ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ជួប​អ្នកជំទាស់​នឹង​​ការទទួល​យក​ជន​ភៀស​ខ្លួន​ពេល​មន្ត្រី​អន្តោប្រវេសន៍​ទៅអូស្រា្តលី​


លោកកឹម សុខា​ ប្រធាន​គណបក្សសង្គ្រោះជាតិ​ស្តីទី​ និង​ជា​អនុ​ប្រធាន​សភា​ជាតិ​​​ចុះឈ្មោះ​​មុខពេលចូល​ប្រជុំសភា​
លោកកឹម សុខា​ ប្រធាន​គណបក្សសង្គ្រោះជាតិ​ស្តីទី​ និង​ជា​អនុ​ប្រធាន​សភា​ជាតិ​​​ចុះឈ្មោះ​​មុខពេលចូល​ប្រជុំសភា​

មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​អន្តោ​ប្រវេសន៍​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​និង​កោះ​ណូរូ អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​លោកកឹម សុខា បាន​ព្រមាននៅថ្ងៃ​អង្គារ​នេះ​ថា​នឹង​បង្ហាញ​កង្វល់​របស់​ក្រុម​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយសារ​ដីធ្លី​ជូន​រដ្ឋា​ភិបាល​ប្រទេស​អូស្ត្រាលី​ខណៈ​ដែល​ប្រទេស​នេះ​បាន​ព្រមព្រៀង​ជា​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ថា​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ចំរុះ​ជាតិ​សាសន៍​មក​ឲ្យ​តាំង​លំនៅថ្មី​នៅ​កម្ពុជា​នោះ។​ហើយ​ដំណាល​គ្នានោះ​ លោកកឹម សុខា ​បាន​ប្រកាសថាលោក​អាច​នឹង​ស្នើ​ឲ្យ​រដ្ឋ​សភា​ដេញ​ដោល​រដ្ឋា​ភិបាល​អំពី​បញ្ហា​ជនភៀសខ្លួន​នេះ។

លោក​បាន​បន្ថែម​ថា៖

«ទី១​គឺ​ទាក់ទង​ទៅ​ខាង​ស្ថាន​ទូត​អូស្ត្រាលី​និង​រដ្ឋា​ភិបាល​អូស្ត្រាលី​ដើម្បី​យក​កង្វល់ដែល​ក្រុម​ប្រជា​ពលរដ្ឋ​លើក​ឡើង​នេះ​ទៅ​ប្រាប់​ប្រទេស​អូស្ត្រាលី។​ទី២​រឿង​ការសម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ប្រទេស​ទាំងពីរ​ជា​សិទ្ធិ​នៅ​ក្នុ​ងការ​សម្រេច​ចិត្ត​ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​សិទ្ធិ​គាំទ្រ​ឬមិន​គាំទ្រ​ដែរ។​បើសិនជា​រដ្ឋា​ភិបាល​នៅ​តែ​ធ្វើ​បែប​នេះ​មែន​ យើង​អាច​ស្នើ​ឲ្យ​រដ្ឋ​សភា​ពិចារណា(អំពីបញ្ហានេះ)​ដែរ»។
ជំហរ​របស់​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ធ្វើ​ឡើងក្រោយ​ពី​ជំនួប​ជាមួយ​តំណាង​ប្រជា​ពលរដ្ឋ​ យុវជន ​តំណាង​ព្រះសង្ឃ ​និង​សហគមន៍​ដីធ្លី ​កាល​ពី​ព្រឹកមិញ​ក្នុង​មន្ទីរ​រដ្ឋសភាជាតិ។​ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នេះធ្លាប់​បាន​ដឹក​នាំ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​លើ​ជនភៀស​ខ្លួន​រវាង​កម្ពុជា​និង​អូស្ត្រាលីជាបន្ត​បន្ទាប់​មក​នេះ។

កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទក្រុម​មន្ត្រី​ផ្លូវការ​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍​ សុខ ផល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ដឹក​នាំ​គណៈប្រតិភូមួយ​ក្រុមទៅ​កាន់​ប្រទេស​អូស្ត្រាលីនិ​ង​ទៅ​កាន់​កោះ​ណូរូ ​ដែល​នៅ​ទីនោះ​ជនភៀស​ខ្លួន​ចំរុះ​ជាតិ​សាសន៍​យ៉ាង​តិច​១.០០០​នាក់​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

​លោកឧត្តមសេនីយ៍​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​គណៈប្រតិភូ​ប៉ូលិស​ជាន់​ខ្ពស់​កម្ពុជា​នោះ​ដើម្បី​ពង្រឹង​គោលការណ៍​សហការ​ផ្នែក​អន្តោ​ប្រវេសន៍​ជាមួយ​ប្រទេស​អូស្ត្រាលី​គឺ​មិន​មែន​ស្ថិត​ក្នុង​គោល​ដៅ​ចម្បង​សម្រាប់​ការដោះ​ស្រាយ​ចំណោទ​ជនភៀស​ខ្លួន​នោះ​ទេ។

«នាយឧត្តម​សេនីយ៍​សុខ ផល ​បាន​ទៅ​ប្រទេស​អូស្ត្រាលី។​គាត់​ទៅ​បំពេញ​បេសកកម្មគាត់ផ្សេង​ទៀត​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គនាយដ្ឋាន​របស់​គាត់​ជាមួយ​សមភាគី​របស់​គាត់​ពាក់​ព័ន្ធ​នឹង​ការងារ​អន្តោប្រវេសន៍។​មិន​មែន​រឿង​ជនភៀស​ខ្លួន​ជា​ធំ​ទេ»។
​នៅ​ក្នុង​ជំនួប​ជាមួយ​លោកកឹម សុខា ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជាជន​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី ​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យប្រទេស​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​ខ្លួន​និង​ដោះ​ស្រាយ​បញ្ហា​ឥត​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជាមុន​ មុន​នឹង​ទទួល​យក​ជនភៀស​ខ្លួនពី​ប្រទេសអូស្ត្រាលី។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុ​ងស្រុក​និង​អង្គការ​អន្តរជាតិ​ធ្លាប់​បាន​រិះ​គន់​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូ​មក​កាន់​កម្ពុជា​នេះ។​ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​ពន្យល់​ជា​ផ្លូវការ​ថា​នេះ​គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌។​ផ្ទុយ​ទៅវិញ​លោក​កឹម​ សុខា ​បាន​ចាត់ទុកថានេះ​ជាអំណះ​អំណាង​មិន​សម​ស្រប។​

ប្រទេស​អូស្ត្រាលី​គ្រោង​នឹង​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក​ក្រោយ​ពី​ទទួល​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជនភៀស​ខ្លួន​ឲ្យ​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​នោះ។

ជនភៀស​ខ្លួន​ក្រុម​ដំបូង​ត្រូវ​រំពឹង​ថា​អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​រង្វង់​ចុង​ឆ្នាំ​២០១៤​នេះ​ឬ​ដើម​ឆ្នាំ​២០១៥៕

XS
SM
MD
LG