ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែន​ព្រមាន​មន្រ្តី​​សង្គម​ស៊ីវិល​ដែល​អធិប្បាយ​អំពី​ខែ្សអាត់​សំឡេង​របស់លោក


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)

លោកនាយករដ្ឋមន្ត្រី បានលើកឡើង​ថា​ ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌មាន​ ប្រសិន​បើ​គេ​និយាយ​ ឬ​ចុះ​ផ្សាយ​ព័ត៌មាន​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​នោះ​ ​អ្នក​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​គំរាម​ចាប់​ខ្លួន​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល ​(NGO) ​និង​អ្នក​កាសែត​ដាក់​ពន្ធនាគារ​ ប្រសិន​បើ​អ្នក​ទាំង​នោះ​និយាយ​ ឬ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ។​

លោក​ហ៊ុន សែន ​បាន​គំរាម​បែប​នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២​ កំណាត់​ទី​២ ​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២​ កំណាត់​ទី​១។​

លោក​ហ៊ុន សែន ​បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​នោះ​ បន្ទាប់​ពី​មន្រ្តី​រូប​នោះ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​សំឡេង​បែក​ធ្លាយ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ​និង​លោក​កឹម សុខា។​ លោក​លើក​ឡើង​ថា​ អ្នក​ធ្វើ​ការ​សង្គម​ស៊ីវិល​មិន​ត្រូវ​និយាយ​វិភាគ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ​ ហើយ​លោក​ថា​ ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌មាន​ ប្រសិន​បើ​គេ​និយាយ​ ឬ​ចុះ​ផ្សាយ​ព័ត៌មាន​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​នោះ​ ​អ្នក​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។​

លោក​បញ្ជាក់​ថា៖​

«អា​សិទ្ធិ​ប៉ះ​គេ ​គុក​ហើយ!​ ព្រោះ​អាហ្នឹង​ច្បាប់​គេ​ឲ្យ​ជាប់​គុក​ ជាប់​ច្រវ៉ាក់​ បង់​លុយ​អីតើ!​ បើ​អីចឹង គេ​បង្កើត​ច្បាប់​មក​សម្រាប់​តែ​លោក​ឯង​ អីចឹង​ម្នាក់ៗ​បង្កើត​ NGO​ ទៅ! ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ! ហើយ​ដល់គេ​ចាប់​ថា​ គេ​បង្រ្កាប។ ​ចុះ​ខ្លួន​ឯង​និយាយ​ធ្វើ​អី?​ ផ្តាំ​ទុក​ឲ្យ​ហើយ ​លោក​ឯង​នេះ​ច្រើន​ដង​ហើយ!​ អា​ម្នាក់ហ្នឹង​ ច្រើន​ដង​ហើយ!​ប្រយ័ត្ន! ​អស់​តែ​ប៉ុន្មាន​ទេ។ ​តែ​ច្រលើម ​ប្រហើន ​គិប! ​អ្នក​ដាក់​គិប​ហ្នឹង​គឺ​ច្បាប់​គេ​គិប​ មិនមែន​ខ្ញុំធ្វើ​ទេ!​ ឲ្យ​យល់​ កុំ​ប្រហើន​ឲ្យ​សោះ!»​

បើទោះបី​ជា​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ធ្វើ​អត្ថាធិប្បាយ​នោះ​ក៏​ដោយ​ ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​ ហាក់​សំដៅ​លើ​លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)។ លោក​គល់ បញ្ញា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​កាល​ពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ហ៊ុន សែន​ និង​លោក​កឹម សុខា។ ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​នោះ​ត្រូវ​បាន​បង្ហោះ​ដោយ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​សីហា ​ដែល​ជា​ទំព័រ​ហ្វេសប៊ុក​ ដែល​តែង​បង្ហោះ​ពី​កិច្ច​សន្ទនា​ជា​ច្រើន​ដែល​ម្ចាស់​ទំព័រ​នោះ​អះ​អាង​ថា ​ជា​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​ជាមួយ​ដៃគូ​ស្នេហា​របស់​ពួក​គេ។​

កាលពី​ថ្ងៃ​សៅរ៍ ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នោះ​បាន​សរសេរ​ដោយ​ទម្លាក់​កំហុស​លើ​លោក​កឹម សុខា ថា​ លោក​បាន​លួច​ចរចា​សម្ងាត់​ជាមួយ​លោក​ហ៊ុន សែន​ រឿង​កម្ចាត់​លោក​សម រង្ស៊ី​ ដើម្បី​ដណ្តើម​គណបក្ស។​

ទោះបីជា​យ៉ាងណា ​ការ​សន្ទនា​នោះ​បង្ហាញ​ថា ​លោក​ហ៊ុន សែន បាន​ព្យាយាម​ជំរុញ​ឲ្យ​លោក​ កឹម សុខា​ វាយ​ប្រហារ​លោក​សម រង្ស៊ី ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​គល់ បញ្ញា ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពាក់ព័ន្ធ​នឹង​សំឡេង​នៃ​ការ​បែក​ធ្លាយ​នោះ​ថា​ ការ​ធ្លាយ​ចេញ​ខ្សែ​អាត់​សំឡេង​បែប​នេះ​មិន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ខាង​សីលធម៌​ និង​នយោបាយ​ទេ។ ​លោក​ថា ​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នោះ​មិន​ប្រាកដ​ថា​ បាន​ផល​ខាង​នយោបាយ​ទេ ​ព្រោះ​អ្នក​ប្រើប្រាស់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ជាច្រើន ​មាន​ព័ត៌មាន​សម្រាប់​ផ្ទៀង​ផ្ទាត់។​

ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ​លោក​គល់ បញ្ញា​ បាន​ផ្តល់​បទសម្ភាសន៍​ទៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ថា ​ការ​ទម្លាយ​សារ​សន្ទនា​តាម​ទូរស័ព្ទ​នោះ​ជា​ការ​ចង់​បង្កើត​ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គូ​ប្រកួត​នយោបាយ។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)​ បាន​ទេ​ នា​រសៀល​នេះ។​

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែសីហា ឆ្នាំ២០១៥។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែសីហា ឆ្នាំ២០១៥។

VOA​ ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីមន្រ្តី​សិទ្ធិ​មនុស្ស​ និង​អ្នក​វិភាគ​ តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ នៅ​តែ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ។​

ក្រោយ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​បាន​តែមួយ​ថ្ងៃ លោក​ហ៊ុន សែន បាន​ប្រាប់​អង្គភាព​សារ​ព័ត៌មានក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ​ខ្សែ​អាត់​សំឡេង​ដែល​បែក​ធ្លាយ​នោះ​គឺជា​ការ​សន្ទនា​រវាង​លោក​ និង​លោក​កឹម សុខា​ ពិត​មែន។ ​លោក​បន្ថែម​ថា ​សារ​នោះ​គ្មាន​ការ​កាត់​ត​នោះ​ទេ​ ហើយ​ថា ​ប្រសិន​បើ​លោក​កឹម សុខា ​ហ៊ាន​ចេញ​មុខ​បដិសេធ ​លោក​នឹង​បបួល​លោក​កឹម សុខា​ ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ។​

សារ​ព័ត៌មាន​នោះ​ក៏​បាន​ផ្សាយ​ពី​ការ​ឆ្លើយ​តប​របស់​លោក​ហ៊ុន សែន ដែលបាន​លើក​សរសើរម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា ​ដែល​មាន​សមត្ថភាព​លួច​ស្តាប់​ការ​សន្ទនា​របស់​លោក​ជា​មួយ​លោក​កឹម សុខា។​

នៅ​ព្រឹក​នេះ​ដែរ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ព្រមាន​បញ្ចេញ​សារ​ជា​ខ្សែអាត់​សំឡេងរវាង​លោក​ និង​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត ​ប្រសិន​បើ​លោក​ កឹម សុខា​ នៅ​តែ​បដិសេធមិន​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ទាំង​ពីរ​ដែល​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា ​បាន​បង្ហោះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។​

លោក​អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ VOA ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​អំពី​ការ​បែក​ធ្លាយ​សំឡេងនៃ​ការ​សន្ទនានោះ​ទេ ​ហើយ​ក៏​មិន​បារម្ភ​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង​គណបក្ស​នោះ​ដែរ។​

ពាក់​ព័ន្ធ​នឹង​ការ​គំរាម​ចាប់​ខ្លួន​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌មាន​ដែល​ថ្លែង​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នយោបាយ លោក​បាន​បន្ថែម​ថា​ មិន​មាន​ច្បាប់​ណាមួយ​ចែង​ហាម​មិន​ឲ្យ​នរណា​ម្នាក់​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ធានា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ដោយ​អត់​មាន​បែង​ចែង​ថា​ អ្នក​នេះ​និយាយ​បាន​ អ្នក​នោះ​និយាយ​មិន​បាន​ទេ។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ​សេរីភាព​ហ្នឹង​គឺ​ត្រូវ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​មួយ កុំ​ឲ្យ​យើង​និយាយ​ទៅ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ​ អាហ្នឹង​តែ​ប៉ុណ្ណឹង​ទេ។ ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដើម្បី​ឆ្លុះ​បញ្ចាំង​ការ​រិះគន់​ ការស្ថាបនា​អីហ្នឹង ​គឺ​ថា ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ហើយ»។​

VOA ​បាន​ព្យាយាម​ទាក់ទង​លោក​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​ការ​បកស្រាយ​ពាក់ព័ន្ធ​នឹង​វិធានការ​ផ្លូវ​ច្បាប់​នៃ​ការ​លួច​ស្តាប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ហ៊ុន សែន​ ជាមួយ​លោក​កឹម សុខា ​តែ​មិន​អាច​ទាក់ទង​បាន។ ​

ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​លួច​ស្តាប់​សំឡេង​ឆ្លង​ឆ្លើយ​តាម​ទូរស័ព្ទ​ឯកជន ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​អ៊ីន​ធឺណែត​ក្នុង​ពេល​កន្លង​មក លោក​ខៀវ សុភ័គ​ ធ្លាប់​បាន​ប្រាប់ ​VOA ​ថា ​សមត្ថកិច្ច​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង​បុគ្គល​ឯកជន​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ​ប្រសិន​បុគ្គល​ដែល​រង​ការ​លួច​ថត​នោះ​មិនប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត។

ទោះជាយ៉ាងណា ​នៅ​ពេល​កន្លង​មក​ លោក​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​សួរ​ថា ​តើ​ការ​លួច​ស្តាប់ ​និង​ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​បុគ្គល​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​បែប​ណា ​ឬ​ខុស​នឹង​ច្បាប់​កម្រិត​ណា​នោះ​ទេ។

អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​លួច​ថត​សំឡេងបុគ្គល​ឯកជន​ និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ ​និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​ ពួក​គេ​បន្ថែម​ថា ​ការ​ដែល​រដ្ឋាភិបាល​មិនអើពើ​នឹង​សកម្មភាព​ទាំង​នេះបង្ហាញ​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុងការ​គ្រប់​គ្រងប្រព័ន្ធ​ទូរគមនាគមន៍ ​ហើយ​ថា​ រដ្ឋាភិបាល​កំពុង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។​

កន្លង​មក​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ព្រមាន​អ្នក​វិភាគ ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន ​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា៕

XS
SM
MD
LG