ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«សំណល់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​និង​កេរដំណែល​របស់ Kate Webb‍» ដោយ ស៊ីរិ សាវីណា

សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ អំពើ​ប្រល័យ​ពូជសាសន៍ និង​សន្តិភាព​ដែល​ផុយស្រួយ

កំណត់​និពន្ធ៖ ទោះ​បី​កិច្ច​ព្រម​ព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស​បាន​ត្រូវ​ចុះ​ហត្ថលេខាតាំង​ពី​២៤​ឆ្នាំ​មុន​ម៉្លេះ ក៏​ អ្នក​ជំនាញ​ខាង​ការ​សិក្សាអំពី​សន្តិភាព​អះអាង​ថា ​សន្តិភាព​ពិត​ប្រាកដ​និង​ជា​វិជ្ជមាន (positive peace) ​ដែល​ជា​គោលដៅរបស់​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ មិន​ទាន់​កើត​មាន​នៅ​ក​ម្ពុជា​នៅ​ឡើយ។ អ្នក​នាង ​ស៊ីរិ សាវីណា និស្សិត​បណ្ឌិត​ផ្នែក​ភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Kent State សហរដ្ឋអាមេរិក និង​ជា​នាយិកាសារមន្ទីរ​នៃ​ការ​ចង​ចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត ទើប​បាន​សរសេរ​អត្ថបទទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​អំពី​កេរដំណែល​សង្គ្រាមនៅ​កម្ពុជា ដោយ​អ្នក​នាង​ថា ការ​កសាង​សន្តិភាព​ពិតប្រាកដ​នៅ​កម្ពុជា​ទាមទារ​រយៈ​ពេល​ច្រើន​ជំនាន់​និង​ការ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម។ សូម​ប្រិយមិត្ត​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក សឹង សុផាត នៃ VOA ជាមួយ​អ្នកនាង ស៊ីរិ សាវីណា អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​អត្ថបទដែល​មាន​ចុះ​ផ្សាយ​ខាង​ក្រោម​។

សំណល់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​និង​កេរដំណែល​របស់ Kate Webb‍

ខ្ញុំបាន​អាន​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​អ្នករាយការណ៍​អំពី​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​គឺ​អ្នកស្រី​ ខេត វេប (Kate Webb)។ នៅ​ឆ្នាំ​១៩៧១ ទាហាន​វៀតកុង​ ដែល​ជា​ទាហាន​វៀតណាម​ខាង​ជើង​ បាន​ចាប់ខ្លួន​អ្នកស្រី ខេត វេប នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា។ គាត់​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​ព្រឹត្តិការណ៍​នៃ​ការ​ចាប់ខ្លួន​ ការ​ឃុំខ្លួន​ និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​គាត់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង។ ការ​បរិយាយ​របស់​គាត់​ទាក់ទង​នឹង​ស្ថានភាព​ចលាចល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​វៀតណាម បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នូវ​បទ ពិសោធន៍​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​កម្ពុជា (១៩៧០-១៩៧៥) និង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩)។ ខ្ញុំ​យល់​ឃើញ​ថា នៅ​ក្នុង​រឿងរ៉ាវ​ដែល​បាន​លើក​ឡើង​មាន​ភាព​ស្រដៀង​គ្នា​មួយ​នោះ​គឺ​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​រូប​ មិន​ថា​អ្នក​ជា​កងទ័ព​ដែល​បង្ក​សង្គ្រាម​ ឬ​ជា​ប្រជាជន​ស៊ីវិល​ដែល​រត់​គេច​ពី​សង្គ្រាម។ អំពើ​សាហាវ​យង់ឃ្នង​អាច​កើត​ឡើង​លើ​ជន​ទាំង​នោះ​ដោយ​មិន​រើស​មុខ។ សង្គ្រាម​នឹង​តាម​លង​ដួង​វិញ្ញាណ​របស់​យើង។ មិន​តែ​ប៉ុណ្ណោះ​ សង្គ្រាម​អាច​នឹង​ឆក់​យក​ជីវិត​របស់​យើង​បាន​គ្រប់​ពេលវេលា។

លោកស្រី Kate Webb ជាមួយ​នឹង​ទាហាន និង​អ្នក​បើក​រថយន្ត​នៅ​ពេល​លោកស្រី​ចុះ​ទៅ​យក​ព័ត៌មាន។ (Sylvana Foa/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោកស្រី Kate Webb ជាមួយ​នឹង​ទាហាន និង​អ្នក​បើក​រថយន្ត​នៅ​ពេល​លោកស្រី​ចុះ​ទៅ​យក​ព័ត៌មាន។ (Sylvana Foa/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

រូប​ឯកសារ៖ សន្និសីទ​កាសែត​របស់​សាធារណរដ្ឋ​ខ្មែរ ដោយ​បង្ហាញ​ទាហាន​វៀតកុង​ដែល​ត្រូវ​ចាប់​ខ្លួន​បាន នៅ​ឆ្នាំ​១៩៧៣។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

រូប​ឯកសារ៖ សន្និសីទ​កាសែត​របស់​សាធារណរដ្ឋ​ខ្មែរ ដោយ​បង្ហាញ​ទាហាន​វៀតកុង​ដែល​ត្រូវ​ចាប់​ខ្លួន​បាន នៅ​ឆ្នាំ​១៩៧៣។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ផ្សេង​ទៀត តែងតែ​នាំ​មក​នូវ​ភាព​វិនាស​អន្តរាយ។ ជាង​នេះ​ទៅ​ទៀត​ កេរដំណែល​នៃ​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ នៅ​តែ​បន្ត​តាម​យាយី​យើង​ដែល​ធ្លាប់​ហែល​ឆ្លង​ព្រឹត្តិការណ៍​នោះ។ សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​ មិន​ត្រឹម​តែ​បន្សល់​នូវ​ស្លាកស្នាម​របួស​ជា​អចិន្ត្រៃយ៍​ដល់​អ្នក​ដែល​រស់រាន​មាន​ជីវិត​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បន្ត​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង​មូល និង​កូនចៅ​ជំនាន់​ក្រោយ​ជាច្រើន​ជំនាន់​ថែម​ទៀត។

គ្រាប់​ផ្លោង​ខ្មែរ​ក្រហម​ធ្លាក់​ចំ​ជន​ស៊ីវិល​នៅ​ភ្នំពេញ ឆ្នាំ​១៩៧៣។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

គ្រាប់​ផ្លោង​ខ្មែរ​ក្រហម​ធ្លាក់​ចំ​ជន​ស៊ីវិល​នៅ​ភ្នំពេញ ឆ្នាំ​១៩៧៣។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ទាហាន​វៀតកុង​សម្លាប់​ដោយ​ទាហាន​សាធារណរដ្ឋ​ខ្មែរ (លន់ នល់) ក្នុង​ការ​ប្រយុទ្ធ​នៅ​ជិត​ស្ថានទូត​បារាំង​នៅ​ក្រុង​ភ្នំពេញ​ ឆ្នាំ​១៩៧០។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ទាហាន​វៀតកុង​សម្លាប់​ដោយ​ទាហាន​សាធារណរដ្ឋ​ខ្មែរ (លន់ នល់) ក្នុង​ការ​ប្រយុទ្ធ​នៅ​ជិត​ស្ថានទូត​បារាំង​នៅ​ក្រុង​ភ្នំពេញ​ ឆ្នាំ​១៩៧០។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ទោះបី​ជា​ខ្ញុំ​មិន​ធ្លាប់​ឆ្លង​កាត់​(នូវ​បទពិសោធន៍)​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ទាំង​នោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក៏​ដោយ ក៏​បទពិសោធន៍​របស់​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​ ប្រជាជន​ដែល​រស់​នៅ​ប្រទេស​កំពុង​មាន​សង្គ្រាម​ ជន​បរទេស​ដែល​ធ្លាក់​ចូល​អន្លង់​នៃ​ភ្លើង​សង្គ្រាម អ្នក​រាយការណ៍​ព័ត៌មាន​អំពី​សង្គ្រាម​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រន្ធត់​ជា​ខ្លាំង។ ខ្ញុំ​អាច​យល់​អំពី​អារម្មណ៍​នៃ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លាប់ ការ​តស៊ូ​របស់​អ្នក​ទាំង​អស់​នោះ​ដើម្បី​រស់​ និង​ភាព​អង់អាច​របស់​អ្នក​ ទាំង​អស់​នោះ​ក្នុង​ការ​ជា​សះស្បើយ​ពី​បញ្ហា​ផ្លូវចិត្ត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​មាន​សំណាង​ដែល​ជីវិត​របស់​ខ្ញុំ​មិន​បាន​ដិតដាម​ដោយ​សារ​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍។ ប៉ុន្តែ​ ដោយសារ​តែ​ផល​ប៉ះពាល់​យូរ​អង្វែង​នៃ​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍ «សន្តិភាព​ពិត​ប្រាកដ​មួយ‍»​ ដែល​ជា​ការ​សន្យា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​តុលា ឆ្នាំ១៩៩១ ដែល​បាន​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​ដូច​ជា​ពិបាក​នឹង​សម្រេច​បាន។ ខួប​លើក​ទី២៤​នៃ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​គិត​អំពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ​ ពោល​គឺ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ដែល​បន្សល់​ពី​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍។

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

អ្នក​នាង ​ស៊ីរិក សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នក​នាង ​ស៊ីរិក សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ខ្ញុំ​បាន​ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍។ គ្រួសារ​របស់​ខ្ញុំ​បាន​ប្រឹងប្រែង​រស់​ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ឪពុក​ម្តាយ​ខ្ញុំ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្ញុំ​មាន​អាហារ​គ្រប់គ្រាន់​បរិភោគ និង​ទទួល​បាន​ការ​អប់រំ​ត្រឹមត្រូវ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​លះបង់​ជា​ច្រើន​ដើម្បី​ឱ្យ​ខ្ញុំ​អាច​ធំ​លូតលាស់។ ជា​អកុសល​ មិន​មែន​ក្មេង​ជំនាន់​ក្រោយ​ទាំង​អស់​សុទ្ធ​តែ​មាន​សំណាង​ដូច​រូប​ខ្ញុំ​នោះ​ទេ។ ប៉ុន្តែ​ ក្មេង​ជំនាន់​ក្រោយ​ទាំង​អស់​នោះ​ដែល​មាន​អាយុ​ស្រករ​នឹង​ខ្ញុំ ធំ​ដឹង​ក្តី​នៅ​ក្នុង​ស្ថានភាព​ដូច​ខ្ញុំ​ ពោល​គឺ​គ្រួសារ​របស់​យើង​ទាំង​អស់​គ្នា​បាន​កសាង​ជីវិត​សារ​ឡើង​វិញ​ពី​បាត​ដៃ​ទទេ​បន្ទាប់​ពី​របប​ខ្មែរក្រហម។ យើង​ធំ​លូតលាស់​នៅ​ក្នុង​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឹង​ងើប​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​ញំញី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ មិន​ខុស​អំពី​គ្រួសារ​របស់​ខ្ញុំ​ គ្រួសារ​កម្ពុជា​ដទៃ​ទៀតបាន​ប្រឹងប្រែង​កសាង​ជីវិត​របស់​ពួកគេ​ឡើង​វិញ។ ជា​លទ្ធផល​ ប្រជាជន​កម្ពុជា​បាន​កសាង​ជីវិត​ប្រសើរ​ជាង​មុន។ បើ​ទោះ​បី​ជា​មិន​បាន​ល្អ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​បាន​ចាក​ផុត​អំពី​សេចក្តី​ស្រេកឃ្លាន​(ដែរ)។

មន្ទីរ​ស-២៦ អតីត​ការិយាល័យ​សន្តិសុខ​មជ្ឈឹម​របស់​ខ្មែរ​ក្រហមនៅ​ទី​តាំង​អតីត​អនុវិទ្យាល័យ​ទួល​ស្លែង ថត​នៅ​ភ្លាមៗ​ក្រោយ​ការ​ដួល​រលំនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​១៩៧៩។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នក​ភូមិ​ជួប​ប្រជុំ​គ្នា​ពិភាក្សាអំបី​ញត្តិ​រណសិរ្ស​ដែល​ចងក្រង​ឧក្រិដ្ឋកម្ម​នានា​របស់​ប៉ុល ពត។ រូបថត​ឆ្នាំ​១៩៨២ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នក​ភូមិ​ជួប​ប្រជុំ​គ្នា​ពិភាក្សាអំបី​ញត្តិ​រណសិរ្ស​ដែល​ចងក្រង​ឧក្រិដ្ឋកម្ម​នានា​របស់​ប៉ុល ពត។ រូបថត​ឆ្នាំ​១៩៨២ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​មាន​ជា​រៀងរាល់​ថ្ងៃ។ ខ្ញុំ​តែងតែ​សង្ឃឹម​ថា ខ្ញុំ​ជា​បុគ្គល​ចុងក្រោយមួយ​រូប​ក្នុង​ចំណោម​បុគ្គល​ដទៃ​ទៀត​ដែល​ទទួល​(រង)​បទពិសោធន៍​នៃ​ការ​តស៊ូ​របស់​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាសន៍។ ប៉ុន្តែ​ក្មេង​ជំនាន់​ក្រោយ​ដែល​ បាន​ចាប់​កំណើត​នៅ​តែ​បន្ត​រង​ផលប៉ះពាល់​(ទាំង​នេះ)។ ខ្ញុំ​បាន​ឃើញ​ក្មេងៗ​មួយ​ចំនួន​ជួប​ប្រទះ​នូវ​ភាព​អត់​ឃ្លាន​ មិន​មាន​ឱកាស​ទៅ​សាលារៀន​ ទទួល​រង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​បំពាន​ ការ​រើសអើង និង​ការ​កេងប្រវ័ញ្ច។ រឿងរ៉ាវ​ទាំង​អស់​នេះ​បាន​កើត​ឡើង​ជាក់ស្តែង​ទៅ​លើ​អ្នក​ដែល​រស់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ សាច់​ញាតិ​របស់​ខ្ញុំ​ និង​នៅ​ចំពោះ​មុខ​របស់​ខ្ញុំ។ នៅ​តាម​ដង​ផ្លូវ​ នៅ​ពេល​ដែល​ខ្ញុំ​ងាក​មើល​ក្រោយ​ ខ្ញុំ​ឃើញ​ក្មេង​កំពុង​សុំ​ទាន និង​កំពុង​ស្រេកឃ្លាន។ ខ្ញុំ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ប្រជាជន​កម្ពុជា មួយ​ចំនួន​នៅ​តែ​មិន​អាច​បំពេញ​តម្រូវការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​បាន​ បើ​ទោះបី​ជា​មួយ​ជំនាន់​(របស់​ខ្ញុំ)​បាន​កន្លង​ហួស​ទៅ​ហើយ? ហេតុ​អ្វី​បាន​ជា​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​កង្វះ​អាហារ និង​មិន​មាន​លទ្ធភាព​ទៅ​រៀន? តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​បាន​ជួយ​អ្វី​ខ្លះ​ដល់​ប្រជាជន​កម្ពុជា?

ក្មេង​ស្រី​ម្នាក់​ដេក​នៅ​ក្នុង​អង្រឹង​ខណៈ​ដែល​ម្តាយ​នាង​កើប​សំរាម​នៅ​តាម​ផ្លូវ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។ REUTERS/Samrang Pring

ក្មេង​ស្រី​ម្នាក់​ដេក​នៅ​ក្នុង​អង្រឹង​ខណៈ​ដែល​ម្តាយ​នាង​កើប​សំរាម​នៅ​តាម​ផ្លូវ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។ REUTERS/Samrang Pring

ពិធី​ផ្លូវការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ក្រុម​ខ្មែរក្រហម​នៅ​អន្លង់វែង កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩៩។ (ប្រភព៖ Khun Ly/ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ពិធី​ផ្លូវការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ក្រុម​ខ្មែរក្រហម​នៅ​អន្លង់វែង កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩៩។ (ប្រភព៖ Khun Ly/ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ជាក់​ស្តែង​ វិនាសកម្ម​ដែល​បង្ក​ឡើង​ដោយសារ​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​មិន​បាន​បញ្ចប់​ទៅ​តាម​រយៈ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ កិច្ច​ព្រមព្រៀង​សន្តិភាព និង​ការ​បោះឆ្នោត​ជាតិ​នោះ​ទេ។ ប្រសិន​បើ​ឫស​គល់​នៃ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​ ផល​ប៉ះពាល់​នឹង​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​មក​ដល់​សព្វ​ថ្ងៃ។ កេរដំណែល​នៃ​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តែ​បន្ត​មាន​ទៅ​លើ​ការ​រស់​នៅ​របស់​ប្រជាជន​សព្វថ្ងៃ ព្រម​ទាំង​បាន​បង្ក​ជា​អំពើ​ហិង្សា​ផ្សេងៗ រួម​ទាំង​អំពើ​ហិង្សា​ដោយ​ផ្ទាល់​ និង​អំពើ​ហិង្សា​ជា​ប្រព័ន្ធ។ កេរដំណែល​ទាំង​អស់​នោះ​មិន​ត្រឹមតែ​ប៉ះពាល់​ទៅ​លើ​ភាព​ថ្លៃថ្នូរ​របស់​បុគ្គល​ និង​សង្គម​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បន្ត​ប៉ះពាល់​ដល់​ក្មេង​ជំនាន់​ក្រោយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ បើ​ទោះ​បី​ជា​អំពើ​ហិង្សា​ដោយ​ផ្ទាល់​បាន​សាប​ទៅ​វិញ​បន្តិច​ម្តងៗ​ក៏ដោយ​ ក៏​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​នៅ​តែ​បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ពិបាក​នឹង​ដោះស្រាយ​បាន។ បច្ចុប្បន្ន​ យើង​នៅ​តែ​បន្ត​រងគ្រោះ​អំពី​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ការ​ជួញដូរ​មនុស្ស​ កម្មករ​កុមារ ទុព្វលភាព​បរិស្ថាន និង​វដ្ត​នៃ​ភាពក្រីក្រ​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ជួបប្រទះ។ បញ្ហា​ទាំង​អស់​នេះ​ហាក់​ដូច​ជា​បាន​បាំង​ភ្នែក​របស់​យើង ដែល​ធ្វើ​ឱ្យ​យើង​រក​ពុំ​ឃើញ​នូវ​ដំណោះស្រាយ។ ប៉ុន្តែ​ យើង​គួរ​ចងចាំ​ថា បញ្ហា​ទាំង​អស់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​យើង​មើល​មិន​ឃើញ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ចាក់​យ៉ាង​ជ្រៅ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​សង្គម​ តាំង​ពី​បុគ្គល​ម្នាក់ៗ​រហូត​ដល់​ស្ថាប័ន​ទាំង​មូល។

ផែនទី​វាលពិឃាត​របស់​កម្ពុជា៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រើ​កម្មវិធី​ផ្កាយ​រណប​កំណត់​ទី​តាំង​ភូមិសាស្ត្រ​ដោយ​រួម​បញ្ចូល​ទិន្នន័យ​ពី​ការ​ស្រាវជ្រាវ​នៅ​នឹង​កន្លែង​ដែល​មាន​ការ​កត់​ត្រា​អំពី​ទី​តាំង​វាលពិឃាត​របស់​ខ្មែរក្រហម។ មក​ដល់​បច្ចុប្បន្ន​នេះ គេ​បាន​កំណត់​ទី​តាំង​វាល​ពិឃាត​ប្រល័យ​ពូជសាសន៍​ចំនួន​៣៨៨​កន្លែង​ដែល​មាន​រណ្តៅ​សាកសព​ចំនួន​ជាង​១៩.០០០​រណ្តៅ​ពី​ជំនាន់​ខ្មែរក្រហម។ មជ្ឈមណ្ឌល​នេះ​បាន​កត់ត្រាទី​តាំង​ពន្ធនាគារ​ចំនួន​១៩៦​កន្លែង​ពី​សម័យ​ខ្មែរក្រហម​និង​បូជនីយដ្ឋាន​វាលពិឃាត​ចំនួន​៨១​កន្លែង។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា សង្គ្រាម​មិន​មាន​សេចក្តី​មេត្តា​ករុណា​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ។ ផ្ទុយ​ទៅ​វិញ​ សង្គ្រាម​បាន​ឆក់​យក​ជីវិត​មនុស្ស​ និង​បាន​បង្ក​សេចក្តី​ឈឺចាប់​ និង​ការ​ព្រាត់ប្រាស់។ ជាង​នេះ​ទៅ​ទៀត​ បើ​ទោះ​បី​ជា​សង្គ្រាម​បាន​បញ្ចប់​ ហើយ​កិច្ច​ព្រមព្រៀង​សន្តិភាព​បាន​បង្កើត​ ក៏​នេះ​មិន​បាន​បញ្ជាក់​ថា យើង​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ​នោះ​ដែរ។ ជា​ផលវិបាក អំពើ​ហិង្សា​នៅ​តែ​បន្ត​ កើត​មាន​នៅ​ក្នុង​សង្គម​របស់​យើង។ យើង​អាច​នឹង​មើល​មិន​ឃើញ​នូវ​បញ្ហា​ទាំង​នោះ​នឹង​ភ្នែក​ទទេ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ អំពើ​ហិង្សា​ជា​ ប្រព័ន្ធ​ដែល​យើង​ជួប​ប្រទះ​សព្វ​ថ្ងៃ​គឺ​ជា​បញ្ហា​ប្រឈម​ពិតប្រាកដ​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​ ប្រទេស​យើង​ដែល​មើល​ទៅ​ហាក់​ដូច​ជា​កំពុង​មាន​សន្តិភាព។ ជាក់​ស្តែង​ ការ​បញ្ចប់​នៃ​ជម្លោះ​ប្រដាប់​ អាវុធ​គឺ​គ្រាន់​តែជា​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​កេរដំណែល​ដែល​ជម្លោះ​ប្រដាប់​អាវុធ​បាន​បន្សល់។ ដូច្នេះ​ យើង​ម្នាក់ៗ​មាន​កាតព្វកិច្ច​ក្នុង​ការ​លុប​បំបាត់​នូវ​វដ្ត​នៃ​អំពើ​ហិង្សា​នេះ។ ដំណើរការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​មិន​អាច​សម្រេច​បាន​ត្រឹមតែ​បុគ្គល​ក្នុង​ជំនាន់​របស់​ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​សង្ឃឹម​ទុក​នោះ​ទេ ប៉ុន្តែ​ទាមទារ​នូវ​ការ​ចូលរួម​ពី​យុវជន​ច្រើន​ជំនាន់​ក្រោយៗ​ទៀត។

លោកស្រី Kate Webb (ស្តាំ) ជាមួយ​នឹង​លោក ឈីម សារ៉ាត់ អ្នក​បើក​រថយន្ត​ឲ្យ​លោកស្រី​ដែល​ត្រូវបាន​ចាប់​ខ្លួន ហើយ​សម្លាប់។ (Sylvana Foa/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោកស្រី Kate Webb (ស្តាំ) ជាមួយ​នឹង​លោក ឈីម សារ៉ាត់ អ្នក​បើក​រថយន្ត​ឲ្យ​លោកស្រី​ដែល​ត្រូវបាន​ចាប់​ខ្លួន ហើយ​សម្លាប់។ (Sylvana Foa/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

អ្នកស្រី​ ខេត វេប បាន​និយាយ​នៅ​ក្នុង​អវសានកថា​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ថា ប្រសិន​បើ​អាច​ គាត់​ចង់​ជួប​បុគ្គល​ដែល​បាន​ចាប់ខ្លួន​គាត់​ម្តង​ទៀត​នៅ​ក្នុង​កាលៈទេសៈ​ផ្សេង។ បទពិសោធន៍​របស់​ ខេត វេប បាន​កើត​ឡើង​នៅ​ក្នុង​ពេល​សង្គ្រាម។ ខេត វេប សង្ឃឹម​ថា​នឹង​បាន​ជួប​ទាហាន​ដែល​បាន​ចាប់​ខ្លួន​គាត់​ ម្តង​ទៀត ប្រសិន​បើ​ទាហាន​រូប​នោះ​នៅ​រស់រាន​មាន​ជីវិត​បន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់។ ប្រសិន​បើ​រឿង​នេះ​អាច​កើត​ឡើង​ពិត​មែន​នោះ​ បំណង​ប្រាថ្នា​របស់​គាត់​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​ បើ​ទោះបី​ជា​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជសាសន៍​បាន​បញ្ចប់​អស់​រយៈពេល​ជាង​៣០ឆ្នាំ​ ហើយ​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​បង្កើត​អស់​រយៈ​ពេល​ជាង​២៤​ឆ្នាំ​យ៉ាង​ណា​ក៏ដោយ ក៏​សន្តិភាព​ពិតប្រាកដ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​សឹង​នឹង​មិន​អាច​សម្រេច​បាន។

------------

ស៊ីរិ សាវីណាបញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ខូវិនទ្រី (Coventry University) ចក្រភព​អង់គ្លេស​ ផ្នែក​សន្តិភាព​និង​ជម្លោះ ហើយ​បច្ចុប្បន្ន​គឺ​ជា​និស្សិត​បណ្ឌិត​ផ្នែក​ភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ ខេនស្តេត (Kent State University) និង​ជា​នាយិកា​ សារមន្ទីរ​នៃ​ការ​ចង​ចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត ដែល​ជា​វិទ្យាស្ថាន​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

XS
SM
MD
LG