ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ភូមិ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​រំឭក​ការ​ទម្លាក់​គ្រាប់​បែក​ ខណៈ​ភាព​ភ័យ​ខ្លាច​​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តែ​មាន


អ្នក​ភូមិ​ទួល​វិហារ​ លោក តេង ពៅ អាយុ​៥៣​ឆ្នាំ បង្ហាញ​ជ្រលង​នៅ​ក្បែរ​ចម្ការ​របស់​លោក ដែល​លោក​សង្ស័យ​ថា​ជា​កន្លែង​សំបូរ​ទៅ​ដោយ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ ដែល​ត្រូវបាន​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ (ស៊ុន ណារិន/VOA)

ទោះជា​ការ​ទម្លាក់​គ្រាប់​បែក​នោះ​បាន​កើត​ឡើង​ជាង​៤​ទស​វត្សរ៍​កន្ល​ង​ទៅ​ហើយ​ក្តី​ តែ​ប្រជា​ពលរដ្ឋ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​គ្រាប់បែក​ដែល​នៅ​សេស​សល់​ទាំង​នោះ​នៅ​ពេល​ធ្វើការ​ក្នុង​ចម្ការ​របស់​ពួក​គេ។

អ្នក​ភូមិ​ទួល​វិហារ​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​បាន​រំឭក​ពី​ភាព​ភ័យ​ខ្លាច​ ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​សម័យ​សង្រ្គាម​ក្នុង​តំបន់​ដែល​ពួក​គេ​កំពុង​រស់​នៅ​បច្ចុប្បន្ន​នេះ។ ​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​នោះ​ដើម្បី​វាយ​ប្រហារ​សត្រូវ​របស់​គេ​គឺ​ពួក​វៀតកុង។

លោក​អួន សំអាត​ ជា​អ្នក​ភូមិ​ទួល​វិហារ​អាយុ​៥៩​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​នៅ​ពេល​ទម្លាក់​គ្រាប់បែក​នោះ​ លោក​មាន​អាយុ​ប្រហែល​២១​ឆ្នាំ ​ហើយ​តំបន់​ដែល​លោក​រស់​នៅ​បច្ចុប្បន្ន​នេះ​ជា​កន្លែង​ដែល​គ្រាប់​បែក​ជា​ច្រើន​ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​សម័យ​លន់ នល់ ​ដែល​គាំទ្រ​ដោយ​អាមេរិក។

«គេថា វៀតកុងនៅទីហ្នឹង។​ វៀតណាម​ខាង​ជើង​នោះ វា​មក​ឆ្លងកាត់​នៅ​ទីហ្នឹង​ទៅ​ខាង​កំពង់ចាម។ បឹង ​កាល​ណោះ​ព្រៃ​ ព្រៃរាំង ​ព្រៃឫស្សី​ឡើង​ស៊្លុប​ហ្មង។ ហើយ​វា​ឆ្លងកាត់​ទៅ​ទួលកែវ ហើយ​បាន​ទៅ​ជីរោទិ៍»។

លោក​បាន​រង​របួស​ជើង​បន្តិច​បន្តួច ​ចំណែក​ភរិយា​របស់​លោក​បាន​រង​របួស​ធ្ងន់​បន្តិច​ដែរ​នៅ​ត្រង់​ក្បាល​ជង្គង់។​

ទោះជា​ការ​ទម្លាក់​គ្រាប់​បែក​នោះ​បាន​កើត​ឡើង​ជាង​៤​ទស​វត្សរ៍​កន្ល​ង​ទៅ​ហើយ​ក្តី​ តែ​ប្រជា​ពលរដ្ឋ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​គ្រាប់បែក​ដែល​នៅ​សេស​សល់​ទាំង​នោះ​នៅ​ពេល​ធ្វើការ​ក្នុង​ចម្ការ​របស់​ពួក​គេ។​

លោក​អួន សំអាត ​បាន​និយាយ​ថា​ លោក​ប្រទះ​ឃើញ​គ្រាប់​បែក​ពណ៌​លឿង​ទំហំ​ប៉ុន​កដៃ​ចំនួន​៤​គ្រាប់ ​ហើយ​បាន​រាយ​ការណ៍​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​ហៅ​កាត់​ថា ​ស៊ីម៉ាក។ ​លោក​បន្ត​ថា​ គ្រាប់​បែក​នោះ​ត្រូវ​បាន​យក​ចេញ​ ហើយ​បំផ្ទុះ​ចោល​កាល​ពី​ឆ្នាំ​មុន។ ​ទោះជាយ៉ាងណា ​លោក​សង្ស័យ​ថា ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​នៅ​តែ​មាន​សេសសល់​នៅ​ដី​ចម្ការ​របស់​លោក។

លោក​អួន សំអាត ​បាន​ភ្ជួរ​ដី​ចម្ការ​ប្រមាណ​៤​ហិកតា ​ក្នុង​ភូមិ​ទួលវិហារ​ ឃុំ​ជីរោទិ៍​ទី២ ​ស្រុក​ត្បូងឃ្មុំ ​ដើម្បី​ដាំ​ដើម​យ៉ិនស៊ិន។ ​ទោះជា​យ៉ាងណា ​លោក​បាន​ប្រាប់​កុំ​ឲ្យ​កម្មករ​ភ្ជួរ​រាស់​ដី​មួយ​កន្លែង​ដែល​លោក​សង្ស័យ​ថា ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់​ទុក​ តាំងពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៧០។

«បាន​ប្រាប់​គេ​ថា​ មិន​បាច់​ភ្ជួរ​តែ​ខាង​ហ្នឹង។ ​អត់​មាន​ប្រាប់​ថា​ មាន​គ្រាប់​ ឬ​មិន​មាន​គ្រាប់​ទេ ​អត់​ហ៊ាន​ប្រាប់​គេ​ទេ។ ​តែ​ប្រាប់ ​ក្រោយ​គេ​ម៉េច​មក​ភ្ជួរទៀត!​ គេ​ថា​តំបន់​នេះ​មាន​គ្រាប់ គេ​ម៉េច​មក​ភ្ជួរ!​ ខ្លាច​ផ្ទុះ​គេ!​ មិន​ទុក​ចិត្ត​ខ្លាច​វា​នៅ​ទៀត ​ព្រោះ​អាហ្នឹង​តែ​ផ្ទុះ​ឌឹង ​ដឹង​តែងាប់​ហើយ!»​

លោក​សំអាត ​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច​ ពេល​ដើរ​នៅក្នុង​ចម្ការ​ និង​តំបន់​ក្បែរ​ចម្ការ​របស់​លោក​ដោយ​លោក​សង្ស័យ​ថា ​ក្នុង​តំបន់​នេះ​នៅ​តែ​មាន​គ្រាប់​មិន​ទាន់ផ្ទុះ​ កប់​ជ្រៅ​នៅ​ក្នុង​ដី។​

អ្នក​ភូមិ​ទួលវិហារ លោក អួន សំអាត អាយុ​៥៩​ឆ្នាំ ស្ថិត​នៅដី​ចម្ការ​របស់​លោក ដែល​លោក​សង្ស័យ​ថា​នៅ​មាន​គ្រាប់​ដែលមិនទាន់ផ្ទុះ ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក ដើម្បី​កម្ចាត់​ពួកវៀតកុង។ (ស៊ុន ណារិន/VOA)
អ្នក​ភូមិ​ទួលវិហារ លោក អួន សំអាត អាយុ​៥៩​ឆ្នាំ ស្ថិត​នៅដី​ចម្ការ​របស់​លោក ដែល​លោក​សង្ស័យ​ថា​នៅ​មាន​គ្រាប់​ដែលមិនទាន់ផ្ទុះ ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក ដើម្បី​កម្ចាត់​ពួកវៀតកុង។ (ស៊ុន ណារិន/VOA)

«នៅ! ខ្ញុំ​ថា ​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ទេ។ បាន​ដោះ​អស់​ទៅ​លែង​ភ័យ​ហើយ​ លែងអី។ អារម្មណ៍​នឹក​ឃើញ​ថា​ អូ​ អញ! មាន​គ្រាប់​នៅ​កន្លែង​ហ្នឹង!​ តែ​ផ្ទុះ ដឹង​តែ​ពិការ​មួយ​ជីវិត​ហើយ»។​

ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រាប់​មីន​ គ្រាប់បែក​យន្តហោះ​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត ​ដែល​សល់​ពី​សង្រ្គាម​ស៊ីវិល ​និង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ​ចាប់ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៧៣។​

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ទម្លាក់​អាវុធ​យុទ្ធភណ្ឌ​ប្រមាណ​២,៧៥​លាន​តោនទៅ​លើ​តំបន់​ជាង​១១៣.០០០​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ​ចំនួន​អ្នក​ស្លាប់​ និង​រងរបួស​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ​មាន​ចាប់ពី​៥​ពាន់​ទៅ​ដល់​ជាង​កន្លះ​លាន​នាក់។​

អ្នក​ភូមិ​ទួល​វិហារ​ម្នាក់​ទៀត​គឺ​លោក​តេង ពៅ ​អាយុ​៥៣​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ដឹង​ថា ​តំបន់​ក្បែរ​ដី​ចម្ការ​របស់​លោក​ជា​កន្លែង​ដែល​ត្រូវ​បាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​កាល​ពី​សម័យ​សង្រ្គាម​ ជាពិសេស​នៅ​ជ្រលង​មួយ​ដែល​នៅ​ក្បែរ​ចម្ការ​របស់​លោក។​

លោក​បាន​រាយ​ការណ៍​ទៅ​ក្រុម​ស៊ីម៉ាក​ឲ្យ​មក​ដោះ​គ្រាប់​នៅ​ក្បែរ​ជ្រលង​នោះ​ ដែល​លោក​ប្រាកដ​ថា​ ​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដោយសារ​លោក​ធ្លាប់​ឆ្លង​កាត់​ការ​ទម្លាក់​គ្រាប់​បែក​កាល​ពី​សម័យ​សង្រ្គាម។​

«ខ្ញុំ​ដឹង​ថា​ តំបន់​ហ្នឹង​មាន​គ្រាប់​ប៊ុម​ប៊ី។​ អីចឹង​ខាង ស៊ីម៉ាក ​គេ​ឲ្យខ្ញុំ​ជូន​ទៅ។ ​ខ្ញុំ​ប្រាប់​ថា​ តំបន់​ហ្នឹង​ ជ្រោះ​ហ្នឹង​មាន​សុទ្ធ​តែ​គ្រាប់​ប៊ុមប៊ី។ កាល​មុន​ឡើង​ក្រហម​ពេញហ្នឹង​ គ្រាប់​ឲ្យ​រនេក​ពេញ​ហ្នឹង។​ គ្មាន​អ្នក​ណា​ហ៊ាន​ចូល​រក​ទំពាំង​ទេ​សម័យ​ហ្នឹង​នោះ ​ពី​ជំនាន់​ម៉ែៗ​ខ្ញុំ​នោះ!»​

ទោះជា​យ៉ាងណា​ លោក​ថា ក្រុម​ជំនាញ​មិនបាន​ចុះ​មក​សិក្សា​ និង​ស្វែងរក​គ្រាប់​មិនទាន់​ផ្ទុះ​ទាំង​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​ក្រុម​ការងារ​ស៊ីម៉ាក​ចុះ​មក​ស្រាវជ្រាវ​ និង​បំផ្លាញ​គ្រាប់​ទាំងនោះ​ឲ្យ​ទាន់​ពេល​វេលា។

«បាទ ​បើ​បាន​គេ​ដោះ​ ក៏​ល្អ​ហើយ ​កុំ​ឲ្យ​វា​គ្រោះ​ថ្នាក់​ដល់​អ្នក​ជំនាន់​ក្រោយ​ វា​រង​គ្រោះ​ដល់​អ្នក​ជំនាន់​ក្រោយ ​អាច​ទៅ​រុក​រាន​ ធ្វើ​ចុះ​ឡើង​នៅ​បាត​ដី​ អាច​ផ្ទុះ​គ្រោះ​ថ្នាក់​ទៅ។ ​អ្នក​ដឹង​ទៅ គេ​មិន​អាច​ហ៊ាន​ចុះ​ធ្វើ​ទេ​ បាត​ជ្រោះ​ហ្នឹង បើ​និយាយ​ពី​ខ្ញុំ បើ​ចង​កាប់ ចង់​ឈូស​អី ក៏​ខ្ញុំ​មិន​ហ៊ាន​ដែរ នៅ​បាត​ជ្រោះ​ហ្នឹង​ ព្រោះ​យើង​ធ្លាប់​ដឹង​មក​នោះ ​ព្រោះ​ថា ​កាប់មួយ​ចប​ទៅ​ខុស ​កាប់​មួយ​ចប​ទៅ​ត្រូវ»។​

អនុប្រធាន​ភូមិ​ទួលវិហារ​គឺ​លោក​ឡុង ខុន ​មាន​ប្រសាសន៍​ថា​ មិន​មាន​ករណី​គ្រោះ​ថ្នាក់​ផ្ទុះ​គ្រាប់​ប៉ះពាល់​អ្នក​ភូមិ​របស់​លោក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ។​ លោក​បន្ត​ថា ​អាជ្ញាធរ​តែង​តែ​ជូន​ដំណឹង​ទៅ​ក្រុម​ដោះ​មីន​ ប្រសិន​បើ​ពួក​គេ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ។​ ទោះជាយ៉ាង​ណា ​លោក​ចង់​ឲ្យ​ក្រុម​ការងារ​ស៊ីម៉ាក​ ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តំបន់​ក្បែរៗ​នោះ ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ។​

«ចង់​ឲ្យ​ដោះ​ឲ្យ​អស់​ដែរ​ហ្នឹង​(ម្តុំ​កន្លែង​ជ្រលង)​ កុំ​ឲ្យ​មាន​បញ្ហា​ពិបាក​ដែរ​គ្រោះ​ថ្នាក់​ មិន​ដឹង​នៅ​ទីណា​ មើល​មិនឃើញ​ផង»។​

សុនខ​ស្វែក​រក​មីន​របស់មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ កំពុង​ដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិការ​រក​មីន​ នៅឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/​VOA)
សុនខ​ស្វែក​រក​មីន​របស់មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ កំពុង​ដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិការ​រក​មីន​ នៅឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/​VOA)

លោក​ហេង រតនា ​អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (ស៊ីម៉ាក)​ មាន​ប្រសាសន៍​ថា ​រហូត​មកដល់​ពេល​នេះ ​មិន​មាន​ទិន្នន័យថា ​តើ​គ្រាប់​បែក​ប៉ុន្មាន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​ត្រូវ​បាន​ដោះ​រួច​ហើយ ​និង​នៅ​សេស​សល់​ប៉ុន្មាន​នោះ​ទេ ​ដោយសារ​មជ្ឈមណ្ឌល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ស្រាវជ្រាវ​ និង​ចុះ​ប្រមូល​ទិន្នន័យ​បឋម​បន្ថែម​ទៀត។

លោក​ហេង រតនា​ បា​នបន្ថែម​ថា​ មជ្ឈមណ្ឌល​មាន​ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​ ដើម្បី​ដោះស្រាយ​ភ្លាមៗ ​នៅ​ពេល​មាន​សេចក្តី​រាយ​ការណ៍​អំពី​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​តាម​តំបន់​របស់​ពួក​គេ។

«អញ្ចឹង​នៅ​ពេល​បច្ចុប្បន្ន ​នៅ​ទិស​ខាង​ហ្នឹង ​ឲ្យ​តែ​មាន​បញ្ហាហៅ​(មក​យើង)​គឺ​យើង​ទៅ​ធ្វើ​ហើយ។ តែ​យើង​មិន​បាន​ទៅ​ធ្វើ​ឲ្យ​បញ្ចប់​ថា ​ក្រោយ​ពី​យើង​ទៅ​យក​គ្រាប់មួយ​គ្រាប់​ហ្នឹង​មក​ មាន​ន័យ​ថា​ កន្លែង​ហ្នឹង​មាន​សុវត្ថិភាព​១០០​ភាគរយ​ទេ ព្រោះ​យើង​អត់​ទាន់​បោស​សម្អាត​ទាំង​ស្រុង»។​

បើ​តាម​លោក​ហេង រតនា​ ​ខេត្ត​កំពង់​ចាម​ និង​ត្បូងឃ្មុំ ​មិន​សូវមាន​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ និង​រថ​ក្រោះ​នោះ​ទេ​ គឺ​ភាគ​ច្រើន​សម្បូរគ្រាប់​បែក​ទម្លាក់​ពី​យន្ត​ហោះ ​អាច​ជា​អំបែង គ្រាប់បែក​ចង្កោម​ និង​គីមី​ជាដើម។​

ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៦​ កម្ពុជា​បាន​រំដោះ​ដី​មាន​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​ជាង​១.៥០០​គីឡូ​ម៉ែត្រ​ការ៉េ ​ហើយ​បាន​រក​ឃើញ​ និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​១.០៣៦.៣៧៦​គ្រាប់ ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៤.២៥១​គ្រាប់​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ចំនួន​២.៦៦០.៦៣៨​គ្រាប់។​ ចំនួន​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន​ក៏​បាន​ធ្លាក់​ចុះ​ពី​៤.៣២០​នាក់​ក្នុង​ឆ្នាំ​១៩៩៦​ មក​ត្រឹម​៨៣​នាក់​ក្នុង​ឆ្នាំ​២០១៦។​

បើ​តាម​របាយ​ការណ៍​របស់​ស៊ីម៉ាក ​កម្ពុជា​នៅ​មាន​ផ្ទៃដី​ប្រមាណ​ជាង​១៩៤៦​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត​ដែល​សង្ស័យ​ថា មាន​មីន​និងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នឹង​ត្រូវ​ធ្វើ​ការ​បោស​សម្អាត​ចាប់​ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២៥។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​អាមេរិក​ ដើម្បី​សម្រេច​គោលដៅ​បោស​សម្អាត​មីន​រហូត​ដល់​ឆ្នាំ​២០២៥។

ប្រទេស​ដែល​ផ្តល់​ជំនួយ​ធំៗ​ដល់​កម្ពុជា​សម្រាប់​ការ​ដោះ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ​រួម​មាន​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ​ជប៉ុន ​និង​អូស្រ្តាលី។​

ដោយសារ​ការ​សង្ស័យ​ថា​ មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ លោក​អួន សំអាត​ តែង​តែ​ណែនាំ​កូន​របស់​លោក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​លើ​ដី​ចម្ការ​ និង​តំបន់​ក្បែរ​នោះ៕

XS
SM
MD
LG