ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មិន​ព្រម​ជួប​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​ដោះស្រាយ​បញ្ហា​របស់​កម្មករ


កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់ បាន​ចូលរួម​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី០១ ខែឧសភា ឆ្នាំ២០១៣ ដោយ​ដើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​កាន់​អគារ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល។
កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់ បាន​ចូលរួម​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី០១ ខែឧសភា ឆ្នាំ២០១៣ ដោយ​ដើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​កាន់​អគារ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល។
ក្រុម​អ្នក​បញ្ជា​ទិញ​និង​តំណាង​សហជីពកម្មករ​អន្តរជាតិ ​បាន​ខកខាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​និង​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ​ក្រុម​មេដឹក​នាំ​សហជីព​នៅ​ក្នុង​ស្រុក ​បាន​ដាក់​ផែន​ការ​ចាប់​ផ្តើម​ការ​តវ៉ា​ជាថ្មី​ ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​និងទាមទារ​ឲ្យ​ដោះ​លែង​ជន​ដែល​ត្រូវចាប់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។​

​ការ​ទាមទារ​បានផ្អាក​ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ហិង្សារបស់​កង​ប្រដាប់​អាវុធ​រដ្ឋា​ភិបាល​កាល​ពី​ដើម​ខែ​មករា​ដោយ​បាន​បាញ់​សម្លាប់​កម្មករ​ចន្លោះ​ពី​បួន​ទៅ​ប្រាំនាក់។

​តំណាង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ចំនួន៣០ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ហ្គែប អ៊ីន ​ក្រុមហ៊ុន​អាឌីដាស ​ក្រុមហ៊ុន​H&M ​និង​ក្រុម​ហ៊ុនNike​ជាដើម​ និង​តំណាង​សហជីព​អន្តរ​ជាតិ​ចំនួន​៣​បាន​ដាក់​ពាក្យ​សុំ​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​តំណាង​របស់​រដ្ឋា​ភិបាល​នៅ​ថ្ងៃទី​៣​ដល់​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ ​ប៉ុន្តែគម្រោង​ការនេះ​បាន​ខក​ខាន​ទៅវិញ។

​លោក​ស្រី​ម៉ូនីកា ​ខេមភើឡេ​ (Monika Kemperle) ​ជំនួយ​ការ​អគ្គលេខា​ធិការ​នៃសហជីព​ដែល​មាន​ឈ្មោះ​ថា​ IndustriAll ​Global ​Union ​មាន​ប្រសាន៍​តាម​ខែ្សទូរស័ព្ទ​ពីប្រទេស​ស្វ៊ីស​មក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ចម្លើយ​ជា​វិជ្ជមា​ន​ទេ​រហូត​មក​ទល់​ពេល​ដល់​ថ្ងៃ​ស្នើ​សុំ​ជួប​នោះ ​ហើយ​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គ្រាន់​តែ​ បាន​បញ្ជាក់​ថា​ បាន​ទទួល​លិខិត​ស្នើ​សុំ​ជួប​នោះ​តែ​ប៉ុណ្ណោះ។

«ក្រុម​អ្នក​បញ្ជា​ទិញ​និង​សហជីព​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​នេះដើម្បី​ផ្ញើ​ជូន​រដ្ឋាភិបាល។ ​អ្វី​ដែល​យើង​ទទួល​បាន ​គឺ​ការ​ឆ្លើយ​តប​ក្នុង​លិខិត​មួយ​ច្បាប់​ដែលពួក​គាត់​និយាយថា ​អរគុណ​ចំពោះ​លិខិត​ដែល​បានផ្ញើ​មក។ ​យើង​បាន​ទទួល​លិខិត​នោះ​រួច​ហើយ។​នេះ​ គឺ​ជា​ប្រតិកម្ម​តែ​មួយ​គត់​តប​ទៅ​នឹង​លិខិត​របស់​ពួក​យើង»។

វីអូអេ​ មិនអាច​ស្វែង​រក​ការ​ទាក់ទង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ទេ។

​លោក អ៊ុំ មាន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ប្រសាសន៍​ថា ​មិន​មាន​គម្រោងការ​ណា​មួយជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​និង​សហជីព​អន្តរជាតិ​នោះ​ទេ។

«ទេ​ដូចជា​មិនមាន​កម្មវិធី​នោះទេ។ ខ្ញុំ​ច្បាស់​ខ្លួន​ខ្ញុំ»។

​ក្រុម​កម្មករ​រោង​ចក្រ​វាយនភណ្ឌ​បាន​ធ្វើ​បាតុកម្ម​ជា​សកល​មួយ​កាល​ពី​ខែ​ធ្នូ​និង​នៅ​ដើម​ខែ​មករា​ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​មូល​ដ្ឋាន​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​រដ្ឋាភិបាលសម្រេចដំឡើង​ឲ្យ​ពួក​គេ​ត្រឹម​តែ​១០០​ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ​ដោយ​សន្យា​ថា​នឹង​ដំឡើងរហូត​ដល់​ចំណុចដែល​កម្មករ​ចង់​បាន​នេះ​រហូត​ដល់​ឆ្នាំ​២០១៨។​រីឯ​សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា(GMAC)​ដែល​តំណាង​ឲ្យ​ភាគី​ថៅ​កែ​រោង​ចក្រ​អះអាង​ថា​ភាគី​ថៅ​កែ​មិន​មាន​ប្រាក់គ្រប់​គ្រាន់​សម្រាប់​ដំឡើង​នោះ​ទេ។

​ក្រុម​កម្មករបាន​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​មាន​ការសម្រេច​ចិត្ត​បាញ់​បង្រ្កាបពី​សំណាក់​កង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​នៅ​ដើម​ខែមករា​ឆ្នាំ​២០១៤​នេះ។ក្រៅពី​មនុស្ស​ចំនួន​ប្រាំនាក់​ស្លាប់ ​មាន​អ្នករបួស​ចំនួន​ប្រមាណ​៤០​នាក់​និង​តំណាង​សហជីព​ រួម​ទាំង​កម្មករ​ចំនួន​២៣​ត្រូវ​ចាប់​ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង។​រីឯ​កម្មករ​មួយ​ចំនួន​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ។

​អំពើ​ហិង្សា​បាន​ទទួល​រង​ការ​ថ្កោល​ទោស​ជា​ទូទៅ​ដោយ​សហគមន៍​អន្តរជាតិ​ ដោយ​ក្រុម​ហ៊ុន​បញ្ជា​ទិញផលិត​ផល​រោង​ចក្រ​នៅ​កម្ពុជា​និង​ដោយ​អង្គការ​ជាតិ​និង​អន្តរជាតិ។

លោក​ស្រី​ម៉ូនីកា ​ខេមភើឡេ ​បញ្ជាក់​បន្ថែម​ថា​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ដែល​ស្រូប​យក​ផលិត​ផល​ឧស្សា​ហ​កម្ម​យ៉ាង​ច្រើន​ពី​ប្រទេស​កម្ពុជា​និង​ធ្វើ​ការ​ជាមួយ​សហជីព​អន្តរជាតិ​និង​រក្សា​ជំហរ​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​សម្រាប់​ការ​រស់​នៅ​សមស្រប​សម្រាប់​កម្មករ។

​លោកស្រី​បញ្ជាក់​ថា​ក្រុម​តំណាង​សហជីព​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​ដាក់ញ្ញតិ​នៅ​តាម​បណ្តា​ស្ថាន​ទូត​នៅ​សប្តាហ៍​ក្រោយ​ដោយ​មាន​ការគាំទ្រ​ពី​សហជីព​អន្តរជាតិ។

«​យើងគ្រោង​នឹង​ធ្វើ​សកម្ម​ភាព​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ដើម្បីយក​ញ្ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថាន​ទូត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជាដើម្បីប្រាប់​ដល់​ស្ថាន​ទូត​ទាំង​នោះឲ្យ​ចាត់​វិធានការ​និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​ដើម្បី​ជំរុញ​ឲ្យ​ការ​ទទួល​យក​កម្មករ​ដែល​ត្រូវ​បណ្តេញ​ចេញនិង​ត្រូវ​ដោះ​លែង​កម្មករ​និង​តំណាង​សហជីព​ទាំង​២៣​នាក់​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង»។

​ដោយឡែក​លោកអាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (CCAWDU) ​និង​លោកជា មុន្នី​ ប្រធាន​សហជីពសេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​ក្រុម​សហជីព​នៅ​ក្នុង​ស្រុកនឹង​ផ្តើម​ធ្វើ​ការ​តវ៉ា​ឡើងវិញ។

ប៉ុន្តែ​លោកអាត់ ធុន ​ឲ្យដឹង​ថាក្រុម​សហជីព​នឹង​ធ្វើ​ការសម្រេចអំពី​ពេល​វេលា​ជាក់​ស្តែង​នៅពេល​ក្រោយ។

​លោក​យល់​ថាការ​មិន​ផ្តល់​ជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​បញ្ជាទិញ​និង​សហជីព​អន្តរជាតិ​ពី​សំណាក់​រដ្ឋា​ភិបាល​នៅ​ក្នុង​សប្តាហ៍​នេះ​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ។

«ទីមួយ​គឺ​អ្នក​បញ្ជា​ទិញ​អាច​ពិចារណា​ក្នុង​ការទិញ។​ទី​២​កម្មករ​ពិចារណា​ក្នុង​ការ​ធ្វើ​បាតុកម្ម​ឡើង​វិញ​ហើយ​ស្ថាន​ភាព​នេះ​នឹង​អាក្រក់​ដូច​ដើម​វិញ។​ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ​ពិបាក​ទាំង​កម្មករ​និង​ពិបាក​ទាំង​និយោជក​អំពី​ដំណើរ​ការ​វិនិយោគ​នៅ​កម្ពុជា​តទៅ​ទៀត»។
យ៉ាង​ណាក៏​ដោយ​លោក ខេន លូ ​អគ្គលេខា​ធិការ​GMAC ​អះអាង​ថា​បើ​ទោះ​ជា​មាន​ការ​ជួបបែ​ប​ណា​ក៏​ថៅ​កែ​រោង​ចក្រ​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​លើស​ពី​ចំនួន​១០០​ដុល្លារ​ដូច​រដ្ឋា​ភិបាល​បាន​សម្រេច​នោះ​ដែរ៕
XS
SM
MD
LG