\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្នុង​សុន្ទរកថា​លាចេញ​ពី​តំណែង ​លោក​អូបាម៉ា​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​និង​ការ​ចូលរួម​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ


លោក​បារ៉ាក់ អូបាម៉ា​ជូត​ទឹក​ភ្នែក​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល McCormick Place ក្នុង​ក្រុង Chicago កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

លោក​បារ៉ាក់ អូបាម៉ា​ជូត​ទឹក​ភ្នែក​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល McCormick Place ក្នុង​ក្រុង Chicago កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

១០​ថ្ងៃ​មុន​ពេល​លោក​​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ចាកចេញ​ពី​សេតវិមាន​ហើយ​ក្លាយ​ជា​ពលរដ្ឋ​ធម្មតា ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ធ្វើ​សុន្ទរកថា​លា​ចេញ​ពី​តំណែង​ទៅ​កាន់​ប្រទេស​ជាតិ។ ​លោក​ប្រធានាធិបតី ​បាន​ប្រើ​ប្រាស់​សុន្ទរកថា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​សង្កត់​ពី​សមទ្ធិផល​របស់​រដ្ឋបាល​លោក​ក្នុង​រយៈ​ពេល​៨ឆ្នាំ​កន្លង​មក​នេះ ​ហើយ​ដើម្បី​ព្រមាន​អំពី​ភាព​​គ្រោះ​ថ្នាក់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​អាមេរិក​មក​ពី​ការ​បែកបាក់​ ហើយ​និង​ការ​ប្រទូស្តរាយ​ខាង​នយោបាយ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ទទួល​ការ​ស្វាគមន៍​ និង​ការ​សាទរ​ ពី​ហ្វូង​មនុស្ស​ដ៏​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​កំណើត​ទី២​របស់​លោក​ក្នុង​ក្រុង​ឈីកាហ្គោ​ដែល​នៅ​ទី​នោះ​អាជីព​នយោបាយ​របស់​លោក​បាន​ចាប់​ផ្តើម​កាល​ពី​ជាង​២​ទសវត្សរ៍​មុន។

«វា​ជា​ការ​ល្អ​ដែល​បាន​ស្ថិត​នៅ​ស្រុក​កំណើត​វិញ។ អរគុណ‍»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក ​ជា​ប្រទេស​កាន់​តែ​ប្រសើរ​ឡើង​ និង​កាន់​តែ​ខ្លាំង​ឡើង​ជាង​ពេល​លោក​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០០៩។

«ប្រសិនបើ ​ខ្ញុំ​បាន​ប្រាប់​អស់​លោក អ្នក​កាល​ពី​៨​ឆ្នាំ​មុន​ថា ​ប្រទេស​អាមេរិក ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​មិន​រីកចម្រើន​សេដ្ឋ​កិច្ច​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត​របស់​យើង​មាន​ដំណើរ​ការ​ឡើង​វិញ​ ហើយ​និង​បង្កើត​ការងារ​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​របស់​យើង។ ប្រសិនបើ​ខ្ញុំ​ប្រាប់​លោក អ្នក​ថា ​យើង​នឹង​បើក​ទំព័រប្រវត្តិសាស្រ្ត​ថ្មី​ជាមួយ​ប្រជាពលរដ្ឋ​គុយបា បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ដោយ​គ្មាន​បាញ់​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ ​ហើយ​និង​កំចាត់​មេក្លោងនៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី១១ ខែកញ្ញា​ ឆ្នាំ​២០០១ ​ប្រសិន​បើ​ខ្ញុំ​ប្រាប់​អស់​លោក អ្នក​ថា ​យើង​នឹង​ធ្វើ​ឲ្យ​មាន​សមភាព​ខាង​ការ​រៀបការ ​ហើយ​ការពារ​សិទ្ធិ​ដើម្បី​ឲ្យ​មាន​ការ​ធានា​រ៉ាប់​រងខាង​សុខភាព​សម្រាប់​ពលរដ្ឋ​របស់​យើង​២០​លាន​នាក់ ​អស់លោក អ្នក ​ប្រហែល​និយាយ​ថា ចក្ខុវិស័យ​របស់​យើង​បាន​ត្រូវ​កំណត់​ខ្ពស់​បន្តិច‍»។

ដោយ​ទទួល​ស្គាល់​ពី​ការ​បែងចែក​ខាង​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ស្វះស្វែងរក​ប្រយោជន៍​រួម​ជាមួយ​មនុស្ស​ផ្សេង​ទៀត ​ដោយ​លោកបាន​ប្រសាសន៍​ថា ​ខណៈ​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​មិន​តម្រូវ​ឲ្យ​មាន​ការ​ឯកភាព​គ្នា ​‍«ការណ៍​នេះ ​តម្រូវ​ឲ្យ​មាន​ការ​យល់​ដឹង​ដ៏​សំខាន់​ពី​សាមគ្គីភាព‍»។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​ប្រឈម​ការ​គំរាម​កំហែងជា​បន្ត​បន្ទាប់​ដល់​លទ្ធិ​ប្រ​ជាធិបតេយ្យ​ ដូចជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​ហើយ​អសមភាព​ខាង​ជាតិ​សាសន៍។

«ប្រសិនបើ​បញ្ហា​សេដ្ឋ​កិច្ច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​តស៊ូ​រវាង​វណ្ណៈ​ថ្នាក់​កណ្តាល​ស្បែកស​ដែល​ខិតខំ​ធ្វើ​ការ​ និង​ជន​ជាតិ​ភាគ​តិច​ដែល​មិន​សក្តិ​សម​បាន​ទទួល​នោះ ដូច្នេះ ពួក​កម្មករ​គ្រប់​ស្រទាប់​វណ្ណៈ​នឹង​ត្រូវ​គេ​ទុក​ឲ្យ​ប្រយុទ្ធ​គ្នា​ ខណៈ​ដែល​ពួក​អ្នក​មាន​ទ្រព្យសម្បត្តិ​ដក​ខ្លួន​សម្ងំ​យក​សុខ​ផ្ទាល់​ខ្លួន»។

ក៏ប៉ុន្តែ ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​មាន​សុទ្ធិនិយម​កាន់​តែ​ខ្លាំង​ឡើង​អំពី​ប្រទេស​អាមេរិក​នៅ​ពេល​ឥឡូវ​នេះ​ជាង​កាល​ពី​ពេល​លោក​ចូល​កាន់​តំណែង ​ហើយ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋនៅ​បន្ត​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រ​ជាធិបតេយ្យ។

«ខ្ញុំ​សូម​ស្នើសុំ​អស់​លោក​ អ្នក​ឲ្យ​ធ្វើ​ការ​ការពារ​ជំនឿ​ដែល​បាន​សរសេរ​នៅ​ក្នុង​ឯកសារ​បង្កើត​ប្រទេស​របស់​យើង ​គំនិត​នេះ​បានត្រូវនិយាយ​ខ្សឹប​ដោយ​ទាសករ​ និង​អ្នក​លុប​បំបាត់​ទាសភាព ​ស្មារតី​នេះបាន​ត្រូវ​ធ្វើ​ឲ្យ​ឃើញ​ដោយ​ជន​អន្តោប្រវេសន៍​ និងម្ចាស់​ទឹក​ដី​ និង​អ្នក​ដែល​បាន​ធ្វើ​បាតុកម្ម​ដើម្បី​ស្វែងរក​យុត្តិធម៌ ​ដែល​ជំនឿ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ដែល​បាន​ដោត​ទង់​ជាតិ​នៅ​សមរភូមិ​បរទេស​រហូត​ដល់​លើ​ឋាន​ព្រះច័ន្ទ​ ជំនឿ​ដ៏​សំខាន់​របស់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​ដែល​រឿង​រ៉ាវ​របស់​ពួកគេ​មិន​ត្រូវ​បាន​គេ​សរសេរ​នៅ​ឡើយ។ យើង​អាច​ធ្វើ​បាន។ យើង​បាន​ធ្វើ​រួច​ហើយ។ ​យើង​អាច​ធ្វើ​បាន‍»៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG