ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.៖ ក្រៅពី​ទឹកខ្មៅ​​មាន​​វិធាន​ការ​​ផ្សេង​​ទៀត​​ទប់ស្កាត់​​ការ​បោះឆ្នោត​​​ច្រើនដង​


​លោក​អ៊ឹម សួស្តី ​ប្រធាន​គ.ជ.ប.អង្គុយ​កណ្តាល​ ធ្វើ​សន្នីសីទ​​ព័ត៌មាន​​នៅ​​ស្នាក់ការ​​​របស់​គណៈ​​កម្មាធិការ​នេះ។​
​លោក​អ៊ឹម សួស្តី ​ប្រធាន​គ.ជ.ប.អង្គុយ​កណ្តាល​ ធ្វើ​សន្នីសីទ​​ព័ត៌មាន​​នៅ​​ស្នាក់ការ​​​របស់​គណៈ​​កម្មាធិការ​នេះ។​
មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់ ​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​បាន​រកឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បន្ថែម​ទៀត​ ដូច​ជា​ចំនួន​អ្នក​បោះឆ្នោត​ដែល​មាន​ឈ្មោះ​ស្ទួន ​ឈ្មោះ​ខ្មោច ​និង​ភាព​ងាយលុ​ប​ជ្រះ​នៃ​ទឹក​ខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បោះឆ្នោត​ជា​ដើម។ ​ភាព​មិន​ប្រក្រតី​ជា​បន្ត​បន្ទាប់​ទាំង​នេះ​អាច​នឹងនាំ​ឱ្យការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។​

គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ ​បាន​រក​ឃើញថា ​យ៉ាង​តិច​ណាស់មាន​៥០​ភាគរយ​នៃលិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ មាន​ភាព​មិន​ប្រក្រតី ​ហើយ​យ៉ាង​ហោច​ណាស់​អ្នក​បោះឆ្នោត​៣០០០០​នាក់​មាន​ឈ្មោះ​ជាន់​គ្នា​នៅ​រាជធានី​ភ្នំពេញ។

ការ​បង្ហាញ​នេះ​ធ្វើ​ឡើងនៅ​ក្នុង​សន្និសីទ​កាសែត​របស់​ខ្លួន​មួយនៅ​ថ្ងៃ​សៅរ៍​នេះ​ ស្រប​ពេល​ដែល​អង្គការសង្គម​ស៊ីវិល​បាន​រកឃើញ​ថា​ ទឹក​ខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បោះឆ្នោត​អាច​លុប​ជ្រះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។​

លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​មាន​ភាព​មិន​ប្រក្រតី​ភាគ​ច្រើន​កើត​ឡើងនៅ​តាម​ខេត្ត​ក្រុង​សំខាន់ៗ ដូចជានៅរាជធានី​ភ្នំពេញ​ ខេត្ត​តាកែវ ​និង​ខេត្ត​កណ្តាល​ជា​ដើម។ ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន ​ការ​គ្មានរូប​ថត ​គ្មាន​ត្រា ​គ្មាន​ការ​ផ្តិត​មេដៃ​ និង​អវត្ត​មាន​សាក្សី។​

គណបក្ស​នេះ​ក៏បាន​រក​ឃើញ​អ្នក​បោះឆ្នោត​ជា​ច្រើន​ ដែល​មាន​ឈ្មោះ​ស្ទួន​ឬ​ឈ្មោះជាន់​គ្នា ភាគ​ច្រើន​នៅ​ខេត្ត​ក្រុង​ដែលមាន​អាសនៈ​ច្រើន​និង​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់។​
ជាង​នេះ​ទៀត​ គណបក្ស​នេះ​ក៏​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ ដូច​ជា​ឈ្មោះ​ខ្មោច​ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​មួយ​លាន​នាក់​ដោយ​មិន​ត្រឹម​ត្រូវ ​ការ​រើស​អើស​ចែក​បណ្ណ​ព័ត៌មាន​ ការ​ប្រមូល​អត្ត​សញ្ញាណ​បណ្ណ​ទុក​ពី​សំណាក់​ប្រធាន​ភូមិ​ ឃុំ ​ការ​រំខាន​និង​ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ប្រឆាំង​ជា​ដើម។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ គណបក្ស​របស់​លោក​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​នេះ​ មុន​នឹង​បញ្ជាក់​ពី​ជំហរ​ថា​ នឹង​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឬ​យ៉ាងណា។​

លោក​និយាយថា៖ ​«វិធាន​ការ​របស់​យើង​មាន​តែ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ជួយ​មើល​នៅ​ក្នុង​ការិយាល័យ​នីមួយៗ ​បើ​មាន​មនុស្ស​ចម្លែក​ ដែល​មិន​មែន​នៅ​ក្នុង​ភូមិ​ហ្នឹង​ មក​បោះឆ្នោត​ជំនួស​អ្នក​ដ​ទៃ ​សូម​ឱ្យ​ប្រជា​ពលរដ្ឋ​និង​អ្នក​អង្កេត​ការណ៍​យើង​តវ៉ា​ភ្លាម។ ​យើង​នឹង​ពិចារណា​នូវ​អ្វី​ដែល​កើត​ហេតុ​នៅ​ថ្ងៃ​ស្អែក​ ហើយ​អ្វី​ដែល​យើង​អាច​ទទួល​យក​បាន​ ឬ​មិន​បាន។​ យើង​នឹង​ប្រតិកម្ម​តប​ភ្លាមៗ​ ក្រោយ​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត»។​

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ អង្គការ​សង្គម​ស៊ីវិល​រួម​មានសមាគមអាដហុក​ ​និង​អង្គការ​ខុមហ្វ្រែល​ជា​ដើម ​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ដើម្បី​បង្ហាញ​របក​គំហើញ​របស់​ខ្លួន​ថា​ ទឹក​ថ្នាំ​ខ្មៅ​របស់​គ.ជ.ប.​អាច​លាង​ជ្រះ​វិញ​បាន​ដោយ​ងាយ​ក្នុង​រយៈ​ខ្លី។​ បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពើ​លទ្ធភាព​លួច​បន្លំ​សន្លឹក​ឆ្នោត​ពី​អ្នក​ដែល​មានឈ្មោះ​ស្ទួន​មួយ​ចំនួន​តាម​រយៈ​ការបោះឆ្នោត​ជា​ច្រើន​ដង។​

អង្គការ​ទាំង​នេះ​បាន​ផ្តល់​អនុសាសន៍​ថា ​គ.ជ.ប.​គួរ​តម្គល់​ឯកសារ​ពាក់​ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​សាធារណៈ​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។​ ការបោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​ទី​២៨ ​ខែ​កក្កដា ​និង​មាន​គណ​បក្ស​នយោបាយ​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​អាណត្តិ​ទី​៥​នេះ។​

ក្នុង​សន្និសីទ​ឆ្លើយ​តប​នៅ​ថ្ងៃ​ដដែល​នេះ ​លោក​អ៊ឹម សួស្តី ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ បាន​ថ្លែង​ការ​ពារ​ថា​ ទឹក​ខ្មៅ​នេះ​មិន​អាច​លុប​ជ្រះ​បាន​ទាំង​ស្រុង​ទេ។​

លោក​ប្រកាស​ថា៖ ​«អង្គការ​ខុមហ្វ្រែល​បាន​ខិតខំ​ណាស់ ​ដោយ​បាន​ជ្រលូក​ក្នុង​កែវ​ពីរ​បី​ ប៉ុន្តែ​ជ្រលក់​ហ្នឹង​មិន​បាន​ទាំង​ស្រុង​ទេ​គឺ​វា​នៅ​សល់​ចុង​ក្រចក​ ហើយ​សម្រាប់​អ្នក​ប៉ុនប៉ង​ធ្វើ​ដូច្នេះ​ក៏​សូម​ចាប់​ឱ្យ​បាន​ ពី​ព្រោះ​អ្នក​ទាំង​អស់​នេះ​គឺ​មាន​បំណង​បំផ្លាញ​ការ​បោះឆ្នោត»។​

លោក​អ៊ឹម សួស្តី​ក៏​បាន​ទទួល​ស្គាល់អំពី​ការ​រក​ឃើញ​ឈ្មោះ​ស្ទួន​ដែរ ​ប៉ុន្តែ​លោក​ថ្លែង​ថា​ គ.ជ.ប.​បាន​ព្យាយាម​លុប​ចោល​ឈ្មោះ​ស្ទួន​ទាំង​នោះ​ម្តង​រួម​មក​ហើយ​នៅ​ឆ្នាំ​២០១២ ​ហើយ​អ្នក​មាន​ឈ្មោះ​ស្ទួន​ដែល​ព្យាយាមបោះឆ្នោត​លើស​ពី​ម្តង​ឡើង​ទៅ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG