\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​កម្ពុជា​អបអរ​សាទរ​ជ័យជម្នះ​លោក ដូណាល់​ ត្រាំ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក​ ដូណាល់​ ត្រាំ​ គឺ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ រីឯ​លោក​ស្រី​ ហ៊ីឡារី​ គ្លីន​តុន​ គឺ​ជា​បេក្ខនារី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ពុធ​បាន​សាទរ​ចំពោះ​ការ​ជាប់​ឆ្នោត​របស់​លោក​ ដូណាល់​ ត្រាំ​ (Donald Trump) ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អាមេរិក។​

លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្នុង​ន័យ​ដើម​ថា៖​«អបអរសាទរ​ ឯកឧត្ដម​ ដូណាល់​ ត្រាំ​ ដែល​បាន​ទទួល​ជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក»។

លោក​បាន​បន្ត​ថា៖ «​ប៉ុន្មាន​ថ្ងៃ​មុន​ នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​ខ្ញុំ​ ចំពោះ​ឯកឧត្ដម​ មាន​មនុស្ស​មួយ​ចំនួន​បាន​ចេញ​មក​វាយ​ប្រហារ​ខ្ញុំ​រហូត​ចោទ​ឯកឧត្ដម​ ថា​ជា​មនុស្ស​ផ្ដាច់​ការ​ ទើប​មាន​មនុស្ស​ដូច​ខ្ញុំ​ទៅ​គាំទ្រ។​ ពេលនេះ ​អ្វីៗ​ច្បាស់​ហើយ​ គឺ​ប្រជាជន​អាមេរិក​ត្រូវការ​ឯកឧត្ដម​ដឹកនាំ​ ហើយ​ការ​គាំទ្រ​របស់​ខ្ញុំ​ ក៏​មិន​ខុស​ដែរ»។

លទ្ធផល​បឋម​បង្ហាញ​ថា លោក ​ដូណាល់​ ត្រាំ​ ទទួល​បាន​ប្រតិភូ​២៨៨​ ជា​ចំនួន​លើស​ពី​ប្រតិភូ​២១៥ ដែល​លោក​ស្រី ហ៊ី​ឡារី ​គ្លីនតុន​ (Hillary Clinton) ទទួល​បាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​នេះ។

លោក​ ដូណាល់​ ត្រាំ​ គឺ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ រីឯ​លោក​ស្រី​ ហ៊ីឡារី​ គ្លីន​តុន​ គឺ​ជា​បេក្ខនារី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​កឹម សុខា​ ក៏បាន​ផ្ដល់​ការ​សាទរ​ ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ ដូណាល់​ ត្រាំ​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

លោក​ កឹម សុខា​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​នេះ​ដែរ​ថា៖

​«ខ្ញុំ​ជឿ​ជាក់​ថា​ គោល​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ ជាពិសេស​ដែល​ខ្ញុំ​ផ្ទាល់​ ធ្លាប់​បាន​ទទួល​នូវ​កិច្ច​សហ​ប្រតិបត្តិការ​តាំង​ពី​ខ្ញុំ​នៅ​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រហូត​មក​នោះ​ប្រាកដ​ជា​នឹង​បន្ត​ឲ្យកាន់​តែ​កក់​ក្ដៅ​ និង​រឹងមាំ​ថែម​ទៀត​ជា​មិន​ខាន​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​នៅ​ប្រទេស​កម្ពុជា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។

ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ លោកស្រី​ គ្លីន​តុន បាន​ទូរស័ព្ទ​ទៅ​លោក​ ត្រាំ​ ដោយ​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​របស់​លោក​ស្រី​ ចំពោះ​លទ្ធ​ផល​បោះ​ឆ្នោត​នេះ។

​លោក ​ត្រាំ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូល​កាន់​កាប់​តំណែង​ប្រធានាធិបតី​ ដោយ​មាន​សំឡេង​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ទាំង​ក្នុង​ព្រឹទ្ធ​សភា​ និង​សភា​របស់​អាមេរិក។

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​រាស្ត្រ​អាមេរិកាំង​ឲ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​ លោក​ ត្រាំ​ ក៏​ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​ គឺ​លោក​ បារ៉ាក់ អូបាម៉ា​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​អូបាម៉ា នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ឆ្នាំ​ក្រោយ។

លោក​ អូបាម៉ា​ បាន​ផ្ញើ​សារ​នយោបាយ​ក្នុង​ថ្ងៃបោះ​ឆ្នោត​នេះ​ថា៖​«មិន​ថា​មាន​អ្វី​កើត​ឡើង​ឡើយ​ ព្រះ​អាទិត្យ​នឹង​រះ​នៅ​ពេល​ព្រឹក»។

លោក ​សូ​ ចន្ថា​ ​សាស្ត្រាចារ្យ​នយោបាយ​ ប្រាប់​ VOAកាល​ពី​ថ្ងៃ​ពុធ​ថា ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​អាមេរិកាំង​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​នៅ​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ​លោក​ថា​ លោក​ ត្រាំ​ នឹង​មិន​ផ្ដោត​ការ​គិត​គូរ​ខ្លាំង​ដល់​ការ​ពង្រឹង​ការ​គោរពសិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​មួយ​ចំនួន​ ដូច​ជា​ប្រទេស​កម្ពុជា​ទេ។

«សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ នៅ​ពេល​ដែល​លោក​ ត្រាំ​ ឈ្នះ​ឆ្នោត​ ហាក់​ដូច​ជា​មិន​សូវ​ ប្រហែល​ជា​មិន​អាច​ជួយ​ជំរុញ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឲ្យ​មាន​ដំណើរ​ការ​ទៅ​មុខ​ ហើយ​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ពិត​ប្រាកដ​នៅ​កម្ពុជា​នោះ​ទេ​បាទ»។

ជាមួយ​នឹង​ការ​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​របស់​លោក​ ត្រាំ​ តម្លៃ​ភាគហ៊ុន​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុង​សកល​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង្គោះ​រង្គើ។

​យ៉ាង​ណា​ក៏ដោយ​ ការ​រង្គោះ​រង្គើ​បាន​ចុះ​ថមថយ​ នៅ​គ្រា​ដែល​អ្នក​វិនិយោគ​បាន​ថ្លឹង​ថ្លែង​ដល់​ជ័យ​ជម្នះ​របស់​លោក​ ត្រាំ​ ក្នុង​ការ​បោះឆ្នោត​ដ៏​តានតឹង​ និង​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ។

ជ័យ​ជម្នះ​លោក​ ត្រាំ​ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ រួម​មាន​រដ្ឋ​ Ohio និង​ Pennsylvania។

លោក​ ត្រាំ​ ត្រូវ​បាន​គេ​ដកស្រង់​សម្ដី​លោក​ថា​ វា​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​រួម​គ្នា​ជា​ប្រជាជន​រួបរួម​មួយ។​ លោក​បាន​សន្យា​ថា លោក​នឹង​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់៕

XS
SM
MD
LG