ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​បើ​​កម្ពុជា​ផ្ទុះ​​​​សង្គ្រាម អ្នក​កំពុង​កាន់​អំណាច​នឹងខាត​​ប្រយោជន៍​ច្រើន​ជាង​គេ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

លោក ​ឱក សេរី សោភក្តិ៍​ អ្នក​​​ឯកទេស​​​ខាង​​ផ្នែក​​អភិបាលកិច្ច​​បាន​​​បញ្ជាក់​ថា ​លោក​​មិន​​មើល​ឃើញ ថា ​ប្រទេស​​កម្ពុជា​​អាច​​នឹង​​​កើត​​មាន​​សង្រ្គាម​ទេ។

អ្នក​ឯកទេស​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​ច្រើន​ដែល​អាច​នឹង​ត្រូវ​បាត់បង់​បើ​សិន​ជា​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​ហើយ​ឈាន​ទៅ​ដល់​កើត​មាន​សង្គ្រាម​ដោយ​សារ​តែ​អ្នក​ដែល​បាត់​បង់​ផលប្រយោជន៍ ​មុន​គេ​គឺ​អ្នក​ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​និង​បក្ស​ពួក។​

លោក​ ឱក សេរី សោភក្តិ៍​ អ្នកឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​ប្រចាំ​ខែ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​លោក​មិន​មើល​ឃើញ​ថា ​ប្រទេស​កម្ពុជា​អាច​នឹងកើត​មាន​សង្រ្គាម​ទេ​ហើយ​សហគមន៍​អន្តរជាតិ​ក៏​មិន​ឈរ​នៅ​ស្ងៀម​ដែរ​បើ​ភាគី​ណា​មួយ​ហ៊ាន​បញ្ឆេះ​ភ្លើង​សង្គ្រាម។

«ដូច្នេះ​អ្នក​ដែល​បង្កើត​សង្គ្រាម​ត្រូវ​ពិចារណា​ថា​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​បាត់​បង់‍ បាត់​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ បាត់​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ បាត់​ការ​គាំទ្រ​ពី​សង្គម​ស៊ីវិល​ បាត់​ការ​គាំទ្រ​ពី​អ្នក​វិនិយោគ​ដែល​យក​លុយ​មក​រក​នៅ​ស្រុក​យើង។ ដូច្នេះ​មិន​អាច​គិត​ងាយៗ​បាន​ទេ»។

សូម​ស្តាប់​ការ​បកស្រាយ​របស់អ្នក​ឯកទេស​រូប​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វោហាសាសន៍​ថា​នឹង​កើត​មាន​សង្គ្រាម​តែងតែ​ចេញ​ជា​ញឹកញយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដោយ​លោក​ចោទ​ថា​ គណបក្ស​ជំទាស់​នឹង​ធ្វើ​ការ​សើរើ​បញ្ហា​ជាច្រើន​ដែល​នាំ​ឱ្យ​មានការ​មិន​ពេញ​ចិត្ត​ពី​អ្នក​ដែល​មាន​ផលប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន។​

សារ​គំរាម​ទាំង​នេះ​ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ​ចង់​បាន​របស់​ពលរដ្ឋ​អ្នក​បោះឆ្នោត​ទេ​ជាពិសេស​អ្នក​បោះឆ្នោត​វ័យក្មេង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​សុភក្តិ៍ ​ព្រោះ​អ្វី​ដែល​ពួកគេ​ចង់​បាន​គឺ​យន្តការ​បោះឆ្នោត​មាន​តម្លាភាព​ដែល​រៀបចំ​ការ​បោះឆ្នោត​មួយ​ផ្តល់​លទ្ធផល​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន ឪពុកម្តាយ​របស់​ពួកគេ​ឈប់​ក្រ​លំបាក​តោកយ៉ាក​ បញ្ឈប់​ការធ្វើ​ចំណាក​ស្រុក​ក្នុង​ស្ថានភាព​លំបាកដោយ​គេ​ធ្វើ​បាប ​ការ​សិក្សា​ដែល​មាន​តម្លៃ ​រក​ការងារ​ធ្វើ​ដែល​មាន​ប្រាក់​ខែ​សមរម្យ​ មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ ​មិន​មាន​ការ​រងគ្រោះ​ដោយ​ប្រព័ន្ធ​តុលាការ​ និង​មិន​ចង់​ឃើញ​អំពើ​ពុករលួយ​ក្នុង​សេវា​សាធារណៈ។​

លោក​ ឱក សេរី សោភក្តិ៍​ បាន​បន្ថែម​ថា៖

«ខ្ញុំ​និយាយ​នេះ​គឺ​មិន​ខុស​ទេ​ព្រោះ​មិន​មែន​ជា​ការ​ស្រមើ​ស្រម៉ៃរបស់​ខ្ញុំ​ជា​ការ​ដែល​ខ្ញុំ​ជជែក​ហើយ​ជា​ការ​ដែល​ខ្ញុំ​បង្រៀន​កូនសិស្ស​ផ្ទាល់​រាប់រយ​រាប់​ពាន់​នាក់។ គឺ​នេះ​គឺជា​ការ​ពិតប្រាកដ​តែ​ម្តង‍»។​

លោក ឱក សេរី សុភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​ចូល​រួម​ពិភាក្សា​អំពី«ការគំរាមកំហែងពីសង្គ្រាមនិងការចង់បានរបស់អ្នកបោះឆ្នោតវ័យក្មេង»​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពីអភិបាលកិច្ច​ល្អ​ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក ឱក សេរី សុភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​ចូល​រួម​ពិភាក្សា​អំពី«ការគំរាមកំហែងពីសង្គ្រាមនិងការចង់បានរបស់អ្នកបោះឆ្នោតវ័យក្មេង»​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពីអភិបាលកិច្ច​ល្អ​ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​យ៉ាង​ណាក៏ដោយ​លោក ​ឱក សេរី សោភក្តិ៍​ យល់​ថា ​សារ​គំរាម​នេះ​អាច​មាន​ន័យ​វិជ្ជមានដែរ​ព្រោះវា​អាចជួយ​ជា​ទុន​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ​ពិចារណា​និង​បញ្ចេញ​ប្រតិកម្ម​ទុក​ជាមុន​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សង្គ្រាម។ ជាពិសេស​អ្នក​ដែលមាន​លទ្ធភាព​បង្ក​សង្គ្រាម​ឱ្យ​គិត​គូរ​និងកុំ​សាកល្បង​ធ្វើ​ទង្វើ​នេះ ​ដោយ​លោក​ចង់​សំដៅ​លើ​មន្ត្រី​ខ្លះ​ក្នុង​គណបក្ស​កាន់​អំណាច​ដែល​នឹង​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ឆ្នោត​ក៏​ដូច​ជា​អ្នក​ឈ្នះ​ថ្មី​ដែល​មាន​កម្លាំង​មហាជន​ដែល​អាច​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​នឹង​អាជ្ញាធរ។

ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​គួរ​តែ​ធ្វើឡើង​ដោយ​សន្តិវិធី​ព្រោះ​នោះ​គឺជា​វិធី​ដ៏​ល្អ៖

«ថ្នាក់​ដឹកនាំ​គួរតែ​ថ្នម​ពាក្យ​ថ្នម​សម្តី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ។ ពាក្យ​ណា​ដែល​យើង​មិន​គួរ​ប្រើ​ សូម្បី​តែ​ជន​សាមញ្ញ ក៏​មិន​គួរ​ប្រើ​ដែរ។ យើង​ឈប់​ទៅ។ ...យើង​មក​ដល់​ការ​អភិវឌ្ឍន៍​កម្រិត​ហ្នឹង​ហើយ​គួរ​តែ​ឈប់​ប្រើ​ពាក្យ​ពេចន៍​ទាំង​អស់​ហ្នឹង​ទៅ​ វា​មិន​មាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​នាំ​ឱ្យ​ស្រុក​ខាត​បង់​ទេ‍»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​កំពុង​តែ​ឈាន​ឡើង​ក្នុង​នាម​ជា​គូ​ប្រកួត​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា៕

XS
SM
MD
LG