ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​កោះហៅ​ជន​សង្ស័យ​ក្នុង​សំណុំ​​រឿង​ចម្រូងចម្រាស​០០៤


អ្នកស្រី ​អ៊ឹម ចែម ​អាយុ​៦៨ឆ្នាំ​ ថត​ជាមួយ​លោក ឆាំង យុ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ស្រុក​អន្លង់វែង​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។ អ្នកស្រី​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ​ ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​៣នាក់​ក្នុង​សំណុំ​រឿង​០០៤ ​ដែល​ពាក់​ព័ន្ធ​នឹង​បទចោទ​អំពី​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ក្នុង​សម័យ​ខ្មែរក្រហម។ (រូប​ផ្តល់​ឲ្យ​ដោយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
អ្នកស្រី ​អ៊ឹម ចែម ​អាយុ​៦៨ឆ្នាំ​ ថត​ជាមួយ​លោក ឆាំង យុ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ស្រុក​អន្លង់វែង​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។ អ្នកស្រី​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ​ ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​៣នាក់​ក្នុង​សំណុំ​រឿង​០០៤ ​ដែល​ពាក់​ព័ន្ធ​នឹង​បទចោទ​អំពី​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ក្នុង​សម័យ​ខ្មែរក្រហម។ (រូប​ផ្តល់​ឲ្យ​ដោយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នកស្រី ​អ៊ឹម ចែម ​អាយុ​៦៨ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ​ ស្រុក​អន្លង់វែង ​ខេត្តឧត្តរមានជ័យ ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​៣នាក់​ក្នុង​សំណុំ​រឿង​០០៤ ​ដែល​ពាក់​ព័ន្ធ​នឹង​បទចោទ​អំពី​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ក្នុង​សម័យ​ខ្មែរក្រហម។ ​អ្នកស្រី​ត្រូវ​តុលាការ​ខ្មែរក្រហម​កោះ​ហៅ​ឲ្យ​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជា​លើក​ដំបូង​តាំង​ពី​មាន​ការ​ចោទប្រកាន់​អ្នកស្រីថា​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​អ្នកស្រី​ធ្លាប់​បដិសេធ​នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​និង​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​តុលាការ​ដែល​វីអូអេ​ផ្នែក​ខេមរភាសា​ទទួល​បាន។

គ្មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា​ តើ​ការ​កោះ​ហៅ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​តាម​បទ​ចោទ​របស់​សហ​ព្រះរាជអាជ្ញា​កាល​ពី​ឆ្នាំ​២០០៨​ឬ​ក៏ត្រូវ​ទៅ​បំភ្លឺ​ជា​សាក្សី​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ដែល​តុលាការ​ខ្មែរក្រហម​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​បន្ត​នីតិវិធី​សំណុំរឿង​០០២​ វគ្គ១​ សំណុំ​រឿង​០០២ ​វគ្គ២ ​និង​ការ​ស៊ើប​អង្កេតសំណុំ​រឿង​០០៣​និង​០០៤​នោះ។

លោក ​យឹម​ ផាន់ណា​ អភិបាល​ស្រុកអន្លង់​វែង​បាន​ប្រាប់​វីអូអេ​ថា​ តុលាការ​បាន​ កោះហៅ​អ្នកស្រី​អ៊ឹម ចែម ​តែ​លោក​ថា​ លោក​មិន​ដឹង​មាន​បញ្ហា​អ្វី​ទេ។​ លោក​ បញ្ជាក់​ថា​ មន្ត្រី​របស់​លោក​បាន​រាយការណ៍​ប្រាប់​លោក​ថា​ តុលាការ​ឲ្យ​អ្នកស្រី​ អ៊ឹម ចែម​ ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​អភិបាល​ស្រុក​អន្លង់វែង​ដែល​ធ្លាប់​ជា​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ បាន​បន្ថែម​សេចក្តី​ថា​ លោក​ក៏​ឆ្ងល់​ដែរ​ព្រោះ​តុលាការ​បាន​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម ​ហើយ​ហេតុអ្វី​ក៏​ហៅ​អ្នកស្រី ​អ៊ឹម ចែម​ ទៅ​ធ្វើ​អ្វី​ទៀត។

សំណុំ​រឿង​០០៤​ មាន​ជនសង្ស័យ​៣នាក់ ​គឺ​អ្នកស្រី ​អ៊ឹម ចែម​ ឬ យាយ​ចែម​ ជា​ អតីត​អភិបាល​ស្រុក​ព្រះនេត្រព្រះ​សម័យ​ខ្មែរក្រហម​ លោក​ យឹម ទិត​ ឬ តាទិត​និង លោក​ ឱម អាន ​ឬ ​តាអាន​ ជា​ប្រធាន​និង​អនុប្រធាន​តំបន់​ខ្មែរក្រហម ​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​ថា ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ រាប់​ម៉ឺន​នាក់​ក្នុង​តំបន់​ដែល​ពួក​គេ​កាន់កាប់។​ ដោយ​ឡែក​អ្នក​ស្រី​ អ៊ឹម ចែម ​ត្រូវ​សហព្រះរាជអាជ្ញា​ ចោទ​ប្រកាន់​ថា​ បាន​ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​៤ម៉ឺន​នាក់​ ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​សម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧៥​ដល់ឆ្នាំ​១៩៧៩ ​ជាមួយ​លោក​ យឹម ទិត​ ដែល​ធ្លាប់​បដិសេធ​មិន​ផ្តល់​ការ​បំភ្លឺ​ជាមួយ​វីអូអេ​នោះ។ ​អ្នកស្រី ​អ៊ឹម ចែម​ និង​ តាអាន ​បាន​បដិសេធ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ណា​មួយ​ទេ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​វីអូអេ​ផ្នែក​ខេមរភាសា​ផ្តាច់​មុខ​ជា​បន្ត​បន្ទាប់​តាំង​ពី​ ឆ្នាំ​២០១១​នោះ។

លោក​ នេត្រ ភត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា លោក​គ្មាន​ ព័ត៌មាន​អ្វី​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​ និង​០០៤​ទេ​នៅ​ពេល​នេះ​ តែ​បាន​បញ្ជាក់​ថា​សំណុំ​រឿង​នេះ​កំពុង​ដំណើរការ​នីតិវិធី។

«សំណុំ​រឿង​០០៣​ និង​០០៤​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ​ហើយ​គាត់​កំពុង​តែ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​គាត់។ ​ហើយ​អ្វី​ផ្សេង​ទៀត​ខ្ញុំ​មិន​អាច​ជម្រាប​បាន​ទេ​ ព្រោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើប អង្កេត»។

អ្នកស្រី​ អ៊ឹម ចែម​ ធ្លាប់​បដិសេធ​មិន​ទៅ​តុលាការ​ម្តង​នៅ​ពេល​មាន​ការ​កោះ​ហៅ​ ដើម្បី​ទៅ​បំភ្លឺ​ពី​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ គឺ​ លោក​ Laurent Kasper Ansermet ​កាល​ពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ​ឆ្នាំ​២០១២។ ​ការ​កោះ​ហៅ​នោះ​គឺ​ចំ​ពេល​ ដែល​កម្ពុជា​និង​អសប​កំពុង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​អំពី​សំណុំ​រឿង​បន្ថែម​នេះ​ ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​សហចៅក្រម​ស៊ើប​អង្កេត​បរទេស​និង​ភាគី​កម្ពុជា​ និង​បញ្ហា​ថវិកា​ ហើយ​នឹង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។​ លោក​ចៅក្រម​ Ansermet ​បាន​លា​ឈប់​ក្រោយ​ពេល​លោក​មិន​អាច​បំពេញ​កិច្ចការ​របស់​លោក​ បាន​ដោយសារ​តែ​គេ​បាន​រាយការណ៍​មក​ថា​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​កោះហៅ​អ្នកស្រី​ អ៊ឹម ចែម​ នេះ​ ក៏​កើត​ឡើង​ក្រោយ​រយៈពេល​២​ឆ្នាំ​បន្ទាប់​ពី​សហចៅក្រម​ស៊ើបអង្កេត​អសប​សញ្ជាតិ​អាមរិកាំង​ គឺ​លោក ​Mark Harmon ​បាន​ចូល​កាន់​មុខ​តំណែង​និង​ការ​បន្ត​កិច្ចការ​ភាគ​ច្រើន​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​០០៣ ​និង​០០៤ ​នេះ។

ការ​កោះ​ហៅ​អ្នកស្រី​ អ៊ឹម ចែម​ នេះ​កើត​ឡើង​នៅ​ពេល​សំណុំ​រឿង​០០២​ វគ្គ​ទី២​ កំពុង​ត្រូវ​បាន​រៀបចំ​បន្ត​ដំណើរការ​លើ​បទ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ និង​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង ​នួន ជា ​ខៀវ សំផន​ ដែល​ជា​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ​របប​នេះ​ត្រូវ​គេ​ស្តី​បន្ទោស​ថា​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។

សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​កាល​ពី​ថ្ងៃ​ទី៧​ខែសីហា​បាន​សម្រេច​ផ្តន្ទា​ទោស​ នួន ជា​ និង ​ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី១​ ដែល​ផ្តោត​លើ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទៀត៕

សូមរង់ចាំ​ព័ត៌មាន​ចុងក្រោយ​នៅ​ពេល​ខាង​មុខ។

XS
SM
MD
LG