ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​អន្តរជាតិ​សុំ​ឱ្យ​ដោះលែង​កម្មករ​និង​សកម្មជន​សិទ្ធិ​មនុស្ស


គណៈប្រតិភូ​​​សហព័ន្ធ​​សហជីព​​អន្តរជាតិ​ ​និង​​​​បុគ្គលិក​​ក្នុង​​ស្រុក​​ថត​នៅ​មុខ​​ក្រសួង​​ការងារ​​​​(140113)​
គណៈប្រតិភូ​​​សហព័ន្ធ​​សហជីព​​អន្តរជាតិ​ ​និង​​​​បុគ្គលិក​​ក្នុង​​ស្រុក​​ថត​នៅ​មុខ​​ក្រសួង​​ការងារ​​​​(140113)​
មន្ត្រី​ជាន់​ខ្ពស់​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិដែល​តំណាង​ឲ្យ​សហជីព​កម្មករ​ចំនួន១៧៥​ក្នុង​ប្រទេស​ជាង​១៥០​ក្នុង​ពិភព​លោក​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជាឲ្យ​ដោះ​លែងកម្មករ​និង​សកម្មជន​សហជីព​ជា​បន្ទាន់ដោយ​ព្រមាន​ប្តឹង​ទៅ​កាន់​អង្គការ​ពល​កម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ(ILO)។

​លោកចាអាប វីយេនណិន (Jaap Wienen)​អគ្គ​លេខា​ធិការ​រង​នៃ​សហព័ន្ធ​សហជីព​អន្តរ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​ជាមួយ​លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋា​ភិបាល​បញ្ឈប់ការ​ចាត់វិធាន​ការ​ទាំង​ឡាយ​លើ​ក្រុម​កម្មករ​និង​តំណាង​សហ​ជីព។

«យើង​ផ្តល់​យោបល់​ដល់​លោក​រដ្ឋ​មន្ត្រី​ឲ្យលុប​ចោល​ការ​គំរាម​កំហែង​ដក​លិខិត​អនុញ្ញាត​ដល់​សហជីព​ឯករាជ្យ។ ទី២​យើង​ផ្តល់​យោបល់​ដល់​លោក​រដ្ឋមន្ត្រី​ឲ្យ​ដោះលែងអ្នក​ជាប់​ឃុំឃាំង​ទាំង​២៣​រូបឲ្យ​បាន​ឆាប់។ ​ក្រៅ​ពី​នោះ​យើង​ស្នើ​ឲ្យ​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​សហ សេវិក​របស់​យើង​គឺ​លោករ៉ុង ​ឈុន ​ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ស្អែក​ពី​ព្រោះថា​វាគ្មាន​ន័យ​ទេ​ក្នុង​ការ​ប្តឹង​ប្រឆាំង​សហសេវិក​ម្នាក់​ដោយសារ​បាន​ការពារ​សិទ្ធិ​កម្មករ​នោះ»។

ជំនួប​រវាង​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​ជាមួយ​តំណាង​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ឡើង​ជាង​មួយ​សប្តាហ៍​ក្រោយការបង្រ្កាប​យ៉ាង​ហិង្សា​របស់​រដ្ឋា​ភិបាល​លើ​ក្រុម​កម្មករ​រោងចក្រ​ដែល​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​គោល​ដោយ​សន្តិវិធី​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក។

កម្មករ​ចំនួន​ប្រាំ​នាក់​យ៉ាង​តិច​ត្រូវ​បាន​បាញ់​សម្លាប់​ ​មនុស្ស​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស​និង​សកម្មជន​សហជីព​និង​កម្មករ​ចំនួន​២៣​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។

ក្រុម​អាជ្ញា​ធរ​ដែល​មាន​កងប៉ូលិស​និង​កងសណ្តាប់ធ្នាប់​ដែល​ពាក់​ឯកសណ្ឋាន​ពណ៌​ទឹកប៊ិក​ ពាក់មួក​ការពារ​និង​កាន់​ដំបង​ជាប់ដៃ​បាន​ដើរ​បណ្តេញ​ក្រុម​ប្រជាពលរដ្ឋ​ដែល​សំចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ក្រសួង​ការងារ​ដោយ​រង់ចាំ​ស្តាប់​សន្និសីទ​កាសែត​របស់​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​និង​បាន​តាម​ឆាឆៅ​រំខាន​ដល់​ការរៀបចំ​សន្និសីទ​កាសែត​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​ទល់មុខ​ក្រសួង​ការងារ​នោះ។

លោកចាអាប វីយេនណិន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ព្រឹត្តិការណ៍បង្ហូរឈាម​នេះ​ហើយ​លោក​អះអាង​ថា​ការសម្រេច​ចិត្ត​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ដល់​១០០​ដុល្លារ​ក្នុង​មួយខែមិន​សម​ល្មម​នឹង​តម្រូវ​ការ​ក្នុង​ការរស់​នៅ​របស់​ពួកគេ​ទេ។

លោកចាអាប វីយេនណិន ​អះអាង​ថា​កម្មករ​រោង​ចក្រ​កម្ពុជា​គួរ​តែ​បាន​ប្រាក់ខែ​ចំនួន​២៦០​ដុល្លារ​ក្នុង​មួយ​ខែ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

​លោកអ៊ុំ មាន​ រដ្ឋលេខា​ធិការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ទោះ​ជាយ៉ាង​ណា​លោក​ចាអាប វីយេនណិន ​អះអាង​ថារដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​លើក​សំណើ​ខាង​លើ​នេះ​ជូន​តុលាការ ​ជូន​អាជ្ញាធរ​និង​ជូន​សហជីព​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ហើយ​លោក​បញ្ជាក់​ថា​លោក​នឹង​បន្តគាំទ្រ​កម្មករ​កម្ពុជា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌។​ហើយ​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ពល​កម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​(ILO)។

​នៅក្នុង​ថ្ងៃ​នេះ​ដែរ​ក្រុម​មន្ត្រី​សហព័ន្ធ​សហជីព​អន្តរជាតិ​ក៏​បាន​ជួប​ជាមួយGMAC ​ផងដែរ។

លោកចាអាប វីយេនណិន ​ឲ្យ​ដឹង​ថា​សហព័ន្ធ​របស់​លោក​ស្នើ​ឲ្យ​ថៅ​កែ​រោង​ចក្រ​ចំនួន​១០០​រោង​ចក្រ​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​សហជីព​កម្មករ​ដែល​បានដឹក​នាំ​ការទាមទារ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​និង​សុំ​ឲ្យ​ទទួល​យក​តំណាង​សហ​ជីព​នៅ​ក្នុង​រោង​ចក្រ​ប្រមាណ​១០០​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ជា​បន្ទាន់។​តំណាង​សហជីព​ទាំង​នេះ​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ដោយសារ​ពួកគេ​បាន​ចូលរួម​បាតុកម្ម។

​លោកខេន លូ ​(Ken Loo) ​អគ្គលេខា​ធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​GMACបញ្ជាក់​ថា​GMAC ​មិន​អាច​ទទួល​យក​សំណើ​ណាមួយ​ពី​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​នោះ​ទេ​ប៉ុន្តែ​លោក​មិន​បកស្រាយ​អំពី​មូលហេតុ​នោះ​ទេ។

«យើង​អត់​អាច​ទទួល​យក​បាន​ទេ។​ប្រជុំ​អត់​បាន​ឯក​ភាព​លើ​មាត្រា​អី​ទេ»។

លោកចាអាប វីយេនណិន ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថាGMAC ​មាន​គម្រោង​ប្តឹង​ប្រឆាំង​នឹងសហព័ន្ធ​សហជីព​អន្តរជាតិ​របស់​លោក។​ក៏ប៉ុន្តែ​លោកខេន លូ ​បដិសេធ​ដំណឹង​នេះ។​

លោក​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ថ្លែង​ទៅ​កាន់ក្រុម​អ្នកកាសែត​អំពី​សារៈ​សំខាន់​នៃ​ទស្សនកិច្ច​របស់សហព័ន្ធ​សហជីព​អន្តរជាតិក្រោម​ការ​តាម​បណ្តេញ​ចេញ​របស់​អាជ្ញាធរ។

«គាត់​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ដំណើរ​បេសកកម្ម​យើង​នេះ»។

ក្រុម​មន្ត្រី​សហព័ន្ធ​សហជីព​អន្តរជាតិ​ដែល​អម​ដោយ​មេធាវី​របស់​ខ្លួន​ផងដែរ​គ្រោង​នឹង​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ថ្ងៃ​នេះ​ប៉ុន្តែ​បាន​សម្រេច​បន្ត​ការស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​តាម​ដាន​ការវិវត្តន៍​ស្ថានការណ៍​ប្តឹង​ផ្តល់​ប្រឆាំង​លោករ៉ុង ឈុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG