ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​រំពឹង​ថា​នឹង​ក្លាយ​ជាអ្នកផ្គត់​ផ្គង់​អគ្គិសនី​ថ្នាក់​តំបន់​នៅ​ឆ្នាំ​២០៣០​


លោក​ Victor Jona អគ្គនាយកក្រសួង​រ៉ែ​ និងថាមពល​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ ទី​២៦​​ ខែ​មេសា​ ឆ្នាំ​ ២០១៧​ នៅស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​អំពីការ​ផលិត​ថាមពលក្នុងប្រទេសកម្ពុជា។ (ហ៊ុល រស្មី/VOA​)​

កាលពី​ឆ្នាំ​ ២០១៥​ ការ​ផ្គត់​ផ្គង់​ថាមអគ្គិសនី​ធ្លាប់​​ត្រូវបាន​កាត់​ផ្តាច់​ស្ទើរ​ទូទាំង​ប្រទេស​ ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស​នៃ​ការ​បញ្ជូន​អគ្គិសនី​ពី​ប្រទេស​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ខាង​ថាមពល​ បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ថាមពលអគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង​ដល់​ទៅ​៨០​ភាគរយ​ នឹង​មាន​លទ្ធភាព​នាំចេញ​ថាមពល​អគ្គិសនី​វិញ​ នៅ​ឆ្នាំ​ ២០៣០​ នៅ​ពេល​ដែល​ប្រទេស​នេះ​ បង្កើន​ការ​ផលិតថាមពល​អគ្គិសនីលើស​ពី​តម្រូវការ​ តាម​រយៈ​ទំនប់​វារីអគ្គិសនី​ និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយធ្យូង​ថ្ម។

លោក​ Victor Jona ​អគ្គនាយក​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ក្រោយ​ពិធីចុះ​អនុ​ស្សារណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​រវាង​ ក្រុមហ៊ុន ​General Electric ​របស់​សហរដ្ឋ​អាមេរិក និង​ក្រសួង​រ៉ែ ​និង​ថាមពល​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញថា​ បច្ចុប្បន្ន​ក​ម្ពុជា​មានទំនប់​វារី​អគ្គិសនី​ចំនួន​៦​ ដែល​បាន​ដាក់​ឲ្យដំណើរការ​និង​ផ្តល់​ថាមពល​សរុប​ ៩២៨​មេហ្គាវ៉ាត់​ ហើយ​ទំនប់​វារី​អគ្គិសនី​មួយ​ទៀត​ គឺ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ទីII​ នឹង​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៨​នេះ​ ដែល​នឹង​ផ្តល់​ថាមពល​បន្ថែម​ចំនួន​ ៤០០​មេហ្គាវ៉ាត់។

លោក​បន្ត​ថា​ បន្ថែម​លើ​ទំនប់​វារីអគ្គិស​នី​ រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រោង​ចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ពីរ​នៅ​ក្រុង​ព្រះសីហនុ​ ដែល​នឹង​ផ្តល់​ថាមពល​ចំនួន​ ៥០០​មេហ្គាវ៉ាត់​ ហើយ​នៅថ្ងៃពុធ​នេះ​ រដ្ឋាភិបាល​បាន​ផ្តើម​ឲ្យមាន​ការវិនិយោគ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ​ទំហំ​១៣៥​ MW ​នៅ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ។

លោក​ Victor Jona​ បាន​ឲ្យដឹង​បន្ត​ទៀត​ថា​ ជាមួយ​នឹង​សក្តានុពល​នៃ​ការបង្កើន​ការ​ផលិត​ថាម​ពល​អគ្គិសនី​នេះ​ កម្ពុជា​នឹង​មាន​សមត្ថភាព​លក់​ថាមពល​អគ្គិសនី​របស់​ខ្លួន​ទៅ​ប្រទេស​នៅ​ក្នុង​តំបន់​ តាម​រយៈ​ខ្សែបញ្ជូន​ថាមពល​តំបន់​ Greater Mekong Sub-Region​ ឬ​ហៅ​កាត់​ថា​ GMS ​ដែល​គ្រប​ដណ្តប់ប្រទេស​ចំនួន​ប្រាំមួយ​ក្នុង​តំបន់​ទន្លេមេគង្គ។

«កន្លង​មក​យើង​គិត​ហើយ​ យើង​បាន​ពឹង​ផ្អែក​ទាំងស្រុង​លើ​ការ​នាំចូល​ ព្រោះ​៨០​ភាគរយ​ច្រើន​ណាស់​ ដល់​ពេល​ឥឡូវ​ទៅថ្ងៃ​មុខ​ ដល់​ឆ្នាំ​[២០៣០]​ យើង​អាច​ថា​ យើង​ expect យើង​អាច​ស្រមៃ​ថា​ យើង​អាច​នឹង​ បញ្ចេញ​ថាមពល​ដែល​យើង​អាច​ផលិត​បាន​ទៅ​ឲ្យ​តំបន់​វិញ»។

គម្រោង​វិនិយោគ​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ​ទំហំ​១៣៥​ MW ​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ ២៥៩​លាន​ដុល្លារ​អាមេរិក​ ជា​គម្រោង​របស់​ក្រុម​ហ៊ុន​ Cambodian Energy Co., Ltd (CEL II)​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បញ្ចប់​គម្រោង​ផលិត​ថាមពល​អគ្គិសនី​របស់​ខ្លួន​មួយ​ផ្សេង​ទៀត​ ដែល​ផ្តល់​ថាមពល​អគ្គិសនី​ចំនួន​១០០​មេហ្គាវ៉ាត់។

ជាផ្នែក​មួយ​នៃ​ការ​ចាប់​ផ្តើម​គម្រោង​វិនិយោគ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​CEL II ​ទំហំ​១៣៥​MW ​ក្រុម​ហ៊ុន​ General Electric ​ហៅ​កាត់​ថា​ (GE)​ ដែលមាន​ទីស្នាក់​កណ្តាល​នៅ​ក្នុងទីក្រុង​ Boston ​រដ្ឋ​ Massachusetts ​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចុះ​អនុស្សា​រណៈយោគយល់​គ្នា​ ជា​មួយ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​ដំឡើង​ប្រព័ន្ធ​គ្រប់​គ្រង​បំភាយ​ Continuous Emission Monitoring System ​(CEMS)​ សម្រាប់​តាមដាន​ និង​វិភាគ​កម្រិត​ថាមពល​បំភាយ​ ក្នុង​រោងចក្រ​នៅ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន​ GE ​ដែល​ជា​ក្រុមហ៊ុន​ឌីជីថល​របស់​ពិភពលោក​ ក៏​ត្រូវ​បាន​ផ្តល់​ឲ្យនូវ​កិច្ចសន្យា​ជា​មួយ​ ក្រុមហ៊ុន​ Toshiba Plant System & Service Corporation (TPSC) ​ដើម្បី​ផ្គត់​ផ្គង់​ឧបករណ៍​សំខាន់​ៗ​ ដល់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ទំហំ​១៣៥​MWនេះ​។ ក្រោម​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ TPSC ដែល​នាំមុខ​គេ​ផ្នែក​ វិស្វកម្ម​ លទ្ធកម្ម​ និង​សាង​សង់​នេះ​ ក្រុម​ហ៊ុន​ GE ​នឹង​ផ្គត់​ផ្គង់​កញ្ចប់​សេវា​ថាមពល​រួមគ្នា​ ដែល​រួម​បញ្ចូល​ធុង​ទឹកក្តៅ​ ប្រព័ន្ធ​ទឹក​ភ្លៀង​អគ្គិសនី​ និង​បង្កើត​ចំហាយទឹក។

លោក​ Wouter Van Wersch ​ជា​នាយក​ប្រតិបត្តិ​ និង​ប្រធាន​ក្រុមហ៊ុន​ ​GE ​នៅក្នុង​តំបន់​អាស៊ាន​ ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់គ្នា​នោះ​ថា​ រោងចក្រ​ដើរ​ដោយ​ធ្យូង​ថ្ម​ថ្មី​នេះ​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​រក្សា​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា។

«រោងចក្រ​ថ្មី​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​កម្ពុជា​លើ​អគ្គិសនី​ដែល​ផលិត​ដោយ​ទំនប់​វារី អគ្គិសនី​ ហើយ​យើង​មាន​ក្តី​រំភើប​រីករាយ​ណាស់​នៅ​ក្នុង​ការ​ដើរតួនាទី​ ធ្វើ​ឲ្យមាន​តុល្យភាព​ឡើង​វិញ​ នៃ​មូលដ្ឋាន​ថាមពល​ ហើយ​ធ្វើ​ឲ្យ​រោងចក្រ​នេះ​ ក្លាយ​ជា​សសរ​ស្តម្ភ​សំខាន់​មួយ​សម្រាប់​ការរីកលូត​លាស់​របស់​ប្រទេស​ប្រកប​ដោយ​ចិរភាព​ក្នុងរយៈពេល​វែង»។

ប្រធានក្រុមហ៊ុន​ GE​ លោក​ Wouter Van Wersh ​នៅ​ខាង​ឆ្វេងដៃ​ លោក​ កែវ រតនៈ ប្រតិភូ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​គ្រប់​គ្រង​អគ្គិសនី​កម្ពុជា​នៅកណ្តាល និង​លោកឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ William Heidt ​នៅខាង​ស្តាំ​ដៃ​ ធ្វើ​សន្និសីទ​ព័ត៌មាន​ កាលពីថ្ងៃ​ទី​ ២៦ ខែមេសា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)
ប្រធានក្រុមហ៊ុន​ GE​ លោក​ Wouter Van Wersh ​នៅ​ខាង​ឆ្វេងដៃ​ លោក​ កែវ រតនៈ ប្រតិភូ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​គ្រប់​គ្រង​អគ្គិសនី​កម្ពុជា​នៅកណ្តាល និង​លោកឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ William Heidt ​នៅខាង​ស្តាំ​ដៃ​ ធ្វើ​សន្និសីទ​ព័ត៌មាន​ កាលពីថ្ងៃ​ទី​ ២៦ ខែមេសា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

ថ្វី​ដ្បិតតែ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ផលិត​ថាមពល​អគ្គិសនី​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​សន្តិសុខ​ថាមពល​ ប្រទេស​នេះ​ក៏ធ្លាប់​ប្រឈម​នឹង​ ការខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ នៅពេល​មាន​បញ្ហា​បច្ចេក​ទេស​នៃ​ការ​បញ្ជូន​ភ្លើង​ពី​ប្រទេស​ក្បែរ​ខាងមក​កម្ពុជា។

កាលពី​ឆ្នាំ​ ២០១៥​ ការ​ផ្គត់​ផ្គង់​ថាមអគ្គិសនី​ធ្លាប់ត្រូវបាន​កាត់​ផ្តាច់​ស្ទើរ​ទូទាំង​ប្រទេស​ ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស​នៃ​ការ​បញ្ជូន​អគ្គិសនី​ពី​ប្រទេស​វៀតណាម។​ បញ្ហា​បចេ្ចកទេស​នេះ​ ត្រូវបាន​បញ្ជាក់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​នៅ​គ្រា​នោះ​ លោក​បាន​ចេញ​មក​សូម​ទោស​ប្រជាជន​ខ្មែរ​ និង​បាន​ពន្យល់​ថា ​ការ​ដាច់​ចរន្ត​អគ្គិសនី​នោះ​ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម​ណាមួយ​នោះ​ទេ។

ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់គ្នា​រវាង​ក្រុមហ៊ុន​ GE ​និង​រដ្ឋាភិបាល​កម្ពុជា​ដដែល​នោះ អ្នក​យក​ព័ត៌មាន​បាន​ចោទ​សួរ​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ ដែល​អាច​នឹង​បង្កឡើង​ដោយ​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​មួយ​នេះ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ William Heidt ​ថ្លែង​ថា​ រដ្ឋា​ភិបាល​អាមេរិក​រកផ្លូវដោះស្រាយ​ និង​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ ​និង​បញ្ហា​ផ្សេងៗ​ទៀត។ លោក​ថា​ ការ​ចូលរួម​របស់​ក្រុមហ៊ុន​ GE ​ក្នុង​គ​ម្រោង​វិនិយោគ​ថ្មី​នេះ​ បានបញ្ជាក់​ថា​ប្រទេស​កម្ពុជា​ក្លាយ​ជាទី​ផ្សារ​ដ៏គួរ​ឲ្យចាប់​អារម្មណ៍​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក។ លោក​ឯក​អគ្គ​រដ្ឋទូត​មានប្រសាសន៍ថា​៖

«យើង​បាន​រកផ្លូវដោះស្រាយ​ និង​និយាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ យើង​និយាយ​ជា​មួយ​ពួក​គេ​អំពី​បញ្ហា​ជាច្រើន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ការពិត​ទៅ ប្រទេស​នេះ​ កំពុង​ក្លាយ​ជាទីផ្សារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ ហើយ​វត្តមាន​របស់​ក្រុមហ៊ុន​ GE ​នៅ​ទីនេះ​ បាន​បញ្ជាក់​អំពី​រឿង​នេះ»។

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ត្រូវ​គេ​ជឿ​ថា​បាន​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង។ ដោយ​សារ​កង្វះ​ការផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​ រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ និង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​តាម​ខេត្ត​នានា ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពត​ ​កោះកុង​ ​ស្ទឹងត្រែង​និង​ខេត្ត​ព្រះ​សីហនុ៕

XS
SM
MD
LG