ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​​ទទួល​ពាក្យ​បណ្តឹង​ចំពោះ​សំណុំរឿង​​បន្ថែម​០០៣​និង​០០៤


សៀវភៅឯកសារ​ភស្ដុតាង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​បង្ហាញពី​អំពើ​អមនុស្សធម៌​​របស់ខ្មែរ​ក្រហម។​
សៀវភៅឯកសារ​ភស្ដុតាង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​បង្ហាញពី​អំពើ​អមនុស្សធម៌​​របស់ខ្មែរ​ក្រហម។​
ក្រុមមន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​អង្គភាព​គាំពារ​ជន​រងគ្រោះ​បាន​អះអាង​ថា​ ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​ថែមទៀត​ពីពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ដែល​សុំតាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ដ៏ចម្រូង​ចម្រាស់​ ខណៈ​ពេល​ដែល​សំណុំ​រឿង​ទាំងនេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​អាមេរិកាំង​ ម៉ាក ហាមេន ​(Mark Harmon) ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​អ.ស.ប.។​

ពលរដ្ឋ​ខ្មែរក្រោម​បាន​ដាក់​ពាក្យ​ប្តឹង​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៥៧​ថែម​ទៀត​ ក្រោយ​ពេល​បណ្តឹង​ចំនួន​១៣៤​បាន​ដាក់រួច​ហើយ​នោះ។​ មន្ត្រី​អង្គការ​ ជួយ​សម្រួល​ការដាក់​ពាក្យប្តឹង ​បាន​អះអាង​ថា​ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​បាន​ទទួល​រង​ទុក្ខ​វេទនា​ ក្រុម​គ្រួសារ​ពួកគេ​ត្រូវ​ពួក​កម្មាភិបាល​ខ្មែរក្រហម​កាប់​សម្លាប់ដោយ​ចោទ​ប្រកាន់​ថា ​ជា​ចារកម្ម​វៀតណាម​ និង​រងទុក្ខ​ដោយ​ការ​កាប់​សម្លាប់​ដោយ​បញ្ហា​ផ្សេង​ទៀត​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។​

លោក​តាន់ វិសាល ​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គភាព​គាំពារ​ជន​រងគ្រោះ ​បាន​អះ អាង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សំណុំ​រឿង​របស់​ពលរដ្ឋ​ខ្មែរ ក្រោម​ទាំង​នេះ​នឹង​បញ្ជូន​ទៅកាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត ​ក្រោយ​ ពី​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្ន័យ​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​រួច។​

«អង្គភាព​ជនរងគ្រោះ​បាន​ទទួល​យក​សំណុំ​រឿង​ទាំងថ្មី​ ទាំង​ចាស់ហ្នឹង​ ហើយ​ កំពុង​តែ​ដំណើរការ​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​អង្គភាព​គាំពារ​ជនរង​ គ្រោះ​ហ្នឹង»។​

ពលរដ្ឋ​ខ្មែរក្រោម​ ដែលដាក់​ពាក្យ​បណ្តឹង​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ទាំង នោះ​គឺភាគ​ច្រើន​មកខេត្ត​ចំនួន​បី​គឺខេត្ត​បាត់ដំបង​ ខេត្ត​ពោធិសាត់​ និង​ខេត្ត​តាកែវ​ ក្រោយពី​បាន​ឃើញ​មាន​ការ​ដាក់បង្ហាញ​ពី​ទំហ៊ុំ​នៃ​ការ​ស៊ើប​អង្កេត​ថ្មី​របស់​លោក​ សហ​ចៅក្រម​បរទេស​ ម៉ាក ហាម៊ែន។​

លោក​អាង ច័ន្ទរិទ្ធិ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច ​ដែល​ បាន​ជួយជន​រងគ្រោះ​ខ្មែរ​ក្រោម​ទាំងនោះ​ក្នុងការ​ដាក់ពាក្យ​ប្តឹង ​បាន​អះអាង​ថា​ ការ​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​របស់​ពលរដ្ឋ​ខ្មែរក្រោម​នឹង​ជួយ​សម្រួល​ដល់​កិច្ចការ ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បន្ត។​

«ដូច្នេះ​ហើយគឺ​គាត់មាន​ចិត្តគាត់​ចង់​ជួយ​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​ ហើយ​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ហ្នឹង​ធ្វើការ​ចោទ​ប្រកាន់​ ឬ​ក៏​បន្ត​នូវ​នីតិវិធី​ច្បាប់​សម្រាប់​សំណុំ​រឿង​០០៣​ និង​០០៤ ​ហើយ​ពួកគាត់​នឹង​បាន​ដាក់​ពាក្យ​មកខាង​អង្គការ​ខ្ញុំ​ដែល​យើង​បាន​ទទួល​ជាង​៥០​ទៀត»។​

សំណុំ​រឿង​០០៣ ​និង​០០៤​ ដែល​មាន​ជន​សង្ស័យ​៥នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ ត្រូវ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ប្រឆាំង​ រារាំង​ មិនឲ្យ​មាន​ដំណើរ​ការ​ទៅមុខ។​

ជនសង្ស័យ​ទាំង​នោះ​ក្នុង​សំណុំ​រឿង​០០៤ ​មានលោក​យឹម ទិត ​ហៅ​តាទិត​ លោក​ឱម អាន​ ហៅ​តាអាន​ និង​អ្នកស្រី​អ៊ឹម ចែម។ ​សំណុំរឿង​០០៣​គឺ​មាន​លោក ​មាស មុត ​តែ​ម្នាក់​ប៉ុណ្ណោះ ​ក្រោយពេល​លោក​ស៊ូ ម៉េត​បាន​ស្លាប់​ដោយ​សារ​ជំងឺកាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​មក។​ ជន​ទាំង​នោះ​មិន​ត្រូវ​គេ​នាំខ្លួន​មក​ឃុំឃាំង ​ដូច​សំណុំ​រឿង​០០១ ​និង​០០២​ទេ ​ទោះ​ជា​សហ​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ជា​បឋម​តាំង​ពី​ឆ្នាំ​២០០៨​ក្តី។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​ដែល​មាន​បញ្ហា​ខាង​ថវិកា​គាំទ្រ​ កំពុង​រង់ចាំ​សាលក្រម​ដាក់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​នាក់​គឺនួន ជា ​និង​ខៀវ សំផន​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី១​ ទាក់ទង​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទៀត​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​ខាង​មុខ។ ​សាលាក្តី​នេះ​នឹង​បន្ត​ទៅ​កាន់​សំណុំ​រឿងទី​២​ វគ្គ២​ទៀត​មុន​នឹង​ចាប់ផ្តើម​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤។​

ទោះជា​មានការ​ខ្វែង​យោបល់គ្នា​លើ​នីតិវិធី​ខ្លះ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​អន្តរជាតិ​ក្តី​ លោក​នេត្រ ភក្តា្រ​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ ថា ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​កំពុង​បំពេញ​កិច្ច​ការងារ​ហើយ។​

«ទាក់ទង​ជាមួយ​នឹង​សំណុំ​រឿង​០០៣​ និង​០០៤នេះ​គឺ​សំណុំ​រឿង​ទាំងពីរ​នេះ​កំពុង​ តែ​ស្ថិត​នៅក្នុង​ដៃ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ហើយ​ចៅក្រមជាតិ ​និង​ចៅក្រម​អន្តរជាតិ​ ពួកគាត់​កំពុងតែ​ធ្វើ​ការងារ​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​គាត់»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​អនុញ្ញាតឲ្យជន​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ព្រហ្ម ទណ្ម​ធម្មតា​ និង​បណ្តឹង​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ទាមទារ​សំណង​ ផ្លូវ​ចិត្ត​ និង​សំណង​សមូហភាព​ក្នុង​សំណុំ​រឿង​នីមួយៗ​នៃ​សាលាក្តី​ខ្មែរ​ក្រហម៕
XS
SM
MD
LG