ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​លោក​បារ៉ាក់ អូបាម៉ា

  • ហ៊ាន សុជាតា

រូបឯកសារ៖ លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុង​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤។

រូបឯកសារ៖ លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុង​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤។

លោក​ បារ៉ាក់​ អូបាម៉ា ​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តាំង​ពីឆ្នាំ​២០០៩​ ជា​ពេល​ដែល​លោក​បាន​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ដោយ​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​ស្បែក​ខ្មៅ​ទី​១។

នៅ​សល់​ពេល​ត្រឹម​តែ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ តួនាទី​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី១​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​រយៈពេល​៨ឆ្នាំ​នឹង​ឈាន​មក​ដល់​ទី​បញ្ចប់។

លោក​ បារ៉ាក់​ អូបាម៉ា ​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តាំង​ពីឆ្នាំ​២០០៩​ ជា​ពេល​ដែល​លោក​បាន​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ដោយ​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​ស្បែក​ខ្មៅ​ទី​១។​

លោក​បាន​ក្លាយ​ជា​មេដឹក​នាំ​របស់​ប្រទេស​មហាអំណាច​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៨។

ក្នុង​រយៈពេល​៨ឆ្នាំ​កន្លង​មក​នេះ​ ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​រូប​នេះ​ បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជាច្រើន​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ជា​អាទិ៍​ការ​ផ្តួចផ្តើម​គោលនយោបាយ​សុខភាព​អូបាម៉ា​ ឬ​ហៅ​ថា​ Obama Care​ ការ​អនុញ្ញាត​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​នៃ​អាពាហ៍​ពិពាហ៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​ការ​បង្កើត​កម្មវិធី​ YSEALI​ ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​លោក​អូបាម៉ា​ និង​អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​ទាំង​យុវជន​កម្ពុជា​ជា​ដើម។​

(ទស្សនាការ​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់លោកប្រធានាធិបតីបារ៉ាក អូបាម៉ា)

ដូច​ប្រជាជន​នៅ​លើ​ពិភពលោក​ដែរ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រួម​ទាំង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ភាព​ជាប្រធានាធិបតី​របស់​លោក​អូបាម៉ា។ពួកគេ​យល់​ថា​ ភាព​ជា​អ្នក​ដឹក​នាំ​របស់​លោក​ បារ៉ាក់​ អូបាម៉ា ​អាច​ជា​គំរូ​ល្អ​សម្រាប់​មេដឹកនាំ​របស់​ប្រទេស​នានា​នៅ​លើ​ពិភព​លោក។

កញ្ញា​ រ៉ុង​ លីណា​ វ័យ​២១ឆ្នាំ​ បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​គណនេយ្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ប្រាប់​ VOA ​ថា​ កញ្ញា​ធ្លាប់​មើល​ឃើញ​លោក​អូបាម៉ា​ តាម​រយៈ​ទូរទស្សន៍​ និង​បណ្តាញ​សង្គម​នានា។

បើ​ទោះ​ជា​កញ្ញា​មិន​ដែល​បាន​ជួប​លោក​អូបាម៉ា​ ដោយ​ផ្ទាល់​ក៏ដោយ​ លីណា កត់​សម្គាល់​ឃើញ​ថា ​ភាព​សាមញ្ញ​របស់​លោក​អូបាម៉ា គឺ​ជា​ចំណុច​លេចធ្លោ​របស់​មេដឹក​នាំ​កំពូល​រូប​នេះ។

«ខ្ញុំ​ចូល​ចិត្ត​គាត់​ត្រង់​គាត់​សាមញ្ញ។​ ទៅ​កន្លែង​ណា​ អត់​ប្រកាន់ ​ទោះ​ឋានៈ​គាត់​ខ្ពស់​ក្តី​ គាត់​អាច​ចូលរួម​ជាមួយ​អ្នក​ឋានៈទាប​បាន​ ពេល​ទៅ​ញ៉ាំ​អាហារ​អី​ចឹង​ បែប​លក្ខណៈ​ទូទៅ​ មាន​សិទ្ធិ​ស្មើ​គ្នា»។

និស្សិត​ឆ្នាំ​ទី១​ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ​កញ្ញា​ សិទ្ធិ​ ស៊ីម៉ូនីកា ​វ័យ​១៨ឆ្នាំ​ យល់​ថា ប្រធានាធិបតី​រូប​នេះ​ផ្តល់​តម្លៃ​ខ្ពស់​ដល់​សិទ្ធិមនុស្ស និង​ភាព​ស្មើ​គ្នានៅ​ក្នុង​សង្គម​ ដែល​ធ្វើ​ឲ្យ​កញ្ញា​កោត​ស្ងប់​ស្ងែង។

«កន្លែង​ដែល​ខ្ញុំ​ចូល​ចិត្ត​គាត់​ជាង​គេ​ គឺ​ពេល​ដែល​គាត់​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ គឺ​គាត់​លើក​តម្កើង​ជន​ក្រី​ក្រ​ ជា​ពិសេស​ពួក​ស្បែក​ខ្មៅ​ ​និង​ពួក​ជន​អន្តោប្រវេសន៍​ ដែល​ចេញ​តាម​ប្រទេស​ក្រីក្រ ​ដូចជា​អាស៊ី​ ដូច​ប្រជាជន​ខ្មែរ​នៅ​អាមេរិក​ចឹង​ គាត់​លើក​តម្កើង​ ហើយ​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ច្រើន​»។​

ដូច​ជា​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​នៅលើ​ពិភពលោក​ដែរ​ ក្រៅ​អំពី​ចំណុច​វិជ្ជមាន​របស់​លោក អូបាម៉ា ​ហើយ​នោះ​ ម៉ូនីកា​ ក៏​ពេញ​ចិត្ត​ចំពោះ​ភាព​ឆ្លាត​វ័យ​ ភាព​ប្រាកដ​ប្រជា​ និង​ភាព​ប៉ិន​ប្រសប់​របស់​ស្រ្តី​ទី១​នៃ​សហរដ្ឋ​អាមេរិក​ គឺ​លោក​ស្រី​ Michelle Obama​ ដែល​ជា​ភរិយា​របស់​លោក​អូបាម៉ា​ ថែម​ទៀត​ផង។

«ចំណុច​មួយ​ទៀត​ គឺ​ចូល​ចិត្ត​គ្រួសារ​គាត់​ ដូច​ជា​អ្នកស្រី​ Michelle Obama​ ពេល​គាត់​និយាយ​ចេញ​មក​ គាត់​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​ស្រ្តី​ ហើយ​គាត់​និយាយ​មក​ជា​មនុស្ស​មាន​ចំណេះ​ដឹង​ខ្ពស់​គួរ​ឲ្យ​ចូល​ចិត្ត»។

ប្រធានាធិបតី​ អូបាម៉ា ​ធ្លាប់​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ កាល​ពី​ចុង​ឆ្នាំ​២០១២​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កាល​នោះ​កម្ពុជា​ គឺ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ។

លោក ​ប៊ុន​ សឿន​ វ័យ​៣៨ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ចាំ​យ៉ាង​ច្បាស់​ថា​ លោក ​អូបាម៉ា ​ធ្លាប់​មក​កាន់​ប្រទេស​កម្ពុជា។ លោក​យល់​ថា​ ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដូច​ជា​កម្ពុជា​ បង្ហាញ​ថា​មេដឹក​នាំ​ថ្នាក់​កំពូល​នេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស​តូចៗ​នៅ​លើ​ពិភព​លោក។​

«ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​គាត់ ​ដោយសារ​គាត់​បាន​ដឹក​នាំ​គ្រប​ដណ្តប់​សហរដ្ឋ​អាមេរិក​ ហើយ​គាត់​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​អាស៊ី​ ដូច​ជា​កម្ពុជា​ផ្ទាល់​ គាត់​ធ្លាប់​អញ្ជើ​ញ​មក​ ហើយ​គាត់​លើក​ពី​សិទ្ធិមនុស្ស​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ ហើយ​ខ្ញុំ​ពេញ​ចិត្ត​ ចំណុច​គាត់​ជា​ច្រើន​ ដោយសារ​ការ​ដឹក​នាំ​របស់​គាត់​ គាត់​ជា​មនុស្ស​មាន​មនោសញ្ចេតនា»។

(ចុចមើល​កម្រង​រូបភាពនៃ​ការ​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់​លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា)

ក្រៅ​ពី​លោក​បារ៉ាក់ អូបាម៉ា​ លោកស្រី ​Michelle Obama ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​សៀមរាប​ ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ជំរុញ​ និង​លើក​កម្ពស់​ឲ្យ​ក្មេងស្រី​នៅ​កម្ពុជា ទទួល​បាន​ការ​អប់រំ​កម្រិត​ខ្ពស់​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។​

លោក​ ជា​ រ៉ាឌី​ វ័យ​៣១ឆ្នាំ​ ជា​អ្នក​លក់​កាហ្វេ​រទេះ​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ យល់​ថា​ វត្តមាន​អ្នក​ដឹកនាំ​កំពូល​ស្បែក​ខ្មៅ​រូប​នេះ​ ជួយ​កាត់​បន្ថយ​ការ​រើស​អើង​ពូជសាសន៍​ក្នុង​ពិភព​លោក។

«ចូល​ចិត្ត​គាត់​ត្រង់​ថា​ គាត់​អត់​សូវ​ចេះ​រើស​អើង​ពូជ​សាសន៍។ គាត់​ចូលចិត្ត​លូក​ដៃ​ចូល​ប្រទេស​ណា​ ដែល​គាប​សង្កត់​ គាត់​លូកដៃ​ចូល​រក​ដំណោះ​ស្រាយ​ គាត់​ចេះ​ជួយគេចឹង។​ គាត់​អត់​សូវ​ប្រកាន់​រឿង​ប្រទេស​តូចៗទេ​ គាត់ឃើញ​ត្រូវ​ គាត់​ថា​ត្រូវ​ ឃើញ​ខុស​ ថា​ខុស​»។​

លោក​ បារ៉ាក់​ អូបាម៉ា ​នឹង​បញ្ចប់​តួនាទី​ជា​ប្រធានាធិបតី​២​អណត្តិ​របស់​លោកនា​ថ្ងៃ​ទី​២០​ ខែ​មករា​ខាង​មុខ​នេះ។ លោក​ ដូណាល់​ ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​ នឹង​ចូល​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទី​៤៥ បន្ត​ពី​លោក​ បារ៉ាក់​ អូបាម៉ា៕

XS
SM
MD
LG