ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស

  • ហ៊ាន សុជាតា

លោក​ស្រី​លឹម មុន្នី (ឆ្វេង) មន្ត្រីសិទ្ធិមនុស្ស​នៃសមាគម​អាដហុក លោក នី ចរិយា អគ្គ​លេខាធិការ​រង​គ.ជ.ប. (កណ្តាល) និង​លោក នី​ សុខា មន្ត្រីសិទ្ធិមនុស្ស​នៃសមាគម​អាដហុក​។ (VOA Khmer)

លោក​ស្រី​លឹម មុន្នី (ឆ្វេង) មន្ត្រីសិទ្ធិមនុស្ស​នៃសមាគម​អាដហុក លោក នី ចរិយា អគ្គ​លេខាធិការ​រង​គ.ជ.ប. (កណ្តាល) និង​លោក នី​ សុខា មន្ត្រីសិទ្ធិមនុស្ស​នៃសមាគម​អាដហុក​។ (VOA Khmer)

គិត​ត្រឹម​ថ្ងៃ​ទី​៦​ ខែ​មីនា​ឆ្នាំ​២០១៧​នេះ​ ​អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ចំនួន​៣១២​ថ្ងៃ ​ឬ​ប្រហែល​១០​ខែ។ ​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​ទាំង​៥​ត្រូវ​បាន​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​៦​ដង​មក​ហើយ។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល។

ជាថ្មី​ម្តង​ទៀត អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ចំនួន​៧៨​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាមផ្លូវ​តុលាការ​ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នានា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

ទោះជា​យ៉ាងណា​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេដ​ការ​ទទូច​នេះ​ ដោយ​លើក​ឡើង​ថា​ តុលាការ​កម្ពុជា​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ និង​ដោយ​ឯករាជ្យ។

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ។

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។ (VOA Khmer)

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។ (VOA Khmer)

គិត​ត្រឹម​ថ្ងៃ​ទី​៦​ ខែ​មីនា​ឆ្នាំ​២០១៧​នេះ​ ​អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ចំនួន​៣១២​ថ្ងៃ ​ឬ​ប្រហែល​១០​ខែ។ ​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​ទាំង​៥​ត្រូវ​បាន​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​៦​ដង​មក​ហើយ។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល។​

សេចក្តី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា​ ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ហាក់​ដូចជា​យុទ្ធ​សាស្ត្រ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ និង​រារាំង​ការ​បញ្ចេញ​សំឡេង​ជំទាស់​នានា​ ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាង​មុន ​ហើយ​នឹង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០១៨។​

អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​ទាំង​៧៨​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖

«យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​សេរីភាព​មូលដ្ឋាន​ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​គំរាម​កំហែង​ ការ​យាយី​តាម​ផ្លូវ​តុលាការ​ និង​ការ​ប្រើប្រាស់​អំពើហិង្សា។ ... ការ​វាយ​ប្រហារ​មក​លើ​បុគ្គល​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដោយ​សន្តិភាព​ និង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ គឺ​ជា​រឿង​ខុស​ច្បាប់​ មិន​អាច​ទទួល​យក​បាន​ និង​ត្រូវ​តែ​បញ្ឈប់»។​

អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​ហត្ថលេខី​មួយរូប​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ បញ្ជាក់​ប្រាប់​ VOA​ ថា​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ទាំង​៧៨​ចង់​ឲ្យ​រដ្ឋាភិបាល​ និង​តុលាការ​ធានា​ថា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប​ និង​បុគ្គលិក​គ.ជ.ប.​មួយរូប​ទទួល​បាន​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។​

«...ចង់​ឃើញ​ស្ថាន​ការណ៍​មួយ​ ជាពិសេស​សិទ្ធិមនុស្ស​ ហើយ​ជា​ពិសេស​តួអង្គ​សំខាន់​ ដែល​ដើរ​តួ​ក្នុង​ការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ការពារ​ ជាជាង​ការ​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ»។​

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ (លឹម សុធី/VOA)

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ (លឹម សុធី/VOA)

សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​ក៏​បាន​លើក​ឡើង​អំពី​ករណី​របស់​សកម្មជន​តវ៉ា​ដីធ្លី​ដ៏​លេចធ្លោ​មួយ​រូប​គឺ​លោក​ស្រី​ទេព វន្នី​ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​កន្លះ​ កាល​ពី​សប្តាហ៍​មុន​ពី​បទ​«ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា»។​

បន្ថែម​ពី​លើ​នេះ​ ​សេចក្តី​ថ្លែង​ការណ៍​បាន​រៀបរាប់​បន្ត​ទៀត​ថា​ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ចំនួន​២​រូប​ត្រូវ​បាន​តុលាការ​កោះហៅ​ដើម្បី​សាកសួរ​ក្រោម​ការ​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​ល្មើស​ពី​បទ​«ហិង្សា​ដោយ​ចេតនា»​ អំឡុង​ពេល​បាតុកម្ម​ បើ​ទោះ​បី​ជា​ពួក​គេ​ផ្ទាល់​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ដំ​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ក៏ដោយ។

លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ VOA ​ថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​គឺ​ជា​ការ​កាន់​ជើង​មន្ត្រី​សង្គម​ស៊ីវិល​គ្នា​ឯង​ប៉ុណ្ណោះ។លោក​ថា​ មិន​ថា​ បុគ្គល​ទាំង​នោះ​មាន​សមាសភាព​ជា​អ្វី​នោះ​ទេ​ ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដូច​គ្នា។

«គាត់​យល់​តែ​ម្ខាង​ គាត់​កាន់ជើង​គ្នា​គាត់។ ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខច្បាប់​ អីចឹង​មិន​មែន​ថា​ ​ព្រះសង្ឃ​ សាសនា​ អ្នក​បួស​ ឬ​អ្នក​ធ្វើការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សង្គម​ស៊ីវិល​អី​ទេ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំង​អស់​គ្នា។ ​ឲ្យតែ​ប្រព្រឹត្ត​បទ​ល្មើស​ហើយ​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់»។

កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៦។ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​ កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​រួម​មាន ប្រព័ន្ធ​តុលាការ​គ្មាន​ប្រសិទ្ធ​ភាព​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ ​ការ​កើន​ឡើង​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ព្រមាន និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

លោក​សុខ ឥសាន បាន​លើក​ឡើង​ថា​ ការ​វាយ​តម្លៃ​ដែល​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ល្អ​នោះ​ ​គឺ​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​នោះ​ទេ។ ​ហើយ​លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​លូក​ដៃ​ចូល​ក្នុង​ភាព​ឯករាជ្យ​របស់​តុលាការ​នោះ​ទេ។​

«យើង​អត់​មាន​ជ្រៀត​ជ្រែក​អី​ទៅ​ក្នុង​កិច្ចការ​តុលាការ​ទេ។ ​រាល់​បញ្ហា​ដែល​សម្តេច​តេជោ​ហ៊ុន សែន​ លោក​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​តុលាការ​ មិន​មាន​ន័យ​ថា​ បញ្ជា​ បង្គាប់ ​ឬ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ​ទេ។ ​ប៉ុន្តែ​ជា​ការ​មាន​មតិ​ បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ចំពោះ​សុខ​ទុក្ខ​ពលរដ្ឋ​ ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវ​តុលាការ។​ ការ​ចាត់ចែង​យ៉ាងណា​ វា​អាស្រ័យ​ទៅ​លើ​សិទ្ធិ​ឯករាជ្យ​របស់​តុលាការ»។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដដែល វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា​នៅតែ​កើត​មាន ​បើ​ទោះ​បី​ជា​នា​ពេល​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដន្ទាទោស​មន្ដ្រី​របស់​ខ្លួន​មួយ​ចំនួន​ក៏ដោយ៕

XS
SM
MD
LG