ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.៖​ការ​អះអាង​ពី​ជ័យ​ជំនះ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​មិនមែន​ជា​លទ្ធផល​ផ្លូវការ​ទេ


ពលរដ្ឋខ្មែរ​​​តម្រង់ជួរ​​​បោះឆ្នោត​សភា​ឆ្នាំ​២៨​កក្កដា​ ឆ្នាំ​២០០៨។​
ពលរដ្ឋខ្មែរ​​​តម្រង់ជួរ​​​បោះឆ្នោត​សភា​ឆ្នាំ​២៨​កក្កដា​ ឆ្នាំ​២០០៨។​
ទោះបីជា​គណបក្ស​ទាំងពីរ​បាន​អះអាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មែន​ តែ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​ថា ​នោះ​មិនមែន​ជា​លទ្ធផល​ផ្លូវ​ការ​ទេ។ ​ពីរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ លោក សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា​ មន្ត្រី​គ.ជ.ប.​អះអាង​ថា ​ខ្លួន​ពុំ​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ថា​នរណា​ឈ្នះ​ ឬ​ចាញ់​នោះ។​

ដោយសារ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​និង​គណបក្ស​នយោបាយ​ទាក់ទង​នឹង​ការ​ប្រកាស​ពី​ជ័យ​ជំន្នះ​រៀងៗខ្លួន​នោះ​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ​ខ្លួន​មិន​អាច​បង្ហាញ​ថា​ គណបក្ស​ណា​មួយ​ឈ្នះ​ឡើយ​ទេ។​ នេះជាការ​អះអាង​របស់​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​

លោក​និយាយថា៖​ «លទ្ធផល​បឋម​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​នៅខេត្ត​ភាគច្រើន។​ ហើយ​ខេត្ត​មួយ​ចំនួន ​ជាពិសេស​ ខេត្ត​ធំៗ​ហ្នឹង ​គណបក្ស​សង្គ្រោះជាតិ​នាំ​មុខ។​ ហើយ​លទ្ធផល​ការ​បែងចែក​អាសនៈ​បែបណា​ អ្នកណា​ ជាប់​ឆ្នោត​អី​ហ្នុង​ ទាល់តែ​បាន​លទ្ធផល​ផ្លូវការ​ ទើប​គ.ជ.ប.​បែង​ចែក»។​

លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ​គ.ជ.ប.​ប្រកាស​នៅថ្ងៃ​ទី១០​ខែ​សីហា​ខាង​មុខ​បើ​គ្មាន​បណ្តឹង។​

ភ្លាមៗ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​នេះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​តែ​៥៥​ប៉ុណ្ណោះ។​

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ក្រៅ​ផ្លូវការ​ជា​បឋម​នេះ​ទេ​ ហើយ​អះអាង​ថា​ ខ្លួន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​អាសនៈ​យ៉ាង​តិច​៦៣ ​ដែលអាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ដែរ។​

គណបក្ស​ជំទាស់​បាន​ទទូច​ឲ្យ​មាន​ការ​រៀបចំ​ការ​បង្កើត​គណៈ​កម្មាការ​ឯករាជ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ ​សង្គម​ស៊ីវិល ​ស្ថាប័ន​ឯករាជ្យ ​និង​ស្ថាប័ន​អ.ស.ប.​ជាដើម​ផង​ដែរ​ដើម្បី​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង។​ បញ្ហា​ទាំង​នោះ​ទាក់ទង​ទៅ​នឹង​ការ​បាត់​ឈ្មោះ​ បញ្ជី​ឈ្មោះ​ប៉ោង​ ការ​ផ្ទៀង​ផ្ទាត់​តួលេខ​ឡើងវិញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ជាពិសេស​កំណត់​ហេតុ​ពី​ការិយាល័យ​បោះឆ្នោត​ដែល​គណបក្ស​នយោបាយ​ អ្នក​សង្កេត​ការណ៍​គណបក្ស​និង​អ្នក​សង្កេតការណ៍​ឯករាជ្យ​ហើយ​នឹង​បញ្ហា​ផ្សេងៗ​ទៀត។

តែលោក​ទេព នីថា​បាន​ច្រាន​ចោល​គំនិត​នោះ ​ហើយ​អះអាង​ថា ​គ.ជ.ប.​ទទួល​បាន​បណ្តឹង​២៩ ​ហើយ​នឹង​កំពុង​ទទួល​ថែម​ទៀត​ពី​តាម​បណ្តា​ខេត្ត​ដើម្បី​ដោះស្រាយ។​

​លោក​និយាយ​ថា៖​ «តាម​នីតិវិធី​របស់​គ.ជ.ប.​ យើងមាន​បណ្តឹង។​ យើង​ដោះស្រាយ​បណ្តឹង។​ យើង​ចុះ​ស្រាវជ្រាវ​តាម​ករណី​នីមួយៗ​ដើម្បី​សម្រេចលើ​បណ្តឹង​នោះ។​ ហើយ​ការ​បង្កើត​គណៈ​កម្មាការ​មួយ​តាម​ការ​អំពាវនាវ​នោះ​មិនមែន​ជា​សមត្ថ​កិច្ច​របស់​គ.ជ.ប.​ទេ»។​

លោក​ថ្លែង​ថា​ បណ្តឹង​ភាគ​ច្រើន​គឺ​មាន​បញ្ហា​ទាក់ទង​នឹង​មន្ត្រី​គ.ជ.ប.​មិន​គោរព​នីតិ​វិធី​បោះឆ្នោត​ ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​បោះឆ្នោត​និង​ការ​រៀបចំ​ការិយាល័យ​ជាដើម។​

ប៉ុន្តែ​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​គ.ជ.ប.​បាន​អះអាង​ថា​ មក​ដល់​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ​ គ.ជ.ប.​មាន​បណ្តឹង​៤៤​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​រឿង​រាប់​សន្លឹក​ឆ្នោត​និង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ ដែល​គេ​គិត​ថា​ ជា​បណ្តឹង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង។​

លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រ្វែល​ បានថ្លែង​ថាដើម្បី​ឲ្យ​មាន​ការ​ទុកចិត្ត​និង​ជឿ​ជាក់​ពី​អ្នក​បោះឆ្នោតថា​ ការ​បោះ​ឆ្នោត​នេះមាន​ភាព​យុត្តិ​ធម៌​តាម​ឆន្ទៈ​ពលរដ្ឋ ​ លោក​គាំទ្រ​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដែរ។​

លោក​និយាយថា៖​ «ខ្ញុំ​ថា ​រឿង​ដែល​សំខាន់​គឺ​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​កំណត់​ហេតុ​ទាក់ ទិន​នឹង​លទ្ធផល​បោះ​ឆ្នោត​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ភស្តុតាង​ទាំង​អស់​ ហើយ​ត្រូវ​ឲ្យ​មាន​តម្លា​ភាព​ និង​ការ​បើក​ចំហ​អំពី​ការ​បង្ហាញ​កំណត់​ហេតុ​នេះ។ ​ហើយ​បើ​សិនជា​មាន​លទ្ធផល​មិន​ប្រក្រតី ​ឬ​ក៏​រក​ឃើញ​មាន​បញ្ហា​ខុស​គ្នា​ខ្លាំង​ក្នុង​ការ​បង្ហាញ​លទ្ធ​ផលបោះឆ្នោត​នេះ ​គេអាច​ស្នើ​ឲ្យ​គ.ជ.ប.​បើក​ចំហ ទាក់ទិន​នឹង​កំណត់​ហេតុ​នេះ»។

លោក​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិច ​បាន​អះអាង​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូល​ទិន្នន័យ​អំពី​ការ​បោះ​ឆ្នោត​នេះ​សម្រាប់​ ជា​លទ្ធផល​ផ្លូវការ​និង​ជា​មេរៀន​សម្រាប់​ការ​បោះ​ឆ្នោតលើក​ក្រោយ​ទៀត ​ទោះ​ជា​មាន​ការ​បង្កើត​គណៈ​កម្មាការ​ថ្មី​ឬ​មិន​មាន​ក្តី។​

ពលរដ្ឋ​អ្នក​បោះឆ្នោត៦​លាន​ក្នុង​ចំណោម​ពល​រដ្ឋ​៩​លាន​៦​សែន​នាក់​សែន​នាក់​បាន​ចេញទៅ​បោះឆ្នោត។​ គណបក្ស​ប្រជាជន​បាន​ទទួល​អ្នកគាំទ្រ​ជាង​២​លាន​៤​សែន ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទទួល​បាន​អ្នក​គាំទ្រ​ជាង​២​លាន​២​សែន​នាក់។​ តែ​គេ​បាន​រក​ឃើញ​ថា ​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​២សែន​នាក់​ដែលមិន​បាន​បោះ​ឆ្នោត៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG