ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​យក​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព


ឯកអគ្គ​រដ្ឋ​ទូតអាមេរិក លោក William Heidt បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​កាលពី​ថ្ងៃ​សុក្រ​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​លោក​បាន​ដឹង​ពី​ប្រវត្តិ​សាស្រ្ត​អាមេរិក​នៅ​ក្នុង​សង្រ្គាម​វៀតណាម​ ដូច្នេះ​អាមេរិក​បាន​យក​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជាអាទិភាព។

ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ លោក William A. Heidt ​បាន​ថ្លែង​ថា ​អាមេរិក​បាន​ដាក់​បញ្ហា​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព​ចម្បង បើ​ទោះ​ជា​គម្រោង​ថវិកា​ជួយ​ដោះ​មីន​នៅ​កម្ពុជា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ខណៈ​ប្រទេស​មហា​អំណាច​មួយ​នេះ​ទើប​តែ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ថ្មី។​

លោក​ឯក​អគ្គ​រដ្ឋទូត​បាន​ថ្លែង​បែប​នេះ ​ខណៈ​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​នៅ​ថ្ងៃ​សុក្រ​នេះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទីនោះ ​លោក William A. Heidt​ បាន​ថ្លែង​ថា​ ការ​រាវ​រក​មីន​ និង​ការ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​គឺជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​អាមេរិក។ ​លោក​បន្ត​ថា​ សហរដ្ឋ​អាមេរិក​ក៏​គាំទ្រ​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​មុត​មាំ​ ដើម្បី​សម្អាតមីន​ប្រឆាំង​នឹង​មនុស្ស​ឲ្យ​អស់ ​ឲ្យ​បាន​មុន​ឆ្នាំ​២០២៥។

លោក​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា៖ «ខ្ញុំ​មាន​មោទនភាព​ដែល​សហរដ្ឋ​អាមេរិក​ជា​ដៃ​គូ​ដ៏​ធំ​របស់​កម្ពុជា​ជា​យូរ​ឆ្នាំ​មក​ហើយ​ ក្នុង​ការ​សម្អាត​គ្រាប់​មីន​ និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​នៅ​ប្រទេស​កម្ពុជា។ ​ដើម្បី​សម្រេច​គោល​ដៅ​នោះ ​ទាមទារ​ឲ្យ​យើង​មាន​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធិ​រវាង​រដ្ឋាភិបាល​ និង​ដៃ​គូ​ទាំង​អស់។​ អីចឹង​ហើយ​ជា​មូលហេតុ​ចម្បង​ដែលខ្ញុំ​បាន​មក​ទីនេះ​ ថ្ងៃ​នេះ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ «តាម​យោបល់​ខ្ញុំ ​ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​តែ​មាន​មោទនភាព ​ដែល​ត្រឹម​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រាវ​មីន​អន្តរជាតិ»។​

ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ទីតាំង​ហាម​ចូល​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ទោះជាយ៉ាងណា ​លោក​ឯក​អគ្គ​រដ្ឋទូត​បាន​ថ្លែង​ថា ​រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​អាមេរិក​មិន​ទាន់​ដឹង​ថា​ ថវិកា​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការ​ដោះ​មីន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ​ ដោយ​សារ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច​អ្នក​ទាំងអស់​ដែល​កំពុង​តែ​តាម​ដាន​ព័ត៌មាន​នៅ​ពេល​នេះ ​យើង​មាន​រដ្ឋការ​ថ្មី​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​ហើយ​ពួកគេ​កំពុង​តែ​រៀប​ចំ​គម្រោង​ថវិកា​របស់​យើង​នៅ​ពេល​នេះ។​ យើង​មិន​មាន​ទិន្នន័យ​ពី​ថវិកា​របស់​យើង​នៅ​ឡើយ​ទេ។ ​យើង​មិន​ដឹង​ថា ​មាន​រឿង​អ្វី​កើត​ឡើង​ទេ​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​ «ខ្ញុំ​ដឹង​ថា ​តែង​តែ​មាន​តម្រូវ​ការ​ថវិកា​បន្ថែម​ទៀត។ ​ខ្ញុំ​យល់​អំពី​បញ្ហា​នេះ។ ​សារ​របស់​ខ្ញុំ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​គឺ​ថា​ ការ​គាំទ្រ​ជា​មនុស្សធម៌​នៃ​ការ​ដោះ​មីន​គួរ​តែ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ខ្ពស់​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក ​William A. Heidt ​បាន​លើកឡើង​ហេតុផល​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ជួយ​ដោះ​មីន​នៅ​កម្ពុជា។​ ហេតុផល​ទីមួយ​គឺ​ទាក់ទង​នឹង​ការងារ​មនុស្សធម៌ ​និង​ការ​ចូលរួម​ចំណែក​នាំ​ឲ្យ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​នៅ​កម្ពុជា។ ​ហេតុផល​ទីពីរ​គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​កិច្ចការ​ដោះ​មីន ​និង​ទីបី ​គឺ​តួនាទី​ប្រវត្តិសាស្រ្ត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្ញុំ​ថា ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​ប្រវត្តិ​សាស្រ្ត​របស់​យើង ​អំឡុង​ពេល​សង្រ្គាម​វៀតណាម ​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​ និង​កេរដំណែល​នៃ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ទីនេះ។ ​អីចឹង​ហើយ​បាន​ជា​ច្រើន​ឆ្នាំ​មក​នេះ ​យើង​គាំទ្រ​ការ​សម្អាត​មីន»។​

ចាប់ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៦ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​១២០លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​កម្ចាត់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា​ ហើយ​បាន​ដោះ​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ផ្តល់​ការ​អប់រំ​ស្តីពី​គ្រោះ​ថ្នាក់​បណ្តាល​មកពី​គ្រាប់​មីន ​និង​ជួយ​ពង្រឹង​សមត្ថភាព​ថ្នាក់​ជាតិ។​ ក្នុង​មួយ​ឆ្នាំៗ​ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ប្រមាណ​៦​លាន​ដុល្លារ​អាមេរិក​ តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ ​ដើម្បី​កម្ចាត់​គ្រាប់​មីន​នៅ​កម្ពុជា។​

លោក​ហេង រតនា ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅកម្ពុជា​ ហៅ​កាត់​ថា ​ស៊ីម៉ាក់ ​មាន​ប្រសាសន៍​ថា​ ជា​គោល​ដៅ​សាកល​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​បោស​សម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្សឲ្យ​ចប់​សព្វគ្រប់​ឲ្យ​បាន​មុន​ឆ្នាំ​២០២៥។​ លោក​បន្តថា​គ្រាប់មីន​ប្រឆាំង​មនុស្ស​មាន​នៅ​ក្នុង​ដី​ប្រមាណ​១ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត ​ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​បោស​សម្អាត​ឲ្យ​បាន​មុន​ឆ្នាំ​២០២៥។​

លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅកាត់​ថា​ស៊ីម៉ាក់ នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅកាត់​ថា​ស៊ីម៉ាក់ នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

បើ​តាម​លោក​ហេង រតនា​ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ត្រូវការ​ថវិកា​ជាង​៤០​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ជំនួយ​បច្ចុប្បន្ន​នេះ ​នៅ​ខ្វះ​ចន្លោះ​ពី​៤​ទៅ​៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​គោលដៅ​បោស​សម្អាត​មីន​ឲ្យ​បាន​ពី​១២០​ទៅ​១៥០គីឡូ​ម៉ែត្រ​ក្រឡា​ក្នុង​មួយ​ឆ្នាំៗ។ ​តែ​ឆ្នាំ​កន្លង​ទៅ​ ការ​បោស​សម្អាត​មីន​បាន​ធ្វើ​ចន្លោះ​ពី​១០៦​ទៅ​១១០​គីឡូម៉ែត្រ​ក្រឡា​ ដែល​មិន​ទាន់​បាន​ទៅ​ដល់​គោលដៅ​នៅ​ឡើយ​ទេ។​

លោក​បន្ត​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត​ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ដែល​នៅ​សេសសល់។​

លោក​មាន​ប្រសាសន៍​ថា៖ «អីចឹង​បើ​យើង​ប្រៀបធៀប​នឹង​ផែនការ​ប្រចាំ​ឆ្នាំ ​យើង​នៅ​ខ្វះ​ពី​៤ទៅ​៦លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ យើង​មិន​ដែល​ធ្វើ​ការ​រៃ​អង្គាស​មូលនិធិ​ (Fundraising) ​ដែល​អាច​ឆ្លើយ​តប​នឹង​ផែន​ការ​របស់​យើង​ទាំង​ស្រុង​នោះ​ទេ។​ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ដៃគូ​ទាំងអស់ ​ដែល​មាន​វត្តមាន​នៅ​ទីនេះ ​ជា​ពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​នឹង​ដៃ​គូ​អភិវឌ្ឍន៍ ក៏​ដូចជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បន្ត​ពិចារណា​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ ​ព្រោះ​មាន​តែ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ទេ ​ទើប​យើង​អាច​ធានា​បាន​នូវ​ការ​រីក​ចម្រើន​ជាមួយ​គ្នា»។​

ទោះជា​យ៉ាងណា ​លោក​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មីន​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ពិត​ជា​សប្បាយ​រីករាយ​ដែរ ​ដែល​បាន​មើល​ឃើញ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដែល​កន្លង​មក​ ទោះ​បី​ជំនួយ​នេះ ​នៅ​ក្នុង​កម្រិត​មិន​ទាន់​ឆ្លើយ​តប​របស់​យើង​ ដែល​យើង​ត្រូវ​ការ​ក៏​ដោយ ​ប៉ុន្តែ​បាន​ជួយ​សម្រាល​នូវ​ការ​លំបាក​ជាយ៉ាងច្រើន ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង​មួយ​ចំនួន​ដែរ»។​

បើ​តាម​លោក​ហេង រតនា ​ ប្រទេស​ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មីន រួមមាន​សហរដ្ឋ​អាមេរិក ​ជប៉ុន​ អូស្ត្រាលី ​កាណាដា​ ន័រវ៉េ​ និង​ហូឡង់​ជាដើម។

បើ​តាម​ស៊ីម៉ាក់ ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំនេះ កម្ពុជា​បាន​រុករក​និង​កម្ទេច​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេងៗ​បាន​ជិត​៤លាន​គ្រាប់​ ហើយ​រំដោះ​ផ្ទៃដី​បាន​ជាង​១៥០០​គីឡូម៉ែត្រ​ក្រឡា។​

ជាមួយ​ការ​បោស​សម្អាត​គ្រាប់​មីន​នេះ ​ អត្រា​គ្រោះ​ថ្នាក់​រង​របួស​ និង​ស្លាប់​ដោយសារ​មីន ​និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ បាន​ធ្លាក់​ចុះ​ពី​ជាង​៤ពាន់​ករណី​ក្នុង​ឆ្នាំ​១៩៩៦​ មក​ត្រឹម​តែ​៨៣​ករណី​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០១៦៕

XS
SM
MD
LG