ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​បាតុកម្ម​ជាថ្មី​ឲ្យ​លុបចោល​កិច្ច​ព្រមព្រៀង​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី


ព្រះសង្ឃ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជិត ៣០០នាក់​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានដើរ​ដង្ហែក្បួន​ដាក់ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស សភា​ជាតិ​ទីស្ដី​ការគណៈ​រដ្ឋមន្ត្រី និង​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។
ព្រះសង្ឃ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជិត ៣០០នាក់​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានដើរ​ដង្ហែក្បួន​ដាក់ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស សភា​ជាតិ​ទីស្ដី​ការគណៈ​រដ្ឋមន្ត្រី និង​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​កិច្ចព្រមព្រៀង​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

បណ្ដាញ​ព្រះសង្ឃ​ និស្សិត​បញ្ញវន្ត​ និងពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជា​ថ្មី​ម្ដង​ទៀត​បានតវ៉ា​ប្រឆាំង​ចំពោះ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ឲ្យ​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា។ ​មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ថា​ កិច្ច​ព្រមព្រៀង​ធ្វើ​ឡើង​ក្នុង​នាម​មនុស្ស​ធម៌​ និង​ដោយ​ស្ម័គ្រ​ចិត្ត។​

ប្រជា​ពលរដ្ឋ​សិស្ស​និស្សិត​ ព្រះសង្ឃ​ និង​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ប្រមាណ​ជិត​៣០០​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស​ សភាជាតិ​កម្ពុជា​និង​តំណាង​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

ក្នុង​ញត្តិនោះ​ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​រើស​អើង​ពូជសាសន៍​ ការ​ទទូច​ចង់​ឲ្យ​ប្រទេស​អូស្ត្រាលី​គោរព​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​និងការ​ប្រឆាំង​ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។​

ក្រុម​អ្នក​តវ៉ា​សំអាង​ថា ​កម្ពុជាស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រមួយ​ក្នុង​ពិភព​លោក​នៅឡើយ ហើយ​កម្ពុជា​ក៏​មិនទាន់​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់គ្រាន់​ដើម្បី​អាច​ទទួល​យក​ជន​ភៀស​ខ្លួនចម្រុះជាតិ​សាសន៍​ទាំង​អស់​នោះ​ទេ។​

នៅ​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​កំណាត់​ផ្លូវ​ទល់​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្បែរ​វត្ត​ភ្នំ។​ អ្នក​ខ្លះ​បាន​ផ្កា​ឈូក​ពណ៌​ស និង​ខ្លះ​ទៀត​កាន់​បដា​បង្ហាញ​ពី​សកម្ម​ភាព​ដែល​អាជ្ញាធរ​បាន​ចុះ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ស្ថាន​និង​បដា​ខ្លះ​ទៀត​សរសេរ​ថា​ពលរដ្ឋ​កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ចម្រុះ​និង​ក្រុង​កង់បេរ៉ា​ក្នុង​ការនាំ​យក​ជន​ភៀស​ខ្លួន​មក​កម្ពុជា។​

បាតុករ​ស្រែក​តវ៉ា​នៅ​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ពេលព្យាយាម​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ធ្វើ​អន្តរាគមន៍។​

បន្ទាប់​ពី​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហ​រដ្ឋអាមេរិក​ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ដង្ហែ​ក្បួន​កាត់​តាម​ផ្លូវដែល​ទើប​ធ្វើ​នៅ​បឹងកក់​ឆ្ពោះ​ទៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​ដាក់​ញត្តិ​បន្ត។ ​កង​សន្តិសុខ​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បិទ​ខ្ទប់​ក្បួន​ដង្ហែ​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា​រយៈ​ពេល​ខ្លី​រវាង​ក្រុម​អ្នក​តវ៉ា​និង​កង​សន្តិសុខ។​
ក្រុម​អ្នក​តវ៉ា​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​ និង​ហើយក្មេង​ស្រី​យំ ​ស្របពេល​មាន​សំឡេង​ដំបង​ឆក់​របស់​ប៉ូលិស។​

ភ្លាមៗនោះ​ដែរ ​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​ និង​ដំបង​បាន​ដាក់​ពង្រាយ។ ​យ៉ាងណា​ក៏​ដោយ​ បន្ទាប់​ពី​បាន​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​រួចមក​ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ដង្ហែ​ក្បួន​បន្ត​ឆ្ពោះ​ទី​ស្ថានទូត​សហភាព​អឺរ៉ុប​ដើម្បី​ដាក់​ញត្តិ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ដាក់​រនាំង​ដែក​ខ្ទប់​មិន​ឲ្យ​អ្នក​តវ៉ា​អាច​ឡើង​ទៅ​ដល់​មហា​វិថី​ព្រះ​នរោត្តម​ដើម្បី​ដាក់​ញត្តិ​នៅ​សហភាព​អឺរ៉ុប​ឡើយ។​

ពលរដ្ឋ​ស្រែក​តវ៉ា​នៅ​ពេល​ដែល​អាជ្ញាធរ​ដាក់​រនាំង​ដែក​ឃាំង​មិន​ឲ្យ​ពលរដ្ឋ​ឡើង​លើ​ផ្លូវ​នរោត្តម។​

មិន​មាន​ការ​ប៉ះទង្គិច​គ្នា​អ្វី​ឡើយ​ដោយ​ក្រុម​អ្នក​តវ៉ា​ដដែល​បាន​បន្ត​ដំណើរ​ទៅដាក់​ញត្តិ​បន្ត​នៅ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ មន្ទីរ​រដ្ឋសភា​ និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា។​

ព្រះតេជ​ព្រះគុណ​ណាំ​ ចាន់​ថេន សមាជិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ​មាន​សង្ឃដីកា​ថា ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ដោះស្រាយ​បញ្ហា​ជូន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ជា​មុន​សិន​ មុន​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ពី​ប្រទេស​ដ​ទៃ។​ ពល​រដ្ឋ​កម្ពុជា​ខ្លួន​ឯង​ក៏​មាន​បញ្ហា​ទទួល​រង​ការបណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន ​និង​ការ​រំលោភ​យក​ដីធ្លី​ដែល​នៅ​តែ​ជា​ចំណុច​ក្តៅ​គគុក​នៃ​ការ​តវ៉ា​រាល់​ថ្ងៃ។

អ្នកតវ៉ាស្រែកថា៖​

«ប្រឆាំង​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បញ្ជូន​ជន​ភៀស​ខ្លួន​ជាង១០០​០​នាក់ឲ្យ​មក​កាន់​កម្ពជា។ ​ប្រឆាំង​ដាច់​ខាត»។​

លោក​ខឿន​ វិវ៉ាត់​ ជា​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ បន្ថែម​ដូច្នេះ​ថា៖​

«ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ដើរ​ដង្ហែ​យក​ញត្តិ​ទៅដាក់​ហ្នឹង​គឺ​ចង់​បង្ហាញ​មតិអន្តរជាតិ​ថា ពលរដ្ឋ​ខ្មែរ​ ឬ​អត់​សុខ​ចិត្ត​ឲ្យ​រដ្ឋាភិបាលអូស្ត្រាលី​យក​ជន​ភៀស​ខ្លួន​មក​ចាក់​ចោល​ក្នុង​កម្ពុជា ​ដោយ​ទង្វើ​អមនុស្សធម៌​ជា​ដាច់ខាត»។​

លោក​ទិព្វទាវ ​នាយក​ប្រតិបត្តិ​នៃ​សហ​ព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា​ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​នៅ​ឡើង​ទេ​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

«ប្រសិន​ជា​កម្ពុជាមាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​អូស្ត្រាលី​ ខ្ញុំ​គាំទ្រ​ចំពោះការ​ឲ្យ​ពួក​គាត់​មក​រស់នៅ រៀបចំ​ឲ្យ​គាត់​ជា​ពលរដ្ឋ​ថ្លៃ​ថ្នូរ​ជា​មួយ​ពួក​យើង។​ ក៏​ប៉ុន្តែ​ផ្ទុយ​វិញ​ យើងមិន​ទាន់​មាន​ភាព​ប្រសើរ​សម្រាប់​ខ្លួន​ឯង​ផល​ ម៉េច​បាន​យើងទៅ​ទទួល​យក​ពួកគាត់?»។​

នេះ​គឺ​ជា​ការ​តវ៉ា​លើក​ទី​ពីរ​របស់​ក្រុម​និស្សិត​ ព្រះសង្ឃ និង​ក្រុម​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា។​

ទោះបីជា​យ៉ាង​ណា​ក្តី​ លោក​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ កិច្ច​ព្រមព្រៀង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា​ផ្អែក​ទាំង​ស្រុង​លើ​គោល​ការណ៍​មនុស្សធម៌​ ហើយ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត។​

លោក​ពន្យល់​ដូច្នេះ​ថា៖​

«បើ​គាត់​ចង់​មក ​គាត់​ត្រូវ​ស៊ីញ៉េ​ជា​លាយ​លក្ខណ៍​អក្សរថា​ ​គាត់​មក។​ បើ​គាត់​មិន​ស្ម័គ្រ​ចិត្ត​ទេ​ យើង​បង្ខំឲ្យ​គាត់​មក​យ៉ាង​ម៉េច?​ ចំពោះ​អូស្ត្រាលី​ក៏គ្មាន​សិទ្ធិចាប់​ឲ្យ​គេ​មក​ទេ។​ តាម​ដឹង​ដូច​ជា​គ្មាន​អ្នក​ណា​ចង់ម​កទេ។​ ​ការ​ទទួល​ជន​ភៀស​ខ្លួនមិន​មែន​ជា​គោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាលទេ ​អញ្ចឹង​បងប្អូន​កុំចាប់​អារម្មណ៍​ថា ជារឿងធំ​អី»។

លោក​រៀល​ ខេមរិន្ទ​ តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងថា​ គណបក្ស​សង្គ្រោះ​របស់​លោកគ្រោង​នឹង​កោះហៅ​នាយក​រដ្ឋមន្ត្រី​ដើម្បី​ទៅ​ស្រាយ​បំភ្លឺ​អំពី​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន។​

កាល​ពីចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ លោក​ ស ​ខេង ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ និង​លោក​ស្កុត ម៉ូរីសុន ​(Scott Morrison) ​រដ្ឋមន្ត្រី​អន្តោ​ប្រវេសន៍​និង​កិច្ច​ការការ​ពារ​ព្រំដែន​អូស្ត្រាលី​ បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដី​អំពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​អូស្ត្រាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។ ​កិច្ច​ព្រមព្រៀង​នេះ​ទទួល​រង​ការ​រិះ​គន់​ជា​ច្រើន​និង​មាន​ការ​ប្រឆាំង​តវ៉ា​ពី​សកម្មជន​ និង​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ព្រម​ទាំង​ទទួល​រង​ការ​រិះគន់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធំៗ ដូចជាAmnesty​ International ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុងដ៍​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human​ Rights ​Watch​ជាដើម។​

ម្យ៉ាង​វិញទៀត​ ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​លើក​ឡើង​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​មិន​គួរ​ត្រូវ​គេ​បញ្ជូន​ចេញ​ពី​ប្រទេស​គោល​ដៅ​ដែល​គេ​មាន​បំណង​ស្វែង​រក​សិទ្ធិ​ជ្រក​កោណ​នោះ​ទេ។​

មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ដែល​មាន​ជនជាតិ​ផ្សេងៗ​ប្រមាណ​១.០០០​នាក់​កំពុង​ស្ថិត​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន​នៅ​ Nauru​ ដែល​ជា​ដី​កោះ​ដ៏​តូច​មួយ​ក្នុង​ដែន​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​អូស្ត្រាលី។​

អាជ្ញាធរ​កម្ពុជា​អះអាង​ថា ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​គឺ​ស្ថិត​ក្នុង​គោល​ការណ៍​មនុស្ស​ធម៌ ​ហើយ​បើ​យោង​តាមលោក​ស្កុត​ ម៉ូរីសុន​ (Scott​ Morrison)​ ឲ្យ​ដឹង​ថា ​ជន​ភៀស​ខ្លួន​ចម្រុះជាតិសាសន៍​នឹង​ត្រូវ​មក​ដល់​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៤​នេះ៕

XS
SM
MD
LG