ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផលិត​ប្រេង​នៅ​កម្ពុជា​មិន​អាច​កើត​មាន​ឆាប់ៗ​ទេ


រូបឯកសារ៖ ការ​ផលិត​ប្រេង​ជួប​កត្តា​ប្រឈម​ជា​ច្រើន នៅ​ពេល​ដែល​ក្រុមហ៊ុនប្រេង Chevron បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​សិង្ហបុរី KrisEnergy កាល​ពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ ការ​ផលិត​ប្រេង​ជួប​កត្តា​ប្រឈម​ជា​ច្រើន នៅ​ពេល​ដែល​ក្រុមហ៊ុនប្រេង Chevron បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​សិង្ហបុរី KrisEnergy កាល​ពី​ឆ្នាំ​២០១៤។

ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​សកល​លោក​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ​ ​អ្នក​ជំនាញ​ក្នុង​ឧស្សាហ​កម្ម​យក​រ៉ែ​ ថ្លែង​ថា​ ការ​ផលិត​ប្រេង​នៅ​កម្ពុជា​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ​២០១៨​នោះ​ទេ។

ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​សកល​លោក​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ​ ​អ្នក​ជំនាញ​ក្នុង​ឧស្សាហ​កម្ម​យក​រ៉ែ​ ថ្លែង​ថា​ ការ​ផលិត​ប្រេង​នៅ​កម្ពុជា​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ​២០១៨​នោះ​ទេ។​ អ្នក​ជំនាញ​និយាយ​ថា ក្រុម​ហ៊ុន​ក៏​ត្រូវការ​ពេល​វេលា​បន្ថែម​ទៀត​ផង​ដែរ ​ក្នុង​ការពិចារណា​លក្ខខណ្ឌ​សារពើ​ពន្ធ​ មុន​នឹង​ក្រុម​ហ៊ុន​សម្រាប់​បណ្តាក់​ទុន​បូមប្រេង។​ មន្ត្រី​ទទួល​បន្ទុក​រ៉ែ​ និង​ថាមពល​នៃ​រដ្ឋាភិបាល​កម្ពុជា​យល់​ស្រប​ជាមួយ​នឹង​ការ​លើក​ឡើង​នេះ។

អ្នក​ជំនាញ​ក្នុង​ឧស្សហ​កម្ម​យក​រ៉ែ​បាន​ព្យាករណ៍​ទុក​ជា​មុន​ថា​ ការ​ទាញ​យក​ប្រេង​ពី​ប្លុក​ A​ ក្នុង​ដែន​សមុទ្រ​កម្ពុជា​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ នៅ​មុន​ឆ្នាំ​២០១៨ ខណៈ​ដែល​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ដាំ​ក្បាល​ចុះ​ ហើយ​លក្ខខណ្ឌ​សារពើ​ពន្ធ​ក៏​នៅ​មិន​ទាន់​មាន​ការ​កំណត់​ជាក់​លាក់​រវាង​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ហ៊ុន។​

ការ​ព្យាករណ៍​នេះ​កើត​មាន​ក្រោយ​ពេល​ក្រុមហ៊ុន ​Chevron ​Overseas ​Petroleum​ (Cambodia) Ltd​ ជា​សាខា​របស់​ក្រុមហ៊ុន​ Chevron​ ​ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិកាំង​ដ៏ធំ​បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ឲ្យ​ទៅ​ ក្រុមហ៊ុន​ KrisEnergy ​កាលពី​ខែ​សីហា​ ឆ្នាំ​២០១៤។​ ចាប់​តាំង​ពី​ការ​ទិញ​ភាគហ៊ុន​នោះ​មក​ ក្រុមហ៊ុន​ KrisEnergy​ ពុំ​ទាន់​ធ្វើការ​សម្រេច​ចិត្ត​ថា ​នឹង​ដាក់​លុយ​វិនិយោគ​ទាញ​យក​ប្រេង​នោះ​ទេ​ ដោយ​ពួក​គេ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ក្នុង​ការ​ពិនិត្យ​រាល់​ទិន្នន័យ​ឡើង​វិញ​ទាក់​ទិន​នឹង​ចំនួន​ប្រេង​ និង​លក្ខខណ្ខ​ច្បាប់​នានា។​

លោក​ Don Hubert ​ប្រធាន​ក្រុមហ៊ុន​ Resources for Development Consulting ​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមហ៊ុន​ KrisEnergy​ ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​ការ​បណ្តាក់​ទុន​បូម​ប្រេង និង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​អំពី​លក្ខខណ្ឌ​សារពើ​ពន្ធ​ ដែល​អាច​នឹង​មាន​ការ​ប្រែប្រួល។ ​លោក​ថ្លែង​ថា ​តម្លៃ​ប្រេង​ដែល​កំពុង​ធ្លាក់​ចុះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​អំណោយ​ផល​ដល់​ការ​ផលិត​ប្រេង​មុន​ឆ្នាំ​២០១៨​ទេ។​

«ការ​ផលិត​ប្រេង​មិន​អាច​ចាប់​ផ្តើម​នៅ​មុន​ឆ្នាំ​២០១៨​ទេ។ វា​ច្បាស់​ណាស់ថា​ កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​ KrisEnergy ​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ ឬ​ច្រើន​ខែ​ទៅ​មុខ​ទៀត។​ ប៉ុន្តែ​ ផ្តើម​ពី​ពេលនេះ​ ក្រុម​ហ៊ុន​ KrisEnergy​ និង​ដៃ​គូ​អាជីវកម្ម​របស់​ខ្លួន​ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​លើ​សេចក្តី​សម្រេច​ចុង​ក្រោយ​នៃ​ការ​ចាប់​ផ្តើម​វិនិយោគ​ទុន។​ ពួក​គេ​អង្គុយ​ចុះ​ ហើយ​និង​មើល​គ្រប់​ទិន្នន័យ​ រួច​ហើយ​ពួក​គេ​និយាយ​ថា​ បាទ​! យើង​នឹង​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្លុក​ A​ បន្ទាប់​មក​ទើប​ចាប់​ផ្តើម​ការងារ»។​

យ៉ាង​ណាក៏​ដោយ ​សេចក្តី​វិភាគ​នៃ​ក្រុម​ស្រាវ​ជ្រាវ​របស់​លោក​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​អាច​ឈាន​ដល់​ចំណុច​ព្រម​ព្រៀង​លើ​ការ​វិនិយោគ​ផលិតប្រេង​ ប្រសិន​បើ​តម្លៃ​ប្រេង​ងើប​ឡើង​មក​វិញ​ ​ដល់​តម្លៃ​ចន្លោះ​ពី​៧០​ដុល្លារ ​និង​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង។ ​

សេចក្តី​វិភាគ​នោះ​ពន្យល់​ថា ​តម្លៃ​៧០​ដុល្លារ​ក្នុងមួយ​ធុង​ជា​តម្លៃប៉ាន់​ស្មាន​ ហើយ​មិន​សូវ​ចំណេញ​ដល់​រដ្ឋាភិបាល​ទេ ​រីឯ​តម្លៃ​៩០​ដុល្លារ​ក្នុង​មួយធុង​ជា​តម្លៃ​ដែល​អាច​ចំណេញ​ច្រើន។​

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​មកនៅ​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង​ ចាប់​ពី​ខែ​កក្កដា​មក ​ដោយសារ​តែ​សេដ្ឋកិច្ច​មិន​សូវ​លូតលាស់​នៅ​ក្នុង​ទ្វីប​អាស៊ី​ និង​ទ្វីប​អឺរ៉ុប។​ មក​ទល់​នឹង​ពេល​នេះ​ តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់​៣៤,៥ដុល្លារ​ក្នុង​មួយ​ធុង។​

ក្រុមហ៊ុន​ Chevron ​Overseas ​Petroleum​ (Cambodia) Ltd ​ដែល​បាន​ធ្វើ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​ បាន​សម្រេច​ដក​ការ​បណ្តាក់​ទុន​នៅ​កម្ពុជាកាល​ពី​ឆ្នាំ​២០១៤​ ​ហើយ​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​ សរុប​ចំនួន៣០​ភាគរយ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ គឺ​ KrisEnergy Ltd ​របស់​ប្រទេស​សិង្ហ​បុរី។​

ក្រុមហ៊ុន​ Chevron ​និង​ក្រុម​ហ៊ុន ​KrisEnergy ​រួម​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​គឺ​ Moeco Cambodia​ Co.Ltd ​និង​ក្រុមហ៊ុន​ GS Energy Corporation​បាន​ទទួល​សិទ្ធិ​រុករក ​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤,៧០៩​គីឡូម៉ែត្រ​ការ៉េ​ ​ហើយ​ក្រុមហ៊ុន​អាមេរិក​ Chevron ​បាន​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក​ និង​បញ្ចប់​ប្រតិបត្តិការ​ជាមួយ​ក្រុម​ហ៊ុន​បី​ផ្សេង​ទៀត។​

លោក​ ម៉េង សាក់ធារ៉ា​ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល ​យល់​ស្រប​នឹងការ​លើក​ឡើង​ដែរ​ថា​ កម្ពុជា​ត្រូវការពេល​វេលា​ច្រើន​ទៀត​សម្រាប់​ការ​ចាប់​ផ្តើម​ផលិត​ប្រេង។ លោក​បញ្ជាក់​ថា៖​

«វា​មាន​ ទីមួយ ​យើងចរចា​ជាមួយ​ក្រុម​ហ៊ុន​ KrisEnergy ​ហ្នឹង​ពុំ​ទាន់​បាន​ត្រូវ​រូវគ្នា​នៅ​ឡើយ។​ ហើយ​ក្រោយ​ពី​ការ​ចរចា​ត្រូវ​រូវ​គ្នា​ហើយ​ ​ក្រុមហ៊ុន​ត្រូវ​ការ​ពេលវេលា​ដើម្បីរៀបចំ​សិក្សា​គម្រូ​ប្លង់​វិស្វកម្ម​ ដើម្បី​សាងសង់​ការដ្ឋាន​សម្រាប់​បូម​ប្រេង​ឲ្យ​បាន​ច្បាស់​លាស់​ ព្រម​ទាំង​ការ​រៀប​ចំ​សិក្សា​អំពី​សមិទ្ធិ​លទ្ធភាព​សេដ្ឋកិច្ច​នៃ​គំរោង​ហ្នឹង​ ដើម្បី​ដាក់​ស្នើសុំ​ឲ្យ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន​ហ្នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​គេហៅ​ Final Investment Decision ​ហ្នឹង​ណា៎​ ហើយ​អា​ហ្នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ដែរ​ អាច​១៨​ខែ​ ទៅ​២០​ខែ។​ បន្ទាប់​មក​ក្រុម​ហ៊ុន​ត្រូវ​ចាប់​ផ្តើម​ធ្វើ​លទ្ធកម្ម​ ដើម្បី​ជ្រើស​រើស​ក្រុម​ហ៊ុន​ជំនាញ​ ចាប់​ផ្តើម​ធ្វើ​ការ​សាងសង់​ ហើយ​ការ​សាង​សង់​អាច​ប្រើ​ពេល​មួយ​ឆ្នាំ​ទៀត។​ អញ្ចឹង​ទៅ​ វាត្រូវ​ការ​ពេល​ប្រហែល​២​ឆ្នាំ​កន្លះ​ទៅ​បី​ឆ្នាំ​ ក្រោយ​ពី​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ហើយ។​ អញ្ចឹង​ឥឡូវ​ឆ្នាំ​២០១៥​នេះ​ យើង​អត់​ចុះ​កិច្ច​ព្រម​ព្រៀង​ផង។​ អញ្ចឹង​ឧបមាថា​ ​យើង​អាច​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ​២០១៦​ អញ្ចឹង​បើ​យើង​ប្រឹង​ប្រែង​រុញ​ឲ្យ​លឿន​បំផុត​ក៏​ឆ្នាំ​២០១៨​ ពាក់​កណ្តាល​២០១៨​ ឆ្នាំ​២០១៩​ បានយើង​អាច​នឹង​សាងសង់​អា​អស់​ហ្នឹង​ហើយ​ ហើយ​នឹង​អាច​ចាប់​ផ្តើមផលិត​ប្រេង​បាន»។

​លោកបាន​បញ្ជាក់​បន្ថែម​ថា​ ប្រសិន​បើ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​ទៅ​ទៀត​នោះ ​ការ​ផលិត​ប្រេង​អាច​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ​ទៀត​ ដោយ​សកម្មភាព​ផលិត​ប្រេង​នៅ​កម្ពុជា​មិន​អាច​កើត​មាន​នៅ​ក្នុងឆ្នាំ​២០១៨​នោះ​ទេ៕

XS
SM
MD
LG