ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​សិទ្ធិមនុស្ស​ជាប់ឃុំ អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ទៅ​បោះឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ


រូបឯកសារ៖ លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ខណៈ​សមត្ថកិច្ច​បណ្ដើរ​​ចូល​ក្នុង​សាល​សវនាការ លោក ណៃ វ៉ង់​ដា បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា សិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ យុត្តិធម៌ គឺ​ស្រេច​តែ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​​គណបក្ស​កាន់​អំណាច។ លោក​​​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ និង​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ទាំង​អស់ ចូល​រួម​​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុកមួយ​រូបដែល​កំពុង​ជាប់​ឃុំ គឺ​លោក ណៃ វ៉ង់ដា ​ បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ដើម្បីឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប្រទេសតាម​បែប​ប្រជាធិបតេយ្យ។

លោក ណៃ វ៉ង់ដា ព្រមទាំងមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៣​រូប និង​មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)​១រូប​ផ្សេង​ទៀត កំពុង​រងបទចោទសូកប៉ាន់​ និង​សមគំនិត​សូកប៉ាន់​សាក្សី។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤នាក់ ដែល​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី​។

អ្នក​ទាំង​៤​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ​ពី​បទសូក​ប៉ាន់​សាក្សី ​ អស់​រយៈ​ពេល​ជិត​១០ខែ​មក​ហើយ បន្ទាប់ពី​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ បាន​សាកសួរ​ពួកគេ​ពាក់​ព័ន្ធនឹង​បទ​សូក​ប៉ាន់​សាក្សី ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា ប្រធាន​ស្ដីទី​គណ​បក្សសង្គ្រោះ​ជាតិ ជាមួយស្ត្រី​កាត់​សក់​វ័យ​ក្មេង​ម្នាក់ កាល​ពី​ឆ្នាំ​មុន។​

ក្នុង​សវនាការ​នៅ​ព្រឹក​នេះ​ មិន​មាន​វត្តមាន​របស់​មន្ត្រី គ.ជ.ប លោក​ នី ចរិយា ដែល​ជាប់​ចោទ​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី​នោះ​ទេ។

ខណៈ​សមត្ថកិច្ច​បណ្ដើរចូល​ក្នុង​សាល​សវនាការ លោក ណៃ វ៉ង់​ដា បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា សិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ យុត្តិធម៌ គឺ​ស្រេច​តែ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​កាន់​អំណាច។

លោក​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ និង​បាន​ចុះ​ឈ្មោះបោះ​ឆ្នោត​ទាំង​អស់ ចូល​រួមបោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។​

លោកនិយាយ​ថា៖ «រឿង​នៅ​ក្រៅ​ឃុំ ឬក៏​មិន​នៅ​ក្រៅ​ឃុំ​អត់​សំខាន់​ទេ សំខាន់​នាំគ្នា​ទៅ​បោះ​ឆ្នោត។ ប្រជា​ជន​៨​លាន​នាក់​ហ្នឹង​ទៅ​បោះ​ឆ្នោត ហើយ​បោះ​ឆ្នោត​ឲ្យ​ចំ​គោលដៅ។ បាន​ន័យ​ថា​បោះ​ឆ្នោត​ដើម្បីការ​ផ្លាស់ប្ដូរ​ជា​លក្ខណៈ​ប្រជាធិបតេយ្យ ដើម្បីឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ នាំ​គ្នា​ទៅ​បោះឆ្នោត​។ សន្លឹកឆ្នោត​មួយ​សន្លឹកៗ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ អញ្ចឹង​មិន​អាច​ខកខាន​បាន​ទេ ទោះ​បី​ជា​មាន​ឧបសគ្គ​ធ្ងន់ធ្ងរ​ ធំ​យ៉ាង​ណា​ក៏​ដោយ ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា»។​

បន្ទាប់ពី​សវនាការ​ដោយ​មានការ​សាកសួរ​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃ​សភា​ស៊ើបសួរសាលា​ឧទ្ធរណ៍ និង​ការ​ឆ្លើយ​របស់​មន្ត្រី​ទាំង​៤រូប​រួច​មក ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បាន​ការ ដែល​សម្រេច​ឲ្យ​សាលា​ដំបូង​បន្តឃុំ​ខ្លួន​អ្នក​ទាំង​៤​ដដែល។

លោក ឡោ ជុនធី មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ប្រាប់ VOA ថា យោងលើ​រយៈពេល​នៃ​ការ​ស៊ើប​អង្កេត និង​ការ​បញ្ជាក់​ពី​មូល​ហេតុច្បាស់​លាស់​ក្នុង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តីលោក តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ។

លោក​បន្ថែម​ថា ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ដែល​សុទ្ធ​តែ​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​បែប​នេះ គឺជា​ការ​សម្រេច​ដែលមិន​សមហេតុ​ផល។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​យល់​ថា​មិន​សមស្រប ដោយសារ​អ្វីៗ​ដែល​ស៊ើបអង្កេត​កន្លង​មក មកដល់​ពេល​នេះ​វា​៩ខែ ចូល​១០​ខែ បានន័យ​ថា​រយៈពេល​ហ្នឹង​វា​ជា​រយៈពេល​ដែលល្មម ហើយ​វា​សម​ស្រប​មែន។ វា​តាម​ទិដ្ឋភាព​ដែល​ចៅ​ក្រម​បាន​ជូន​ដំណឹង បិទ​ហើយ​អី​ហើយ​ហ្នឹង ហើយ​បែរ​ជា​បន្តការស៊ើប​អង្កេត​បន្តទៀត»។

ក្នុង​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ក្នុង​ពេល​កន្លង​ទៅ​ ​មន្ត្រី​អាដ​ហុក​៤រូប និង​មន្រ្តី គ.ជ.ប មួយ​រូប បាន​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​ថា ​ពួកគេ​កំពុង​មាន​ជំងឺ និង​ត្រូវ​មើល​ថែ​គ្រួសារ។លោក​បញ្ជាក់​ថា ពួកគេ​ក៏​បាន​អះអាង​ថា ​ពួកគេ​នឹង​គោរព​តាម​ការ​កោះ​ហៅ​របស់​តុលាការ ដាក់​ប្រាក់ និង​លិខិត​ឆ្លង​ដែន​តម្កល់​ ដើម្បី​ធានា​ថា​ពួកគេ​នឹង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​ដើម។

លោក ទូច ថារិទ្ធ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ប្រាប់ VOA ថា សាលា​ឧទ្ធរណ៍តម្កល់​សាលក្រម​សាលា​ដំបូង​ទុក​ជា​បាន​ការ ដោយ​យោង​លើ​ភាព​ត្រឹមត្រូវ​នៃ​នីតិវិធី​របស់​សាលា​ដំបូង​ក្នុងការសម្រេច​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ទាំង​៤ ​ដើម្បី​ជៀស​វាង​អសន្តិសុខ​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា៖ «ខាង​ក្រុម​ប្រឹក្សា​ និង​តុលាការ​គេ​ពិនិត្យ​ឃើញ​ថា​ការ​សម្រេច​របស់​តុលាការ​ក្រុង​ហ្នឹង គឺ​ស្រប​តាម​នីតិវិធី អញ្ចឹង​សាលា​ឧទ្ធរណ៍សម្រេច​តម្កល់​សាលក្រម​ហ្នឹង​ទុក​ជា​បាន​ការ​ដដែល»។

សង្គម​ស៊ីវិល​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ករណី​ដែល​តុលាការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ទាំង​៥រូប​ដោយ​មិន​មាន​ហេតុ​ផល​សមរម្យ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ពួកគេ​បន្ត​ថា សំណុំ​រឿង​ក្ដី​របស់​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ.ជ.ប មួយ​រូប​ទៀត គឺជា​រឿង​នយោបាយដែល​ត្រូវ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ៕​

XS
SM
MD
LG