ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រលោម​លោក​មួយ​ឆ្លុះ​បញ្ចាំង​ពី​​ផលប៉ះពាល់​នៃ​សង្គ្រាម និងជនភៀសខ្លួនខ្មែរ


គម្របសៀវភៅ​ប្រលោមលោក​​របស់​លោកស្រី Terry Farish ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា "Either the Beginning or the End of the World" ឬជាភាសាខ្មែរថា «‍ជាការចាប់ផ្តើម ឬ​ជាទីបញ្ចប់​នៃ​ពិភពលោក»។

ប្រលោមលោក​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​មក​លើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​មនុស្ស ជាពិសេស​គឺ​ជន​ភៀសខ្លួន​ពី​សង្គ្រាម​ដែល​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

អ្នក​និពន្ធ​ប្រលោមលោក​អាមេរិកាំង​ម្នាក់ បាន​និពន្ធ​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល ដែល​រៀបរាប់​អំពី​ដំណើរ​សេ្នហា​របស់​ក្មេងស្រី​ម្នាក់ ដែល​មាន​ម្តាយ​ជា​ជនភៀស​ខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំងឺ​បាក់ស្បាត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

ប្រលោមលោក​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​មក​លើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​មនុស្ស ជាពិសេស​គឺ​ជន​ភៀសខ្លួន​ពី​សង្គ្រាម​ដែល​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

ប្រលោមលោក​ដែល​មាន​ចំណង​ជើង​ថា “Either the Beginning or the End of the World” ឬ​ជា​ភាសាខ្មែរ​ថា «‍ជា​ការ​ចាប់ផ្តើម ឬ​ជា​ទីបញ្ចប់​នៃ​ពិភពលោក» ដែល​ត្រូវបាន​និពន្ធ​ឡើង​ដោយ​លោកស្រី Terry Farish រៀបរាប់​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​ដ៏​ស្មុគស្មាញ​រវាង​ផល​ប៉ះពាល់​នៃ​សង្គ្រាម វប្បធម៌ សេចក្តី​ស្រឡាញ់ និង​ខ្សែ​ជីវិត​នៃ​ជន​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA លោកស្រី Terry Farish បាន​ឲ្យ​ដឹង​ថា ប្រលោម​លោក​នេះ​អាច​យក​ទៅ​ប្រើប្រាស់​នៅក្នុង​កម្មវិធី​សិក្សា​តាម​សាលារៀន​បាន ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​«ការ​សិក្សា​អំពី​សង្គ្រាម និង​បទ​ពិសោធន៍​របស់​ជន​ភៀសខ្លួន‍»។

លោក​ស្រី​បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​ដែល​អ្នក​អាន​បាន​អាន​ប្រលោមលោក​នេះ​ហើយ ពួកគេ​នឹង​យល់​ពី​ភាព​ស្មុគស្មាញ​នៃ​សេចក្តី​ស្រឡាញ់ និង​ភាព​ពាក់ព័ន្ធ​គ្នា​នៃ​សង្គ្រាម និង​ក្តី​ស្រឡាញ់»។

អ្នក​និពន្ធ​ប្រលោមលោក​វ័យ​៧០ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​១៩៧០ លោកស្រី​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​កាកបាទ​ក្រហម​របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​វៀតណាម ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់។

បទ​ពិសោធន៍​រស់នៅ​ប្រទេស​វៀតណាម​ក្នុង​ពេល​សង្គ្រាម និង​រស់នៅ​ជាមួយ​សហគមន៍​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts បាន​ធ្វើឲ្យ​លោកស្រី Farish ចាប់​អារម្មណ៍​ស្វែង​យល់​កាន់​តែ​ខ្លាំង​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម វប្បធម៌ និង​ដំណើរ​ជីវិត​របស់​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍​នៅ​សហរដ្ឋ​អាមេរិក។

(វីដេអូខ្លីអំពី​ប្រលោមលោក Either the Beginning or the End of the World)

លោកស្រី Farish បាន​ហៅ​ជន​ភៀសខ្លួន និង​ជន​អន្តោប្រវេសន៍​នៅ​សហរដ្ឋ​អាមេរិក​ថា «‍ពលរដ្ឋ​អាមេរិកាំង​ថ្មី» ពីព្រោះ​លោកស្រី​យល់​ថា អ្នក​ទាំង​នេះ​បាន​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​ផ្ទះ​របស់​ពួកគេ ហើយ​បាន​ចាប់ផ្តើម​បញ្ជ្រាប​វប្បធម៌​របស់​ពួកគេ​នៅ​ក្នុង​សង្គម​អាមេរិក ហើយ​ក៏​បាន​ចាប់​យក​តម្លៃ​សំខាន់ៗ​នៅ​ក្នុង​ជីវភាព​រស់នៅ​ជា​ពលរដ្ឋ​អាមេរិកាំង ដូច​ពលរដ្ឋ​អាមេរិកាំង​ដទៃទៀត​ដែរ។

លោកស្រី​បាន​ឲ្យ​ដឹង​ថា៖ «‍ពួកគេ​ទាំង​នេះ​បាន​ក្លាយ​ជា​អ្នក​ជិតខាង​របស់​យើង ហើយ​កូនៗ​របស់​ពួកគេ​ក៏​បាន​ក្លាយ​ជា​មិត្តភក្តិ​របស់​កូន​យើង»។

ដូច្នេះ​ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោក​ស្រី ក្នុងការ​ជួយ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍​ដូច​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ទៅកាន់​យុវជន​អាមេរិកាំង​តាមរយៈ​ប្រលោមលោក​របស់​លោក​ស្រី។

លោកស្រី Farish បាន​បន្ថែម​ទៀត​ថា៖ «‍ខ្ញុំ​គិតថា ក្មេងៗ និង​យុវជន​អាមេរិកាំង​ជា​ច្រើន​ មិន​ទាន់​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ទេ។ ដូច្នេះ ចំណុច​ទី១​ដែល​ខ្ញុំ​បាន​រៀបរាប់​នៅ​ក្នុង​ប្រលោមលោក​មួយ​នេះ​គឺ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅកាន់​អ្នក​អាន​វ័យ​ក្មេង​ជា​ច្រើន​នាក់»។

តួអង្គ​សំខាន់​នៅ​ក្នុង​ប្រលោមលោក​នេះ គឺជា​ក្មេងស្រី​ជំទង់​ម្នាក់ ដែល​មាន​ស្នេហា​ជា​លើក​ដំបូង។ នាង​មាន​ឈ្មោះ​ថា Sofie ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ​ដែល​បាន​រត់ភៀស​ខ្លួន​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស​កម្ពុជា។ ម្តាយ​របស់ Sofie ដែល​ពេល​នោះ​មាន​អាយុ​១៦ឆ្នាំ បាន​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ស្កុតលែន នៅ​រដ្ឋ New Hampshire។

នៅពេល​ដែល Sofie មាន​អាយុ​១៦ឆ្នាំ​ដែរ នាង​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ Luke ដែល​ជា​គ្រូពេទ្យ​យោធា។ Luke បាន​ចុះ​បេសកកម្ម​យោធា​នៅ​អាហ្វហ្គានីស្ថាន។ លោកស្រី Farish បាន​ឲ្យ​ដឹង​ថា ស្នេហា​រវាង Sofie និង​ Luke ហាក់​ដូច​ជា​ត្រូវបាន​ទាក់ទាញ​ឡើង​ដោយ​សារ​តែ​«‍កំហឹង» និង​«‍ការ​ឈឺចាប់» ដែល​អ្នក​ទាំងពីរ​បាន​ឆ្លងកាត់​រៀងៗ​ខ្លួន។

Luke ត្រូវ​ប្រឈម​នឹង​ការ​ឈឺចាប់​ជាច្រើន ដោយសារ​តែ​ហេតុការណ៍​ដែល​លោក​បាន​ឆ្លងកាត់​នៅ​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន ហើយ​ចំណែក​ឯ Sofie វិញ នាង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ដោយសារ​តែ​នាង​មិន​ព្រម​ទទួល​ស្គាល់​ម្តាយ​របស់​នាង ដែល​មាន​ជំងឺ​បាក់ស្បាត​ ហើយ​ដែល​បាន​ចាកចោល​រូបនាង​តាំង​ពី​ពេល​នាង​នៅ​តូច។ បន្ថែម​លើ​នេះ Sofie មិន​ដែល​គិតថា នាង​មាន​អត្តសញ្ញាណ​ជា​ខ្មែរ​នោះ​ទេ។ នាង​បាន​និយាយ​នៅ​ក្នុង​ប្រលោមលោក​នេះ​ថា៖ «‍ខ្ញុំ​គឺជា​អាមេរិកាំង។ ខ្ញុំ​មិនមែន​ខ្មែរ​ទេ។ ខ្ញុំ​កើត​ចេញ​ពី​បាតដៃ​ទទេ​ជា​រៀងរាល់​ថ្ងៃ»។

បញ្ហា​ទាំង​នេះ​ដែល​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​មក​លើ​ទំនាក់​ទំនង​របស់​មនុស្ស ដែល​ត្រូវបាន​យក​មក​ពិភាក្សា​នៅ​ក្នុង​ប្រលោមលោក​នេះ​ គឺជា​តថភាព​ជាក់ស្តែង​ក្នុង​សង្គម។ ជាក់ស្តែង ​ បើ​ទោះ​បី​ជា​ជាង​បី​ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ​ក្តី ក៏​អ្នក​រស់នៅ​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ជា​ច្រើន​នាក់ រួម​ទាំង​កូនៗ​របស់​ពួក​គេ​ផង​ កំពុង​ប្រឈម​នឹង​ជំងឺ​បាក់ស្បាត និង​ភាព​តានតឹង​ផ្លូវចិត្ត។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ដែល​វីអូអេ​បាន​សម្ភាសន៍​នា​ពេល​កន្លង​មក។

លោកស្រី Terry Farish បាន​និពន្ធ​ប្រលោមលោក​ដែល​មាន​ចំណង​ជើង​ថា “Either the Beginning or End of the World” ឬ​ជា​ភាសាខ្មែរ​ថា «‍ជា​ការ​ចាប់ផ្តើម ឬ​ជា​ទីបញ្ចប់​នៃ​ពិភពលោក» ​ដែល​រៀបរាប់​អំពី​ដំណើរ​សេ្នហា​របស់​ក្មេងស្រី​ម្នាក់ ដែល​មាន​ម្តាយ​ជា​ជនភៀស​ខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំងឺ​បាក់ស្បាត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ Terry Farish)

លោកស្រី Terry Farish បាន​និពន្ធ​ប្រលោមលោក​ដែល​មាន​ចំណង​ជើង​ថា “Either the Beginning or End of the World” ឬ​ជា​ភាសាខ្មែរ​ថា «‍ជា​ការ​ចាប់ផ្តើម ឬ​ជា​ទីបញ្ចប់​នៃ​ពិភពលោក» ​ដែល​រៀបរាប់​អំពី​ដំណើរ​សេ្នហា​របស់​ក្មេងស្រី​ម្នាក់ ដែល​មាន​ម្តាយ​ជា​ជនភៀស​ខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំងឺ​បាក់ស្បាត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ Terry Farish)

ទោះជា​យ៉ាងណា​ក្តី លោកស្រី​អ្នក​និពន្ធ Farish បាន​យក​ក្តី​ស្រឡាញ់​មក​ធ្វើ​ជា​ឱសថ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​របស់​តួអង្គ​ទាំង​ពីរ​នៅ​ក្នុង​ប្រលោមលោក​មួយ​នេះ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល Sofie បាន​ចាប់ផ្តើម​មាន​ស្នេហា​ជាមួយ​ Luke បាន​ជំរុញ​ឲ្យ​នាង​ចាប់ផ្តើម​ស្វែងយល់​ពី​ម្តាយ​របស់​នាង និង​អត្តសញ្ញាណ​របស់​នាង​ ដែល​មាន​ម្តាយ​ជា​ពលរដ្ឋ​ខ្មែរ និង​ឪពុក​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ស្កុតលែន។

លោកស្រី​បាន​លើកឡើង​ថា៖ «‍សេចក្តី​ស្រឡាញ់​ដែល​នាង​មាន​មក​លើ​ទាហាន​នោះ​បាន​ជួយ​ឲ្យ​នាង​ចាប់ផ្តើម​បើក​ចិត្ត និង​មាន​សេចក្តី​ស្រណោះ​ស្រណោក​ចំពោះ​ម្តាយ​របស់នាង​ដែល​បាន​ប្រឈម​នឹង​ជំងឺ​បាក់ស្បាត»។

បន្ថែម​លើ​នេះ បើ​ទោះបី​ជា​អ្នក​អាន​ប្រលោមលោក​នេះ​ខ្លះ​យល់​ថា ប្រលោមលោក​នេះ​និយាយ​ពី​សេ្នហា​វ័យ​ក្មេង​រវាង Sofie និង Luke ក្តី ក៏ប៉ុន្តែ​សម្រាប់​លោក​ស្រី​អ្នក​និពន្ធ​រូប​នេះ អ្វី​ដែល​សំខាន់​នោះ គឺ​«‍ការពិត​ខាង​ផ្លូវចិត្ត»​រវាង​ម្តាយ និង​កូនស្រី​ និង​សារៈសំខាន់​មួយ​ដែល​ Sofie គួរតែ​ស្វែងយល់​ពី​ម្តាយ​របស់​នាង ដើម្បី​ឲ្យ​ស្គាល់​ខ្លួន​ឯង​កាន់តែ​ច្បាស់។

លោកស្រី Farish ថា៖ «‍បើ​គ្មាន​វត្តមាន​ម្តាយ​របស់​នាង​ទេ នោះ​ខ្ញុំ​គិត​ថា នាង​នឹង​វិលវល់​នៅ​ក្នុង​ពិភពលោក​នេះ។ វិធី​ដែល​នាង​អាច​ស្គាល់​ពី​ខ្លួន​ឯង និង​អត្តសញ្ញាណ​របស់​នាង គឺ​ថា នាង​ត្រូវតែ​ងាក​ទៅ​រក​ម្តាយ​របស់​នាង ហើយ​ស្វែងយល់​ពី​ម្តាយ​របស់​នាង»។

ប្រលោមលោក​ដែល​មាន​ចំណង​ជើង​ថា “Either the Beginning or the End of the World” ឬ​ជា​ភាសា​ខ្មែរ​ថា «‍ជាការចាប់ផ្តើម ឬ​ជា​ទី​បញ្ចប់​នៃ​ពិភពលោក»​នេះ ត្រូវបាន​បោះពុម្ព​ផ្សាយ​ជា​សាធារណៈ​កាលពី​ចុង​ឆ្នាំ​២០១៥។ សព្វថ្ងៃនេះ អ្នក​និពន្ធ Farish កំពុង​តែ​គ្រប់គ្រង​គម្រោង​អក្ខរកម្ម​នៅ​ក្រុមប្រឹក្សា​មនុស្សជាតិ New Hampshire នៅ​រដ្ឋ Connecticut។

អ្នក​អាន​ប្រលោមលោក​របស់​លោកស្រី Farish ជា​ច្រើន​នាក់ បាន​កោត​សរសើរ​លោកស្រី​អំពី​ការ​តែងនិពន្ធ​សាច់រឿង​ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ជន​អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន​ពី​សង្គ្រាម ដែល​បញ្ហា​ទាំង​នេះ​កំពុង​តែ​ត្រូវបាន​យក​មក​ពិភាក្សា​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក​ជា​រៀងរាល់​ថ្ងៃ។

ប្រលោមលោក​ថ្មីៗ​ពីរ​ដែល​ជា​ស្នាដៃ​របស់​លោកស្រី Farish រួម​មាន​ “Luis Paints the World” ដែល​រៀបរាប់​ពី​ការ​បែកបាក់​គ្រួសារ​ដោយសារ​តែ​ការ​ចូល​បម្រើ​ទ័ព​ដើម្បី​ការពារ​ជាតិ និង​ប្រលោមលោក​មួយ​ទៀត​មាន​ចំណង​ជើង​ថា “the Good Braider” ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​យុវតី​ជនជាតិ​សូដាន់​ម្នាក់ ដែល​បាន​រត់គេច​ពី​សង្គ្រាម​ភៀស​ខ្លួន​មក​ទីក្រុង Portland រដ្ឋ​ Maine សហរដ្ឋ​អាមេរិក។

ប្រលោមលោក​មួយ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ប្រលោមលោក​ល្អ​បំផុត​សម្រាប់​អ្នកអាន​វ័យ​ក្មេង ពី​សមាគម​បណ្ណាល័យ​អាមេរិកាំង YALSA (Young Adults Library Services Association)៕

XS
SM
MD
LG