ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា​ សកម្មភាព​ប្រឆាំង​សហជីព​កម្មករ​រីករាលដាល​


កម្មករ​កាត់ដេរ​ស្រែក​ពាក្យ​ស្លោក​នៅ​ក្រោយ​លួស​បន្លា​​នៅ​ជិត​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៣។
កម្មករ​កាត់ដេរ​ស្រែក​ពាក្យ​ស្លោក​នៅ​ក្រោយ​លួស​បន្លា​​នៅ​ជិត​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៣។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ (Human ​Rights ​Watch) ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់​ស្កាត់​ការ​បំ​ភិត​បំភ័យ​និង​ការ​គំរាម​កំហែង​កម្មករ​នៅ​តាម​រោងចក្រ​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា​ក្រុម​អ្នក​បញ្ជា​ទិញ​បាន​ជួប​ជាមួយ​រដ្ឋាភិបាល។

សេចក្តី​អំពាវនាវ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុងញូវយ៉កនេះ​បាន​រក​ឃើញ​ថា ការ​រំលោភ​បំពាន​កម្មករ​និង​តំណាង​សហជីព​នៅ​តាម​រោង​ចក្រ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ​ចន្លោះ​ពេល​ពី​ចុង​ឆ្នាំ​២០១៣​និង​ដើម​ឆ្នាំ​២០១៤។

​លោក​ប្រេដ ​អាដាមស៍​ (Brad Adams)​នាយកអង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ីមាន​ប្រសាស​ន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ថា៖

«រដ្ឋា​ភិបាល​កម្ពុជា​គួរតែ​ធានា​ថា រោង​ចក្រនានា​បញ្ឈប់​យុទ្ធ​សាស្ត្រ​កម្ទេចសហជីពនិង​ធានា​ដល់​ការ​គោរព​សិទ្ធិ​កម្មករ»។

​លោក​ប្រេដ ​អាដាមស៍​ គូស​បញ្ជាក់​ថា អ្នក​បញ្ជា​ទិញក្នុង​ពិភព​លោក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា រោង​ចក្រ

«អនុ​ញ្ញត​ឲ្យ​មាន​ការ​បង្កើត​សហជីព​ឯករាជ្យ​ដោយ​មិន​មាន​ការ​រំខានហើយ​ថា តំណាង​សហ​ជីព​អាចធ្វើ​ការ​ក្នុង​រោង​ចក្រ​បាន​ដោយ​មិន​មាន​ការ​គំរាម​កំហែង​និង​ការ​សង​សឹក»។

នៅ​ក្នុងការ​សិក្សា​មួយកាល​ពី​ចុង​ឆ្នាំ​២០១៣​លើ​រោង​ចក្រ​ចំនួន​៥៥ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ជួប​សម្ភាស​កម្មករ​និង​តំណាង​សហជីព​ចំនួន​២០០​នាក់។ ពួក​គេ​បាន​និយាយ​ថា មាន​ការ​រើស​អើងប្រឆាំង​នឹង​សហជីព ការយាយី ការប្រើប្រាស់​រូប​ភាព​ខុស​ច្បាប់និង​លក្ខខណ្ឌការងារ​អន់​ខ្សោយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​កត់​សម្គាល់​បន្ថែម​ទៀត​ថា នៅ​ដើម​ខែ មករា ឆ្នាំ ២០១៤​នេះ ​កង​កម្លាំងប្រដាប់​អាវុធ​បាន​ប្រើ​ប្រាស់កម្លាំង​ហួស​ប្រមាណនិងមិន​សម​ស្រប​ដើមបំបែក​បាតុកម្មរបស់​ក្រុម​កម្មករ​នៅ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ទាម​ទា​តម្លើង​ប្រាក់ខែ។ ពួក​គេ​បាន​បាញ់​លើ​កម្មករ​និងវាយ​កម្មករនិង​បាន​សម្លាប់​កម្មករ​យ៉ាង​តិច​ប្រាំ​នាក់។

​លោក ប្រេដ អាដាមស៍ បន្ថែម​ថា រដ្ឋា​ភិបាល​គួរ​តែ​លុប​ចោល​បម្រាម​ធ្វើ​បាតុកម្ម​និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធដើម្បី​បំបែក​បាតុករ​ជា​កម្មករ​រោង​ចក្រ។

​លោក ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ឆ្លើយ​តប​វិញ​ថា គោល​ការណ៍​របស់​រដ្ឋាភិបាល​គឺ​រក្សា​សណ្តាប់​ធ្នាប់​និងចង់​ឃើញ​ការ​ចរចា​គ្នា​ដោយសន្តិវិធី។

​«យើង​ឃើញ​ថា​ សិទ្ធិ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក៏​ដូចជា​សិទ្ធិ​សាធារណៈ​និង​ឯក​ជន​ត្រូវ​បាន​រំលោភ​និង​បំពាន។ រាជ​រដ្ឋា​ភិបាល​ត្រូវ​ចាត់​វិធាន​ការ​គ្រប់​រូបភាពដើម្បី​ធានា​ការ​ត្រឡប់​មក​វិញ​នូវ​ការ​គោរព​ច្បាប់​និង​សណ្តាប់​ធ្នាប់។ យើង​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ក្នុង​លក្ខណៈ​ក្នុង​ភាព​ជា​ដៃគូរវាង​និយោជក​និង​កម្មករនិង​រវាង​អ្នក​បញ្ជា​ទិញ​ជាមួយ​រាជ​រដ្ឋា​ភិបាល»។

លោក​ ជា មុន្នី ប្រធានសហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​គាំទ្រ​ជំហរ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និង​លើក​ពី​ស្ថានភាព​ប្រឈម​របស់​ក្រុម​កម្មករ។

«យើង​ឃើញ​ទាំង​អស់គ្នា​ហើយ​ថា សេរីភាព​របស់​សហជីព​ធ្លាក់ចុះនិង​មាន​ការ​បាញ់​សម្លាប់​រួម​ទាំង​ការ​បញ្ឈប់​សហជីព»។

​សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សេចក្តី​អះអាង​ថា តំណាងអ្នក​ទិញ​ផលិត​ផល​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ជួប​ជាមួយ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​នេះ​ដែរ។ ប៉ុន្តែ​មិន​មានការ​បំភ្លឺ​ជា​ផ្លូវ​ការ​ណា​មួយ​នោះទេ។

​ទាំង​លោក អ៊ុំ មាន រដ្ឋ​លេខា​ធិការ​ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​លោក ខេន លូ អគ្គ​លេខា​ធិការ​សមា​គម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​មិន​អាច​ទាក់​ទង​បាន​ទេ។

កាល​ពី​សប្តាហ៍​មុន​ក្រុម​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ផ្តល់​សិទ្ធិសេរី​ភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​ លើក​ស្ទួយ​សិទ្ធិមនុស្ស​និង​សិទ្ធិ​ដី​ធ្លី​រួមទាំង​សិទ្ធិ​ការងារ បញ្ឈប់​អំពើ​ហឹង្សា​លើ​ក្រុម​អ្នកតវ៉ា​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG