាន​ក្រើន​រំឭក​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ថា​ រដ្ឋាភិបាល​កំពុង​ឃ្លាំ​មើល​សកម្មភាព​របស់​ពួកគេ។

របាយការណ៍​ដដែល​បន្ត​ថា​ ការ​ចាប់​ខ្លួន​ និង​ការ​ចោទប្រកាន់​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លងមក​ បាន​បង្កើត​ឲ្យ​មាន​និន្នាការ​រំខាន​មួយ​ នាំ​ដល់​ការ​បង្កើន​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួន​ឯង។

ទោះជា​មាន​ការ​លើកឡើង​ថា​ សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ មិន​ទាន់​មាន​ពេញ​លេញ​នៅ​កម្ពុជា អ្នក​នាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ លោក ​សុខ​ ឥសាន​ ថ្លែង​ថា​ របាយការណ៍​មាន​ភាព​លម្អៀង​ និង​មិន​ជះឥទ្ធិពល​ណា​មួយ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​នោះ​ឡើយ។

«គាត់​វាយ​តម្លៃ​មិន​ផ្អែក​ទៅលើ​ការណ៍​ពិត​ជាក់​ស្ដែង​ទេ។ វាយ​តម្លៃ​ ផ្អែក​ទៅលើ​អារម្មណ៍​ ផ្អែក​ទៅលើ​ការ​យល់​ឃើញ​ជា​អត្តនោម័តិ។ អញ្ចឹង​ទេ​ វា​មាន​លក្ខណៈ​លម្អៀង​ហើយ​ ចង់​មិន​ចង់ វា​ចេញ​លក្ខណៈ​លម្អៀង​បាត់​ទៅ​ហើយ។ អញ្ចឹង​ យើង​មិន​ខ្វល់​ថា​ គាត់​ដាក់​លេខ​ប៉ុន្មាន​១០០​ ប៉ុន្មាន​១០០​ អត់​ទេ»។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។

កាល​ពី​ឆ្នាំ​២០១៥​ ស្ថាន​ភាព​សេរីភាព​នៅ​កម្ពុជា​ បាន​ស្ថិត​ក្នុង​សភាព​អាក្រក់​ដដែល​ គឺ​ប្រហាក់​ប្រហែល​គ្នា​ឆ្នាំ​២០១៦​នេះ​ ដោយ​សារ​ការ​តាក់​តែង​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ទូរគមនាគមន៍​ និង​វិធាន​ការ​ច្បាប់​លើ​ការ​អធិប្បាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​រដ្ឋាភិបាល​យល់​ថា​ មាន​លក្ខណៈ​បរិហាកេរ្តិ៍​ និង​អសីលធម៌។

​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សេរីភាព​ Freedom House បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ពួកគេ​ថា​ សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ជុំ​វិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៦ឆ្នាំ​ជាប់ៗ​គ្នា​ មក​ដល់​ឆ្នាំ​២០១៦​នេះ​ ខណៈ​ដែល​រដ្ឋាភិបាល​ជាច្រើន​បាន​តម្រង់​គោលដៅ​យ៉ាង​គឃ្លើន​ទៅ​លើ​បណ្ដាញ​សង្គម​ដែល​ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​នោះ​ទេ។​

អ្នកស្រី​ Sanja Kelly ប្រធាន​ក្រុម​ស្រាវជ្រាវនៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១៦​ ត្រូវ​បាន​ដកស្រង់​សម្ដី​នៅ​ក្នុង​ន័យ​ដើម​ថា៖

«បណ្ដាញ​សង្គម​ដែល​មាន​ប្រជាប្រិយ​ដូចជា​ Facebook និង​ Twitter ​បាន​ប្រឈម​នឹង​ការ​ចាប់​ពិរុទ្ធ​ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ច្រើន​ ប៉ុន្តែ​រដ្ឋាភិបាល​នានា​ឥឡូវ​ បាន​បង្កើន​ការ​ឃ្លាំមើលយ៉ាង​ខ្លាំង​ក្លា​ទៅលើ​កម្មវិធី​ឆ្លើយឆ្លង​សារ​អេឡិចត្រូនិក​ដូច​ជា​ WhatsApp និង​ Telegram»។

អ្នកស្រី​បាន​បន្ថែម​ថា៖

«កម្មវិធី​ឆ្លើយឆ្លង​សារ​អេឡិចត្រូនិក​ មាន​លទ្ធភាព​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ឆាប់​រហ័ស និង​មាន​សន្តិសុខ​ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជាច្រើន​មើល​ឃើញ​ថា​ ជា​ការ​គំរាមកំហែង​លើ​ពួក​គេ​ទៅវិញ»។

នៅ​ក្នុង​តំបន់​អាស៊ី​ ប្រទេស​ជប៉ុន​ និង​ហ្វីលីពីន​ ត្រូវ​បាន​របាយការណ៍​នេះ​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែល​មាន​សេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើន​ជាងគេ។ ប្រទេស​ទាំងពីរ​នេះ​ ទទួល​បាន​ពិន្ទុ​២២ និង​២៦​បន្ត​បន្ទាប់​គ្នា។

រីឯ​ប្រទេស​ចិន​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​គ្មាន​សេរី​ភាព​ ព្រោះ​ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​៨៨​ លើ​១០០។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា​ ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដែល​ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព​ និង​ការ​ពិគ្រោះ​យោបល់​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​គ្រប់គ្រង​ក្នុង​វិស័យ​នេះ​ ហើយ​បាន​គំរាមកំហែង​ដល់​សិទ្ធិ​បុគ្គល​ និង​ការ​សម្តែង​មតិ៕

XS
SM
MD
LG